អានតួអត្ថបទ
អាមេរិក-រុស្ស៊ី

សេដ្ឋកិច្ច​ជា​គន្លឹះ​សោ​សម្រាប់​ពង្រីក​ទំនាក់ទំនង​អាមេរិក-រុស្ស៊ី

សេចក្តី​នេះ​ថ្លែង​ដោយ​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ក្នុង​សម្ភាសន៍ ដែល​ថ្ងៃនេះ​តែម្តង បានត្រូវ​លើក​យក​មក​ផ្សាយ​ទាំងស្រុង ដោយ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី និង ចុះផ្សាយ ដោយ​កាសែត​រដ្ឋាភិបាល​រុស្ស៊ី​ឈ្មោះ Rossiskaya Gazeta។ សម្ភាសន៍​នេះ ត្រូវ ពួក​អ្នកកាសែត​រុស្ស៊ី​សុំ​បាន​ពី​លោក អូបាម៉ា ពីរ​ថ្ងៃ​មុន​ឱកាស​ខួប​កំណើត​របស់​លោក ដែល​ថ្ងៃ​ស្អែក​ទី៤​សីហា នឹង​មាន​អាយុ​គម្រប់​បាន ៥០​ឆ្នាំ​គត់។

លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា
លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា REUTERS/Jason Reed
ផ្សាយពាណិជ្ជកម្ម

តបនឹង​សំណូមពរ​សុំ​យោបល់​គាត់ថា តើ​អ្វីទៅ​ជា​ព្រឹត្តិការណ៍​ធំៗ ដែល​មានន័យ គួរឲ្យ​កត់សម្គាល់​ជាងគេ សម្រាប់​ប្រវត្តិសាស្ត្រ​ពិភពលោក ក្នុង​៥០ឆ្នាំ​ចុងក្រោយ លោក អូបាម៉ា បាន​លើកឡើង​ជាពិសេស អំពី​ការ​ចប់ទៅ​នៃ​យុគ “សង្គ្រាម​ត្រជាក់”។ លោក អូបាម៉ា សង្កត់ធ្ងន់​ថា “ពេល​ខ្ញុំ​កើតមក កាលពី​៥០ឆ្នាំ​មុន គ្មាន​នរណា​អាច​នឹកស្មាន​ឡើយ​ថា រុស្ស៊ី និង ស.រ.អា. នឹង​ក្លាយ​ទៅជា​ដៃគូ​នឹងគ្នា​លើ​ឆាក​អន្តរជាតិ”។

អំពី​ប្រទេស​រុស្ស៊ី ប្រធានាធិបតី​អាមេរិក​លើកឡើង​ថា គឺ​សហប្រតិបត្តិការ​នៅតាម​មុខព្រួញ​សេដ្ឋកិច្ច ដែល​ដើរតួ​គន្លឹះ ក្នុងការ​អភិវឌ្ឍន៍​ទំនាក់ទំនង​ទ្វេភាគី ហេតុដែល​ស៊ីគ្នា​នឹង​បន្ទាត់​ធ្វើ​ទំនើបកម្ម​ប្រទេស​រុស្ស៊ី ប្រកាស​ដោយ​លោក​ប្រធានាធិបតី មេដវេដេវ ផ្ទាល់។

ប្រមុខរដ្ឋ​អាមេរិក​បាន​វាយតម្លៃ​ខ្ពស់ ដល់ការ​ខំ​ប្រឹងប្រែង​របស់​សមភាគី​រុស្ស៊ី គឺ​លោក មេដវេដេវ ខាង​ផ្តល់​ថាមពល​ថ្មី ដល់​ទំនាក់ទំនង​ជាមួយ​អាមេរិក តាមរយៈ​ការ​ចុះ​សន្ធិសញ្ញា​ស្តីអំពី​ការ​កាត់​បន្ថយ​យ៉ាង​ក្រាស់ក្រែល​ត​ទៅទៀត សក្តានុពល​យុទ្ធសាស្ត្រ​បរមាណូ​របស់​មហាអំណាច​ទាំងពីរ ក្នុងនាម​ពង្រឹង​សន្តិសុខ​លើ​ពិភពលោក។

តាម​ប្រសាសន៍​លោក​អូបាម៉ា “ប្រធានាធិបតី​មេដវេដេវ ជា​អ្នក​ស្នេហា​មាតុភូមិ​ដ៏​បរិសុទ្ធ។ គាត់​ជា​អ្នក​ការពារ​យ៉ាង​អង់អាច ផលប្រយោជន៍​របស់​រុស្ស៊ី។ ព្រមជាមួយ​នេះ លោក​មេដវេដេវ​ក៏​ទទួលស្គាល់​ដែរ​ថា ផ្លូវ​ឆ្ពោះ​ទៅកាន់​ភាព​ចម្រើន​រុងរឿង​របស់​ប្រទេស​រុស្ស៊ី​ត្រូវតែ​ឆ្លងកាត់​តាមរយៈ​ការ​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ពិភពក្រៅ ដោយ​ឈរ​លើ​មូលដ្ឋាន​ទ្វេភាគី ក៏ដូចជា​ពហុភាគី។ រួច​ជា​ផ្លែផ្កា លោក​មេដវេដេវ កំពុង​ទទួល នូវ​ការ​គោរព​ពី​សំណាក់​មជ្ឈដ្ឋាន​ធំ​ទូលំទូលាយ”។

លោកអូបាម៉ា ក្នុង​សម្ភាសន៍​ខ្លួន ក៏​មិនភ្លេច​សរសើរ​ឡើយ ដល់​រដ្ឋបុរស​រុស្ស៊ី​ម្នាក់​ទៀត ដែល​ស្ថិត​នៅក្នុង “សម្ព័ន្ធ​កាន់អំណាច” នៅ​រុស្ស៊ី គឺ​លោក​នាយករដ្ឋមន្ត្រី ពូទីន ដែល​គាំទ្រ​ទាំងស្រុង​ដល់​ការ​ផ្តល់​ថាមពល​ថ្មី ដល់​ទំនាក់ទំនង​របស់​រុស្ស៊ី ជាមួយ​អាមេរិក។ តាមលោក​អូបាម៉ា ពិតជា​ការ​គាំទ្រ​នេះ ដែល​ក្នុង​២ឆ្នាំ​ចុងក្រោយ បាន​លើក​ទំនាក់ទំនង រុស្ស៊ី-អាមេរិក ឲ្យ​ល្អប្រសើរ​មែនទែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ