អានតួអត្ថបទ
កូរ៉េខាងជើង-អាមេរិក

កូរ៉េ​ខាង​ជើង​បរាជ័យ​លើ​ការ​សាក​ល្បង​មីស៊ីល​ ខណៈ​ភាព​តានតឹង​កើន​ឡើង

ការ​បាញ់​សាក​ល្បង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ទទួល​បរាជ័យ​នៅ​ថ្ងៃ​ អាទិត្យ​នេះ​។ ​នេះ​បើ​តាម​កង​ទ័ព​អាមេរិក។ ការ​បាញ់​សាក​ល្បង​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​ក្រុង​ព្យុង​យ៉ាង​បាន​បង្អួត​មីស៊ីល​របស់​ខ្លួន ​ជា​ច្រើនប្រភេទ នៅ​ក្នុង​ក្បួន​ព្យុហយាត្រា​មួយ កាល​ពីថ្ងៃ​សៅរ៍​ម្សិល​មិញ​។  

លោកគីម ជុងអ៊ុន កំពុង​ត្រួត​ពិនិត្យ​ការ​បាញ់​សាក​ល្បង​មីស៊ីល​
លោកគីម ជុងអ៊ុន កំពុង​ត្រួត​ពិនិត្យ​ការ​បាញ់​សាក​ល្បង​មីស៊ីល​ KCNA/via Reuters/File
ផ្សាយពាណិជ្ជកម្ម

 

ការ​បរាជ័យ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ភាព​អាម៉ាស់​មួយ​របស់​របប​ដឹក​នាំ​កូរ៉េ​ខាង​ជើង ចំពេល​ដែលភាព​តាន​តឹង​ក្នុង​ឧប​ទ្វីប​កូរ៉េ​ខាង​កើន​ឡើង លើ​មហិច្ឆតា​អាវុធ​នុយ​ក្លេ​អ៊ែរ​របស់​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ។

ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​បញ្ជាក់​ថា មីស៊ីល​ត្រូវ​បាន​បាញ់​ឡើង​ភ្លាមៗ​នៅ​ថ្ងៃ​អាទិត្យ​នេះ​។ សកម្មភាព​នៃ​ការ​បាញ់​សាកល្បង​នេះ ក៏​ត្រូវ​បាន​កូរ៉េខាង​ត្បូង​ចាប់​សញ្ញា​បាន​ផង​ដែរ​។ ប៉ុន្តែ​ក្រុម​ជំនាញ​របស់​កូរ៉េ​ខាងត្បូង​ និង​អាមេរិក​មិន​អាច​កំណត់​បាន​ពី​អត្តសញ្ញាណ​នៃ​ប្រភេទ​មីស៊ីល​នេះ​ទេ។​ ការ​សាកល្បង​ធ្វើ​ឡើង​នាព្រឹក​ព្រលឹម​ពី​តំបន់ Sinpo ជា​តំបន់​មួយ ​ស្ថិត​នៅ​លើ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត​កូរ៉េ​ខាង​ជើង ហើយ​ក៏​ជា​កន្លែងមួយ​សម្រាប់​ផលិត​នាវា​របស់​ប្រទេស​នេះ​ដែរ​។

ការ​បាញ់​សាក​ល្បង​កើត​ឡើង​មួយ​ថ្ងៃ បន្ទាប់​ពី​ក្រុង​ព្យុង​យ៉ាង​បាន​ដាក់​បង្ហាញ​ជា​សាធារណៈ​នូវ​គ្រាប់​មីស៊ីល​ប្រមាណ​៦០​គ្រាប់ រួម​បញ្ចូល​ទាំង​ប្រភេទ​មីស៊ីល​អន្តរ​ទ្វីប ដែល​អាច​បាញ់​ឆ្លង​ទ្វីប​បាន​។ ការ​ដាក់​បង្ហាញ​មីស៊ីល​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​១៥​មេសា ក្នុង​ព្យុហយាត្រា​យោធា​ដ៏​ធំ​មួយ ដើម្បី​រំលឹក​ខួប​កំណើត​១០៥​ឆ្នាំរបស់​លោក​គីម អ៊ីលស៊ុង ជា​បីតា​ស្ថាប​និក​កូរ៉េ​ខាង​ជើង​។

ព្រឹត្តិការណ៍​ព្យុហយាត្រា​ដ៏​សម្បើម​របស់​កូរ៉េខាង​ជើង ដើម្បី​បង្ហាញ​សាច់​ដុំ​នេះ ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ប្រព័ន្ធផ្សព្វ​ផ្សាយ​អន្តរ​ជាតិ​ជា​ច្រើន​។ ខណៈ​ដែល​ក្រុម​អ្នកកាសែត​អន្តរ​ជាតិ​មិន​ទាន់​ចាក​ចេញ​ផុត ពីទី​ក្រុង​ព្យុងយ៉ាង​ផង​នោះ ស្រាប់​តែ​ការ​បាញ់​សាក​ល្បង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​បាន​បរាជ័យ​នៅ​ក្នុង​ថ្ងៃទី​១៦ ខែ​មេសា​នេះ​។

ការ​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​របស់​កូរ៉េខាង​ជើង​នេះ ក៏​កើត​ឡើង​មុន​ពេល​ប៉ុន្មាន​ម៉ោង ដែល​អនុប្រធានាធិបតី​អាមេរិក​លោក Mike Pence ធ្វើ​ដំណើរ​ទស្សន​កិច្ច​នៅ​កូរ៉េ​ខាង​ត្បូង​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​លោក Mike Pence នឹង​លើក​យក​បញ្ហា​កម្ម​វិធីអាវុធ​របស់​កូរ៉េ​ខាង​ជើង​មក​ជជែក​ពិភាក្សា​ជា​មួយ​កូរ៉េខាងត្បូង​។

ជា​ការ​កត់​សម្គាល់​កូរ៉េ​ជើង​តែង​តែ​ធ្វើ​ការ​សាកល្បង​អាវុធ​របស់​ខ្លួន ដើម្បី​រំលឹក​ខួប​អ្វី​មួយ ដែល​មេ​ដឹក​នាំប្រទេស​នេះ ចាត់​ទុក​ថា​ជា​ថ្ងៃ​សំខាន់ ហើយ​ភាគ​ច្រើន​ការ​សាក​ល្បង​នេះ ក៏​ធ្វើ​ឡើង​ចំពេល ដែល​មាន​ដំណើរទស្សនកិច្ច​របស់​មន្ត្រី​សំខាន់ៗ​នៃ​រដ្ឋាភិបាល​អាមេរិក ក្នុង​តំបន់​ដែរ។​

សូម​បញ្ជាក់​ថា​កាល​ពី​ខែ​សីហា ឆ្នាំ​មុន នាវា​មុជ​ទឹក​របស់​កូរ៉េ​ខាង​ជើង​ធ្លាប់​បាន​សាក​ល្បង​មីស៊ីល​បាលីស្ទីក​ក្នុង​តំបន់ Sinpo ដោយ​បាញ់​បាន​ចម្ងាយ​ប្រមាណ​៥០០គីឡូ​ម៉ែត្រ ឆ្ពោះ​ទៅ​កាន់​ប្រទេស​ជប៉ុន។ នៅ​ពេល​នោះមេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​លោក​គីម ជុងអ៊ុន បាន​ចាត់​ទុក​ថា​នេះ គឺ​ជា​ការ​សាកល្បង​ដ៏​ជោគជ័យ​មួយ​របស់​កូរ៉េខាង​ជើង​។

ទោះ​​បី​ជា​មិន​បាន​សាក​ល្បង​អាវុធ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ក្តី ប៉ុន្តែ​ទី​តាំង​សាក​ល្បង​អាវុធ​នុយ​ក្លេអ៊ែរ​របស់​ប្រទេស​នេះ ​ត្រូវ​បាន​ក្រុម​ជំនាញ​អាមេរិក​បញ្ជាក់​ថា​បាន​ត្រៀម​រួច​រាល់​ជា​ស្រេច​។ កូរ៉េ​ខាង​ជើង​បញ្ជាក់ថា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដែរ ដើម្បី​ធ្វើ​សង្រ្គាម​ជា​មួយ​នឹង​អាមេរិក ខណៈ​ដែល​កង​ទ័ព​កូរ៉េខាង​ជើង​បានលើក​ឡើ​ង​ដែរ​​ថា​ពួក​គេ​នឹង​ឆ្លើយ​តប គ្មាន​មេត្តា ចំពោះ​ការ​បង្ក​ហេតុ​ណា​មួយ​របស់​សហ​រដ្ឋ​អាមេរិក​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ