អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ឱកាស​និង​បញ្ហាប្រឈម​របស់​កម្ពុជា​នៅក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាម​គម្រោង អាស៊ាន​នឹង​បង្កើត​សហគមន៍​សេដ្ឋកិច្ច​​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០១៥​ខាងមុខ ពោលគឺ នៅ​សល់តែ​ជាង​មួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។ កម្ពុជា ដែល​ជា​សមាជិក​មួយ​របស់​អាស៊ាន ក៏​នឹង​ត្រូវ​ក្លាយ​ជា​ផ្នែក​មួយ​​នៃ​តំបន់​ពាណិជ្ជកម្ម​សេរី​នេះ​ដែរ។ តើ​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ​អាច​ផ្តល់​ផល​ប្រយោជន៍​អ្វី​ខ្លះ​ដល់​កម្ពុជា? ​តើ​វា​អាច​នឹង​បង្ក​នូវ​ផល​វិបាក​អ្វីខ្លះ?

កង្វះ​ធនធាន​មនុស្ស អំពើពុករលួយ និង​ភាពចន្លោះ​ប្រហោង​ក្នុងការ​គោរព​ច្បាប់ គឺ​ជា​បញ្ហា​ចម្បង​របស់​កម្ពុជា នៅ​ក្នុង​ការទាញ​យក​ផលប្រយោជន៍​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន
កង្វះ​ធនធាន​មនុស្ស អំពើពុករលួយ និង​ភាពចន្លោះ​ប្រហោង​ក្នុងការ​គោរព​ច្បាប់ គឺ​ជា​បញ្ហា​ចម្បង​របស់​កម្ពុជា នៅ​ក្នុង​ការទាញ​យក​ផលប្រយោជន៍​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

រហូតមកទល់​នឹង​ពេលនេះ គេ​នៅ​មិនទាន់​ប្រាកដ​នៅឡើយទេ​ថា អាស៊ាន​​ពិត​ជា​​អាច​បង្កើត​សហគមន៍​សេដ្ឋកិច្ច​​​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០១៥​បានដូច​ការ​គ្រោង​ទុក។ ក៏ប៉ុន្តែ នៅពេល​ដែល​សហគមន៍​សេដ្ឋកិច្ច​នេះ​ត្រូវ​បង្កើត​ឡើង ប្រទេស​ទាំង១០ នៅ​ក្នុង​តំបន់​អាស៊ាន នឹង​ត្រូវ​ក្លាយ​ជា​ទីផ្សារ​រួម​មួយ ដែល​​ការនាំចេញ​នាំចូល​ទំនិញ និង​សេវាកម្ម​​​រវាង​ប្រទេស​ជា​សមាជិក​នឹង​ត្រូវ​ធ្វើឡើង​ដោយសេរី ដោយ​គ្មាន​រនាំង​ពន្ធគយ ចំណែក​ឯ​​មូលធន ព្រមទាំង​​អ្នក​ជំនួញ និង​ពលករ​ដែល​មាន​​ជំនាញ​​ក៏​អាច​ធ្វើ​ចរាចរណ៍​​បាន​ដោយ​សេរី​ផងដែរ។

សម្រាប់​កម្ពុជា សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​មាន​ប្រជាជន​សរុប​រហូតដល់​ទៅ​ជាង ៦០០លាន​នាក់​​ គឺ​ជា​ទីផ្សារ​ប្រកប​ដោយ​សក្តានុពល​មួយ ទាំង​ទីផ្សារ​ទំនិញ និង​សេវាកម្ម និង​ទីផ្សារ​ការងារ។ ក្រុមហ៊ុន​សហគ្រាស​នៅ​កម្ពុជា​អាច​នាំទំនិញ​ទៅលក់​នៅ​គ្រប់​កន្លែង នៅ​ក្នុង​តំបន់​អាស៊ាន ដោយ​មិនមាន​ឧបសគ្គ​ខាង​ពន្ធគយ ក៏ប៉ុន្តែ ​ទំនិញ​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​ផ្សេងទៀត ក្នុង​តំបន់​អាស៊ាន​ក៏​អាច​ត្រូវ​នាំចូល​មក​លក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ដោយ​មិនមាន​បង់ពន្ធគយ​ដូចគ្នា​ដែរ។

​ប្រជាជន​កម្ពុជា​ទូទៅ​​​អាច​ទទួល​ផលចំណេញ​ពី​ការនាំចូល​ទំនិញ​ដោយ​មិនបង់​ពន្ធ ដោយសារ​តែ​វាមាន​តម្លៃ​ថោក ហើយ​អាច​មាន​ជម្រើសច្រើន ប៉ុន្តែ រដ្ឋាភិបាល​កម្ពុជា​នឹង​ត្រូវ​បាត់បង់​ចំណូល​ពី​ការ​ប្រមូល​ពន្ធនាំចូល។ ការខាតបង់​ចំណូល​ពន្ធគយ​​អាច​នឹង​ត្រូវ​តបស្នង​មកវិញ​ដោយ​ឱកាស​នាំចេញ​ទំនិញ​ទៅ​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ាន និង​លំហូរ​វិនិយោគ​ពី​អាស៊ាន​មក​ក្នុង​ប្រទេស​កម្ពុជា។

ក៏ប៉ុន្តែ បញ្ហា​ប្រឈម​ដ៏ធំ​របស់​កម្ពុជា គឺ​នៅត្រង់ថា រហូតមកទល់​នឹង​ពេលនេះ កម្ពុជា​នាំចូល​ទំនិញ​ច្រើន​ជាង​នាំចេញ ហើយ​ការ​នាំចេញ​នេះ​ទៀត​សោត ដែល​​​ភាគច្រើន​បំផុត​​​ជាការ​នាំចេញ​ផលិតផល​ក្នុង​វិស័យ​កាត់ដេរ ​មាន​ទីផ្សារ​ចម្បង នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ឯណោះ មិនមែន​នៅ​ក្នុង​តំបន់​អាស៊ាន​នោះទេ។

សម្រាប់​​តំបន់​អាស៊ាន​ សក្តានុពល​នៃ​ការ​នាំចេញ​របស់​កម្ពុជា គិត​មក​ត្រឹម​ពេលនេះ ត្រូវ​ពឹងផ្អែក​ខ្លាំង​លើ​វិស័យ​​កសិកម្ម និង​វត្ថុធាតុដើម។ ជាការពិត​ថា ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​អាច​នឹង​បង្កើន​ទីផ្សារ សម្រាប់​ការនាំចេញ​វត្ថុធាតុដើម​កម្ពុជា ពីព្រោះ​ថា កម្ពុជា​នឹង​​ក្លាយ​ជា​ផ្នែក​មួយ នៃ​សង្វាក់​ផលិតកម្ម​របស់​អាស៊ាន ហើយ​នេះ​គឺ​ជា​រឿង​ល្អ​មួយ។ ក៏ប៉ុន្តែ ការ​នាំចេញ​វត្ថុធាតុដើម​ គឺ​ជា​ការ​នាំចេញ​ដែល​មិនសូវមាន​តម្លៃ​បន្ថែម ក្នុងពេល​ដែល​ការនាំចូល​ពី​អាស៊ាន​មក​ក្នុង​ប្រទេស​កម្ពុជា ភាគច្រើន​បំផុត គឺ​ជា​ការ​នាំចូល​ផលិតផល​សម្រេច។

ដូច្នេះ កម្ពុជា​ចាំបាច់​ត្រូវតែ​មាន​នយោបាយ​ក្នុង​វិស័យ​នាំចេញ សម្រាប់​ទីផ្សារ​អាស៊ាន ហើយឈាន​ជើង​ទៅ​ក្នុង​ដំណាក់កាល​មួយ​ថ្មីទៀត ពី​ការ​នាំចេញ​វត្ថុធាតុដើម ទៅ​រក​ការនាំចេញ​ផលិតផល​កែច្នៃ បើទោះបី​ជា​មិន​ទាន់​អាច​​ឈានទៅ​ដល់​នាំចេញ​​ផលិតផល​សម្រេច ក៏​គួរ​បាន​ត្រឹម​ផលិតផល​ពាក់កណ្តាល​សម្រេច​នោះដែរ ដើម្បី​អាច​ទាញ​យក​ផលប្រយោជន៍​ពី​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។

ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​អាច​ផ្តល់​ផលប្រយោជន៍​ដ៏ធំ​មួយ​ទៀត​ដល់​កម្ពុជា គឺ​ការ​ទាក់ទាញ​វិនិយោគ និង​ការ​បង្កើន​ទីផ្សារ​ការងារ។ នៅពេល​ដែល​អាស៊ាន​ក្លាយ​ទៅជា​ទីផ្សារ​រួម ហើយ​ព្រំដែន​ពន្ធគយ​រវាង​ប្រទេស​ជា​សមាជិក​ត្រូវ​គេ​លុប​បំបាត់​ចោល កម្ពុជា​អាច​ក្លាយ​ទៅ​ជា​ទីតាំង​ផលិត​ដ៏​មាន​អំណោយផល​មួយ សម្រាប់​​រោងចក្រ សហគ្រាស​ទាំង​មក​ពី​បណ្តា​ប្រទេស​អាស៊ាន ក៏ដូចជា​មក​ពី​ប្រទេស​ក្រៅ​តំបន់​អាស៊ាន​ ពីព្រោះ​ថា តម្លៃ​ពលកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​តម្លៃ​ទាប ហើយ​ទំនិញ​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​ត្រូវ​នាំ​យក​ទៅលក់​នៅ​តាម​បណ្តា​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់អាស៊ាន​ដោយ​គ្មាន​ឧបសគ្គ​ខាង​ពន្ធគយ។

ក៏ប៉ុន្តែ គេ​សង្កេតឃើញ​មាន​បញ្ហា​ចោទ​ធំៗ​ចំនួន២ ដែល​អាច​ជា​ឧបសគ្គ​នៃ​លំហូរ​វិនិយោគ​មក​កម្ពុជា។

បញ្ហា​ធំ​ទីមួយ ទាក់ទង​នឹង​អភិបាល​កិច្ច និង​នីតិរដ្ឋ។ កង្វះ​តម្លាភាព បញ្ហា​ពុករលួយ ​ការអនុវត្ត​ច្បាប់​មិន​គ្រប់ជ្រុងជ្រោយ និង​កង្វះ​ឯករាជ្យ​នៃ​ប្រព័ន្ធតុលាការ អាច​ធ្វើ​ឲ្យ​អ្នកវិនិយោគ​​មាន​ការរារែក​មិនហ៊ាន​មក​រកស៊ី នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​អាច​បង្វែរ​ទៅ​កាន់​ប្រទេស​អាស៊ាន​ផ្សេងទៀត ដែល​គេ​មើលឃើញ​ថា​មាន​ហានិភ័យ​ទាប​ជាង។

បញ្ហា​ធំ​ទីពីរ គឺ​កង្វះ​ធនធាន​មនុស្ស។ ការខ្វះខាត​ធនធាន​មនុស្ស​នេះ ក៏​អាច​ធ្វើ​ឲ្យ​រោងចក្រ​សហគ្រាស​បរទេស​មាន​ការ​រារែក​​មិនចង់​មក​បោះទីតាំង​ផលិត នៅ​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ ឬ​ក៏​គេ​មក​បោះទីតាំង​ផលិត​ដែរ ក៏ប៉ុន្តែ បង្កើត​ការងារ​ដល់​ប្រជាជន​កម្ពុជា សម្រាប់​តែ​កម្មករ​អត់ជំនាញ ហើយ​ទទួល​ប្រាក់​ឈ្នួល​ទាប ចំណែក​ឯ​ខាង​ការងារ​ជំនាញ​វិញ កម្ពុជា​​អាច​នឹង​ត្រូវ​ប្រឈមមុខ​នឹង​លំហូរ​​​នៃពលករ​ជំនាញ​​មក​ពី​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ាន ដែល​ពលករ​ខ្មែរ​ពិបាក​នឹង​ប្រកួតប្រជែង​ជាមួយ។ ជាលទ្ធផល កង្វះ​ធនធាន​មនុស្ស​នឹង​ធ្វើ​ឲ្យ​​កម្ពុជា​មិន​អាច​ទាញ​យក​ផលប្រយោជន៍​​បាន​ពេញលេញ​​​ពី​ការ​ពង្រីក​ទីផ្សារ​ការងារ នៅ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ