អានតួអត្ថបទ
ឧបទ្វីបកូរ៉េ

ព្យុងយ៉ាង​គំរាម​បាញ់​កម្ទេច​ការិយាល័យ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង

ក្រសួងការពារជាតិ​កូរ៉េខាងជើង​បាន​គំរាម នៅថ្ងៃ​ចន្ទ​ទី ៤​មិថុនា ថា ខ្លួន​នឹង​បាញ់​ឲ្យ​ខ្ទេច​ការិយាល័យ​របស់​ប្រព័ន្ធផ្សព្វផ្សាយ​កូរ៉េខាងត្បូង ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​សេអ៊ូល។ បើតាម​របប​ព្យុងយ៉ាង ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង​បាន​សរសេរ​រិះគន់​ពិធីបុណ្យ​រំលឹកខួប ​សហជីព​កុមារ​កូរ៉េ ដែល​ត្រូវ​បាន​រៀបចំ​ឡើង កាលពីថ្ងៃ សៅរ៍​កន្លងទៅ។

លោក​គីម ជុងអ៊ុន មេដឹកនាំ​ថ្មីរបស់​កូរ៉េខាងជើង​ក្នុង​ដំណើរ​ត្រួតពិនិត្យ​អគារ​ស្នាក់នៅ​មួយ​ដែល គេ​ទើបសាងសង់​រួច​នៅ​ទីក្រុង​ព្យុងយ៉ាង
លោក​គីម ជុងអ៊ុន មេដឹកនាំ​ថ្មីរបស់​កូរ៉េខាងជើង​ក្នុង​ដំណើរ​ត្រួតពិនិត្យ​អគារ​ស្នាក់នៅ​មួយ​ដែល គេ​ទើបសាងសង់​រួច​នៅ​ទីក្រុង​ព្យុងយ៉ាង REUTERS/KCNA
ផ្សាយពាណិជ្ជកម្ម

មាន​កុមារ​កូរ៉េខាងជើង ២ម៉ឺននាក់​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​រំលឹក​ខួប​លើក​ទី​៦៦​នៃ​សហជីព​កុមារ​កូរ៉េ ដែល​បង្កើតឡើង​ដោយ​របប​កុម្មុយនិស្ត​កូរ៉េខាងជើង។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវរដ្ឋ​កូរ៉េខាងជើង កុមារ​ទាំងនោះ​បាន​សន្យា​ស្មោះស្ម័គ្រ និង​បូជា​ជីវិត​សម្រាប់តែ​មេដឹកនាំ​កូរ៉េខាងជើង​បច្ចុប្បន្ន គឺ​លោក​គីម ជុងអ៊ុន។ ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយ​កូរ៉េខាងត្បូង បាន​សរសេរ​ចាត់ទុក​ព្រឹត្តិការណ៍​នេះ​ថា ជា​ឧបករណ៍​ឃោសនា​ដែល​រៀបចំ​ឡើង​ដោយ​បក្ស​កុម្មុយនិស្ត​ខាងជើង។ ក្រសួង​ការពារ​កូរ៉េខាងជើង​បាន​ចោទប្រកាន់​កាសែត និង​ទូរទស្សន៍​ថា បាន​បង្ខូច ឲ្យ​ស្អុយឈ្មោះ សហជីព​កុមារ​កូរ៉េ។ ក្នុង​ចំណោម​ទូរទស្សន៍ និង​កាសែត​កូរ៉េខាងត្បូង ទីក្រុង​ព្យុងយ៉ាង​បាន​គំរាម​សងសឹក​ទៅលើ​ទូរទស្សន៍​Dong A ខ្លាំង​ជាងគេ ព្រោះ​ទូរទស្សន៍​នេះ​បានប្រៀបធៀប​សហជីពកុមារ​កូរ៉េ ទៅ​នឹង​កុមារ​ហ៊ីត្លែរ។

 
នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ផ្លូវរដ្ឋ កាលពីថ្ងៃ​ចន្ទនេះ កូរ៉េខាងជើង​បាន​រាយឈ្មោះ​យ៉ាងលម្អិត​កាសែត វិទ្យុ និង​ទូរទស្សន៍​កូរ៉េខាងត្បូង​ដែល​ ខ្លួន​មាន​គម្រោង​វាយប្រហារ។ តាម​ក្រសួង​ការពារ​ជាតិ​កូរ៉េខាងជើង កងអង្គភាព​បានរៀបចំ​រួចហើយ ​​មីស៊ីល​ដាក់​តម្រង់ទិស​​ទៅ​ការិយាល័យ​ប្រព័ន្ធផ្សព្វផ្សាយ​ដែល​ស្ថិតនៅ​កណ្តាល​ក្រុង​សេអ៊ូល។ ទីក្រុង​ព្យុងយ៉ាង​នៅបាន​ទម្លាក់កំហុស​ទៅលើ​លោក​លី ម៉្យុងបាក់ ប្រធានាធិបតី​កូរ៉េខាងត្បូង និងថា លោក​ជា​អ្នកទទួល​ខុសត្រូវ​ទាំងស្រុង នៅក្នុង​ករណី​​មាន​ការបាញ់​កម្ទេច​ទីតាំង​កាសែត និង​ទូរទស្សន៍ នៅទីក្រុង​សេអ៊ូល។

នេះ​មិន​មែន​ជា​លើកទីមួយ​ទេ ដែល​របប​ព្យុងយ៉ាង​បាន​គំរាម​វាយប្រហារ​មក​លើ​កូរ៉េខាងត្បូង។ កាលពី​ខែ​មេសា​កន្លងទៅ កូរ៉េខាងជើង​ដែល​ចោទ​លោកប្រធានាធិបតី​កូរ៉េខាងត្បូង​ថា បាន​បង្ខូច​កេរ្តិ៍ឈ្មោះ ថ្នាក់ដឹកនាំ​ខ្លួន ធ្លាប់​បាន​គំរាមម្តង​រួចហើយថា នឹង​​បាញ់កម្ទេច​ទីក្រុង​សេអ៊ូល​ឲ្យ​ទៅជា​ផេះ។

បើទោះ​ជា​កូរ៉េខាងជើង​បាន​គំរាម​ត្រឹមពាក្យ​សំដី ដោយ​មិន​ទាន់​បញ្ចេញ​សកម្មភាព​ជាក់ស្តែង ប៉ុន្តែ កូរ៉េខាងត្បូង​តែង​ចាត់ទុក​ការគំរាម​របស់​កូរ៉េខាងជើង​ថា ជា​ការគំរាម​មួយ​ដែល​គេ​ត្រូវ​យកចិត្តទុកដាក់ និងត្រៀមខ្លួន​ប្រុងប្រយ័ត្ន។ ការគំរាម​លើកមុន​នោះ បាន​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ កូរ៉េខាងត្បូង​ចាត់វិធាន​បន្ទាន់ ដោយ​ពង្រាយ​កម្លាំង​ប៉ូលិស នៅយាម​តាម​ទីតាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ស្ថាប័ន​រដ្ឋ​សំខាន់។ រដ្ឋមន្រ្តី​កូរ៉េខាងត្បូង​ទទួល​បន្ទុក​ការរួបរួម​កូរ៉េ​ទាំងពីរ​វិញ បាន​អំពាវនាវ​នៅថ្ងៃ​នេះ ឲ្យ​កូរ៉េខាងជើង​ឈប់​គំរាមកំហែង​ចង់​បាញ់កម្ទេច​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​​កូរ៉េខាងត្បូង​តទៅទៀត ព្រោះនេះ​ជាសញ្ញា​បំផ្លិចបំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ