អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

សង្គម​ស៊ីវិល​​ព្រួយ​​បារម្ភ​​ខ្លាច​​ច្បាប់​​ប្រេង​​កាត​​មាន​​ចន្លោះ​​ប្រហោង​​ដែល​​បង្ក​​ជា​​ផល​​ប៉ះពាល់​​

នៅថ្ងៃ​ទី១៧ ខែ​មិថុនា រដ្ឋសភា​កម្ពុជា​នឹង​អនុម័ត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេង​កាត​។ អង្គការ​សង្គម​ស៊ីវិល បាន​បង្ហាញ​ការ​ព្រួយ​បារម្ភខ្លាច​ច្បាប់​ខាង​លើ​នេះ​មាន​ចន្លោះ​ប្រហោង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ផ្សេងៗ​។ ការ​សម្រេច​ដាក់​ឲ្យ​សភា​អនុម័ត​ច្បាប់ នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​ Kris Energy បាន​ចុះ​កិច្ច​ព្រម​ព្រៀង​មួយ កាល​ពី​ឆ្នាំ ២០១៧។

អណ្ដូងប្រេងកាតបរទេស (រូបតំណាង)
អណ្ដូងប្រេងកាតបរទេស (រូបតំណាង) @Gazettelive
ផ្សាយពាណិជ្ជកម្ម

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​បាន​លើក​ឡើង​ថា ច្បាប់​នេះ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​កម្ពុជា ប៉ុន្តែ​អ្វី​ដែល​ជា​ការ​បារម្ភ​នោះ គឺ​សេច​ក្តីព្រាងច្បាប់​នេះមិន​បាន​ដាក់​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ឲ្យ​បាន​ទូលំ​ទូលាយ​នោះ​ទេ នេះ​អាច​ធ្វើ​ឲ្យ​មាន​ចំណុច​ខ្វះខាត​ណា​មួយ។​ លោក​បន្ថែម​ថា​រឿង​ប្រេង​កាត​នេះ គឺ​ជា​រឿង​ល្អ​ផង និង​ជា​រឿង​មិន​ល្អ​ផង​សម្រាប់​កម្ពុជា បើ​សិន​មិន​មាន​ការ​គ្រប់គ្រង​បាន​ល្អ ​ដែល​អាច​ក្លាយ​ជា​ផល​ប៉ះពាល់​មួយ​ដែរ ដោយ​សារ​ការ​រុករក​ប្រេង​កាត​នេះ​ពាក់​ព័ន្ធ​នឹង​បរិស្ថាន និង​ផលប្រយោជន៍​សម្រាប់​ពលរដ្ឋ​កម្ពុជា​។

រដ្ឋសភា​កម្ពុជា​នឹង​ដាក់​សេច​ក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត ជា​របៀប​វារៈសំខាន់ នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា​ពេញ​អង្គ ដែល​នឹង​កំណត់​ធ្វើ​ឡើង​នៅ​ថ្ងៃចន្ទ ទី១៧ខែ មិថុនា​ខាង​មុខ​នេះ​។ សេចក្តី​សំរេច​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គណៈអចិន្ត្រៃយ៍​រដ្ឋ​សភា នៅ​ព្រឹកថ្ងៃទី​១៣​ខែ​មិថុនា បាន​លើក​យក​សេចក្តី​ព្រាង​ច្បាប់​ដ៏​សំខាន់​នេះ មក​ប្រជុំ​ពិភាក្សា​រួម​នឹង​របៀបវារៈ​មួយ​ចំនួន​ទៀត​។

លោក ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋសភា បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រេង​កាត​ដែល​មាន​នេះ មាន​សារៈសំខាន់​ណាស់ ចំពោះ​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ប្រេងកាត​នៅ​កម្ពុជា​។

ការដាក់​ឲ្យ​រដ្ឋសភា​អនុម័តលើ​សេចក្តី​ព្រាងច្បាប់​ស្តីពី​«ការ​គ្រប់​គ្រង​ប្រេង​កាត និង​ផលិត​ផល​ប្រេង​កាត»នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រុមហ៊ុន Kris Energy បាន​ចុះ​កិច្ច​ព្រម​ព្រៀង​មួយ កាល​ពី​ឆ្នាំ ២០១៧ សម្រាប់​ការ​អភិវឌ្ឍន៍ អណ្តូង​ប្រេង​កាត​នៅ​ក្នុង​ប្លុង A នៃ​ដែន​សមុទ្រ​កម្ពុជា​។

ក្រុម​ហ៊ុន​ Kris Energy របស់​សិង្ហបុរី​នេះ គឺ​ជា​អ្នក​ទិញ​ភាគ​ហ៊ុន​ពី​ក្រុម​ហ៊ុន​របស់​អាមេរិក​ឈ្មោះ Chevron។ ក្រុម​ហ៊ុន​ Kris Energy មាន​ភាគ​ហ៊ុន​៩៥% នៅ​ក្នុង​តំបន់​នោះ ត្រូវ​គេ​រំពឹង​ថា នឹង អាច​ផលិត​ប្រេង​ឆៅ ប្រមាណ ៧០០០​បារ៉ែល ក្នុង​មួយ​ថ្ងៃ។​ ដោយ​ឡែក​កម្ពុជា ជា​ដៃគូ នៃ​ភាគ​ហ៊ុន​សេសសល់ រំពឹង​ថា នឹង​ចំណេញ ប្រាក់​ប្រមាណ ៧៨០​លាន​ដុល្លារ ក្នុង​អំឡុង​ពេល ៩ឆ្នាំ។ នេះ​បាន​តាម​ការ​ផ្សាយ​របស់​កាសែត​បាង​កក​ប៉ុស្ដិ៍​។

សូម​ជម្រាប​ជូនថា សេចក្តី​ព្រាង​ច្បាប់ប្រេងកាត​​មាន​៩ជំពូក និង​៧២​មាត្រា​ត្រូវ​បាន​កាត់​តែង​ឡើង​ជា​លើក​ដំបូង​ដោយ អតីត​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ដោយ​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​អ្នក​ជំនាញ​ការ​ច្បាប់​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​តាំង​ពី​ឆ្នាំ​១៩៩៦។ បន្ទាប់​មក​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​អ្នក​ជំនាញ​ការ​ច្បាប់​មក​ពី​ក្រុម​ហ៊ុន​ជប៉ុន Idemitsu Oil and Gas ដើម្បី​ពិនិត្យ និង​កែ​សម្រួល​បន្ថែម​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ