អានតួអត្ថបទ
អាមេរិក-អាហ្វ្រិក

លោក​អូបាម៉ា​ប្រកាស​គម្រោង​វិនិយោគ​៣៣ពាន់លាន​ដុល្លារ​នៅ​អាហ្វ្រិក

នៅ​ក្នុង​ជំនួបកំពូល​ជាមួយ​មេដឹកនាំ​អាហ្វ្រិក​ជាង ៤០រូប នៅ​ក្នុង​រដ្ឋធានីវ៉ាស៊ីងតោន កាល​ពីថ្ងៃអង្គារ​ម្សិលមិញ លោក​អូបាម៉ា​បាន​ប្រកាស​ឲ្យដឹង អំពី​គម្រោង​បោះទុនវិនិយោគ​រហូតដល់​ទៅ​ជាង ៣០ពាន់លាន​ដុល្លារ នៅ​ក្នុង​តំបន់​អាហ្វ្រិក។ សហរដ្ឋ​អាមេរិក​កំពុងតែ​ព្យាយាម​ប្រជែង​ជាមួយ​អឺរ៉ុប និង​ចិន ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​អាហ្វ្រិក ដែល​បច្ចុប្បន្ន​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​តំបន់​ដែល​ប្រកបដោយ​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់។

លោក​អូបាម៉ា នៅ​ក្នុង​វេទិកា​ពាណិជ្ជកម្ម​អាមេរិក-អាហ្វ្រិក នៅ​រដ្ឋធានីវ៉ាស៊ីងតោន
លោក​អូបាម៉ា នៅ​ក្នុង​វេទិកា​ពាណិជ្ជកម្ម​អាមេរិក-អាហ្វ្រិក នៅ​រដ្ឋធានីវ៉ាស៊ីងតោន REUTERS/Larry Downing
ផ្សាយពាណិជ្ជកម្ម

 

នៅថ្ងៃ​នេះ​ខ្ញុំ​សូម​ប្រកាស​អំពី​ជំហាន​សំខាន់ៗ​មួយ​ចំនួន ដើម្បី​ជំរុញ​​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​តំបន់​អាហ្វ្រិក​ឲ្យ​កើនឡើង​ដល់​កម្រិត​មួយ​ថ្មីទៀត” នេះ​គឺ​ជា​អ្វី​ដែល​លោក​អូបាម៉ា​បាន​លើកឡើង កាល​ពីថ្ងៃ​អង្គារ​ម្សិលមិញ នៅ​ក្នុង​ថ្ងៃ​ទី២ នៃ​ជំនួបកំពូល​ជាមួយ​មេដឹកនាំ​​​មក​ពី​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក។

ជំហាន​សំខាន់ៗ​ដែល​លោក​អូបាម៉ា​លើកឡើង​នេះ គឺ​គម្រោង​បោះទុន​វិនិយោគ​ទាំងក្នុង​រូបភាព​ជា​ជំនួយ​សាធារណៈ និង​ជា​វិនិយោគ​ឯកជន គិតជា​ទឹកប្រាក់​សរុប​ចំនួន ៣៣ពាន់លាន​ដុល្លារ។ នៅ​ក្នុង​ចំណោម​ការ​វិនិយោគ​ឯកជន គឺ​រួមមាន​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ធំៗ​មួយចំនួន​របស់​សហរដ្ឋ​អាមេរិក រួមមាន​ដូចជា Marriott, Coca-Cola និង Genral Electric ជាដើម ដែល​នឹង​ធ្វើការ​វិនិយោគ​ ក្នុង​វិស័យ​សណ្ឋាគារ ទឹកស្អាត ថាមពល សំណង់ ធនាគារ និង​ព័ត៌មាន​វិទ្យា។

ជាមួយ​នឹង​ការ​បោះទុនវិនិយោគ​ដ៏ច្រើន​នេះ សហរដ្ឋ​អាមេរិក​រំពឹង​ថា​នឹង​អាច​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាហ្វ្រិក ដែល​បច្ចុប្បន្ន​​នេះ ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​តំបន់​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​លំដាប់ទី២​ នៅលើ​ពិភពលោក បន្ទាប់​ពី​អាស៊ី ក៏ប៉ុន្តែ ជា​តំបន់​ដែល​អាមេរិក​មាន​ការដោះដូរ​ពាណិជ្ជកម្ម និង​វិនិយោគ​តិចតួច បើ​ធៀប​នឹង​អឺរ៉ុប និង​ចិន។

សម្រាប់​ប្រទេស​នៅ​អាហ្វ្រិក​ការបោះទុនវិនិយោគ​របស់​សហរដ្ឋ​អា​មេរិក​ក៏​មាន​សារៈសំខាន់​ខ្លាំង​ណាស់ដែរ សម្រាប់​ការ​អភិវឌ្ឍសេដ្ឋកិច្ច និង​សង្គម នៅ​ក្នុង​តំបន់​ដែល​សម្បូរ​ដោយ​ប្រជាជន​ក្រីក្រ។

ក៏ប៉ុន្តែ ក្រៅពី​បាន​ប្រកាស​អំពី​ទឹកលុយ​វិនិយោគ លោក​អូបាម៉ា​ក៏​បាន​ធ្វើការ​រំឭក​ដល់​មេដឹកនាំ​អាហ្វ្រិក​ផងដែរ​ថា បើទោះបីជា​មាន​ទុនវិនិយោគ​ពី​បរទេស​ច្រើន​ប៉ុណ្ណា​ក៏ដោយ តែ​គន្លឹះ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​អាហ្វ្រិក គឺ​អាហ្វ្រិក​ខ្លួនឯង ដែល​ចាំបាច់​ត្រូវ​ធ្វើ​យ៉ាងណា​បង្កើន​បរិយាកាស​អំណោយ​ផល​ដល់​ការ​ធ្វើ​ជំនួញ។

លោក​អូបាម៉ា​បាន​លើកឡើង​ថា ដើមទុន​គឺ​ជារឿងមួយ គម្រោង​អភិវឌ្ឍ​គឺ​ជា​រឿងមួយ ក៏ប៉ុន្តែ នីតិរដ្ឋ កំណែទម្រង់​លើ​វិធាន​គ្រប់គ្រង​ជំនួញ អភិបាលកិច្ចល្អ ទាំងអស់​នេះ​គឺ​ជា​គន្លឹះ​ដ៏សំខាន់​បំផុត​ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​អាហ្វ្រិក ពីព្រោះ​ថា គ្រប់គ្នា​គួរតែ​អាច​បើក​ការ​រកស៊ី​ដោយ​មិនចាំបាច់​សូកលុយ ឬ​ក៏​រក​ខ្នង​បង្អែក​ជា​សាច់ញាតិ​អ្នក​មាន​អំណាច។ ចំណុច​ដ៏សំខាន់​មួយ​ទៀត គឺ​សុខសន្តិភាព ពីព្រោះ​ថា អនាគត​គឺ​ស្ថិត​ក្នុង​ដៃ​អ្នក​ដែល​ចេះ​សាងសង់ មិនមែន​អ្នក​ចេះតែ​បំផ្លាញ​នោះទេ”៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ