អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

រដ្ឋអំណាច​ប៉ាឡេស្ទីន៖​អ៊ីស្រាអែល​បដិសេធ​មិន​ដោះលែង​​ក្រុម​អ្នកទោស​ចុងក្រោយ​

នៅថ្ងៃ​សុក្រនេះ​ អាជ្ញាធរ​ប៉ាឡេស្ទីន​បាន​ប្រាប់ថា អ៊ីស្រាអែល​បាន​បដិសេធ​មិនព្រម​ដោះលែង​ក្រុម​អ្នកទោសចុងក្រោយ​ចំនួន​​២៩នាក់​ ស្រប​តាម​លក្ខខណ្ឌ​​នៃ​កិច្ចចរចា​ស្វែង​រក​ដំណោះ​ស្រាយ​​សន្តិភាព​ជាមួយ​ប៉ាឡេស្ទីន​នោះទេ។​ ​ តាម​ធម្មតា អ៊ីស្រាអែល​ត្រូវដោះលែង​អ្នកទោស​​ទាំងនេះ នៅ​ថ្ងៃ​សៅរ៍នេះ។ យោងតាម​ប៉ាឡេស្ទីន​ អ៊ីស្រាអែល​​​​បាន​​ដាក់លក្ខខណ្ឌ​បន្ថែម​​ដល់​ប៉ាឡេស្ទីន​ជាច្រើន​​ទៀត តែ​ប៉ាឡេស្ទីន​បដិសេធ​មិន​ទទួលយក។ កាលពី​ថ្ងៃ​ពុធ​​​ ក្នុង​ជំនួប​ជាមួយ​ប្រមុខការទូត​អាមេរិក​ចន ឃែររី នៅ​ហ្ស៊កដានី ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូត អាបាស​បាន​ទទូច​អោយ​មាន​ការ​ដោះលែង​​អ្នកទោសចុងក្រោយ​២៩នាក់ និង​បដិសេធ​​មិន​ព្រម​​​ពិភាក្សា​ប្រធានបទ​​អ្វីផ្សេង​ទៀត​​ជាមួយ​អ៊ីស្រាអែល​ដាច់ខាត។

ប្រមុខការទូត​អាមេរិក​ ចន ឃែររី ជួបប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​កាលពី​ថ្ងៃ​ពុធ​២៦ មីនា។
ប្រមុខការទូត​អាមេរិក​ ចន ឃែររី ជួបប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​កាលពី​ថ្ងៃ​ពុធ​២៦ មីនា។ REUTERS/Jacquelyn Martin/Pool
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃសុក្រ​ម្សិលមិញ យោងតា​មលោក​ ហ្ស៊ីយ៉ាត អាប៊ូ អេន អ្នកទទួល​បន្ទុក​ផ្នែក​អ្នកទោស​​​​​​​​​​​​របស់​អាជ្ញាធរ​ប៉ាឡេស្ទីន ​អ៊ីស្រាអែល​បាន​ដាក់លក្ខខណ្ឌ​បន្ថែម​ដល់​ប៉ាឡេស្ទីន​ថា បើ​​​ប៉ាឡេស្ទីន​​​ចង់អោយ​អ៊ីស្រាអែល​ដោះលែង​​ក្រុម​អ្នកទោស​ចុងក្រោយ​២៩នាក់នោះ ​ប៉ាឡេស្ទីន​ត្រូវ​តែ​បន្ត​ការចរចា​​ជាមួយ​អ៊ីស្រាអែល​រហូត​ដល់​ចុងឆ្នាំ​២០១៤ ហើយ​មានលក្ខខណ្ឌ​ផ្សេង​ទៀត​លើស​ពីនេះ។

ប្រមុខការទូតអាមេរិក​ចន ឃែររី ប្រហែល​ជា​បាន​ស្នើ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​អោយ​​នូវ​គោលការណ៍​ថា ​បើ​ប៉ាឡេស្ទីន​ដោះលែង​​អ្នក​ស៊ើបការណ៍​​អ៊ីស្រាអែល​​​​ឈ្មោះថា ចូណាថាន ប៉ូឡា ​​អ៊ីស្រាអែល​ត្រូវ​ព្រម​ដោះលែង​អ្នកទោស​​ចុងក្រោយ​​ទាំង២៩នាក់។ ​សំណើ​នេះប្រហែល​ជាបាន​​​បំពេញ​ចិត្ត​​អ្នក​នយោបាយ​អភិរក្ស​និយម​អ៊ីស្រាអែល ដែល​កន្លងមក​មិនចង់​អោយ​រដ្ឋាភិបាល​ដោះលែង​អ្នកទោស។ ​ ប៉ុន្តែ ភាគី​ប៉ាឡេស្ទីន​បាន​បដិសេធ​លក្ខខណ្ឌ​​បន្ថែម​​ទាំងអស់​នេះ។

នៅ​ថ្ងៃសុក្រ​ម្សិលមិញ ​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន លោក​ម៉ាមូត អាបាស​​ បាន​ជួបចរចា​ជាមួយ​​លោក ម៉ារធីន អ៊ីនឌីក ជា​បេសកជន​ពិសេស​របស់​អាមេរិក ពី​ការដោះលែង​ក្រុមអ្នកទោស​ចុងក្រោយ​២៩នាក់​នេះ។ ​​ក្រោយកិច្ច​ប្រជុំ​នេះ លោក អាប៊ូ អេន ​អ្នក​ទទួល​​បន្ទុក​​ផ្នែក​អ្នកទោស​​​​​អាជ្ញាធរ​ប៉ាឡេស្ទីន ប្រាប់​ថា​ ប៉ាឡេស្ទីន​មិន​ទទួល​លក្ខខណ្ឌ​​​​បន្ថែម​នេះដាច់ខាត។

ការ​ពិភាក្សា​ស្វែង​រកសន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​​ ​​ត្រូវ​​បញ្ចប់​នៅ​ថ្ងៃ​២៩មេសា​ខាងមុខ។ ជាកិច្ចចរចា​​សម្រេច​អោយ​ចេញ​នូវ​លក្ខន្តិកៈ​ចុងក្រោយ​ បែបយ៉ាង​​​បញ្ហា​ព្រំដែន តំបន់អាណានិគម សន្តិសុខ លក្ខន្តិកៈ​​​​​ក្រុង​ហ្សេរុយ​សាឡិម និង​​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ មុននឹង​សម្រេច​កិច្ចព្រមព្រៀង​ចុងក្រោយ​ជា​ស្ថាពរ។ ក្នុង​ការ​ចរចា​កន្លងមក​​ ​អ៊ីស្រាអែលសន្យា​ដោះលែង​អ្នកទោស​១០៤នាក់ ​​ដែល​​បាន​ប្រព្រឹត្ត​បទល្មើស​មុន​ពេល​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​​ ក្រុង​អូស្លូ​ឆ្នាំ​១៩៩៣។ ​ហើយ​ប៉ាឡេស្ទីន​​សន្យា​​ឈប់ប្តឹង​តវ៉ា​ទៅ​អង្គការ​សហ​ប្រជាជាតិ​ រឺក៏​អង្គការ​អន្តរជាតិ​នានា​ ដើម្បី​ប្រឆាំង​អ៊ីស្រាអែល​​​។ ​កន្លងមក អ៊ីស្រាអែល​បាន​ដោះលែង​អ្នកទោស​៧៨នាក់ហើយ៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ