ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 11/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
មជ្ឈិមបូព៌ា

តម្លៃ​ប្រេងឆៅ​កើនឡើង​ក្រោយពី ​OPEC ​ព្រមព្រៀង​កាត់បន្ថយ​បរិមាណ​បូមប្រេង

media  
ប្រទេស​សមាជិក​អង្គការ OPEC ព្រមព្រៀង​គ្នា កាត់បន្ថយ​ការ​បូមប្រេង​ចំនួន ១,២លាន​បារីល​ក្នុងមួយថ្ងៃ REUTERS/Ramzi Boudina

ក្រោយ​ពី​មាន​ការ​ខ្វែងគំនិតគ្នា​អស់រយៈពេល​ជាច្រើន​ខែ បណ្តា​ប្រទេស​នាំចេញ​ប្រេង នៅ​ក្នុង​អង្គការ OPEC បាន​ព្រមព្រៀងគ្នា​ លើ​ការកាត់បន្ថយ​បរិមាណ​បូមប្រេង ក្នុងគោលដៅ​ជំរុញ​តម្លៃប្រេងឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិ​ឲ្យ​កើនឡើង​មកវិញ។ ភ្លាមៗ​ក្រោយ​ពី​មាន​កិច្ចព្រមព្រៀង​នេះ តម្លៃ​ប្រេងឆៅ​បាន​កើនឡើងរហូតដល់​ទៅ​ប្រមាណ​ជា ១០% នៅ​ស្ទើរតែ​គ្រប់​ទីកន្លែង។

 

នេះ​គឺ​ជា​លើកទី១ ចាប់តាំង​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ២០០៨​មក ដែល​ប្រទេស​ទាំង ១៤ ជា​សមាជិក​អង្គការ​ OPEC ព្រមព្រៀងគ្នា ក្នុងការ​កាត់បន្ថយ​បរិមាណ​បូមប្រេង។ នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​ទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស កាល​ពី​ថ្ងៃ​ពុធ ប្រទេស​ទាំង ១៤​បាន​ឯកភាពគ្នា កាត់បន្ថយ​ការបូមប្រេង ឲ្យ​មក​នៅ​ត្រឹមតែ ៣២,៥លាន​បារីល​តែ​ប៉ុណ្ណោះ ក្នុងមួយថ្ងៃ ពោលគឺ កាត់បន្ថយ ១លាន២សែន​បារីល ក្នុងមួយថ្ងៃ។

 

ក្នុងពេល​ជាមួយគ្នា​នេះ រុស្ស៊ី ដែល​ជា​ប្រទេស​នាំប្រេងចេញ​ដ៏ធំ​មួយ​ដែរ តែ​មិនស្ថិត​ក្នុង​​អង្គការ OPEC នោះ ក៏​បាន​ព្រមព្រៀង​កាត់បន្ថយ​បរិមាណ​បូមប្រេង​​ប្រចាំថ្ងៃ​របស់​ខ្លួន ចំនួន ៣០ម៉ឺន​បារីល ​ផងដែរ។

 

ភ្លាមៗ​ក្រោយ​ពី​មាន​កិច្ចព្រមព្រៀង​នេះ តម្លៃ​ប្រេងឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិ​បាន​កើនឡើង ក្នុង​រង្វង់​ប្រមាណ​ជា ១០% គឺ​ប្រេង​ក្នុង​មួយ​បារីល​មាន​តម្លៃ​រហូត​ទៅដល់​ ៥០ ទៅ ៥២ដុល្លារ។

 

គួរបញ្ជាក់ថា អង្គការ OPEC បាន​ព្រមព្រៀង​គ្នា​កាត់បន្ថយ​ការបូមប្រេង​នេះ តាំង​ពី​ចុងខែ​កញ្ញា​មក ក៏ប៉ុន្តែ ការខ្វែងគំនិតគ្នា​កើតមានឡើង ទាក់ទង​នឹង​ចំណែក​ដែល​ប្រទេស​សមាជិក​នីមួយៗ​ត្រូវ​កាត់បន្ថយ។ ភាពចម្រូងចម្រាស​ដែល​កើតមាន​ខ្លាំងជាងគេ គឺ​រវាង​ អារ៉ាប៊ីសាអ៊ូឌីត អ៊ីរ៉ាក់ និង​អ៊ីរ៉ង់ ដែល​ជា​ប្រទេស​នាំប្រេង​ច្រើន​ជាង​គេ នៅ​ក្នុង​អង្គការ OPEC។ អារ៉ាប៊ីសាអ៊ូឌីត​ធ្លាប់​បាន​លើកឡើង​ថា​ខ្លួន​សុខចិត្ត​កាត់បន្ថយ​ការ​បូមប្រេង លុះត្រា​តែ​​អ៊ីរ៉ាក់ និង​អ៊ីរ៉ង់​ព្រមធ្វើ​ដូចគ្នា។

 

ក៏ប៉ុន្តែ នៅ​ទីបំផុត​ទៅ នៅ​ក្នុង​កិច្ចព្រមព្រៀង​កាល​ពីម្សិលមិញ អារ៉ាប៊ីសាអ៊ូឌីត និង​អ៊ីរ៉ាក់ បាន​សុខចិត្ត​កាត់បន្ថយ​ការ​បូមប្រេង ចំណែក​អ៊ីរ៉ង់​វិញ មិន​ត្រឹមតែ​មិន​ត្រូវ​ជាប់កាតព្វកិច្ច​កាត់បន្ថយ​ការ​បូមប្រេងនោះទេ តែ​ថែម​ទាំង​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​បង្កើន​ការ​បូមប្រេង​ទៅវិញ។

 

ឥណ្ឌូណេស៊ី​វិញ ដែល​ទើប​នឹង​វិលត្រឡប់​ចូល​ជា​សមាជិក​អង្គការ OPEC វិញ កាល​ពី​ឆ្នាំ​ទៅមិញ​នោះ បាន​បដិសេធ​មិន​ចុះ​កិច្ចព្រមព្រៀង​កាត់បន្ថយ​ការ​បូមប្រេង​ ហើយ​សមាជិកភាព​របស់​ឥណ្ឌូណេស៊ី នៅ​ក្នុង​អង្គការ OPEC ក៏​ត្រូវ​បាន​គេ​ព្យួរ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ