ប៉ាគីស្ថាន៖ បេក្ខជនឈរឈ្មោះ២នាក់ស្លាប់ ក្នុងរដូវកាលឃោសនាបោះឆ្នោត
នៅប៉ាគីស្ថាន ថ្ងៃទី២២កក្កដានេះ លោក Ikramullah Gandapur ជាបេក្ខជនតំណាងរាស្ត្រម្នាក់ បានស្លាប់ ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្នុងពេលចុះឃោសនាបោះឆ្នោត។ ចំណែកសប្តាហ៍មុន លោក Agha Umar Bungalzai បេក្ខជនឈរឈ្មោះតំណាងខេត្តម្នាក់ទៀតស្លាប់ ដោយការវាយប្រហារគ្រាប់បែក។ សូមជម្រាបថា ការបោះឆ្នោតនៅប៉ាគីស្ថាន គ្រោងនឹងប្រព្រឹត្តទៅថ្ងៃទី២៥កក្កដា គឺនៅតែពី២ថ្ងៃទៀតប៉ុណ្ណោះ ប៉ុន្តែបរិយាកាសមុនការបោះឆ្នោតគឺពោរពេញដោយហិង្សានិងការសម្លាប់មនុស្ស។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤០
ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បណ្តាលឲ្យ បេក្ខជនតំណាងរាស្ត្រម្នាក់ ស្លាប់ ហើយអ្នកបើកឡានឲ្យគាត់ ក៏បាត់បង់ជីវិតដែរ រួមទាំងមនុស្ស៥នាក់ផង រងរបួសធ្ងន់។ នេះជាសេចក្តីបញ្ជាក់របស់អ្នកជំនួយការរបស់បេក្ខជនតំណាងរាស្ត្រ ហើយប៉ូលីសក៏បានអះអាងដូចគ្នាដែរ។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃអាទិត្យ ទី២២កក្កដា ក្នុងខេត្តមួយ ភាគនិរតីរបស់ប្រទេសប៉ាគីស្ថាន។
នេះជាភេរវកម្មលើកទី៤ហើយ បើគ្រាន់តែរាប់ក្នុងរយៈពេលពីរសប្តាហ៍នៃយុទ្ធនាការបោះឆ្នោត។ ការបោះឆ្នោតជាតិនៅប៉ាគីស្ថាន គ្រោងរៀបចំនៅថ្ងៃពុធ ទី២៥កក្កដានេះ។ ក៏ប៉ុន្តែក្បួនឃោសនាបោះឆ្នោត និងទីជួបប្រជុំធ្វើមីទ្ទិញ គឺជាកន្លែងផ្ទាំងស៊ីបនៃអំពើភេរវកម្ម។ អំពើភេរវកម្មខ្លះ ត្រូវអង្គការរដ្ឋអ៊ីស្លាមជីហាត ចេញមុខអះអាងថាជាស្នាដៃរបស់ខ្លួន។ ជាសរុប ពីរសប្តាហ៍ក្នុងរដូវកាលបោះឆ្នោតមកនេះ មានអំពើវាយប្រហារនិងបំផ្ទុះគ្រាប់បែក ចំនួន៤ដង សម្លាប់មនុស្ស ជិត១៧០នាក់ ហើយមនុស្សរាប់រយនាក់ផ្សេងទៀត រងរបួស។
អ្នកសង្កេតការណ៍ថា ចំនួនអ្នកស្លាប់នេះ គឺនៅតិចជាងចំនួនស្លាប់ឆ្នាំ២០១៧នៅឡើយ។ ពោលគឺកាលពីឆ្នាំទៅមិញនេះ មានមនុស្សស្លាប់រហូតដល់ ជិត២ពាន់៦០នាក់ ដែលភាគច្រើន គឺត្រូវស្លាប់ដោយអំពើហិង្សា ដោយសារជម្លោះនយោបាយ និងឧក្រិដ្ឋកម្ម។
ទោះជាយ៉ាងណាក្តី ដើម្បីរឹតបណ្តឹងសន្តិសុខសុវត្ថិភាពនៅថ្ងៃបោះឆ្នោតជាតិ នាថ្ងៃពុធទី២៥កក្កដានេះ អាជ្ញាធរប៉ាគីស្ថាន គ្រោងដាក់ពង្រាយកម្លាំងសន្តិសុខ ប្រមាណពី ៣៥ ទៅ៣៧ម៉ឺននាក់ នៅទូទាំងប្រទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ