ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/05 12h00 GMT
general

គោលដៅ​សហសវត្ស​ចប់ត្រឹម​ឆ្នាំ​២០១៥ ​ប្រទេស​ដែល​បាន​ជោគជ័យ​មាន​តិចតួច​បំផុត

media  
កុមារ​ជាទំំពាំង​ស្នងឬស្សី ការអប់រំបណ្តុះបណ្តាល គឺជាមធ្យោបាយ​តែមួួយគត់ ក្នុងការ​ស្រោចស្រង់​ប្រទេស​ចេញ​ពីភាព​ក្រីក្រ Nigel Dickinson © | Phom Penh

អង្គការ​សហ​ប្រជាជាតិ ​បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ស្តី​អំពី​គោលដៅ​សហសវត្ស​ ដែល​អង្គការ​កំពូល​នេះ ​បាន​ដាក់​ចេញ​កាល​ពី​ឆ្នាំ​២០០០។ គោលដៅ​សហសវត្ស​នេះ ​មាន​ទិសដៅ​តាមដាន​ប្រទេស​ក្រីក្រ ​និង​ជួយ​ប្រទេស​ទាំង​នោះ ឲ្យ​ងើប​ផុត​ពី​ភាព​ក្រីក្រ​តោក​យ៉ាក ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០០០​ ដល់ ២០១៥។ ប៉ុន្តែ​យោង​តាម​របាយការណ៍​នេះ ​មាន​ប្រទេស​តិចតួច​ណាស់​ ដែល​អាច​សម្រេច​បាន​គោលដៅ​សហសវត្ស​នេះ។

អង្គការ​សហប្រជាជាតិ​បាន​ដាក់​ចេញ​នូវ​គោលដៅ​សហសវត្ស​ចំនួន​៨​ចំណុច ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ ​នៅ​តាម​បណ្តា​ប្រទេស​តូចៗ​កាល​ពី​ឆ្នាំ២០០០។ គោលដៅ​ទាំង​៨​ចំណុច​នេះ​រួម​មាន៖

១-​ កម្ចាត់​ភាព​ក្រីក្រ​ និង​ភាព​អត់ឃ្លាន
២-​ ធានា​ឲ្យបាន​នូវ​ការ​អប់រំ​បឋម​ឲ្យ​ដល់​កុមារ
៣-​ លើក​កម្ពស់​សមភាព​រវាង​បុរស​និង​ស្រ្តី ​និង​ធានា​ឯករាជ្យ​ភាព​របស់​ស្ត្រី
៤-​ កាត់​បន្ថយ​មរណៈភាព​កុមារ​ អាយុ​ក្រោម​៥ឆ្នាំ
៥-​ ពង្រឹង​ការ​ថែទាំ​សុខភាព​ស្រី្ត​មាន​ផ្ទៃពោះ​ និង​ទារក
៦-​ ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ ​អេដស៍ ​ព្រមទាំង​ជំងឺ​ឆ្លង​ដ៏ទៃ​ទៀត
៧-​ ធានា​ឲ្យ​បាន​នូវ​កិច្ច​ការពារ​បរិស្ថាន​ធម្មជាតិ ​និង​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព
៨-​ បង្កើត​ឲ្យ​មាន​ដៃគូ​សហប្រតិបត្តិការ​ពិភពលោក ​ដើម្បី​ការ​អភិវឌ្ឍន៍

គោលដៅ​ទាំង​៨​ចំណុច​នេះ​ ត្រូវ​បាន​អង្គការ​សហ​ប្រជាជាតិ​តាមដាន​យ៉ាង​ជាប់​ស្អិត ​នៅតាម​បណ្តា​ប្រទេស​ក្រីក្រ​ទាំងអស់​លើ​ពិភពលោក។ ​ជា​រៀងរាល់​ឆ្នាំ អង្គការ​សហ​ប្រជាជាតិ​ បាន​ចេញ​របាយការណ៍​មួយ ដើម្បី​បង្ហាញ​អំពី​ដំណើរ​ការ​អនុវត្តន៍​គោលដៅ​ទាំង​នេះ ​ក្នុង​ន័យ​លើក​ទឹកចិត្ត​ដល់​ប្រទេស​ដែល​បាន​ខិតខំ ​ក៏​ដូច​ជា​ផ្តល់​ជូន​នូវ​ចំណុច​ខ្វះខាត​ ដល់​ប្រទេស​ដែល​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។

នៅ​សល់​ពេល​តែ​មួយ​ឆ្នាំទៀត​ប៉ុណ្ណោះ ​ដែល​ផែនការ​អនុវត្ត ​គោលដៅ​សហសវត្ស នឹង​ត្រូវ​បញ្ចប់។ យោង​តាម​របាយការណ៍​ថ្មី​ ដែល​ទើប​នឹង​ចេញផ្សាយ​នា​ពេល​នេះ អង្គការ​សហ​ប្រជាជាតិ ​មិន​សូវ​ជា​មាន​សុទិដ្ឋិនិយម​ទាល់​តែ​សោះ ​ថា​ប្រទេស​ក្រីក្រ​ទាំងអស់ ​នឹង​អាច​សម្រេច​បាន​គោលដៅ​ទាំង​៨​ចំណុច។ ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ទាំង​អស់ មាន​តែ​ប្រទេស​ឡាវ​មួយ​គត់ ​ដែល​តាម​ការ​ប៉ាន់ស្មាន​ អាច​នឹង​សម្រេច​បាន​គោលដៅ​ទាំង​៨​ចំណុច ​បាន​ល្អ​ជាង​គេ។ ក្រៅ​ពី​នោះ ​មាន​តែ​ប្រទេស​៤ទៀត​ប៉ុណ្ណោះ ​ដូចជា ​អេត្យ៉ូពី ​ម៉ាឡាវី ​រវ៉ាន់ដា ​និង​អ៊ូហ្គង់ដា ដែល​ទំនង​ជា​អាច​សម្រេច​បាន​គោលដៅ​មួយ​ចំនួន​ធំ។

របាយការណ៍​បាន​សរសេរ​ថា ​ការ​រីកចំរើន ក៏​ដូច​ជា​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​មាន​សន្ទុះ​ល្អ​ប្រសើរ​ មិនមែន​ដោយសា​ប្រទេស​ក្រីក្រ​ខិតខំ​ តែ​ឯង​ទេ ​ប៉ុន្តែ​មួយ​ភាគ​ធំ​ គឺ​ដោយសា ​ការ​រីកចំរើន​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ធំៗ​មួយ​ចំនួន ដែល​ការ​នេះ​ ធ្វើឲ្យ​តួលេខ​មាន​ការ​ផ្លាស់ប្តូរ​ខ្លាំង។ សូម​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ ​ប្រទេស​ក្រីក្រ​ទាំងអស់​មាន​ចំនួន ​៤៨ ​ដោយ​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។ កាល​ពី​ឆ្នាំ​១៩៩០ កម្រិត​នៃ​ភាព​ក្រីក្រ​តាម​បណ្តា​ប្រទេស​ទាំង​នេះ​ មាន​ចំនួន ​៦៥% ហើយ​បាន​ថយ​មក​ត្រឹម​៤៥%​នៅ​ឆ្នាំ​២០១០។ ទោះ​បី​ជា​យ៉ាងណា​ ការ​ថយ​ចុះ​នេះ ​មាន​ភាព​មិន​ស្មើ​គ្នា​ទេ ​ពោល​គឺ​ប្រទេស​នៅ​អាស៊ី មាន​ការ​ប្រែប្រួល​ល្អ​ជាង​ បណ្តា​ប្រទេស​នៅ​អាហ្រ្វិក។

យ៉ាង​ណា​មិញ ​របាយការណ៍​បាន​ផ្តល់​អនុសាសន៍​បី​ចំណុច​ ដល់​ប្រទេស​ក្រីក្រ។ ទីមួយ​គឺ​ជួយ​សម្រួល​ដល់​ការ​វិនិយោគ​ តាម​រយៈ​ការ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ។ ទីពីរ​គឺ​ការ​ដាក់​ចុះ​នូវ​គោលនយោបាយ​ឧស្សហកម្ម​ ឲ្យបាន​ល្អ​ប្រសើរ​ដើម្បី​បង្កើន​ផលិតផល​ក្នុង​ស្រុក។ ទីបី ​គឺ​ការ​ប្រើប្រាស់​ចរន្ត​ម៉ាក្រូ​សេដ្ឋកិច្ច​ក្នុង​ស្រុក ​ដើម្បី​បង្កើន​តម្រូវ​ការ​ប្រើប្រាស់​ក្នុង​ស្រុក​ ជាជាង​គិត​តែ​ពី​រឿង​នាំចេញ។ ដោយឡែក របាយការណ៍បានសង្កត់ធ្ងន់ អំពី​សារៈសំខាន់​របស់​វិស័យ​កសិកម្ម ​ដែល​ជា​មធ្យោបាយ​ចិញ្ចឹម​ជីវិត​ដ៏​ចម្បង​របស់​ប្រជាជន​ក្រីក្រ។ រដ្ឋ​ត្រូវ​មាន​គោលនយោបាយ​ម៉ត់ចត់ ​ជួយ​បណ្តុះបណ្តាល​​កសិករ​ក្រីក្រ ក្នុង​ការ​ដាំដុះ​ និង​ជា​ពិសេស​ក្នុង​ការ​រើស​ប្រភេទ​ដំណាំ​ណា​ ដែល​ផ្តល់​ផល​ល្អ​ និង​ត្រូវ​តាម​ទីផ្សារ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ