អានតួអត្ថបទ
កម្ពុជា

បងទី២ នួន ជា ថ្លែងការណ៍​ការពារ​របប​ខ្មែរក្រហម

ក្នុងសវនាការ​ថ្ងៃទី២ លើសំណុំរឿង០០២ ថ្ងៃទី២២វិច្ឆិកា ឆ្នាំ២០១១ ​ លោក នួន ​ជា អតីត​ប្រធាន​រដ្ឋសភា និង​​ជា​អនុ​លេខា​បក្ស​កុម្មុយនិស្ត​​កម្ពុជា បាន​​ថ្លែងការណ៍​ឆ្លើយតប​ចំពោះ​​ការ​ចោទ​​ប្រកាន់​លើ​រូប​លោក។​ តាមសេចក្តីថ្លែងការណ៍ប្រមាណ ១ ម៉ោង និង ៣០ នាទី បងទី២ សម័យ​​ខ្មែរ​ក្រហម លោក នួន ជា បានគូសបញ្ជាក់ថា មាគ៌ា​នយោបាយ​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា គឺ​ដើម្បី​រំដោះ​ប្រទេស​ជាតិ​ពី​កញ្ជះ​បរទេស និង​កសាង​សង្គម​មួយ ដែល​ស្អាតស្អំ ឯក​រាជ្យ គឺ​មិនមែន​កាប់សម្លាប់ ប្រល័យពូជសាសន៍ ដូចការចោទ​ប្រកាន់​នោះទេ។

បងទីពីរ នួន ជា នៅ​ក្នុង​សវនាការ ថ្ងៃ​ទី២២ វិច្ឆិកា ២០១១
បងទីពីរ នួន ជា នៅ​ក្នុង​សវនាការ ថ្ងៃ​ទី២២ វិច្ឆិកា ២០១១ REUTERS/Mark Peters/ECCC/Handout
ផ្សាយពាណិជ្ជកម្ម

ក្នុងសវនាការ​នៅថ្ងៃទី២ លើ​សំណុំរឿង​០០២ នៅ​ថ្ងៃ​អង្គារ​នេះ ជា​ឱកាស ដែល​អតីត​មេខ្មែរក្រហម និង​មេធាវី ឆ្លើយតប​នឹង​ការ​ចោទប្រកាន់ ដើម្បី​ការពារ​ខ្លួន។ ផ្តើមដំបូង គឺ​លោក​នួន ជា ដែល​បាន​ថ្លែង​ការណ៍​រយៈពេល​ប្រមាណ ១ ម៉ោងនិង ៣០ នាទី។

ក្នុង​រង្វង់​ក្រចកសេះ លោក នួន​ ជា បាន​ថ្លែង​ដោយ​សំឡេង​ខ្លាំងៗ​ថា ​ថ្ងៃនេះ លោក​ត្រូវបាន​ផ្តល់​​នូវ​ឱកាស​មួយ ដែល​លោក​រង់ចាំ​ជា​យូរ​មក​ហើយ គឺ​អាច​ឡើង​បំភ្លឺ​ជូន​ជន​រួមជាតិ អ្នក​ស្នេហា​ជាតិ និង​កូន​ខ្មែរ​ទាំងអស់ អំពី​ការ​ពិត ដែល​មាន​ឡើង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​​កម្ពុជា។

អតីតប្រធានរដ្ឋសភា និងជាបងទី២ ក្នុងសម័យខ្មែរក្រហម ​លោក នួន​ ជា អាយុ ៨៦ ឆ្នាំ​ បាន​បន្ថែម​ថា ​ដូច​លោក​​បាន​បញ្ជាក់​ហើយ​ថា បើ​សុខភាព​របស់លោក​អំណោយផល លោកនឹង​ព្យាយាម​ឆ្លើយបំភ្លឺ ដើម្បី​ប្រវត្តិសាស្ត្រ​មួយ​ដ៏​ត្រឹម​ត្រូវ មិនមែន​ប្រវត្តិសាស្ត្រ​ក្នុង​នយោបាយ​នោះ​ទេ។

ក៏ប៉ុន្តែ លោកនួន ជា គិតថា តុលាការ​ខ្មែរក្រហម​មាន​ភាព​មិន​យុត្តិ​ធម៌​​សម្រាប់​លោក តាំងពី​ដើម​​​ដំបូង​មក​ម៉្លេះ ព្រោះ​តុលាការ​ខ្មែរក្រហម​យក​តែ​បញ្ហា​​​មួយ​ចំណែក​ប៉ុណ្ណោះ មក​ជំនុំ​ជម្រះ។ លោកនួន ជា បាន​ប្រដូច​នឹង​សត្វ​ក្រពើ​មួយ​ទាំង​មូល គឺគេ​យក​តែ​ខ្លួន​មក​និយាយ តែ​មិន​យក​ក្បាល និង​កន្ទុយ ដែល​ជា​ចំណែក​សំខាន់ ក្នុង​ការ​បម្រើ​​ដល់​សកម្មភាព​រាល់ថ្ងៃរ​បស់​វា​។ ឬ​ក្នុង​ន័យ​ម្យ៉ាងទៀត លោក នួន ជា ពន្យល់ថា ឫ​សគល់ និង​បច្ច័យ​របស់​វា គឺជា​អ្វី​ ដែល​បាន​កើតឡើង តាំងពី​ឆ្នាំ​១៩៧៥ និង​ក្រោយ​ឆ្នាំ​១៩៧៩​។ តែ​លោក​នួន ជា បាន​បញ្ជាក់​ថា ​តុលាការ​នេះ មិន​លើកយក​មក​ពិចារណា​ទេ។​
 

មាគ៌ា​នយោបាយ​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា គឺ​ដើម្បី​រំដោះ​ប្រទេស​ជាតិ​ពី​ខ្ញុំ​កញ្ជះ​បរទេស (...) មិនមែន​កាប់សម្លាប់​ ប្រល័យ​ពូជសាសន៍​ស្អី​នោះទេ!

02:36

នួន ជា ឆ្លើយ​ក្នុង​សវនាការ

ក្នុងសេចក្តីថ្លែងការណ៍ឆ្លើយតប ដែល​ចែកជា​វគ្គខណ្ឌ និង​បាន​ព្រាងទុក​នោះ លោកនួន ជា បាន​​រៀបរាប់​យ៉ាងច្រើន​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា មុនពេល​ខ្មែរក្រហម​ឡើង​កាន់អំណាច ឆ្នាំ​​១៩៧៥ ពិសេស​លោក​នួន​ ជា​ បាន​បរិហារ​យ៉ាងច្រើន​ពី​មហិច្ឆតា​របស់​វៀតណាម ដែល​ចង់​ត្រួតត្រា​កម្ពុជា ចាប់តាំង​ពី​ឆ្នាំ១៩៣០ តាមរយៈ​ការ​បង្កើត​សហព័ន្ធ​ឥណ្ឌូចិន ព្រមទាំង​ការ​ទម្លាក់​​​គ្រាប់បែក​លើ​ប្រទេស​កម្ពុជា ដោយ​សហរដ្ឋ​អាមេរិក នៅឆ្នាំ១៩៦៩ ជាដើម។

សង្គ្រាម​រវាង​បក្ស​កុម្មុយនិស្ត​កម្ពុជា (ឬ​ក្រុម​ខ្មែរក្រហម) ជាមួយ​នឹង​រដ្ឋាភិបាល​លោក លន់ នល់ ក្រោយ​រដ្ឋប្រហារ​ឆ្នាំ១៩៧០ ក៏​ត្រូវបាន​លោក នួន ជា លើកឡើង​ជាមួយ​នឹង​សកម្មភាព​តស៊ូ​របស់​​ខ្មែរ​ក្រហម រហូតដល់​ឡើង​កាន់អំណាច​នៅ​ឆ្នាំ១៩៧៥។ បន្ទាប់ពី​កាន់អំណាច ខ្មែរ​ក្រហម​បាន​អនុវត្ត​នយោបាយ​ជម្លៀស​ប្រជាជន​ពី​ទីក្រុង និង​ទីប្រជុំជន ដើម្បី​អ្វី ដែល​លោក នួន ជា អះអាង​​ថា ដើម្បី​តាមដាន​ពិនិត្យ​សភាពការណ៍​មួយរយៈ ពិសេស សកម្មភាព​របស់​វៀតណាម។ ក្នុងរយៈពេល​កាន់អំណាច ចន្លោះពី​ឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៩៧៩ ក៏ត្រូវបាន​លោក​នួន ជា លើកឡើង​យ៉ាងច្រើន ប៉ុន្តែ គ្មាន​នយោបាយ​សម្លាប់​មនុស្ស​រង្គាល​ឡើយ។ ផ្ទុយទៅវិញ ក្នុងពេល​ខ្មែរ​ក្រហម​កាន់អំណាច គឺ​ខ្មែរក្រហម​បាន​ធ្វើសង្គ្រាម​ប្រឆាំង​វៀតណាម ដែល​លោក​អះអាង​ជា​ញឹកញាប់​ថា បាន​ឈ្លានពាន​ទឹកដី​កម្ពុជា។
 

ឲ្យ​ខ្ញុំ​ថាជា​របប​ប្រល័យពូជសាសន៍​ ខ្ញុំ​មិនទទួលទេ (...) ប៉ុន្តែ ក្នុង​ការ​អនុវត្ត​​ធ្វើ​ឲ្យ​ទុក្ខសោក វិនាសកម្ម​មែនទែន​ដល់​ប្រជាជន

02:38

អៀង សារី ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ កាលពីមុនពេល​ចាប់ខ្លួន

នៅក្នុង​អង្គសវនាការ លោក នួន ជា បាន​ការពារ នូវ​របប​ខ្មែរក្រហម ក្រោមការ​ដឹកនាំ​របស់​លោក។លោក នួន ​ជា បាន​ប្រកាស​​ច្រានចោល​រាល់​ការ​ចោទប្រកាន់​ក្នុង​បទឧក្រិដ្ឋ សម្លាប់​មនុស្ស សម័យ​​​ខ្មែរក្រហម​។​ លោក នួន​ ជា បាន​លើកឡើង​ថា៖ "​ចំពោះ​អ្វី​ទាំង​ប៉ុន្មាន ដែល​បាន​ចោទ​ប្រកាន់​​នោះ សុទ្ធតែ​រឿង​មិន​ពិត​។ គោល​ជំហរ​​របស់​លោក ​ក្នុង​ការតស៊ូ​ក្នុង​បដិវត្តន៍ គឺ​ដើម្បី​ផល​ប្រយោជន៍​​ជាតិ និង​ប្រជាជន​ជាធំ​។ លោកនួន ជា បាន​បញ្ជាក់​ថា ការ​រស់នៅ​ក្រោម​​ការ​​គាបសង្កត់ និង​​ឃើញ​​ភាពអយុត្តិធម៌​សង្គម​គ្រប់​បែបយ៉ាង បាន​ជំរុញ​ឲ្យ​លោក​ផុសចេញ​នូវ​គំនិត​លះបង់​គ្រួសារ ដើម្បី​​ទៅ​តស៊ូ​រំដោះជាតិ​មាតុភូមិ​ពី​នឹម​អាណានិគម គឺ​ការ​ឈ្លានពាន គាបសង្កត់​​ពី​ពួក​ចោរ​បរទេស លួច​ទឹកដី ចង់​លុបបំបាត់​ព្រះពុទ្ធសាសនា និង​ពូជសាសន៍​ខ្មែរ។​

​លោក នួន​ ជា បាន​បញ្ជាក់​ថា មាគ៌ា​នយោបាយ​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា គឺ​ដើម្បី​រំដោះ​ប្រទេស​ជាតិ​ពីបរទេស និង​កសាង​សង្គម​មួយ ដែល​ស្អាតស្អំ ឯក​រាជ្យ គឺ​មិនមែន​ការកាប់សម្លាប់មនុស្ស ឬប្រល័យពូជសាសន៍​នោះទេ​។​
 

ខ្ញុំទទួលស្គាល់​ច្បាស់ហើយ​ថា​មាន​ការ​សម្លាប់​រង្គាល ប៉ុន្តែ ខ្ញុំ​មិនហ៊ាន​ប្រើ​ពាក្យ​​ប្រល័យពូជសាសន៍​ទេ!

03:14

ខៀវ សំផន ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ​ កាលពីមុនពេល​ចាប់ខ្លួន

យ៉ាងណាក៏ដោយ លោកនួន ជា ​បាន​បញ្ជាក់ថា "ប្រជាជន​កម្ពុជា​ជា​ប្រជាជន​ស្នេហា​សន្តិភាព ស្នេហា​ឯករាជ្យ អធិបតេយ្យ បូរណភាព​ដែនដី​របស់​ខ្លួន​។ ប្រជាជន​កម្ពុជា ចង់​មាន​ចំណង​​មិត្តភាព ជាមួយ​​​គ្រប់​ប្រទេស​ទាំងអស់ ដោយ​ឈរ​លើ​មូលដ្ឋាន​ឯករាជ្យ ស្មើភាព​គ្នា​ទៅវិញ​ទៅមក មាន​​ផលប្រយោជន៍​ទាំង​សងខាង​។ ចំពោះ​វៀតណាម ប្រជាជន​កម្ពុជា​ធ្វើ​សំណូមពរ​ឲ្យ​វៀត​ណាម​លះបង់​គំនិត ធ្វើ​រៀមច្បង ហើយ​រស់នៅ​ដោយ​សុខសន្តិភាព ជាមួយគ្នា​ជា​យូរ​អង្វែង។ ឯ​​ប្រជាជន​​កម្ពុជា​យើង​វិញ ក៏​ត្រូវ​លះបង់​នូវ​គំនិត​គុំកួន ស្អប់​វៀតណាម រឿង​កំពប់​តែអុង។ ប្រទេស​មួយៗ អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន តាម​មាគ៌ា​នយោបាយ​រៀងៗខ្លួន សម្រេច​វាសនា​ជាតិ​ខ្លួនឯង អ្វី​ដែល​ជួយ​ឧបត្ថម្ភគ្នា​បាន ក៏​ជួយ​គ្នា ក្នុងឋានៈ​ជា​មនុស្សជាតិ រស់នៅ​ជិតគ្នា ដោយ​ស្ងប់សុខ សន្តិសុខ និង​គោរពគ្នា​ទៅវិញទៅមក។

រហូតដល់ចុងម៉ោង នៃ​សវនាការ​លើ​សំណុំរឿង​០០២ នៅថ្ងៃទី២២​វិច្ឆិកា ឆ្នាំ២០១១ ក្រុម​មេធាវី​ការពារ​លោក​អៀង សារី និង​លោក​អៀង សារី ផ្ទាល់​បាន​ប្រកាស​មិនធ្វើ​សេចក្តី​ថ្លែងការណ៍ ឬ​ការ​កត់សម្គាល់ ឆ្លើយតប​នឹង​សហ​ព្រះរាជអាជ្ញា​នោះទេ។ មូលហេតុ​ដោយសារ​សេចក្តីថ្លែង​បើក​ក្តី ឬ​សេចក្តីសន្និដ្ឋាន​ចោទប្រកាន់​របស់​សហ​ព្រះរាជអាជ្ញា មិនមែន​ជា​ភស្តុតាង​ទេ។

សវនាការ​លើ​រឿងក្តី​០០២ នឹង​បន្ត នៅ​ព្រឹកថ្ងៃទី២៣​វិច្ឆិកា ស្អែកនេះ​បន្ត​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ