ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT
អាមេរិក

បេក្ខជន​ប្រធានាធិបតី​សម្រុក​ធ្វើ​ឃោសនា​នៅ​រដ្ឋ​គន្លឺះ

media  
លោក​អូបាម៉ា និង​លោក​រ៉ូមនី​នៅក្នុងវេទិកា​សួរដេញដោល​គ្នា​លើកទី២ កាលពី​ថ្ងៃ​ទី ១៦​តុលា២០១២ ©REUTERS

នៅតែ​បីថ្ងៃ​ទៀត គឺ នៅថ្ងៃ​អង្គារ​ទី ៦ វិច្ឆិកា ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​​នឹង​ប្រព្រឹត្ត​ទៅ នៅ​ប្រទេស​អាមេរិក។ ចាប់តាំងពីថ្ងៃ​សុក្រ​ម្សិលមិញ បេក្ខជន​ប្រធានាធិបតី​ខិតខំ​ប្រញឹក​សកម្មភាព​ឃោសនា​របស់ខ្លួន ដើម្បី​កេង​យក​ចំណេញ យក​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ​ទៅ​ទាក់ទាញ​ម្ចាស់សំឡេងឆ្នោត​ខ្លឹមៗ ដូចជា​នៅក្នុង​រដ្ឋ​អូហៃអូ​ជាដើម។

ប្រជាជន​អាមេរិក​ប្រមាណ​២៤​លាន​នាក់​បាន​បោះឆ្នោត​រួចហើយ តាម​ប្រព័ន្ធ​អេឡិចត្រូនិក។ រហូតមក​ដល់​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ ការស្ទង់​មតិ​របស់​វិទ្យាស្ថាន​ធំៗ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​បាន​បង្ហាញថា បេក្ខជន​ប្រធានាធិបតី​ទាំងពីរ គឺ​លោក​បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​អស់​អាណត្តិ និង​លោក​មីត រ៉ូមនី មកពី​គណបក្ស​សាធារណរដ្ឋ​កំពុង​ទទួល​ សំឡេង​គាំទ្រ​ប្រកៀកប្រកិត​គ្នា​ខ្លាំង​មែនទែន។ ក្នុង​រដ្ឋ​ចំនួន ៩​របស់​សហរដ្ឋ​អាមេរិក​ដែល​ដើរ​តួនាទី​សំខាន់​ជាងគេ ក្នុង​ការកំណត់​អនាគត​ប្រធានាធិបតី​អាមេរិកនោះ លោក​អូបាម៉ា បាន​ទទួល​សំឡេង​គាំទ្រ​ច្រើន​ជាង​លោក​មីត រ៉ូមនី​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ។

ជាក់ស្តែង ក្នុង​រដ្ឋ​អូហៃអូ ដែល​ជា​រដ្ឋ​សំខាន់ជាងគេ លោក​អូបាម៉ា មាន​ពិន្ទុ​នាំមុខ​លោក​មីត រ៉ូមនី តែ ៦ពិន្ទុ​ប៉ុណ្ណោះ នេះ បើតាម​ការស្ទង់មតិ​ធ្វើ​ឡើង​ដោយ​ទូរទស្សន៍​អាមេរិក NBC និង​កាសែតWall Street Journal។ យ៉ាងណាក៏ដោយ ការស្ទង់​មតិ​នេះ​នៅមិន​ទាន់​គេ​យកបាន​​ជា​ផ្លូវ​ការទេ ព្រោះថា អ្នកបោះឆ្នោត នៅរដ្ឋ​អូហៃអូនេះ​ឯង​នឹង​អាច​​ផ្លាស់ប្តូរចិត្ត នៅវេលា​ចុងក្រោយ ​បោះឆ្នោត​គាំទ្រ​បេក្ខជន​ណាមួយ​ ដោយ​ផ្អែក​ មើល​ទៅលើ​លទ្ធផល​បោះឆ្នោត​ក្នុង​រដ្ឋ​សំខាន់​ផ្សេងទៀត។​​

ហេតុ​ដូច្នេះហើយ បាន​នៅក្នុង​រយៈពេល​ប្រមាណ ១០០​ម៉ោង គិត​ចាប់ពីថ្ងៃ​នេះ ដល់​ថ្ងៃ​បោះឆ្នោត គឺ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ បេក្ខជន​ប្រធានាធិបតី​ទាំងពីរ និង​សមាជិក​របស់ពួកគេ​​ខំប្រឹង​​ធ្វើ​សកម្មភាពឃោសនា​ខ្លាំង​មែនទែន នៅក្នុង​រដ្ឋ​ចំនួន ៩​ដើម្បី​ទាក់ទាញ​អ្នក​ដែល​នៅ​រារែក​ចិត្ត​នៅឡើយ។ នៅថ្ងៃ​សុក្រ​ម្សិលមិញ លោក​អូបាម៉ា​បាន​ខិតខំ​​ស្រោចស្រង់​ពិន្ទុ​របស់លោក​ឡើងវិញ ដោយ​ធ្វើ​ការឃោសនា​នៅ​កន្លែង​បីសំខាន់ៗ ក្នុង​រដ្ឋ​អូហៃអូតែមួយ។
នៅចំពោះ​អ្នកគាំទ្រ​របស់​លោក​​មកពី​គណបក្ស​ប្រជាធិបតេយ្យ លោកអូបាម៉ា​​បាន​ឆ្លៀតយក​ចំណុច​វិជ្ជមាន​ដែល​រដ្ឋបាល​របស់​លោក​​ទើប​សម្រេច​បាន នោះគឺ​​បើតាម​តួលេខថ្នាក់ជាតិ ​ចុះផ្សាយ​កាលពីថ្ងៃ​សុក្រ​ម្សិលមិញ ​ពលរដ្ឋ​អាមេរិកាំង ជិត ២សែននាក់ បាន​ទទួល​ការងារ​ធ្វើ​ក្នុង​ខែ​តុលា។ ​​ប៉ុន្តែ គូប្រឆាំង​របស់លោក គឺ​លោក​មីត រ៉ូមនី​បាន​និយាយ​បក​ផ្គើន​ទៅវិញ ព្រោះថា តួលេខ​ថ្នាក់ជាតិ​នោះ​ក៏​បាន​បង្ហាញ​ដែរថា ចំនួន​អ្នកអត់ការងារ​ធ្វើ មាន​ប្រមាណ ៧,៩ ភាគរយ​នៃប្រជាជន​អាមេរិក​ គឺ​​កើន​ឡើង ប្រមាណ​០,១​ភាគរយ នៅក្នុង​អាណត្តិ​របស់​លោកអូបាម៉ា។

បេក្ខជន​ប្រកួតប្រជែង​ទាំងពីរ​នឹង​នៅបន្ត​និយាយ​រិះគន់​គ្នា​ទៅវិញ ទៅមក​រហូត​ដល់​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនាការឃោសនា​បោះឆ្នោត។ នៅ​ចុងសប្តាហ៍នេះ លោក​ប្រធានាធិបតី​អូបាម៉ា​នឹង​​​សម្រុកចុះ​ឃោសនា​នៅក្នុងទីក្រុង​ចំនួន ១៤ ក្នុង​​​រដ្ឋ​សំខាន់ៗ​៨ ដោយចាប់ផ្តើម​នៅ​រដ្ឋ​អៃអូវ៉ា Iowa វីស្កុនស៊ីន Wisconsin និង​វៀជីនៀ Virginia នៅថ្ងៃ​សៅរ៍តែមួយ​។ បន្ទាប់មកទៀត នៅថ្ងៃ​អាទិត្យ លោក​នឹង​ទៅ​ធ្វើ​ឃោសនា ចុងក្រោយ នៅ​រដ្ឋ​ញូវ ហែមស៊ៀ New Hampshire ហ្វ្លរីដា Florida កូឡូរ៉ាដូ​Colorado​ ចំណែក​ភរិយា​របស់លោក គឺ​លោកស្រី Michelle Obama បាន​ខំជួយ​ឃោសនា​ឲ្យ​ស្វាមី​​នៅក្នុង​រដ្ឋ​ដ៏សំខាន់ Virginia។ នៅមុខ​អ្នកគាំទ្រ​ លោក​អូបាម៉ា​ បាន​សន្យា​ថា លោក​នឹងមិន​បោះបង់​ចោល​រដ្ឋគន្លឹះ​ អូហៃអូទេ ហើយ​លោក​​ឆ្លៀត​មកឃោសនា​នៅរដ្ឋ​អូហៃអូ​ជារៀងរាល់ថ្ងៃ រហូត​ដល់​ថ្ងៃ​បោះឆ្នោត។

ងាក​មកមើល​ភាគីសាធារណរដ្ឋវិញ លោក​មីត រ៉ូមនី​នឹង​ឃោសនា​បញ្រ្ចាស់​មកវិញ ដោយ​នៅ​ថ្ងៃសៅរ៍​ស្អែក លោក​ទៅ​​រដ្ឋ​ចំនួន​បី​ដែល​លោក​អូបាម៉ា​បាន​ឈ្នះឆ្នោត កាលពីឆ្នាំ ២០០៨ គឺ​នៅរដ្ឋ​ ញូវ ហែមស៊ៀ New Hampshire កូឡូរ៉ាដូ​Colorado និង​រដ្ឋ​អៃអូវ៉ា Iowa។ លោក​​មីត រ៉ូមនី​កំពុង​មាន​សំឡេងគាំទ្រ​នាំមុខ​លោក​អូបាម៉ា​នៅរដ្ឋ​ ហ្វ្លរីដា Florida និង​រដ្ឋ​Nord Caroline។ គេ​វាយតម្លៃថា បើលោក​រ៉ូមនី​ទទួល​សំឡេង​ឆ្នោត​ ឈ្នះ​លោក​អូបាម៉ា នៅរដ្ឋ​Virginia និង​រដ្ឋ​អូហៃអូ នោះលោក​នឹង​បាន​ឈ្នះឆ្នោត​ជាស្វ័យប្រវត្តិ​​ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ