ឱកាសនិងបញ្ហាប្រឈមរបស់កម្ពុជានៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:២៦
តាមគម្រោង អាស៊ាននឹងបង្កើតសហគមន៍សេដ្ឋកិច្ចនៅត្រឹមដំណាច់ឆ្នាំ២០១៥ខាងមុខ ពោលគឺ នៅសល់តែជាងមួយឆ្នាំទៀតប៉ុណ្ណោះ។ កម្ពុជា ដែលជាសមាជិកមួយរបស់អាស៊ាន ក៏នឹងត្រូវក្លាយជាផ្នែកមួយនៃតំបន់ពាណិជ្ជកម្មសេរីនេះដែរ។ តើការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននេះអាចផ្តល់ផលប្រយោជន៍អ្វីខ្លះដល់កម្ពុជា? តើវាអាចនឹងបង្កនូវផលវិបាកអ្វីខ្លះ?
រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់ប្រាកដនៅឡើយទេថា អាស៊ានពិតជាអាចបង្កើតសហគមន៍សេដ្ឋកិច្ចនៅត្រឹមដំណាច់ឆ្នាំ២០១៥បានដូចការគ្រោងទុក។ ក៏ប៉ុន្តែ នៅពេលដែលសហគមន៍សេដ្ឋកិច្ចនេះត្រូវបង្កើតឡើង ប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ាន នឹងត្រូវក្លាយជាទីផ្សាររួមមួយ ដែលការនាំចេញនាំចូលទំនិញ និងសេវាកម្មរវាងប្រទេសជាសមាជិកនឹងត្រូវធ្វើឡើងដោយសេរី ដោយគ្មានរនាំងពន្ធគយ ចំណែកឯមូលធន ព្រមទាំងអ្នកជំនួញ និងពលករដែលមានជំនាញក៏អាចធ្វើចរាចរណ៍បានដោយសេរីផងដែរ។
សម្រាប់កម្ពុជា សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលមានប្រជាជនសរុបរហូតដល់ទៅជាង ៦០០លាននាក់ គឺជាទីផ្សារប្រកបដោយសក្តានុពលមួយ ទាំងទីផ្សារទំនិញ និងសេវាកម្ម និងទីផ្សារការងារ។ ក្រុមហ៊ុនសហគ្រាសនៅកម្ពុជាអាចនាំទំនិញទៅលក់នៅគ្រប់កន្លែង នៅក្នុងតំបន់អាស៊ាន ដោយមិនមានឧបសគ្គខាងពន្ធគយ ក៏ប៉ុន្តែ ទំនិញដែលផលិតនៅក្នុងប្រទេសផ្សេងទៀត ក្នុងតំបន់អាស៊ានក៏អាចត្រូវនាំចូលមកលក់នៅក្នុងប្រទេសកម្ពុជាដោយមិនមានបង់ពន្ធគយដូចគ្នាដែរ។
ប្រជាជនកម្ពុជាទូទៅអាចទទួលផលចំណេញពីការនាំចូលទំនិញដោយមិនបង់ពន្ធ ដោយសារតែវាមានតម្លៃថោក ហើយអាចមានជម្រើសច្រើន ប៉ុន្តែ រដ្ឋាភិបាលកម្ពុជានឹងត្រូវបាត់បង់ចំណូលពីការប្រមូលពន្ធនាំចូល។ ការខាតបង់ចំណូលពន្ធគយអាចនឹងត្រូវតបស្នងមកវិញដោយឱកាសនាំចេញទំនិញទៅប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន និងលំហូរវិនិយោគពីអាស៊ានមកក្នុងប្រទេសកម្ពុជា។
ក៏ប៉ុន្តែ បញ្ហាប្រឈមដ៏ធំរបស់កម្ពុជា គឺនៅត្រង់ថា រហូតមកទល់នឹងពេលនេះ កម្ពុជានាំចូលទំនិញច្រើនជាងនាំចេញ ហើយការនាំចេញនេះទៀតសោត ដែលភាគច្រើនបំផុតជាការនាំចេញផលិតផលក្នុងវិស័យកាត់ដេរ មានទីផ្សារចម្បង នៅអឺរ៉ុប និងសហរដ្ឋអាមេរិកឯណោះ មិនមែននៅក្នុងតំបន់អាស៊ាននោះទេ។
សម្រាប់តំបន់អាស៊ាន សក្តានុពលនៃការនាំចេញរបស់កម្ពុជា គិតមកត្រឹមពេលនេះ ត្រូវពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម និងវត្ថុធាតុដើម។ ជាការពិតថា ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានអាចនឹងបង្កើនទីផ្សារ សម្រាប់ការនាំចេញវត្ថុធាតុដើមកម្ពុជា ពីព្រោះថា កម្ពុជានឹងក្លាយជាផ្នែកមួយ នៃសង្វាក់ផលិតកម្មរបស់អាស៊ាន ហើយនេះគឺជារឿងល្អមួយ។ ក៏ប៉ុន្តែ ការនាំចេញវត្ថុធាតុដើម គឺជាការនាំចេញដែលមិនសូវមានតម្លៃបន្ថែម ក្នុងពេលដែលការនាំចូលពីអាស៊ានមកក្នុងប្រទេសកម្ពុជា ភាគច្រើនបំផុត គឺជាការនាំចូលផលិតផលសម្រេច។
ដូច្នេះ កម្ពុជាចាំបាច់ត្រូវតែមាននយោបាយក្នុងវិស័យនាំចេញ សម្រាប់ទីផ្សារអាស៊ាន ហើយឈានជើងទៅក្នុងដំណាក់កាលមួយថ្មីទៀត ពីការនាំចេញវត្ថុធាតុដើម ទៅរកការនាំចេញផលិតផលកែច្នៃ បើទោះបីជាមិនទាន់អាចឈានទៅដល់នាំចេញផលិតផលសម្រេច ក៏គួរបានត្រឹមផលិតផលពាក់កណ្តាលសម្រេចនោះដែរ ដើម្បីអាចទាញយកផលប្រយោជន៍ពីការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន។
ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានអាចផ្តល់ផលប្រយោជន៍ដ៏ធំមួយទៀតដល់កម្ពុជា គឺការទាក់ទាញវិនិយោគ និងការបង្កើនទីផ្សារការងារ។ នៅពេលដែលអាស៊ានក្លាយទៅជាទីផ្សាររួម ហើយព្រំដែនពន្ធគយរវាងប្រទេសជាសមាជិកត្រូវគេលុបបំបាត់ចោល កម្ពុជាអាចក្លាយទៅជាទីតាំងផលិតដ៏មានអំណោយផលមួយ សម្រាប់រោងចក្រ សហគ្រាសទាំងមកពីបណ្តាប្រទេសអាស៊ាន ក៏ដូចជាមកពីប្រទេសក្រៅតំបន់អាស៊ាន ពីព្រោះថា តម្លៃពលកម្មនៅក្នុងប្រទេសកម្ពុជាមានតម្លៃទាប ហើយទំនិញដែលផលិតនៅក្នុងប្រទេសកម្ពុជាអាចត្រូវនាំយកទៅលក់នៅតាមបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ានដោយគ្មានឧបសគ្គខាងពន្ធគយ។
ក៏ប៉ុន្តែ គេសង្កេតឃើញមានបញ្ហាចោទធំៗចំនួន២ ដែលអាចជាឧបសគ្គនៃលំហូរវិនិយោគមកកម្ពុជា។
បញ្ហាធំទីមួយ ទាក់ទងនឹងអភិបាលកិច្ច និងនីតិរដ្ឋ។ កង្វះតម្លាភាព បញ្ហាពុករលួយ ការអនុវត្តច្បាប់មិនគ្រប់ជ្រុងជ្រោយ និងកង្វះឯករាជ្យនៃប្រព័ន្ធតុលាការ អាចធ្វើឲ្យអ្នកវិនិយោគមានការរារែកមិនហ៊ានមករកស៊ី នៅក្នុងប្រទេសកម្ពុជា ហើយអាចបង្វែរទៅកាន់ប្រទេសអាស៊ានផ្សេងទៀត ដែលគេមើលឃើញថាមានហានិភ័យទាបជាង។
បញ្ហាធំទីពីរ គឺកង្វះធនធានមនុស្ស។ ការខ្វះខាតធនធានមនុស្សនេះ ក៏អាចធ្វើឲ្យរោងចក្រសហគ្រាសបរទេសមានការរារែកមិនចង់មកបោះទីតាំងផលិត នៅក្នុងប្រទេសកម្ពុជាផងដែរ ឬក៏គេមកបោះទីតាំងផលិតដែរ ក៏ប៉ុន្តែ បង្កើតការងារដល់ប្រជាជនកម្ពុជា សម្រាប់តែកម្មករអត់ជំនាញ ហើយទទួលប្រាក់ឈ្នួលទាប ចំណែកឯខាងការងារជំនាញវិញ កម្ពុជាអាចនឹងត្រូវប្រឈមមុខនឹងលំហូរនៃពលករជំនាញមកពីប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន ដែលពលករខ្មែរពិបាកនឹងប្រកួតប្រជែងជាមួយ។ ជាលទ្ធផល កង្វះធនធានមនុស្សនឹងធ្វើឲ្យកម្ពុជាមិនអាចទាញយកផលប្រយោជន៍បានពេញលេញពីការពង្រីកទីផ្សារការងារ នៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ