ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
អាស៊ី

អង្គការពលកម្ម​អន្តរជាតិ៖​កិច្ចព្រមព្រៀង​ស្តីពី​សហគ្រាស​កាត់ដេរ​បង់ក្លាដែស​ ត្រូវមាន​លក្ខណៈ​ទូទៅ​

media  
បាតុកម្ម​កម្មករ​បង់ក្លាដែស នៅ​ជិតក្រុងដាកា កាលពី​ថ្ងៃ​១៣វិច្ឆិកា កន្លងទៅ REUTERS/Stringer

នៅថ្ងៃចន្ទ​ម្សិលមិញ នៅក្រុងហ្សឺណែវ​​ អង្គការ​ពលកម្មអន្តរជាតិ​ បាន​លើកឡើង​​ថា កិច្ចប្រឹងប្រែង​ដែលធ្វើឡើង​ពីសំណាក់​ក្រុមហ៊ុនសម្លៀកបំពាក់​យីហោ​ល្បីៗ​អឺរ៉ុប ដើម្បី​កែលម្អ​​សុវត្ថិភាព​សន្តិសុខ​ក្នុង​​​រោងចក្រ​កាត់ដេរ​បង់ក្លាដែស គឺត្រូវ​តែធ្វើ​អោយ​បាននៅ​​គ្រប់ប្រទេស​ គ្រប់ទីកន្លែង ក្នុង​ពិភពលោក​ដែរ។ អង្គការ​ពលកម្ម​អន្តរជាតិ​ ​បាន​ទាមទារ​អោយ​​មានការ​កែលម្អ​លក្ខខណ្ឌការងារ​​បន្ថែមទៀត​នៅបង់ក្លាដែសផងដែរ។ ថ្ងៃចន្ទ​ម្សិលមិញ​​ដែរ នៅជាយក្រុង​ដាកា ការប៉ះទង្គិច​ក្នុង​បាតុកម្ម​កម្មករ រវាង​ប៉ូលិស និង​កម្មករកាត់ដេរ​ បាន​សម្លាប់​មនុស្ស​ពីរនាក់។
 

គួរ​រំលឹក​ឡើងវិញថា ​សហគ្រាស​កាត់ដេរ​បង់ក្លាដែស​ទើបតែ​រងគ្រោះ​ កាលពី​ខែ​មេសា​ដើមឆ្នាំ ដោយ​សារ​មានមនុស្ស​​ ១ ១៣៥​នាក់ បាន​ស្លាប់​ក្នុង​ គ្រោះថ្នាក់​​រលំ​អគារ​កាត់ដេរ​មួយកន្លែង​ នៅជិតក្រុង​ដាកា។ គ្រោះថ្នាក់​នេះ បាន​បង្ខំ​អោយ​វិស័យ​កាត់ដេរ​បង់ក្លាដែស​ រួម​នឹង​ក្រុមហ៊ុនសម្លៀកបំពាក់​អឺរ៉ុប​ដែល​មាន​ផ្លាកយីហោ​ល្បីៗ​ បាន​​​ធ្វើកំណែទម្រង់​កែលម្អ​សុវត្ថិភាព​សន្តិសុខ​​រោងចក្រកាត់ដេរ។ កំណែ​ទម្រង់​នោះ បានឈាន​ទៅដល់​កិច្ចព្រមព្រៀង​​មួយ។

ប៉ុន្តែ អង្គការ​ពលកម្ម​អន្តរជាតិ​ចង់​អោយកិច្ចព្រមព្រៀង​នេះ មានលក្ខណៈ​ទូទៅ ដែលអាច​ប្រើ​បាន​នៅគ្រប់ប្រទេស និងគ្រប់ទីកន្លែង​ក្នុង​ពិភពលោក។ នៅថ្ងៃ​ចន្ទ​ម្សិលមិញ លោក ហ្ស៊ីលប៊ែរ ហ៊ុងបូ Gilbert Houngbo អនុប្រធាន​អង្គការ​ពលកម្ម អន្តរជាតិ​ ​បាន​លើកឡើង​ថា កិច្ចប្រឹងប្រែង​ដែល​ក្រុមហ៊ុន​យីហោ​សម្លៀកបំពាក់អឺរ៉ុប​ល្បីៗ បាន​ធ្វើឡើង​នៅ​បង់ក្លាដែស​​នោះ ត្រូវ​តែ​ធ្វើអោយ​​បាន​នៅគ្រប់ទីកន្លែង​ ក្នុងពិភព​លោក​យើងនេះ​ដែរ។

បង់ក្លាដែស​ជាប្រទេស​នាំចេញ​សម្លៀកបំពាក់​លំដាប់​លេខ២ នៅ​ក្នុង​ពិភពលោក បន្ទាប់ពី​ចិន។ ៨០ភាគរយ​នៃសម្លៀកបំពាក់​ គឺ​នាំចេញ​ទៅអឺរ៉ុប។ មនុស្ស​ប្រមាណ​៤លាននាក់ ភាគច្រើន​ជាស្ត្រី​ កំពុង​បំរើការងារ​ក្នុង​សហគ្រាស​កាត់ដេរ។ ពួកគេ​ទទួល​បានប្រាក់ខែ​ត្រឹមតែ​៣៨ដុល្លារ​ប៉ុណ្ណោះ។ ​អង្គការ​ពលកម្ម​អន្តរជាតិ​បានបរិហារ​ថា​ នេះ​ជាប្រាក់ខែ​ទាបបំផុត​ក្នុងលោក។ សំរាប់អង្គការ​ពលកម្ម​អន្តរជាតិ​ ថ្វីបើ​រដ្ឋាភិបាល​បង់ក្លាដែស​បាន​ចាត់វិធានការ​ជាក់ស្តែង ក្នុង​រយៈ​ពេល​៦ខែចុងក្រោយ​នេះ ដើម្បី​ដោះស្រាយ​បញ្ហាសុវត្ថិភាព​សន្តិសុខ និង​សុខភាព​​អ្នកបំរើការងារ​ក្តី លក្ខខណ្ឌការងារ​​នៅតែ​មាន​លក្ខណៈ​មិនសមស្រប​ ​ នៅតែជា​បញ្ហា​ចំបង ក្នុង​សហគ្រាស​កាត់ដេរ​ក្នុង​ប្រទេស។

នៅជាយក្រុងដាកា ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ កម្មករ​កាត់ដេរ​រាប់ពាន់​នាក់​បាននាំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​​ប្រាក់ខែ​អប្បបរមា​ ដែលរដ្ឋាភិបាល​ទើបសំរេច​ចេញថ្មី ធ្វើអោយ​រោងចក្រ​​​១៤០ ត្រូវបិទទ្វារ។ ​រដ្ឋាភិបាល​បង់ក្លាដែស​​ ទើប​នឹង​បាន​សម្រេច​តម្លើង​ប្រាក់ខែ​អប្បបរមា​បាន​ដល់​៦៨ដុល្លារ​ក្នុង​មួយខែ។ ប៉ុន្តែ សហជីព​​នានា​ប្រាប់ថា​ អ្នកបំរើការងារ​ដែល​មាន​បទពិសោធន៍​ច្រើនជាងគេ នឹង​មិន​អាច​ទទួល​បានប្រាក់ខែ​គ្រប់​៦៨ដុល្លារ​នេះទេ ព្រោះ​ថា​ ថៅកែ​រោងចក្រ​នឹង​បន្ថយ​របប​ធ្វើដំណើរ និង​ហូបចុករបស់​កម្មករ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ