អានតួអត្ថបទ
ប៉ាគីស្ថាន-ចិន

ប៉ាគីស្ថាន​​ប្រកាស​​ពង្រាយ​​ទាហាន​​​១៥០០០នាក់​ ដើម្បី​​ការពារ​ពលរដ្ឋ​ចិន​​ដែល​​ធ្វើការ​​នៅ​​ប៉ាគីស្ថាន​

ថ្ងៃអាទិត្យ​នេះ ប៉ាគីស្ថាន​បាន​ប្រកាស​ពង្រាយ​កងទ័ព​១៥០០០នាក់ ដើម្បី​ការពា​រជនជាតិ​ចិន​ដែល​ធ្វើការ​​​សម្រាប់​គំរោង​ថាមពល​និង​ហេដ្ឋារចនា​សម្ព័ន្ធ​ក្នុង​ទឹកដី​ប៉ាគីស្ថាន។ ​ចិន​កំពុង​បារម្ភ​ពី​សុវត្ថិភាព​សន្តិសុខ​ពលរដ្ឋ​ខ្លួន​នៅប៉ាគីស្ថាន ដោយសារ​​​​ជនជាតិ​ចិន​២នាក់​ត្រូវបាន​គេចាប់ជំរិត​កាលពី​ខែ​ឧសភា។ ក្រុមជីហាត​រដ្ឋអ៊ីស្លាម​អះអាង​ថា បាន​សម្លាប់​ជនជាតិ​ចិន​ទាំង២នាក់ តែរហូត​ពេលនេះ ​​​មិនទាន់​មានព័ត៌មាន​ច្បាស់លាស់គូសបញ្ជាក់​ការស្លាប់​របស់​ជនជាតិ​ចិន​ទាំង២​ទេ។

ទាហាន​ប៉ាគីស្ថាន
ទាហាន​ប៉ាគីស្ថាន Reuters
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​ប៉ាគីស្ថាន​លោកManmoon Hussain ​បាន​ធានាអះអាង​ចំពោះ​លោក​វ៉ាង យី ជា​​រដ្ឋមន្ត្រីការបរទេស​ចិន​ ថា ​ការការពារ​ជនជាតិ​ចិន ដែល​ធ្វើការ​ក្នុងស្រុក​ប៉ាគីស្ថាន គឺ​ជា​អាទិភាព​របស់​រដ្ឋាភិបាល​ប៉ាគីស្ថាន។ លោក​វ៉ាង យី បាន​​ទស្សនកិច្ច​ក្រុង​អ៊ីស្លាម៉ាបាត។ ​ប៉ាគីស្ថាន​ប្រកាស​ពង្រាយ​​កងទ័ព​រហូត​១ម៉ឺន៥ពាន់​នាក់ ក្នុង​បេសកកម្ម​ការពារ​ពលរដ្ឋ​ចិន ដែលធ្វើការ​អោយ​គំរោង​ហេដ្ឋារចនា​សម្ព័ន្ធ​និង​ថាមពល ក្នុងទឹកដី​ប៉ាគីស្ថាន។ ​

គំរោង​នេះ មានទឹកប្រាក់វិនិយោគ​​ជិត​៥០ពាន់លាន​ដុល្លារ ត្រូវបាន​ចិន​ប្រកាស​កាលពី​ឆ្នាំ២០១៥។ ជា​គំរោងច្រករបៀង​សេដ្ឋកិច្ច ​​ភ្ជាប់​ប្រទេស​ចិន ទៅនឹង​តំបន់​មជ្ឈិមបូព៌ា ​តាមរយៈ​ទឹកដី​ប៉ាគីស្ថាន។ ក្នុង​គំរោង​នេះ មានការ​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​មួយចំនួន រវាង​តំបន់​​​ស៊ីនជាំង ភាគខាងលិច​ចិន និង​កំពង់ផែ​ហ្កវដាGawdar ក្នុង​ខែត្រ​បាលូឈីស្ថាន។

តំបន់​​បាលូឈីស្ថាន​ភាគនិរតី​ ​សំបូរ​ធនធាន​រ៉ែ ប៉ុន្តែ​​​មិនសូវ​ជាមាន​ស្ថិរភាព​ប៉ុន្មានទេ ដោយសារ​រង​ការបះបោរ​ពីក្រុមផ្តាច់ទឹកដី​និយម និង​ក្រុម​ប្រដាប់អាវុធ​អ៊ីស្លាម។ គឺនៅ​បាលូឈីស្ថាន​នេះ​ហើយ ដែល​ជនជាតិ​ចិន​២រូបត្រូវបាន​ក្រុម​ប្រដាប់អាវុធ​ចាប់ខ្លួន​ កាលពី​ខែ​ឧសភា។ បើយោងតាម​ក្រសួង​មហាផ្ទៃ​ប៉ាគីស្ថាន ជនជាតិ​ចិន​ទាំង២​នាក់​នេះ​​បាន​ធ្វើការ​ផ្នែកធម៌ទេសនា​គ្រិស្តសាសនា​ ក្នុង​ទឹកដី​ប៉ាគីស្ថាន។ កាលពី​ថ្ងៃ​៩​​មិថុនា​ ក្រុ​ម​ជីហាត​រដ្ឋ​អ៊ីស្លាមបាន​ប្រកាស​ថា បាន​សម្លាប់​ជនជាតិ​ចិន​ទាំង២​រូបនេះ។ ​

ក្នុងពេល​មិនទាន់​មានព័ត៌មាន​គូសបញ្ជាក់​ពី​ការស្លាប់​របស់​ពលរដ្ឋ​ចិន​ទាំង២ ប្រធានាធិបតី​ប៉ាគីស្ថានបាន​​​​សន្យា​​នឹង​ធ្វើអោយ​អស់​លទ្ធភាព​ ដើម្បី​ចាប់ខ្លួន​ក្រុម​ជនដៃដល់​ដែល​បាន​ចាប់ជំរិត​ពលរដ្ឋ​ចិនទាំង២នេះ។ កាលពី​ថ្ងៃ​១៤មិថុនា​ ចិនបាន​សន្យា​​សហការ​ជាមួយអាជ្ញាធរ​​ប៉ាគីស្ថាន​ដើម្បីមើលថា តើ​ពលរដ្ឋ​ចិន​ទាំង២ពិតជា​បាន​ធ្វើសកម្មភាព​​ទេសនា​​ធម៌​គ្រិស្តសាសនា​នៅ​ប៉ាគីស្ថាន​មែន​រឺយ៉ាងណា៕ ​​ ​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ