អានតួអត្ថបទ
កម្ពុជា

អង្គការ​សេដាក​ជ្រើស​រើស​កសិករ​ឆ្នើម តាម​របៀប​ថ្មី និង​ផ្តល់​រង្វាន់​ប្លែក​ជាង​ពីមុនៗ

ចាប់​តាំង​ពី​បាន​បង្កើត​កម្មវិធី​ជ្រើស​រើស​កសិករ​ឆ្នើម​ជា​រៀង​រាល់​ឆ្នាំ តាំង​ពីឆ្នាំ ​២០០០ នៅ​ឆ្នាំ ២០១៤​នេះ អង្គការ​សេដាក​ក៏​នៅ​តែ​បន្ត​បង្កើត​កម្ម​វិធី​នេះ ដើម្បី​ជ្រើស​រើស​កសិករ​ឆ្នើម ដែល​ធ្វើ​ស្រែ​តាម​ប្រព័ន្ធ​ ប្រពល​វប្បកម្មតាម​គោលការណ៍​ធម្មជាតិ ឬហៅកាត់​ថា ប.វ.ស​ ប្រចាំ​ឆ្នាំ​២០១៣ ផងដែរ។ ជាកម្មវិធី​ ដែល​មានឈ្មោះចាស់ ប៉ុន្តែមាន​របៀប​ជ្រើសរើស​កសិករ​បែបថ្មី និង​​ការ​ផ្តល់រង្វាន់​ផ្សេងពីរាល់ៗឆ្នាំ។

កសិករដំដំណាំគ្មានជាតិគីមី
កសិករដំដំណាំគ្មានជាតិគីមី @cedac
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​ជម្រុះ​កសិករ​ជាច្រើន​រួចមក នៅ​ថ្ងៃទី​០៦​ឧសភា​នេះ អង្គការ​សេដាក សហការ​ជាមួយ​សហគមន៍​ និង​ក្រសួង​ពាក់ព័ន្ធ​នានា បាន​រៀប​ចំ​សិក្ខា​សាលា​ឆ្នើម​មួយ ដើម្បី​ប្រកាស​ពី​កសិករ​ឆ្នើម ប.វ.ស ប្រ​ចាំ​ឆ្នាំ ២០១៣។ លោក ហ៊ីម ខទៀត មន្ត្រី​ទំនាក់​ទំនង​អង្គការ​សេដាក បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​នេះ អង្គការ​សេដាក បាន​ប្រើ​របៀប​ដាក់​ពិន្ទុ​ថ្មី សម្រាប់​កសិករ ដែល​បាន​ដាក់​ពាក្យ​ប្រកួត​ប្រជែង។ ការ​ប្រមូល​ទិន្នផល​ស្រូវ​បាន​ខ្ពស់ និង​ការ​ច្នៃ​ប្រឌិត ដើម្បី​ទទួល​បាន​​ប្រាក់​ចំនេញ​ច្រើន គឺ​ជា​ចំនុច​សំខាន់ និង​ប្លែក សម្រាប់​កសិករ​ឆ្នើម ប្រចាំ​ឆ្នាំ ២០១៣។

មន្ត្រី​ទំនាក់​ទំនង​អង្គការ​សេដាក​ដដែល​ បាន​បន្តថា រៀង​រាល់ឆ្នាំ អង្គការ​ បាន​ផ្តល់​ទឹកប្រាក់ ជា​រង្វាន់​ដល់​កសិករ។ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​នេះ អង្គការ​បាន​ប្តូរ​ប្រាក់​រង្វាន់​នោះ​ ទៅ​ជា​រង្វាន់​មេគោ​វិញ ប្រយោជន៍​ដើម្បី​លើក​ទឹក​ចិត្ត ដល់​កសិករ​ ឲ្យ​ស្រលាញ់​កសិកម្ម​បន្ថែម​ទៀត។

ប្រធាន​អង្គការ​សេដាក លោក យ៉ង សាំងកុមារ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានថា ការ​ប្រកាស​នូវជ័យ​លាភី​កសិករ​ឆ្នើម ប.វ.ស​នេះ នឹង​ចូលរួម​ចំនែក​យ៉ាងសំខាន់ ក្នុង​ការ​លើក​ទឹក​ចិត្ត ដល់​កសិករ​អ្នក​ធ្វើ​ស្រែ ឲ្យ​ចូល​រួម​អនុវត្ត​ប្រព័ន្ធ​ប្រពល​វប្បកម្មក​សិកម្ម តាម​គោលការណ៍​ធម្មជាតិ ឲ្យ​បាន​កាន់តែ​ច្រើន ដើម្បី​និរន្តរភាព​នៃ​មុខរបរ​កសិកម្ម។

សូម​បញ្ជាក់​ថា មាន​កសិករ​ចំនួន ៧៣៥នាក់ មក​ពី ១២ខេត្ត និង​៤៣ស្រុក បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ប្រជែង ក្នុង​កម្មវិធីនេះ។ ហើយ​ឆ្លងតាម​ការ​ជ្រើសរើស ៣​ដំណាក់កាល ដោយ​មាន​ការ​ពិនិត្យ និង​ផ្តល់​ពិន្ទុ​យ៉ាង​ល្អិត​ល្អន់ ដោយ​ក្រុម​ការងារ​របស់​សេដាក និង​សហគមន៍។ មានកសិករ​ចំនួន ២៣នាក់ ដែល​ក្នុងនោះ​មាន​ស្ត្រី ៩នាក់ មក​ពី៧ខេត្ត បាន​ជាប់ទៅប្រកួត​ប្រជែង​នៅវគ្គផ្តាច់ព្រ័ត្រ ដែល​ធ្វើឡើង នៅ​ក្នុងសិក្ខាសាលានៅថ្ងៃអង្គារនេះ។

សិក្ខាសាលា ដែល​បាន​ធ្វើនៅមជ្ឈមណ្ឌល​សហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្រុង​ភ្នំពេញ និង​មាន​អ្នក​ចូលរួម ៧៥នាក់ មក​ពី​តំណាងកសិករ ក្នុងខេត្តចំនួន ១២ តំណាង​មន្ទីកសិកម្មខេត្ត និង​អ្នកធ្វើការ​ពាក់ព័ន្ធដទៃទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ