អានតួអត្ថបទ
ម៉ាល់ឌីវ

ប្រ​មុខ​រដ្ឋម៉ាល់ឌីវ​ចុះ​ចេញ​ពី​តំ​ណែង

ម៉ាល់ឌីវ​ដែល​គេ​ចាត់​ទុក​ថា ជា​ឋានសួគ៌​លោកីយ៍ ដោយសារ​តែ​កោះ​តូច​ធំ​ដ៏​ល្អ​ប្រណិត​ចំនួន​ជាង​១០០០​នៅ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា កំពុង​ពើប​ប្រទះ​នឹង​វិបត្តិ​នយោបាយ។ នៅ​ថ្ងៃ​អង្គារ​ទី​៧​កុម្ភៈ​នេះ លោក​ប្រធានាធិបតី​Mohamed Nasheed បាន​បង្ខំ​ចិត្ត​លាលែង​ចេញ​ពី​តំណែង ក្រោយ​ពី​មាន​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​អស់​ជា​ច្រើន​សប្តាហ៍​មក។

លោក​ប្រធានាធិបតី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម៉ាល់ឌីវ
លោក​ប្រធានាធិបតី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម៉ាល់ឌីវ
ផ្សាយពាណិជ្ជកម្ម

 

លោក​ប្រធានាធិបតី​ម៉ាល់ឌីវ Mohamed Nasheed បាន​ប្រកាស​លាលែង​ចេញ​ពី​តំណែង​នៅ​ក្នុងការថ្លែងសារ​មួយ​ដែល​ផ្សាយបន្តផ្ទាល់​តាម​ទូរទស្សន៍ នៅ​ថ្ងៃ​អង្គារ​ទី​៧​កុម្ភៈ​នេះ។

លោក​ប្រមុខរដ្ឋ​នៃ​ទីប្រជុំ​កោះ​មួយ​នេះ​ដែល​ឋិត​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា បាន​ពន្យល់​ថា លោក​សុខ​ចិត្ត​លា​លែង​ពី​តំណែង ជា​ជាង​ប្រើ​កម្លាំង​យោធា​វាយ​បង្ក្រាប​ពួក​បាតុករ។ ជាច្រើន​សប្តាហ៍​កន្លង​មក​ហើយ ដែល​គណបក្ស​ប្រឆាំង​ដឹក​នាំ​ដោយ​អតីត​ប្រធានាធិបតី​Maumoon Abdul Gayoom ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោក​Mohamed Nasheed ចុះ​ចេញ​ពី​អំណាច។ គណបក្ស​ប្រឆាំង​ចោទ​លោក​ប្រមុខរដ្ឋ​ថា ប្រើ​អំណាច​ផ្តាច់ការ ក្រោយ​ពី​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ប្រធាន​សាលាឧក្រិដ្ឋ ដែល​ជាប់​សង្ស័យ​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

នៅ​ថ្ងៃ​អង្គារ​នេះ​ដែរ កងទ័ព​ម៉ាល់ឌីវ​បាន​បដិសេធ​ថា គ្មាន​រដ្ឋប្រហារ​ដូច​ពាក្យ​ចចាម​អារ៉ាម​បាន​លេច​ឮ​ឲ្យ​ដឹង​នោះ​ទេ។ ក៏​ប៉ុន្តែ កងទ័ព​បាន​ស្នើ​ឲ្យ​លោក​ប្រធានាធិបតី​ចុះចេញ​ពី​តំណែង ដើម្បី​អនុញ្ញាត​ឲ្យ​ប្រទេស​ចេញ​រួច​ពី​ភាព​ទ័លច្រក​នយោបាយ។ នេះ​បើ​យោង​ទៅ​តាម​អ្នក​នាំ​ពាក្យ​របស់​កង​ទ័ព។

សូម​ជម្រាប​ថា លោកMohamed Nasheed គឺ​ជា​ប្រធានាធិបតី​ម៉ាល់ឌីវ​ទី​មួយ​បង្អស់​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​ការ​បោះឆ្នោត​ជា​សកល​កាល​ពី​ឆ្នាំ​២០០៨។ លោក​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ម្នាក់ ដែល​មុន​នឹង​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី បាន​ជាប់​ពន្ធនាគារ​ជា​ច្រើន​ដង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ