អានតួអត្ថបទ
កម្ពុជា

រដ្ឋមន្ត្រី​ទេសចរណ៍៖ សៀមរាប​និង​កំពង់សោម​ខ្វះ​បន្ទប់​ស្នាក់នៅ​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ

នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ អ្នកទេសចរ​ក្នុងស្រុក​និង​បរទេស​នាំគ្នាសម្រុក​ទៅ​កម្សាន្ត​​នៅ​ខេត្ត​ព្រះសីហនុ​និង​ខេត្ត​សៀមរាប​ច្រើន​ជាង​គេ។ នៅទីនោះ តម្លៃ​សណ្ឋាគារ​បាន​ឡើង​ថ្លៃ​ប្រមាណ​ជា​៣០​ភាគរយ។ មិនត្រឹមតែប៉ុណ្ណោះ ភ្ញៀវ​ទេសចរ​រក​សណ្ឋាគារ​ស្នាក់​នៅ​ពុំ​បាន​ផង។

ឆ្នេរខ្សាច់​ដ៏​ស្រស់​ស្អាត នៅ​ខេត្ត​ព្រះសីហនុ ជា​កន្លែង​ទាក់ទាញ​អ្នក​ទេសចរ ទាំង​បរទេស និង​ក្នុងស្រុក
ឆ្នេរខ្សាច់​ដ៏​ស្រស់​ស្អាត នៅ​ខេត្ត​ព្រះសីហនុ ជា​កន្លែង​ទាក់ទាញ​អ្នក​ទេសចរ ទាំង​បរទេស និង​ក្នុងស្រុក © លាងដឺលុច
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក ថោង ខុន បាន​ថ្លែង​អោយ​ដឹង​នៅ​ថ្ងៃអាទិត្យ​ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ​ថា អ្នកទេសចរខ្មែរ​និង​បរទេស​ប្រមាណ​ជា​៣​ម៉ឺន​នាក់​បាន​នាំគ្នា​សម្រុក​ទៅ​លេង​នៅខេត្ត​ព្រះសីហនុ។

ដោយសារ​តែ​ចំនួន​អ្នក​ទេសចរ​កើន​ឡើង​ខ្លាំង​ពេក​នៅ​ឆ្នាំ​នេះ ថ្លៃសណ្ឋាគារ​និង​ផ្ទះ​សំណាក់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​គេ​ដំឡើង​ប្រមាណ​ជា​៣០​ភាគរយ។ ខេត្ត​កំពង់សោម​មាន​សណ្ឋាគារ​និង​ផ្ទះ​សំណាក់​ប្រមាណ​ជា​៣ពាន់បន្ទប់។ ចំនួន​នេះ​មិន​អាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​ទេ​នៅ​ថ្ងៃបុណ្យទាន​ម្តងៗ។ លោក​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​បញ្ជាក់​ទៀត​ថា “លោក​មិនអាច​គ្រប់គ្រង​តម្លៃ​បាន​ទេ ​ពីព្រោះ​តម្រូវ​ការ​វា​កើន​ឡើង​ជ្រុលពេក”។

មនុស្ស​ទៅ​កម្សាន្ត​ច្រើន​នៅ​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​លោក ថោង ខុន ពន្យល់​ថា​គឺ​ដោយសារ​ធាតុ​អាកាស​ក្តៅ។ អ៊ីចឹង​ហើយ​ទើប​អ្នកទេសចរ​នាំគ្នា​ទៅ​លេង​ទឹក​សមុទ្រ។ មូលហេតុមួយទៀតគឺ​ដោយសារ​ភ្ញៀវខ្មែរ​មួយ​ចំនួន​គេច​មិន​ទៅ​ខេត្ត​សៀមរាប​ទេ​ ពី​ព្រោះ​ខ្លាច​កកស្ទះ​ជាមួយ​ភ្ញៀវជនជាតិ​ថៃ​ដែល​មក​ជួប​លោក​ថាក់ស៊ីន។

នៅ​ក្នុងខេត្ត​សៀមរាប​ឯណេះ​វិញ សណ្ឋាគារ​​មាន​១​ម៉ឺន​២​ពាន់​​បន្ទប់ ​និង​មាន​ផ្ទះ​សំណាក់​មួយ​ចំនួន​ផ្សេង​ទៀត។ ប៉ុន្តែ​ចំនួន​នេះ​ក៏​មិន​អាច​ផ្គត់ផ្គត់​បាន​ដែរ ​ពីព្រោះ​ភ្ញៀវ​ថៃ​ និង​ភ្ញៀវខ្មែរ​សម្រុក​ទៅ​ខេត្ត​សៀមរាប​ដូចគ្នា។ ភ្ញៀវថៃមក​ខេត្ត​សៀមរាប​គឺ​ដើម្បី​ជួប​លោក​ថាក់ស៊ីន រីឯភ្ញៀវ​ខ្មែរ​វិញ ពួកគេ​ធ្វើដំណើរ​ទៅកាន់​ខេត្ត​សៀមរាប​ គឺ​ដើម្បី​ទស្សនា​ប្រាង្គប្រាសាទ​អង្គរវត្ត។

លោក ថោង ខុន បានមាន​ប្រសាសន៍​ថា “សណ្ឋាគារ​ខេត្ត​សៀមរាប​អាច​ទទួល​ភ្ញៀវ​ថៃ​បាន​តែ​១​ពាន់​៥​រ​យនាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ភ្ញៀវថៃ​ចង់​ជួប​លោក ថាក់ ស៊ីន ចំនួន​៣​ម៉ឺន​នាក់។​​ ពីព្រោះ​បន្ទប់​សណ្ឋាគារ​ត្រូវ​បាន​គេ​កក់​រួចរាល់​អស់​ហើយ។ ភ្ញៀវ​ជនជាតិ​ថៃ​នៅសល់​ទាំង​ប៉ុន្មាន​សម្រាក​នៅ​តាម​តង់​ដែលបាន​គ្រោង​ទុក”។

នៅ​ក្នុង​ខេត្ត​សៀមរាប លោក​រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍ និង​លោក អាំង គីមអ៊ាង ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​បញ្ជាក់​ថា បណ្តាសណ្ឋាគារ​ធំ​ៗ​​មិន​បាន​ដំឡើង​ថ្លៃ​ទេ។ ប៉ុន្តែ​ការ​ដំឡើង​ថ្លៃ​អាច​ត្រូវ​បាន​ធ្វើ​ឡើង​ចំពោះ​​សេវាកម្ម​ស្នាក់នៅ​ជា​ទ្រង់ទ្រាយ​តូចៗ​ ដូចជា​ផ្ទះ​សំណាក់​និង​សណ្ឋាគារ​តូច​ៗ​ជាដើម។

រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍​លោក ថោង ខុន បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ខេត្តកំពង់សោម​និង​ខេត្ត​​សៀមរាប អ្នកទេសចរ​សម្រុក​ទៅកម្សាន្ត​ភ្នំ​បូកគោ កំពត​ កែប​ ​រនតគីរី​ និ​ងមណ្ឌលគីរី។

កាល​ពី​ឆ្នាំ​២០១១​កន្លងមក ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេសចំនួន​២លាន៨សែន​នាក់​ និង​ភ្ញៀវទេសចរ​ក្នុង​ស្រុក​ចំនួន​៧​លាន​នាក់។  វិស័យ​ទេសចរណ៍​បាន​ផ្តល់​ប្រាក់​ចំណូល​ដល់​ជាតិ​ប្រមាណ​ជា​១៥០០​លានដុល្លារ​អាមេរិក​ជារៀង​រាល់​ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ