អានតួអត្ថបទ
បារាំង-ស៊ីរី

ផ្នែក​ចារកិច្ច​​​​បារាំង​​ចេញ​​របាយការណ៍​​​ចោទ​​​ថា​​ ​កងទ័ព​​​ស៊ីរី​​​​​​បាន​​​ប្រើ​​​អាវុធ​​​គីមី​​ ​​​ថ្ងៃ​​​៤មេសា​​​​​​​

ថ្ងៃពុធ​នេះ រដ្ឋាភិបាល​បារាំង​​បាន​ចោទ​​កងទ័ព​ស៊ីរី ពេញ​មាត់​តែម្តង​ ​ថា​បាន​ប្រើ​អាវុធ​ផ្ទុក​សារធាតុ​ពុល​​សារ៉ាំង វាយប្រហារ​តំបន់​ Khan Cheikhoun ខាន់ ឈែកឈូន ​​ភាគ​ពាយព្យ​​ស៊ីរី ​កាលពី​ថ្ងៃ​៤មេសា។ ផ្នែកចារកិច្ច​​បារាំង​ បានធ្វើការ​ស៊ើបអង្កេត​ដោយ​ផ្ទាល់​​ដល់​​ស៊ីរី មុន​នឹង​ចេញ​សេចក្តី​សន្និដ្ឋាន​ចោទ​ប្រកាន់នៅ​​ថ្ងៃពុធ​នេះ។​​ ការវាយប្រហារ ​ដោយ​អាវុធ​គីមីនៅ​ស៊ីរី​​ថ្ងៃ៤មេសា​ បានសម្លាប់​មនុស្ស​៨៧នាក់ ក្នុង​នោះ​មាន​កុមារ​៣១នាក់។ 

កំទេច​កំទី​នៅ​ផ្លូវ​មួយ ក្នុង​តំបន់​កាន់កាប់​ដោយ​ក្រុមឧទ្ទាម​ស៊ីរី នៅ​ក្រុង​Deraa ភាគ​ខាងត្បូង​
កំទេច​កំទី​នៅ​ផ្លូវ​មួយ ក្នុង​តំបន់​កាន់កាប់​ដោយ​ក្រុមឧទ្ទាម​ស៊ីរី នៅ​ក្រុង​Deraa ភាគ​ខាងត្បូង​ Reuters
ផ្សាយពាណិជ្ជកម្ម

បារាំង​ចោទ​ថា ការវាយប្រហារ​ដោយ​អាវុធ​គីមី នៅ​ស៊ីរី នៅ​ភូមិ ​ Khan Cheikhoun ​ភាគ​ពាយព្យ​ស៊ីរី កាលពី​ថ្ងៃ​៤មេសា គឺ​ជា​ស្នាដៃ​របស់​​កងទ័ព​ស៊ីរី​ប្រាកដ​ណាស់។​ ​​​បើ​យោងតាម​ឯកសារ​របស់​ផ្នែក​ចារកិច្ច​បារាំង ដែល​បានចុះ​ទៅស៊ើប​​អង្កេត​ដល់​​​ស៊ីរី ​រដ្ឋាភិបាល​ស៊ីរី​នៅ​មាន​​អាវុធ​គីមីនៅ​ឡើយ​​ ដែល​នេះ​ជាការ​រំលោភ​លើ​កិច្ចព្រមព្រៀង​ឆ្នាំ២០១៣ ដែល​តំរូវ​អោយ​ស៊ីរី​កំទេច​អាវុធ​គីមី​អោយអស់​ពី​ប្រទេស។

​​ផ្នែក​ចារកិច្ច​បារាំង​បានដក​​ស្រង់​​យក​​​​សារធាតុពុល​សារ៉ាំង​ដែលគេ​​ប្រើវាយប្រហារ​​​ភូមិ​ស៊ីរី ​ឆាន់ ឈែកឃូន​ កាលពី​ថ្ងៃ៤មេសា ​​មកពិនិត្យមើល​ ប្រៀបធៀប​ជាមួយ​សារធាតុពុល​សារ៉ាំង​ដែល​​ប្រើ​ក្នុង​ការវាយប្រហារ​នៅ​​សារ៉ាកេប ភាគ​ពាយព្យ​ស៊ីរី កាលពី​ឆ្នាំ២០១៣។ ​​សារធាតុ​សារ៉ាំង​នៅ​ភូមិ​ខាន់ ឈែកឃូន ដូចគ្នា​ទៅនឹង​សារធាតុ​គីមី​ប្រើ​វាយប្រហារ​​ ​ឆ្នាំ២០១៣ដែរ។ គឺ​ថា​ ​ក្រុម​ស៊ើប​អង្កេត​រកឃើញថា មា​ន​សារធាតុ​ម្យ៉ាង​ដែល​អភិវឌ្ឈន៍​ដោយ​​វិទ្យាស្ថាន​ស្រាវជ្រាវ​​​របស់​ស៊ីរី ដើម្បី​ជួយ​រដ្ឋាភិបាល​​លោក​អាសាដ។ កាលពី​ថ្ងៃចន្ទ ​​អ្នកស្រាវជ្រាវ វិទ្យាសាស្ត្រ​​​នៅ​វិទ្យាស្ថាន​ស៊ីរី​មួយនេះ ចំនួន​២៧១នាក់​ ត្រូវបាន​អាមេរិក​​ដាក់​ទណ្ឌកម្ម។

​បារាំង​សន្និដ្ឋានទៀត​​ថា​ ​ព្រឹក​ថ្ងៃ​៤មេសា គឺ​យន្តហោះកងទ័ព​ស៊ីរី​ពិសេស​យន្តហោះ​ប្រដេញ​ Sukhoi 22 ដែល​បាន​ចេញ​ពី​មូលដ្ឋានអាកាស​​Chayrat ដើម្បីវាយប្រហារ​​ភូមិ​ខាន់ ឈែកឃូន ​ព្រោះ​មានតែ​កងទ័ព​ស៊ីរី​ទេ ដែល​មាន​មធ្យោបាយ​វាយប្រហារ​បែបនេះ។ ​​   ​ ​

បារាំង​​​ចេញ​​ឯកសារ​ស៊ើបអង្កេត​ចោទ​រដ្ឋាភិបាល​លោក​អាសាដ​ ​​ថ្ងៃពុធ​នេះ ​ជា​ការ​​​ឆ្លើយតប​នឹង​លោក​អាសាដដែល​​បាន​ចោទ​​ថា ប្រទេស​លោក​ខាងលិច​បា​នប្រឌិដ្ឋ​រឿង​​​វាយប្រហារ​ដោយ​អាវុធ​គីមី​ថ្ងៃ​៤មេសាឡើង​ ដើម្បី​យកលេស​វាយប្រហារ​ស៊ីរី។ ​ផ្នែក​ចារកិច្ច​បារាំង​​​បាន​អះអាង​​​​ថា​ តាំង​ពីខែ​មេសា ឆ្នាំ​២០១៣មក មាន​​ការវាយប្រហារ​ចំនួន​៥ ​នៅ​ស៊ីរី ជា​ការវាយប្រហារ​ដែល​ប្រើ​​សារធាតុ​ពុល​សារ៉ាំង។

រដ្ឋាភិបាល​ស៊ីរី​​តែង​រង​ការ​ចោទប្រកាន់​ថា បាន​ប្រើ​អាវុធ​គីមី​សម្លាប់​មនុស្ស។ តែ​ស៊ីរី​តែង​បដិសេធ​ហើយ​​តែង​​​ទំលាក់​កំហុស​ទៅ​ខាង​​ក្រុមឧទ្ទាម​។ ការវាយប្រហារ​ដោយ​អាវុធ​គីមី​ថ្ងៃ៤មេសា បាន​ធ្វើអោយ​អាមេរិក​ប្រតិកម្ម​ឡើង​នៅថ្ងៃ​៧មេសា​​ ​ដោយ​បាន​បាញ់​មីស៊ីល​៥៩​ដើម ទៅលើ​មូលដ្ឋាន​ទ័ព​​អាកាស​ស៊ីរី៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ