ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/04 12h00 GMT
កម្ពុជា

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ ស្នើ​នាយក​រដ្ឋមន្ត្រី​លុប​ចោល​គំរោង​សាង​សង់​ទំនប់​វារី​អគ្គីសនី​នៅ​ខេត្ត​កោះ​កុង

media  
ជ្រលងភ្នំអារ៉ែង ខេត្តកោះកុង @Mother Nature Cambodia

ប្រធាន​ស្តី​ទី​គណៈ​កម្មការ​ទី​៣​នៃ​រដ្ឋ​សភា ​លោក​ស្រី​ តែ​ ច័ន្ទ​មនី​ កាល​ពី​ថ្ងៃ​ទី​១៨​កញ្ញា ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ តាម​រយៈ​ប្រធាន​រដ្ឋសភា ​ដោយ​បាន​ស្នើ​សុំ​អោយ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ បញ្ឈប់​គម្រោង​សាង​សង់​វារី​អគ្គីសនី​នៅ​តំបន់​ឆាយ​អារ៉ែង ​និង​កែរ​ប្រែ​តំបន់​នេះ​ អោយ​ក្លាយ​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍​វិញ។ ​

បើ​តាម​ខ្លឹម​សារ​នៃ​លិខិត​ ប្រសិន​បើ​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គីសនី​នៅ​តែ​បន្ត​ នោះ​ផល​ប៉ះពាល់​នឹង​មាន​ទំហំ​ធំធេង​ ជាង​ផល​ចំណេញ។

លិខិត​របស់​ប្រធាន​ស្តី​ទី​គណៈ​កម្មការ​ទី​៣​នៃ​រដ្ឋសភា​នេះ ​ក៍​បាន​ស្នើ​សុំ​អោយ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​កាន់​ក្រសួង​ឬ​ស្ថាប័ន​ពាក់​ព័ន្ធ​ អោយ​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ ​និង​ជួយ​អភិរក្ស​ព្រៃ ​សត្វ​ព្រៃ ​និង ពូជ​ត្រី​មាស​ នៅ​តំបន់​អារ៉ែង ​ស្រុក​ថ្ម​បាំង​ ខេត្ត​កោះកុង​នេះ​ផង​ដែរ។ ​លិខិត​សុំ​អន្តរាគមន៍​នេះ ​ធ្វើ​ឡើង​តាម​រយៈ​លោក ​ហេង​ សំរិន​ ប្រធាន​រដ្ឋ​សភា​នៅ​ថ្ងៃ​ទី​២៥​ខែ​កញ្ញា ​និង​បាន​ផ្សព្វផ្សាយ​ដល់​ដៃ​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​២៦​កញ្ញា​ម្សិល​ម៉ិញ។

បើ​យោង​តាម​ខ្លឹម​សារ​នៃ​លិខិត ​ក្នុង​ករណី​ដែល​រដ្ឋាភិបាល​កម្ពុជា ​បន្ត​សាង​សង់​ទំនប់​វារី​អគ្គីសនី​នេះ ​នោះ​ផល​ប៉ះពាល់​នឹង​មាន​ទំហំ​ធំធេង​ជាង​ផល​ចំណេញ។ ​ផល​ប៉ះពាល់​នឹង​អាច​កើត​ឡើង​ទៅ​ដល់ ​ជម្រក​សត្វ​ព្រៃ ​ត្រី ​បក្សី ​ ការ​ខូចខាត​ដី​ព្រៃ ​និង​ដី​កសិកម្ម​ប្រហែល​ជាង​២​ម៉ឺន​ហិច​តា ​ខណៈ​ទំនប់​វារី​អគ្គីសនី​នេះ ​អាច​ផ្តល់​ថាមពល​អគ្គីសនី​ត្រឹម​តែ​១០៦​មេហ្គាវ៉ាត់​ប៉ុណ្ណោះ ​នៅ​រដូវ​វស្សា ​និង៥០​ទៅ​៦០​មេហ្គាវ៉ាត់​ នៅ​រដូវ​ប្រាំង។ 
 
គួរ​រំលឹក​ជូន​ថា ​លិខិត​សុំ​អន្តរាគមន៍​នេះ ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​កិច្ច​ប្រជុំ​រវាង​គណៈ​កម្មការ​ទី​៣​នៃ​រដ្ឋ​សភា ​ជាមួយ​តំណាង​អង្គការ​ MNSJ, CYN,​ សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ឃុំ ​និង​តំណាង​សហគមន៍​ជន​ជាតិ​ភាគ​តិច​ កាល​ពី​ថ្ងៃ​ទី​០៤ ​ខែ​កញ្ញា​កន្លង​ទៅ។ ​លិខិត​ក៍​បាន​ធ្វើ​ឡើង​ នៅ​ក្រោយ​ពេល​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​អាជ្ញាធរ​នឹង​សកម្មជន​ការពារ​បរិស្ថាន​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ដែល​បាន​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​សកម្មជន​និង​ក្រុម​យុវជន​ការពារ​បរិស្ថាន​១១​នាក់ ​ខណៈ​ពួកគេ​បាន​បិទ​ផ្លូវ​រារាំង​មិន​ឲ្យ​អាជ្ញាធរ​ខេត្ត​កោះកុង​និង​ក្រុមហ៊ុន​ចិន​ស៊ីណូហាយដ្រូ​ (Shynohydro)​ ដឹក​គ្រឿង​ចក្រ​ចូល​ទៅ​តំបន់​ស្ទឹង​ឆាយ​អារ៉ែង។
 
​លិខិត​សុំ​អន្តរាគមន៍​ក៍​បាន​ធ្វើ​ឡើង ​ស្រប​ពេល​ដែល ​ប្រធាន​អង្គការ​ចលនា​មាតា​ធម្មជាតិ​ លោក ​Alex Gonzalez-Davidson​ ជនជាតិ​អេស្ប៉ាញ​ដែល​ជា​សកម្មជន​ការពារ​តំបន់​អារ៉ែង​ដ៍​សកម្ម ​បាន​ប្រកាស​ពី​ការ​ត្រៀម​ខ្លួន​ ធ្វើ​បាតុកម្ម​ជា​ថ្មី​​ប្រឆាំង​នឹង​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គីសនី​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ៕  

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ