អានតួអត្ថបទ
កម្ពុជា

អង្គ​​ការ​​សេ​ដាក ​គ្រោង​​នឹង​​ពង្រីក​​ទី​ផ្សារ​​បន្លែ​​សរីរាង្គ​​នៅ​​ក្នុង​​ឆ្នាំ ​២០១៤​

អង្គ​ការ​សេ​ដាក​គ្រោង​នឹង​ពង្រីក​ទីផ្សារ​បន្លែ​សរីរាង្គ​នៅ​ក្នុង​ឆ្នាំ ២០១៤​នេះ សម្រាប់​ក្រុម​ប្រជា កសិករ​ផលិត​បន្លែ​សរីរាង្គ និង​អ្នក​ប្រើ​ប្រាស់​ដែល​គិត​គូរ​អំពី​សុខ​ភាព។ គម្រោង​នេះ ត្រូវ​បាន ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​អ្នក​ផលិត​បន្លែ​សរីរាង្គ បាន​មក​ជួបជុំគ្នា នឹង​ចែក​រំលែក​បទ​ពិសោធ​ន៏ ទៅវិញ​ទៅ​មក នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គរ​មួយ​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ចាប់​តាំង​ពី​ថ្ងៃ ទី ១៦​ធ្នូ ដល់​ថ្ងៃ​ទី ១៩​ធ្នូ​នេះ​។

Lobi Traoré
Lobi Traoré DR
ផ្សាយពាណិជ្ជកម្ម

ក្រុម​អ្នក​ផលិត​បន្លែ​សរីរាង្គ​សរុប​ចំនួន ៧១ នាក់​មកពី​ខេត្ត​ចំនួន ៤ រួម​មាន​ខេត្ត​កំពង់​ឆ្នាំង កំពង់​ស្ពឺ តាកែវ និង កំពត បាន​និង​កំពុង​ជួប​ជុំ​គ្នា​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ជោគ​ជ័យ​និង​ឆ្លុះបញ្ចាំង​ពី​ភាព​រីក​ចំរើន​ការងារ​ផលិត​បន្លែ​សរីរាង្គ​ក្នុង​ឆ្នាំ ២០១៣ ។ ជំនួប​នេះ​បាន​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី ១៦ ដល់ ១៩ ខែ​ធ្នូ ឆ្នាំ ២០១៣ នៅ​សណ្ឋាគារ​សូវណ្ណ​ភូមិ ខេត្ត​កំពង់​ឆ្នាំង។

 
កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​ក្រុម​អ្នក​ផលិត​បន្លែ​សរីរាង្គ​នេះ រៀប​ចំ​ដោយ​អង្គ​ការ សេ​ដាក សហការ​ជា​មួយ​អង្គការ អភិវឌ្ឍន៍​អាឡឺម៉ង់ (ជី​អាយ​ហ្សិត) ដើម្បី​ពិភាក្សា​អំពី​ផែន​ការ​ជា​យុទ្ឋ​សាស្ត្រ​ក្នុង​ការ​ជួយ​គាំទ្រ​កសិករ ក្លាយ​ជា​អ្នក​ដាំ​បន្លែ​អាជីព​ផ្គត់ផ្គង់​មក​កាន់​ទីផ្សារ​។

លោក ហ៊ីម ខទៀត មន្ត្រី​ទំនាក់​ទំនង​ព័ត៌មាន​របស់​អង្គការ​សេ​ដាក បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា បន្ទាប់​ពី​កិច្ចប្រជុំ​អស់​រយៈ​ពេល ៤ថ្ងៃ​មក​នេះ អង្គការ និង​ប្រជា​កសិករ​ទាំង​៤​ខេត្ត បាន​យល់​ព្រម​នឹង​បង្កើន​ការ​ផលិត​របស់​ខ្លួន នៅ​ក្នុង​ឆ្នាំ ២០១៤ ដើម្បី​ផ្គត់​ផ្គង់​ទីផ្សារ​បន្ថែម។ លោក ហ៊ីម ខ​ទៀត បាន​បញ្ជាក់​ថា អង្គការ​សេ​ដាក ក៏​នឹង​ផ្តល់​ការ​បណ្តុះ​បណ្តាល​ដល់​ការ​ដាំដុះ​បន្លែ​សរីរាង្គ​នេះ ដល់​ប្រជា​កសិករ ដែល​មាន​បំណង​ចង់​បាន​ប្រាក់​ចំណូល​ខ្ពស់ និង​គិតគូរ​ពី​សុខភាព​គ្រូ​សារ និង​អ្នក​បរិភោគ​បន្លែ​របស់គាត់​ផងដែរ។

កន្លង​មក អង្គការ​សេ​ដាក ក្រោម​កិច្ច​សហការ​ជាមួយ និង​អង្គ​អភិវឌ្ឍន៍​អាឡឺម៉ង់ ជី​អាយ​ហ្សិត បាន​គាំទ្រ និង​រៀបចំ​ចងក្រង​ក្រុម​កសិករ​អ្នក​ផលិត​បន្លែ​សរីរាង្គ​សម្រាប់​បរិភាគ និង​លក់​មកកាន់​ទីផ្សារ​ភ្នំពេញ​បាន​ចំនួន ១០០នាក់ ចាប់​តាំង​ពី​ឆ្នាំ ២០០៣​មក នៅ​ក្នុង​ខេត្ត​ចំនួន ៤ រួមមាន​ខេត្ត​កំពត តាកែវ កំពង់ស្ពឺ និង​កំពង់​ឆ្នាំង។ នៅ​ក្នុង​ឆ្នាំ ២០១៣​នេះ ពួកគាត់​បាន​ផ្គត់ផ្គង់ បន្លែ​មក​កាន់​ទីផ្សារ​ក្នុង​ក្រុង​ភ្នំពេញ​បាន​ចំនួន ៥០តោន។

ហើយ​នៅ​ក្នុង​ឆ្នាំ ២០១៤ ខាង​មុខ លោក ហ៊ីម ខ​ទៀត​អះ​អាង​ថា ខាង​អង្គការ និង​ក្រុម​អ្នក​ផលិត​គ្រោង​នឹង​បង្កើន​ការ​ផលិត​របស់​ខ្លួន​ពី​ពីរ​ទៅ បី​ដង ដើម្បី​បំពេញ​តម្រូវ​ការ​ដល់​អ្នក​និយម​ប្រើ​បន្លែ​សរីរាង្គ ដែល​គិតគូរ​ពី​សុខ​ភាព​ជា​ចំបង និង​ជួយ​គាំទ្រ​ដល់​ប្រជា​កសិករ​ផលិត​ផង​ដែរ​៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ