អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប៉ូលិស​ម៉ាឡេស៊ី​ទាមទារ​សួរចម្លើយ​មន្រ្តីទូត​កូរ៉េខាងជើង​ជុំវិញ​ការ​ស្លាប់​របស់​លោក​គីម​ជុងណាម

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប៉ូលិស​ម៉ាឡេស៊ី​បាន​ឲ្យដឹង​នៅថ្ងៃ​ពុធ​នេះ​ថា ប៉ូលិស​ចង់​សួរចម្លើយ​មន្រ្តីទូត​កូរ៉េ​ខាងជើង​ម្នាក់ ព្រមទាំង​ពលរដ្ឋ​កូរ៉េ​ខាងជើង​ពីរនាក់​ផ្សេងទៀត ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​លោក​គីម ជុងណាម បងប្រុស​ម្តាយទីទៃ​របស់​លោក​គីម ជុងអ៊ុន។ ប៉ូលិស​ក៏​បាន​ឲ្យដឹង​ផងដែរ​ពី​ការ​ប៉ុនប៉ង​លួច​ចូល​ទៅ​ក្នុង​កន្លែង​រក្សា​សាកសព​របស់​លោក​គីម​ ជុងណាម។

មេប៉ូលិស​ម៉ាឡេស៊ី​ចង្អុល​បង្ហាញ​រូបថត​លេខាទីពីរ​នៃ​ស្ថានទូត​កូរ៉េ​ខាងជើង ដែល​ប៉ូលិស​ទាមទារ​ឲ្យ​ចូលខ្លួន​បំភ្លឺ ជុំវិញ​ការ​ស្លាប់​របស់​លោកគីម ជុងណាម
មេប៉ូលិស​ម៉ាឡេស៊ី​ចង្អុល​បង្ហាញ​រូបថត​លេខាទីពីរ​នៃ​ស្ថានទូត​កូរ៉េ​ខាងជើង ដែល​ប៉ូលិស​ទាមទារ​ឲ្យ​ចូលខ្លួន​បំភ្លឺ ជុំវិញ​ការ​ស្លាប់​របស់​លោកគីម ជុងណាម REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋ​កូរ៉េ​ខាងជើង​ដែល​ប៉ូលិស​ម៉ាឡេស៊ី​កំពុង​ទាមទារ​ឲ្យ​ចូលខ្លួន​មក​ឆ្លើយបំភ្លឺ មាន​ម្នាក់​ជា​បុគ្គលិក​បម្រើការ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​រដ្ឋ​របស់​កូរ៉េ​ខាង​ជើង និង​ម្នាក់​ទៀត​មាន​មុខងារ​ជា​លេខាទីពីរ​នៃ​ស្ថានទូត​កូរ៉េ​ខាងជើង​ប្រចាំ​ទីក្រុង​គួឡាឡាំពួ។

ប្រមុខដឹកនាំ​ប៉ូលិស​ជាតិ​ម៉ាឡេស៊ី​បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅថ្ងៃ​ពុធ​នេះ​ថា លិខិត​ស្នើ​សុំ​ឲ្យ​ចូលខ្លួន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្ថានទូត​កូរ៉េ​ខាង​ជើង​រួចហើយ ដោយ​លោក​សង្ឃឹមថា​កូរ៉េ​ខាងជើង​នឹង​សហការ ដើម្បី​ជំរុញ​ឲ្យ​ការស៊ើបអង្កេត​លើ​ការ​ស្លាប់​របស់​លោក​គីម ជុងណាម មាន​ដំណើរការ​លឿន​ទៅមុខ។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា លោក​ក៏​បាន​ព្រមាន​ផងដែរ​ថា ប្រសិនបើ​ស្ថានទូត​កូរ៉េ​ខាងជើង​មិន​សហការទេ​នោះ ប៉ូលិស​នឹង​ប្រើ​កម្លាំង​ ដើម្បី​នាំខ្លួន​ពួកគេ​មក​សួរចម្លើយ។

គួររំឭកឡើងវិញ​ថា លោក​គីម ជុងណាម ត្រូវបាន​គេ​លបធ្វើឃាត កាល​ពីថ្ងៃ​ទី១៣កុម្ភៈ នៅ​ឯព្រលាន​យន្តហោះ​គួឡាឡាំពួ។

រូបភាព​កាម៉េរ៉ាសុវត្ថិភាព​នៅ​ព្រលាន​យន្តហោះ​បាន​បង្ហាញ​ឲ្យឃើញ​ថា នៅ​ពេល​ដែល​លោក​គីម ជុងណាម កំពុងឈរចាំ​នៅ​ព្រលាន​យន្តហោះ ស្រ្តីពីរនាក់​បាន​ដើរទៅក្បែរ ហើយ​ម្នាក់​លូក​​ដៃ​ពីខាងក្រោយ​ទៅ​ខ្ទប់មុខ​របស់​លោក រួចហើយ​ដើរចេញ​ទៅបាត់។ ក្រោយ​ពេល​កើតហេតុ លោក​គីម ជុងណាមបាន​ដើរទៅរក​បុគ្គលិក​បម្រើ​ការនៅ​ព្រលាន​យន្តហោះ​ឲ្យ​ជួយ ហើយ​ក្រោយ​មក​ក៏​ត្រូវ​ដួលស​ន្លប់ និង​ត្រូវ​ស្លាប់​នៅតាម​ផ្លូវ នៅពេល​ដឹកទៅ​សង្រ្គោះបន្ទាន់​ នៅ​មន្ទីរពេទ្យ។

បច្ចុប្បន្ន ប៉ូលិស​ម៉ាឡេស៊ី​បាន​ចាប់ខ្លួន​ស្រ្តី​ជាជន​សង្ស័យ​ទាំងពីរ​រូប ព្រមទាំង​បុរស​ជនជាតិ​ម៉ាឡេស៊ីម្នាក់ និង​កូរ៉េ​ខាងជើង​ម្នាក់។ បុរស​កូរ៉េ​ខាងជើង ៤នាក់​ផ្សេងទៀត​ក៏​ត្រូវ​បាន​ស្វែងរក​ចាប់ខ្លួន​ផងដែរ ក៏ប៉ុន្តែ បើ​តាម​ការអះអាង​របស់​ប៉ូលិស​ម៉ាឡេស៊ី​ ជនសង្ស័យ​ទាំង ៤នាក់​នេះ បាន​រត់គេចខ្លួន​ចេញ​ពី​ម៉ាឡេស៊ី ទៅដល់​ទីក្រុង​ព្យុងយ៉ាងហើយ។

ប្រមុខដឹកនាំប៉ូលិស​ម៉ាឡេស៊ី​ក៏​បាន​ឲ្យដឹង​ផងដែរ​នៅថ្ងៃ​ពុធ​នេះ​ថា មាន​ការ​ប៉ុនប៉ង​ចូល​ទៅកាន់​កន្លែង​រក្សា​សាកសព​របស់​លោក គីម ជុងណាម ក៏ប៉ុន្តែ លោក​មិនបាន​បញ្ជាក់​ថា​តើ​អ្នក​លួច​ចូល​ទៅ​កន្លែង​រក្សា​សាកសព​នេះ​ជា​នរណា​នោះទេ ដោយ​គ្រាន់តែ​ប្រាប់ថា “យើង​ដឹងថា​ពួកគេ​ជា​នរណា”។ ដោយសារតែ​មាន​ការ​ប៉ុនប៉ង​ចូល​ទៅ​កន្លែង​រក្សា​សាកសពរបស់​លោក​គីម ជុងណាម​នេះ​ហើយ ទើប​ម៉ាឡេស៊ី​ដាក់ពង្រាយ​កងកុម្ម៉ង់ដូ​ឲ្យ​ប្រចាំការ​នៅ​ទីនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ