អង្គការសមាគម និងសហជីពកម្មករ ស្នើក្រសួងការងារឲ្យអនុវត្តការចុះបញ្ជីរកាដោយប្រើវិធានការចាស់
នៅព្រឹកថ្ងៃអាទិត្យនេះ មេដឹកនាំអង្គការសមាគម និងសហជីពកម្មករ ចំនួន ៨ ស្ថាប័ន បានចុះហត្ថលេខាលើញត្តិមួយ ដាក់ជូនរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងញត្តិនោះ អង្គការសមាគម និងសហជីពកម្មករ បានស្នើសុំរដ្ឋមន្ត្រីក្រសួងការងារ អនុវត្តការចុះបញ្ជិកាសហជីព និងសមាគម តាមរោងចក្រ ដោយប្រើវិធានការចាស់។ ជាមួយគ្នានោះ ក្នុងពេលប្រមូលផ្តុំ លើបដា និងស្រែកមេក្រូ នៅមុខក្រសួងការងារ នៅព្រឹកថ្ងៃអាទិត្យនេះ ក្រុមកម្មកររោងចក្រកាត់ដេរ ក៏បានទាមទារឲ្យក្រសួងការងារ តម្លើងប្រាក់ខែកម្មករ ១៧៧ ដុល្លារផងដែរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៨
ញត្តិនោះ ត្រូវបានមេដឹកនាំសហជីព និងសមាគម រួមមាន លោករ៉ុងឈុន លោកស្រី យ៉ាងសុភ័ណ្ឌ លោកម៉ៅពិសេស និងលោកសម៉ូរ៉ា ព្រមទាំងកម្មករជាច្រើននាក់ផ្សេងទៀត បានយកទៅប្រគល់មន្ត្រីក្រសួងការងារ នៅព្រឹកថ្ងៃអាទិត្យ ទី២៦តុលានេះ។
មេដឹកនាំសហជីព និងសមាគម ប្រកាសរបស់ក្រសួងការងារ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៦ ស្តីពី ការចុះបញ្ជិកា នៃអង្គការវិជ្ជាជីវៈ នៅតាមរោងចក្រសហគ្រាស មានលក្ខណៈប្រសើរ មិនបង្កភាពស្មុគស្មាញដល់ការចុះបញ្ជិកាក្នុងការបង្កើតសហជីពមូលដ្ឋាន។ ប៉ុន្តែលក្ខខណ្ឌរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីចុងឆ្នាំ២០១៣ បានតម្រូវឲ្យអង្គការវិជ្ជាជីវៈ ដែលរួមមាន ថ្នាក់ដឹកនាំ ៣ រូប របស់សហជីពមូលដ្ឋាន តាមរោងចក្រសហគ្រាស ចុះបញ្ជិកា ដោយភ្ជាប់លិខិតថ្កោលទោសពីក្រសួងយុត្តិធម៌ ត្រូវបានមេដឹកនាំសហជីព សមាគម អះអាងថា គឺជាការបង្កការលំបាក ការចំណាយពេលវេលា និងចំណាយថវិកាច្រើន ដែលសហជីពពុំមានលទ្ធភាព។
ដើម្បីសម្រួលដល់ភាពងាយស្រួលក្នុងការចុះបញ្ជិកានេះ មេដឹកនាំអង្គការសមាគម និងសហជីពកម្មករ នៅតែទទូច ស្នើសុំឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លុបចោលលក្ខខណ្ឌដ៏ស្មុគស្មាញ នូវការកំណត់ឲ្យមានលិខិតថ្កោលទោស ហើយត្រូវតែអនុវត្តប្រកាសចាស់ របស់ក្រសួងឡើងវិញ។
មន្ត្រីតំណាងក្រសួងការងារ បានចេញមកទទួលញត្តិ ហើយសន្យាថា នឹងប្រគល់ជូនលោករដ្ឋមន្ត្រី។ ប៉ុន្តែលោក ហេង សួរ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា អ្វីដែលក្រសួងការងារ បាន កំណត់ក្នុងការចុះបញ្ជិកា នៅចុងឆ្នាំ២០១៣ ដោយតម្រូវឲ្យមេដឹកនាំសហជីពតាមរោងចក្រសហគ្រាស ត្រូវមានលិខិតថ្កោលទោសនោះ គឺគ្រាន់តែជាការអនុវត្តតាមការកំណត់ក្នុងច្បាប់ ការងារប៉ុណ្ណោះ។ ការកំណត់នោះ ដើម្បីកុំឲ្យជនខិលខូចប្រព្រឹត្តល្មើស ជ្រកក្រោមស្លាកសហជីព។
ក្នុងពេលប្រមូលផ្តុំ ដាក់ញត្តិ នៅមុខក្រសួងការងារ នៅព្រឹកថ្ងៃអាទិត្យនេះ ក្រុមកម្មកររោង ចក្រកាត់ដេរ ក៏បានលើកបដា និងស្រែកទាមទារឡើងប្រាក់ខែកម្មកររោងចក្រកាត់ដេរ ទាបបំផុត ១៧៧ ដុល្លារ។
ចំណុចនេះត្រូវបានលោក ហេង សួរ លើកឡើងថា ការចរចារបស់ក្រុមការងារបច្ចេកទេសត្រីភាគី កំពុងប្រព្រឹត្តិទៅ ដោយភាគីរដ្ឋាភិបាល បានតម្រូវឲ្យភាគីថៅកែរោងចក្រ និងភាគីសហជីព ត្រូវឈរលើបន្ទាត់នៃភាពក្រីក្រ ពោលគឺត្រូវនិយាយពី ១២០ ដុល្លារឡើងទៅ។ កិច្ចប្រជុំចរចានោះ នឹងបន្តនៅថ្ងៃចន្ទ ដោយភាគីថៅកែរោងចក្រ និងសហជីព ត្រូវផ្តល់ហេតុផល ហើយសហជីព ត្រូវប្រកាសជំហររួមលើការទាមទារឡើងប្រាក់ខែកម្មករ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ