អានតួអត្ថបទ
ប៉ាគីស្ថាន

ប៉ាគីស្ថាន៖ អតីតកីឡាករគ្រីកេពិភពលោក ក្លាយជានាយករដ្ឋមន្ត្រី

ថ្ងៃសុក្រ ទី​១៦សីហា លោក អ៊ីមរ៉ាន ខាន់ ដែល​ជា​អតី​ត​កីឡាករ​គ្រីកេ ពិភពលោក បាន​ត្រូវ​សភា​បោះឆ្នោត​តែងតាំ​ង​ជា​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន។ លោក​ត្រូវ​ស្បថ​ចូល​កាន់​តំណែង នៅថ្ងៃទី​១៧សីហា។ សូម​ជ្រាបថា ​គណ​បក្ស​របស់​លោក អ៊ីមរ៉ាន ខាន់ បាន​ឈ្នះ​សំឡេង​ច្រើន​មែន ប៉ុន្តែ​មិន​អាច​បង្កើត​រដ្ឋា​ភិបាល​​តែម្នាក់​ឯង​បា​ន​ឡើយ គឺ​ចាំបាច់​ត្រូវ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​។ តើ​រដ្ឋាភិបាល​ថ្មី​របស់​លោក អាច​ត្រូវ​ប្រឈម​នឹង​បញ្ហា​អ្វីខ្លះ? 

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan REUTERS/Akhtar Soomro
ផ្សាយពាណិជ្ជកម្ម

​លោក អ៊ីមរ៉ាន់​ ខាន់ ត្រូវ​បង្កើត​រដ្ឋាភិបាល​ចម្រុះ ដោយ​តំបន់​ខ្លះ ត្រូវ​ចង​ស​ម្ព័ន្ធភាព​ជាមួយ​អតីតបក្ស​កាន់​អំណាច ហើយ​តំបន់​ខ្លះទៀត ត្រូវ​ធ្វើ​ការ​ជាមួយ​បក្ស​តូចៗ​ជាច្រើន​នៅមូលដ្ឋាន។ កន្លង​មក គណបក្ស​ចលនាដើម្បី​យុត្តិធម៌​របស់​លោក ធ្លាប់តែ​កាន់​អំណាច​នៅ​មូលដ្ឋានថ្នាក់​តំបន់​ តែមួយ​ម្តងគត់ គឺគ្មាន​បទពិសោធ​កាន់​​អំណាច​ថ្នាក់​ជាតិ​ឡើយ។

ម្យ៉ាង​វិញទៀត រដ្ឋាភិបាល​ថ្មី ត្រូវ​ប្រឈម​មុខ​នឹង​អំណាច​យោធា។​ គេ​ដឹង​ហើយថា​ គណបក្ស​ដើម្បី​យុត្តិធម៌​របស់​លោក អ៊ីមរ៉ាន់​ ខាន់ បា​នត្រូវ​ជួយ​ជ្រោម​ជ្រែង​ដោយ​ក្រុម​មេៗ​យោធា ពេល​ខ្លះ គេស្ទើរតែ​ចាត់ទុក​លោក អ៊ីមរ៉ាន់ ខាន់ ជា​អាយ៉ង​របស់​ក្រុម​នាយទាហាន​ទៀត​ផង។ ហេតុនេះ នៅក្នុង​ដំណើរ​អនុវត្ត​នយោបាយ​របស់​រដ្ឋាភិបាលថ្មី​ ច្បាស់​ជាជៀស​មិន​ផុត ពីការ​ប្រទាំង​ប្រទើស​ជាមួយ​នឹង​ក្រុម​​មេបញ្ជាការ​យោធា ជា​មិន​ខាន​ឡើយ។ ពិសេស​គឺ​គោល​នយោបាយ​បោស​សម្អាត​​អំពើ​ពុករលួយ ដែល​លោក​បា​នសន្យា​ នៅក្នុង​យុទ្ធនាបោះឆ្នោត​។​

រីឯ​ស្ថានភាពសេដ្ឋកិច្ច​ប៉ាគីស្ថាន​ដែល​កំពុង​តែ​ដុន​ដាបខ្លាំង គឺ​ច្បាស់​ជា​នឹង​បង្ខំ​ចិត្ត​ឲ្យ​លោក អ៊ីមរ៉ាន់​ ខាន់ លូក​ដៃ​ទៅ​ខ្ចី​បុ​លពី​ស្ថាប័ន​រូបិយ​វត្ថុ​អន្តរជាតិ FMI ហើយ​ជា​ពិសេស​ លោក​អាច​នឹង​ត្រូវ​​ខ្ចី​លុយ​ពី​ប្រទេស​ចិន​ ដើម្បី​ស្តារ​​សេដ្ឋកិច្ច​ជាតិ​ឡើងវិញ។

មាន​បញ្ហា​ជា​ច្រើន​ទៀត ដែល​ដោះស្រាយ​មិន​ចេះចប់​នោះ គឺ វិបត្តិរ៉ាំរ៉ៃ​​ជាមួយ​ឥណ្ឌា ក្នុង​តំបន់​កាស្មៀរ​  ហើយ​នឹង​បញ្ហា​អសន្តិសុខ ដោយសារ​អំពើ​ភេវរកម្ម។​ ប៉ាគីស្ថាន​ បា​នរួម​រឹត​ដោយ​អំពើ​ហិង្សា​និង​ឃាតកម្ម សូម្បីតែ​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​​បោះឆ្នោត​ ក៏​មាន​ឃាតកម្ម​ជា​ច្រើន​ ដែល​បាន​សម្លាប់​មនុស្ស​រាប់​រយនាក់។​ ថែមពីនេះ បញ្ហា​ទំនាក់​ទំនង​ប៉ាគីស្ថាននិង​អាមេរិក ក៏​បាន​ល្អក់កករ​ជា​ច្រើន​ឆ្នាំមកហើយ ដែល​ពុំ​ទាន់​បាន​ស្រោច​ស្រង់​ឡើង​វិញ​ផង​។​

សូម​ជ្រាប​ថា ប៉ាគីស្ថាន​ មាន​ពលរដ្ឋ​ ជាង​២០៧លាន​នាក់។ បើទោះបី​ ប្រទេស​នេះ ជា​មហាអំណាច​នុយក្លែអ៊ែរក្តី តែ​ប្រជាជន​ភាគ​ច្រើន ស្ថិត​នៅក្នុង​ភាពក្រីក្រ ហើយ​មាន​ក្មេង​ស្រី ជាង​១៣លាន​នាក់ ដែល​មិន​បាន​ចូល​​សាលា​រៀន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ