អានតួអត្ថបទ
OCDE-ចិន

អង្គការ OCDE ៖ ចិន​នឹង​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​នៅ​ឆ្នាំ​២០១៦

អង្គការ​សហប្រតិបត្តិការ​​និង​អភិវឌ្ឍ​សេដ្ឋកិច្ច ដែល​ហៅកាត់​ជាភាសាបារាំង​ថា OCDE បាន​ចេញផ្សាយ​របាយការណ៍​មួយ កាល​ពីថ្ងៃ​សុក្រ​ម្សិលមិញ​ បង្ហាញថា ចិន​នឹង​ដណ្តើម​កន្លែង​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ពី​អាមេរិក នៅឆ្នាំ​២០១៦។ ហើយ​បន្ទាប់មកទៀត សូម្បីតែ​​តំណែង​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី២ ក៏​នឹង​ត្រូវ​ឥណ្ឌា​ដណ្តើម​យក​ពី​អាមេរិក​​ដែរ។

បើ​តាម​អង្គការ OCDE ក្នុងរយៈពេល ៤ឆ្នាំ​ទៀត សេដ្ឋកិច្ច​ចិន​នឹង​កើនឡើង​ហួស​អាមេរិក
បើ​តាម​អង្គការ OCDE ក្នុងរយៈពេល ៤ឆ្នាំ​ទៀត សេដ្ឋកិច្ច​ចិន​នឹង​កើនឡើង​ហួស​អាមេរិក REUTERS/David Gray
ផ្សាយពាណិជ្ជកម្ម

អង្គការ OCDE ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ប៉ារីស គឺ​ជា​អង្គការ​សេដ្ឋកិច្ច​អន្តរជាតិ ដែល​មាន​សមាជិក​ ៣៤​ប្រទេស ភាគច្រើន​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន ប្រកាន់​លទ្ធិប្រជាធិបតេយ្យ និង​អនុវត្ត​នយោបាយ​សេដ្ឋកិច្ច​ទីផ្សារ​សេរី។

របាយការណ៍ ដែល OCDE ចេញផ្សាយ កាល​ពីថ្ងៃសុក្រ​ម្សិលមិញ​នេះ គឺ​ស្តីពី​កំណើន​សេដ្ឋកិច្ច​ពិភពលោក ចាប់ពីពេលបច្ចុប្បន្ន រហូតដល់​ឆ្នាំ​២០៦០។ OCDE បាន​ព្យាករ​ថា នៅ​ក្នុង​ចន្លោះពេលនេះ កំណើន​សេដ្ឋកិច្ច​ពិភពលោក​នឹង​មាន​អត្រា ៣% ក្នុង​មួយ​ឆ្នាំ គិតជា​មធ្យម ក៏ប៉ុន្តែ អត្រាកំណើន​នេះ​នឹង​មាន​កម្រិត​ខុសគ្នា​ខ្លាំង​ រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន និង​ប្រទេស​ដែល​ទើប​នឹង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ថ្មី។

របាយការណ៍​របស់ OCDE បាន​សន្និដ្ឋាន​ជារួម​ថា ពិភពលោក​នឹង​អាច​ចេញ​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច​បច្ចុប្បន្ន ក៏ប៉ុន្តែ លំនឹង​នៃ​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​នឹង​ត្រូវ​ប្រែប្រួលយ៉ាងខ្លាំង​បំផុត​ នៅ​ក្នុង​រយៈពេល ៥០ឆ្នាំ​ខាងមុខ​ទៀត​នេះ។ តំណែង​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​របស់​អាមេរិក នឹង​ត្រូវ​ចិន​ដណ្តើម​យក​បាន នៅ​ឆ្នាំ​២០១៦ ពោលគឺ ក្នុងរយៈពេល​តែ​ ៤ឆ្នាំ​ទៀត​ប៉ុណ្ណោះ។ ឥណ្ឌា​វិញ​នឹង​​ឡើង​ហួស​ជប៉ុន ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ទី៣ នៅ​ក្នុង​រយៈពេល ១ឆ្នាំ ឬ​២ឆ្នាំ​ខាងមុខ ហើយ​តំណែង​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី២​របស់​អាមេរិក ក៏​នឹង​ត្រូវ​ឥណ្ឌា​យក​បាន​ដែរ ​នៅ​ឆ្នាំ​២០៦០។

និយាយ​ជា​រួម នៅ​ក្នុងរយៈពេល​ ៥០ឆ្នាំ​ទៀត មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទាំងពីរ​នឹង​​មក​ពី​តំបន់​អាស៊ី គឺ​ចិន និង​ឥណ្ឌា។ មហាអំណាច​សេដ្ឋកិច្ច​ចាស់ៗ ដូចជា ជប៉ុន និង​ប្រទេស​នៅ​អឺរ៉ុប ជាដើម ក៏​នឹង​ត្រូវ​ផ្ទេរ​តំណែង​ទៅ​ឲ្យ​ប្រទេស​ដែល​ទើប​នឹង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ថ្មី​ៗ​ដែរ ដូចជា ឥណ្ឌូណេស៊ី និង​ប្រេស៊ីល ជាដើម ដែល​មានប្រជាជន​ច្រើន ហើយ​​ក្មេងៗ។

ក៏ប៉ុន្តែ របាយការណ៍​របស់ OCDE ក៏​បាន​បញ្ជាក់​ផងដែរ​ថា ​សេដ្ឋកិច្ច​​របស់​ប្រទេស​មហាសេដ្ឋកិច្ច​ថ្មីថ្មោង​ទាំងនេះ​នឹង​កើនឡើង​ហួស​ប្រទេស​អ្នកមាន​បច្ចុប្បន្ន​នេះ​ក៏ពិតមែន បើគិតជា​ផលិតផល​ក្នុង​ស្រុក​សរុប ក៏ប៉ុន្តែ បើ​និយាយ​ពី​ប្រាក់ចំណូល​មធ្យម​របស់​ប្រជាជន​ម្នាក់ៗវិញ គឺ​នៅតែ​មាន​កម្រិត​ទាបជាង​ដដែល នៅ​ឆ្នាំ​២០៦០ គ្រាន់តែ​មិនសូវ​មាន​គម្លាត​ខ្លាំង ដូចជា​ពេល​បច្ចុប្បន្ន។ កម្រិត​ជីវភាព​​ប្រជាជន ដែល​កើនឡើង​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​ជាងគេ គឺ​នៅ​ចិន និង​ឥណ្ឌា ដែល​ប្រាក់ចំណូលមធ្យម​ប្រចាំឆ្នាំ​របស់​ប្រជាជន នៅ​ឆ្នាំ​២០៦០ នឹងកើនឡើង ១១ដង ធៀប​នឹង​ឆ្នាំ​២០១១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ