ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/10 12h00 GMT
អាមេរិក

លោក​បារ៉ាក់ អូបាម៉ា ឬ​លោក​មីត រ៉ូមនី?

media  
បេក្ខជន​ប្រធានាធិបតី​អាមេរិក​លោក​អូបាម៉ា និង​លោក​រ៉ូមនី ©REUTERS/Christian Hartmann

ការិយាល័យ​បោះឆ្នោត ជ្រើសរើស​ប្រធានាធិបតី​អាមេរិកចាប់ផ្តើម​បើក​នៅថ្ងៃ​អង្គារ​ទី ៦វិច្ឆិកា ឆ្នាំ ២០១២។ ក្នុង​រយៈពេល​ជិត​ពីរឆ្នាំ​មកនេះ គណបក្ស​នយោបាយ​ប្រជែង​ទាំងពីរ​បាន​ចំណាយ​ថាមពល កម្លាំងកាយ និង​ថវិកា​​សរុប​ដល់​ទៅ​ជិត​៣​ពាន់​លាន​ដុល្លារ ដើម្បី​ទាក់ទាញ​ម្ចាស់​សំឡេង​ឆ្នោត។

ការស្ទង់មតិ​បាន​បង្ហាញថា លោក​អូបាម៉ា​មាន​ពិន្ទុ នាំមុខលោក​មីត រ៉ូមនី មកពី​គណបក្ស​សាធារណរដ្ឋ​ទាំងក្នុង​ការបោះឆ្នោតថ្នាក់ជាតិ ទាំង​ក្នុង​រដ្ឋ​គន្លឹះ ដែល​នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​កំណត់​អនាគត​​ប្រធានាធិបតីអាមេរិក។

ប្រព័ន្ធបោះឆ្នោត​អាមេរិក
ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក មាន​លក្ខណៈ​ខុសពី​ការបោះឆ្នោត​នៅប្រទេស​ដទៃទៀត។ ក្នុង​​ប្រទេស​បារាំង ​ប្រធានាធិបតី​ត្រូវចេញ​ពីការបោះឆ្នោត​ដោយ​ផ្ទាល់​ពី​ប្រជាជន។ នៅអាមេរិក ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​មិនធ្វើ​ដោយ​ផ្ទាល់​ពី​ប្រជាជន​ទេ។ នៅថ្ងៃនេះ ដ្បិត​តែ​ប្រជាជន​អាមេរិក​ជាង​១២៥​​លាន​នាក់​ត្រូវ​ទៅបោះឆ្នោត ប៉ុន្តែ ពួកគេ​ទៅ​បោះឆ្នោត ឲ្យ អ្នកបោះឆ្នោត​តំណាង (grand electeur)។ អ្នកបោះឆ្នោត​តំណាង គឺ​សុទ្ធតែ​ជា​បេក្ខជន​តែងតាំង​ចេញពី​គណបក្ស​ប្រជែងទាំងពីរ។ អ្នកបោះឆ្នោត​តំណាង​​សរុប​ ៥៣៨​នាក់ តំណាង​ឲ្យ​រដ្ឋ​៥៥ របស់​អាមេរិក ​នឹង​ទៅ​បោះឆ្នោត​បន្ត ជ្រើសរើស​ប្រធានាធិបតី នៅថ្ងៃ​ទី ១៧​ធ្នូ​ខាងមុខ។
 
ឧទាហរណ៍​ ក្នុង​រដ្ឋ​កាលីហ្វនី មាន​ប្រជាជន​រស់នៅ​ជាង​៣៧លាន​នាក់។ បើតាម​សមាមាត្រ គឺ​ត្រូវមាន អ្នកបោះឆ្នោត​តំណាង ៥៥​នាក់។ មានន័យថា ទាំង​គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ​ ត្រូវ​ជ្រើសរើស​អ្នកតំណាង​បក្ស​របស់ខ្លួន ម្ខាងៗ ចំនួន ៥៥​នាក់ សម្រាប់​រដ្ឋ​កាលីហ្វនីនេះ។ ឧបមាថា ​ចំនួន​អ្នកតំណាង​បោះឆ្នោត មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ត្រូវ​ប្រជាជន​ជ្រើសរើស​ច្រើន​ជាង​គេ គឺ​ច្រើន​ជាង ចំនួន ពាក់កណ្តាល ក្នុង​ចំណោម អ្នកទាំង ៥៥​នាក់ នោះ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​អូបាម៉ា ត្រូវ​ឈ្នះ​ផ្តាច់មុខ​ក្នុង​រដ្ឋ​កាលីហ្វនី បន្ទាប់មក គឺរដ្ឋទាំងមូល ដោយ​​ទទួល​សំឡេង​៥៥​ដោយ​ស្វ័យប្រវត្តិ។ គណបក្ស​ប្រជាធិបតេយ្យ​ត្រូវ​សន្សំ​សំឡេង​ចំនួន ៥៥​ក្នុង​រដ្ឋ​កាលីហ្វនី ដើម្បី​យក​ទៅ​បូក​ផ្សំ​ ជាមួយ​សំឡេង​ទទួលបាន​ពី​​រដ្ឋ​ដទៃទៀត គឺ​ដើម្បី​បាន​ប្រមូល​អ្នកតំណាង​របស់បក្សខ្លួន ច្រើន​ជាង​២៧០​នាក់ ដើម្បី​អាចឲ្យ​លោក​អូបាម៉ា​​អាច​នៅបន្ត​ធ្វើ​​ជា​ប្រធានាធិបតី​បន្តទៀត។
 
ឈ្នះបាន​សំឡេង ​តំណាង​អ្នកបោះឆ្នោត ច្រើនជាង២៧០ នឹង​ឈ្នះ​​ជាស្វ័យប្រវត្តិ​ធ្វើ​ជា​ប្រធានាធិបតី
 
គណបក្ស​ប្រជាធិបតេយ្យ​មាន​អ្នកគាំទ្រ​របស់ខ្លួន នៅ​តំបន់​ភាគខាង​ឦសាន និង​ខាងលិច​អាមេរិក ដូចជា​កាលីហ្វ័រនី ចំណែក​ពួក​សាធារណរដ្ឋ​មានច្រើន​នៅ​រដ្ឋ​ប៉ែកខាងត្បូង។ ប៉ុន្តែ តាមពិតទៅ មាន​តែ​រដ្ឋ​ប្រមាណ​តែ ៩​​ប៉ុណ្ណោះ ដែល​ដើរតួសំខាន់ ​កំណត់​អ្នកឈ្នះ​តំណែង​ប្រធានាធិបតី។ រដ្ឋគន្លឹះ​ទាំងនោះ មាន​រដ្ឋ​Ohio Virginia New Hampshire wisconsin Caroline ខាងជើង Iowa Colorado Nevada និង​Florida។
 
រាល់ការបោះឆ្នោត គេ​តែងចាំ​សំលឹង​មើល​លទ្ធផល​ក្នុង​រដ្ឋគន្លឹះ​ទាំងនេះ ដែល​មាន​អ្នកបោះឆ្នោត​តំណាង​ចំនួន​១១០​នាក់។ តាម​ការស្ទង់មតិ លោក​អូបាម៉ា​មាន​ប្រជាប្រិយភាព នាំមុខ​លោក​មីតរ៉ូមនី ទាំងសំឡេងឆ្នោត​ថ្នាក់ជាតិ និង​ក្នុង​រដ្ឋ​គន្លឹះ។ ជារួម លោកប្រធានាធិបតី​ចប់អាណត្តិ នាំមុខ​លោក​រ៉ូមនី​សឹង​នៅគ្រប់​រដ្ឋគន្លឹះ ដោយ​រាប់​ទាំង​រដ្ឋ​អូហៃអូ ដែល​រដ្ឋ​សំខាន់ចុងក្រោយ ប៉ុន្តែ លោក​មីត រ៉ូមនី នៅតែមាន​ពិន្ទុនាំមុខ​លោក​អូបាម៉ា ក្នុង​រដ្ឋ​Florida។
 
ប្រជាប្រិយភាព​ប្រកៀកប្រកិតគ្នា ខុសគ្នា​ត្រឹម​ក្រដាស​មូបារី​មួយ​សន្លឹក
 
លោកអូបាម៉ា ឡើង​កាន់តំណែង​​ជា​ប្រធានាធិបតីអាមេរិក​​៤ឆ្នាំនិង​ មាន​ស្នាដៃ​ការងារ​ច្រើន។ លោក​អូបាម៉ា​ត្រូវ​គេ​វាយតម្លៃថា ជា​ប្រធានាធិបតី​ដែល​បាន​ដោះស្រាយ ស្រោចស្រង់​សេដ្ឋកិច្ច​អាមេរិក​ចេញ​ពី​វិបត្តិហិរញ្ញវត្ថុ។ លោក​បាន​បិទ​បញ្ចប់​សង្រ្គាម​នៅ​អ៊ីរ៉ាក់ នៅអាហ្វហ្កានីស្ថាន ទៅតាម​ការសន្យា និងចុងក្រោយ លោកជា​ប្រធានាធិបតី​​ក្លាហានដែល​ហ៊ាន​ធ្វើ​ច្បាប់​ស្តីពី​សុខភាព ដ៏ចម្រូងចម្រាស់ បើទោះបី​ជាមាន​ការរិះគន់​ពី​គណបក្ស​ប្រឆាំង។ លោកអូបាម៉ា​មាន​ប្រជាប្រិយភាព​ច្រើន​ក្នុង​ចំណោម​ប្រជាជន​ក្រីក្រ ថ្នាក់មធ្យម យុវជន អ្នកដែល​ស្រឡាញ់​ភេទដូចគ្នា និង​ប្រជាជន​អន្តោប្រវេសន៍ ដោយសារ​នយោបាយ​ទន់ភ្លន់​របស់​លោក។
 
លោកមីត រ៉ូមនី​វិញ ដែលជា​មហាសេដ្ឋី​បាន​លើក​ខ្លួន​គាត់​ជាអ្នក​អ្នកសេដ្ឋកិច្ច ដើម្បី​បញ្ចុះបញ្ចូល​ពលរដ្ឋ​អាមេរិកាំង។ អ្នកបោះឆ្នោត​ដែល​លោក​មីតរ៉ូមនី​ផ្តោតទាក់ទាញ គឺ​ក្រុមប្រជាជន​អាមេរិកាំង​ស្បែកស អ្នកមាន និង​ជាមនុស្ស​ចាស់។ ពួកគេ​ទាំងនេះ​ប្រឆាំង​នឹង​នយោបាយ​របស់​លោក​អូបាម៉ា​ដែល​ចង់​ចែករំលែក យក​ទ្រព្យសម្បត្តិ​របស់អ្នកមាន​ទៅចែក​ឲ្យ​អ្នកក្រ។
 
ចំណុចចុងក្រោយ​ដែល​ធ្វើ​ឲ្យ​លោកក​អូបាម៉ា​ធ្លាក់កូដ​បន្តិច និង​ទាញ​លោក​មីតរ៉ូមនី​ឡើង​កូដវិញ គឺ​ភាព​គ្មាន​ការងារ​ធ្វើ​ ដែល​ជា​កង្វល់​របស់​ពលរដ្ឋ​អាមេរិកាំង។ មនុស្ស​ជា​ច្រើន​យល់ថា លោក​មីតរ៉ូមនី ធ្លាប់​មាន​បទពិសោធន៍​ធ្វើ​ជំនួញ។ ដូច្នេះ​លោក​មីតរ៉ូមនី​ពិតជា​មាន​សមត្ថភាព​អាច​ជួយ​ផ្តល់​ការងារ​ធ្វើ​ដល់​ពួកគេ។ ម្យ៉ាងទៀត លោក​មីតរ៉ូមនី​បាន​ដើរ​តាម​ផ្លូវ​ឃោសនា​ចាស់​របស់​លោក​អូបាម៉ា កាលពីឆ្នាំ ២០០៨ គឺ​លោក​ជា​បេក្ខជន​ដែលនឹង​នាំ​ការផ្លាស់ប្តូរ​មក​ឲ្យ​ប្រជាជន​អាមេរិក។ លោកមីត រ៉ូមនី បាន​សន្យា​ថា នឹង​ធ្វើ​នយោបាយ​ដែល​លោក​អូបាម៉ា​សន្យា ប៉ុន្តែ មិន​បាន​ធ្វើ​ក្នុង​អាណត្តិរបស់លោក៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ