អានតួអត្ថបទ
អាមេរិក-អ៊ីស្រាអែល

អូបាម៉ា​សុំ​អោយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​​សម្រេចចិត្ត​រក​​ដំណោះស្រាយ​​ជាមួយ​ប៉ាឡេស្ទីន​

នៅសេតវិមាន​​ ថ្ងៃ​ចន្ទ​ម្សិលមិញ ប្រធានាធិបតី​​អាមេរិក​បាន​សុំអោយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ ធ្វើការ​សម្រេចចិត្ត​ ទោះជា​​សេចក្តីសម្រេច​នោះ​ពិបាក​ក៏ដោយចុះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​​សន្តិភាព​​ជាមួយ​ប៉ាឡេស្ទីន។ សំណើ​របស់​លោក​អូបាម៉ា ធ្វើឡើង​​នៅ​ពេល​​​កិច្ចពិភាក្សា​ស្វែង​រក​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ ជិតដល់ពេល​វេលា​បញ្ចប់ តំរូវ​អោយ​​មាន​កិច្ចព្រមព្រៀង​​​ក្របខណ្ឌ​ចាំបាច់មួយ។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល និង​ប្រធានាធិបតី​អាមេរិក ​នៅសេតវិមាន​ ថ្ងៃ​ចន្ទ ទី​៣មមីនា។
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល និង​ប្រធានាធិបតី​អាមេរិក ​នៅសេតវិមាន​ ថ្ងៃ​ចន្ទ ទី​៣មមីនា។ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

នៅក្រុងវ៉ាស៊ីនតោន​ ​ថ្ងៃ​ចន្ទ​ម្សិលមិញ ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​​ជួបពិភាក្សា​ជាមួយ​​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បិនយ៉ាមីន នេតានីយ៉ាហ៊ូ និង​បាន​សុំអោយ​លោក​នេតានីយ៉ាហ៊ូ ធ្វើការ​សម្រេចចិត្ត​ដ៏​លំបាក​ ដើម្បី​ទទួលបាន​ដំណោះ​ស្រាយ​​សន្តិភាពសម្រាប់​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន។ ​លោក​អូបាម៉ា​លើកឡើង​ថា លោក​គិត​ថា ​រដ្ឋហ្ស៊ីហ្វ​របស់​អ៊ីស្រាអែល​ និង​រដ្ឋប៉ាឡេស្ទីន​ នៅតែ​អាច​​​បង្កើត​បាន ហើយ​ប្រជាជន​ទាំងពីរ​​ភាគី​ អាច​រស់នៅ​ក្បែរគ្នា ប្រកប​ដោយ​សន្តិភាព​និង​សុវត្ថិភាព​សន្តិសុខ។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បែរ​ជា​​ឆ្លើយតប​វិញថា គឺខាង​ប៉ាឡេស្ទីន​ឯណោះ​ទៅវិញទេ ដែល​មិនបាន​បំពេញ​កាតព្វ​កិច្ច​ក្នុង​ដំណើរការ​ស្វែង​រក​សន្តិភាព​ជាមួយ​អ៊ីស្រាអែល។ លោក​នេតានីយ៉ាហ៊ូ​លើកឡើងថា កន្លងមក អ៊ីស្រាអែល​បាន​​ខិតខំ​សម្រេច​អោយ​ដំណើរការ​​ស្វែងរក​សន្តិភាព​បានជឿនលឿន​ទៅមុខ បែបយ៉ាង អ៊ីស្រាអែល​បាន​ដកខ្លួន​ពី​ក្រុង​ជាច្រើន​នៅ​ស៊ីហ្ស៊កដានី​ ​​អ៊ីស្រាអែល​បានដោះលែង​អ្នកទោស​ជាភេរវជន​រាប់រយនាក់ រឺក៏​បាន​​រំលាយ​ចោល​​​តំបន់​អាណានិគម​ជនជាតិ​ហ្ស៊ីហ្វ​​ជាដើម។ ប៉ុន្តែ ភាគី​ប៉ាឡេស្ទីនបែរ​ជា​​នៅតែ​បង្ក​ភេរវកម្ម​ និង​ញុះញង់​អោយ​មាន​​ការស្អប់ខ្ពើម​​អ៊ីស្រាអែល​​ទៅវិញ។

ការឆ្លើយតប​របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ទៅនឹង​សំណើ​ប្រធានាធិបតីអាមេរិក សបង្ហាញ​ថា មេដឹកនាំ​អ៊ីស្រាអែល​និង​អាមេរិក ទាំង២រូប​នេះ ​គ្មាន​ទស្សនៈ​ដូចគ្នា​នោះទេ។​ មិនត្រឹម​តែ​ឆ្លើយតប​បែបនេះ​ទេ លោក​នេតានីយ៉ាហ៊ូ​ ថែមទាំង​បាន​លើកឡើងទៅ​លោក​អូបាម៉ា​ទៀត​ថា ​បញ្ហា​​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ការហាមឃាត់​អ៊ីរ៉ង់មិនអោយធ្វើអាវុធ​​បរមាណូ​​ឯណោះ​​ទេ ទើប​​ជា​បញ្ហា​សំខាន់​នៅពេលនេះ។ ទោះយ៉ាងនេះ​ក្តី លោកអូបាម៉ា​ធ្លាប់​បាន​រំលឹក​អ៊ីស្រាអែល​រួចហើយ​ទាក់ទង ​ការកើនឡើង​នៃ​ការ​សាងសង់​លំនៅដ្ឋាន​ក្នុង​តំបន់​អាណានិគម​ជនជាតិ​ហ្ស៊ីហ្វ។ លោកអូបាម៉ា​រំលឹកថា ​ប្រសិន​បើ​ប៉ាឡេស្ទីន​សន្និដ្ឋានថា ​​រដ្ឋប៉ាឡេស្ទីន​ប្រកប​​ដោយ​បូរណភាព​ មិនអាច​​កើតឡើង​​បាន​​ នោះ​ការគ្រប់គ្រង​ផលវិបាក​​​​ជា​លក្ខណៈ​អន្តរជាតិ ពីសំណាក់​អាមេរិក ​នឹង​មាន​ព្រំដែន​កំណត់។ ​

កិច្ចពិភាក្សា​ស្វែង​រកសន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ ​នឹង​បិទបញ្ចប់​នៅ​ថ្ងៃ​២៩មេសា​ខាងមុខ។ ភាគី​ទាំង២​ត្រូវតែ​សម្រេច​អោយបាន​នូវកិច្ចព្រមព្រៀង​ក្របខណ្ឌ​មួយ ស្តីពី​លក្ខន្តិកៈ​ចុងក្រោយ ទាក់ទង​បញ្ហា​ព្រំដែន តំបន់អាណានិគម សន្តិសុខ លក្ខន្តិកៈ​ក្រុង​ហ្សេរុយសាឡិម រួមទាំង​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ផងដែរ។ យោងតាម​ប្រមុខការទូត​អាមេរិក ចនឃែររី ប្រសិន​បើ​កិច្ចចរចា​មិនអាច​បញ្ចប់​តាម​ថ្ងៃកំណត់​ទេ កិច្ចចរចា​នឹង​បន្ត​ធ្វើ​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ