អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ពិព័រណ៍​យន្តហោះ​ប៉ារីស​២១០៧៖ ​យន្តហោះ​ចម្បាំង ​Rafale ​ទល់នឹង ​F-35

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ពិព័រណ៍​យន្តហោះ​ប៉ារីស​ឆ្នាំ២០១៧ ដែល​ជា​ពិព័រណ៍​យន្តហោះ​អន្តរជាតិ​ដ៏ធំ​បំផុត​មួយ​ បាន​ចាប់ផ្តើម​បើក​ធ្វើ នៅថ្ងៃ​ចន្ទ ១៩​មិថុនា ហើយ​នៅ​ក្នុង​ពិព័រណ៍​យន្តហោះ​បែបនេះ មិនថា​ជា​នៅ​ទីណា​នោះទេ អ្វីដែល​គេទន្ទឹង​រង់ចាំមើល​ច្រើន​ជាងគេ គឺ​ការ​បង្ហាញឫទ្ធ​នៃ​យន្តហោះចម្បាំង។ សម្រាប់​ពិព័រណ៍​ឆ្នាំនេះ ចំណាប់អារម្មណ៍​ត្រូវ​ផ្តោត​ខ្លាំងជាងគេ ទៅលើ​យន្តហោះ ចម្បាំង​ធុនទំនើប​ថ្មីចុងក្រោយ​គេបង្អស់​របស់​អាមេរិក គឺ​ F-35 ក៏ប៉ុន្តែ នៅ​ប៉ារីស​នេះ F-35 នឹង​ត្រូវ​ប្រឈម​នឹង​គូប្រជែង​ដ៏សំខាន់​មួយ គឺ Rafale ដែល​ជា​ម្ចាស់ផ្ទះ។

យន្តហោះ​ចម្បាំង​ធុន F-35 នៅ​ឯ​ពិព័រណ៍​យន្តហោះ​ប៉ារីស ២០១៧
យន្តហោះ​ចម្បាំង​ធុន F-35 នៅ​ឯ​ពិព័រណ៍​យន្តហោះ​ប៉ារីស ២០១៧ REUTERS/Pascal Rossignol
ផ្សាយពាណិជ្ជកម្ម

​នៅ​ក្នុង​ពិព័រណ៍​យន្តហោះប៉ារីស​ឆ្នាំ២០១៧​នេះ បើ​និយាយ​ពី​ផ្នែក​យន្តហោះចម្បាំង គេ​សង្កេតឃើញថា យន្តហោះ​ Sukhoi របស់រុស្ស៊ី​ត្រូវ​អវត្តមាន ដោយសារតែមាន​ទណ្ឌកម្ម​​ដែល​អឺរ៉ុប​ដាក់​លើ​រុស្ស៊ី ចំណែក​យន្តហោះ​ Eurofighter Typhoon របស់​អ៊ែរប៊ូសវិញ​មាន​ត្រឹម​ដាក់​តាំង​បង្ហាញ​​​តែនៅលើ​ដី​ប៉ុណ្ណោះ។ ដូ​ច្នេះ នៅលើ​អាកាស ​នៅសល់​តែ​យន្តហោះ​ពីរ​ប៉ុណ្ណោះ ដែល​ត្រូវ​ប្រជែងគ្នា គឺ​ F-35 របស់​អាមេរិក និង Rafale របស់​បារាំង ហើយ​ការប្រៀបធៀប​យន្តហោះចម្បាំង​ទាំងពីរ​នេះហើយ ដែល​ជា​ប្រធានបទ​នៃ​ការជជែកគ្នា​យ៉ាងផុសផុល នៅ​ក្នុងពិព័រណ៍​យន្តហោះ​ប៉ារីស​នៅពេលនេះ។

បើ​និយាយ​ពី​សមត្ថភាព​ខាង​ចម្បាំង ស្ទើរតែគ្រប់​អ្នក​ជំនាញ​ទាំងអស់​សុទ្ធតែ​យល់ឃើញ​ថា F-35 ថ្វីដ្បិត​តែ​ជា​យន្តហោះ​ដែល​ទើប​នឹង​ផលិត​ថ្មី និង​ប្រើ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ ក៏ប៉ុន្តែ ក៏ហាក់ដូចជា​មិនមាន​សមត្ថភាព​អស្ចារ្យ​លើស Rafale ​ប៉ុន្មាន​នោះដែរ។ គេ​ធ្វើការ​កត់សម្គាល់ថា Rafale ជា​យន្តហោះ​ដែល​មាន​ភាព​រហ័សរហួន​​ជាង ហើយ​​​មាន​ប្រៀបលើ​ F-35 នៅ​ក្នុង​ការប្រដេញគ្នា​លើ​អាកាស ក៏ប៉ុន្តែ F-35 មាន​ប្រៀបលើ​ Rafale ខាងបច្ចេកវិទ្យា​បំបាំងកាយ​ពី​រ៉ាដា។

គេច្រើន​តែ​នាំគ្នា​និយាយ​ថា រវាង Rafale និង F-35 បើ​ប្រយុទ្ធគ្នា​តទល់​មួយទល់​នឹងមួយ​នៅលើ​អាកាស F-35 មាន​លទ្ធភាព​​ឈ្នះ Rafale តិចតួចណាស់ ក៏ប៉ុន្តែ មុននឹង​ចូល​មក​ដល់​ស្ថានភាព​តទល់​គ្នា​មួយទល់​នឹងមួយ​នេះ F-35 អាច​ចាប់ជាប់ Rafale ក្នុង​រ៉ាដា​បានមុន ហើយ​អាច​លប​វាយប្រហារ​ដោយ​មិន​ឲ្យ Rafale ដឹងខ្លួន​ទាន់។ បច្ចេកវិទ្យា​បំបាំងកាយ​ពី​រ៉ាដា​នេះហើយ ដែល​ជា​ចំណុច​ពិសេស​របស់ F-35 ប្រៀបលើ​ Rafale។

ក៏ប៉ុន្តែ​ ការប្រជែងគ្នា​ពី​សមត្ថភាព​ចម្បាំង​គឺ​ជារឿងមួយ ហើយ​អ្វីដែល​​កាន់តែ​​សំខាន់​ជាងនេះ​ទៅទៀត​ នៅ​ក្នុង​ពិព័រណ៍​យន្តហោះ ដែល​តាមពិត​ជា​ពិព័រណ៍ពាណិជ្ជកម្ម​ គឺ​ការ​ប្រជែងគ្នា​ដណ្តើម​ទីផ្សារ។ នៅ​ក្នុងការ​ប្រជែងដណ្តើម​ទីផ្សារ​នេះ មាន​កត្តាពីរ​ដ៏សំខាន់ ក្រៅពី​សមត្ថភាព​ចម្បាំង គឺ​ទីមួយ តម្លៃ និង​ទីពីរ ​បទពិសោធន៍​ និង​សមត្ថភាព​ដែល​បង្ហាញ​ឲ្យ​ឃើញ​ ក្នុង​ប្រតិបត្តិការ​លើ​សមរភូមិ​ជាក់ស្តែង។

ត្រង់ចំណុចទាំងពីរ​នេះ Rafale ជា​អ្នក​មាន​ប្រៀប ដោយសារ​តែ Rafale ធ្លាប់​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ឲ្យ​ទៅ​កាន់​សមរភូមិ​ជាច្រើន​រួចមកហើយ រួមមាន​ដូចជា នៅ​អាហ្វហ្កានីស្ថាន អ៊ីរ៉ាក់ លីប៊ី ស៊ីរី និង​​ម៉ាលី។ ហើយ​នៅ​ក្នុង​សមរភូមិ​អស់​ទាំងនេះ Rafale ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​ប្រតិបត្តិការ​ចម្រុះ រួមមាន​ទាំង ការ​យកការណ៍ និង​ការ​វាយប្រហារ​តាមផ្លូវអាកាស រួមមាន​ទាំង​ការ​ធ្វើ​ប្រតិបត្តិការ​ចេញ​ពី​មូលដ្ឋាន​ទ័ព​ដែល​នៅលើ​ដី និង​ប្រតិបត្តិការ​ចេញ​ពី​នាវាផ្ទុក​យន្តហោះ។

ផ្ទុយ​ពីនេះ​ទៅវិញ F-35 គឺ​ជា​ប្រភេទ​យន្តហោះ​ដែល​ទើប​នឹង​ផលិត​ថ្មី នៅមិនទាន់​បាន​បង្ហាញ​សមត្ថភាព​​ឲ្យ​គេឃើញ​នៅលើ​សមរភូមិជាក់ស្តែងនៅឡើយ ហើយ​លើសពីនេះ​ទៅទៀត កាលពីប៉ុន្មានថ្ងៃ​មុននេះ អាមេរិក​​បាន​ប្រកាស​ឲ្យដឹង​ថា យន្តហោះធុន F-35 ចំនួន ៥៥គ្រឿង ដែល​ទើប​នឹង​ដាក់​ឲ្យ​ដំណើរការ​​ក្នុង​កងទ័ព​អាកាស​អាមេរិក កំពុង​មាន​​បញ្ហា​បច្ចេកទេស ហើយ​ត្រូវ​ផ្អាក​រាល់​ការហោះហើរ​ទាំងអស់។ បញ្ហា​បច្ចេកទេស​នេះ ដែល​​​កើតឡើង​តែ​ប៉ុន្មានថ្ងៃ​មុនពេល​បើក​ពិព័រណ៍​យន្តហោះ​ ​ ថ្វីដ្បិត​តែ​មិនមែន​ជា​បញ្ហា​ធំដុំ តែ​វា​ជា​បញ្ហា​ចោទ​មួយ​ដែរ សម្រាប់​យន្តហោះ​ដែល​ទើប​នឹង​ចេញថ្មី ហើយ​ដែល​កំពុងតែ​ស្វែងរក​ទីផ្សារ។

បញ្ហា​ចោទ​​ដ៏ធំ​មួយទៀត​​គឺ​តម្លៃ។ នៅ​ក្នុងពេល​បច្ចុប្បន្ន​នេះ F-35 ត្រូវ​បាន​គេស្គាល់​ជាទូទៅ​ថា​ជា​យន្តហោះចម្បាំង​ដែល​មាន​តម្លៃថ្លៃជាងគេ​បង្អស់​នៅលើ​ពិភពលោក។ សូម្បីតែ​លោក​ដូណាល់ត្រាំ​ក៏​​ធ្លាប់​បាន​រិះគន់​​យ៉ាងខ្លាំងៗផងដែរ រឿង​តម្លៃ​ដែល​គេ​ត្រូវចំណាយ​លើ​ការ​ផលិតយន្តហោះ​នេះ។

គិតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ កម្មវិធី​ផលិត​យន្តហោះ F-35 រាប់ចាប់តាំង​ពី​ដំណាក់កាល​សិក្សា រហូត​ដល់​ការ​ផលិត ត្រូវ​ចំណាយ​លុយ​រហូតដល់​ទៅ ៤០០ពាន់លាន​ដុល្លារ​អាមេរិក ដែល​ជា​ការ​ចំណាយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ បើធៀប​ទៅនឹង​កម្មវិធីផលិត​យន្តហោះ Rafale ដែល​មាន​ត្រឹមតែប្រមាណ​ជា ៦៣ពាន់លាន​ដុល្លារ។

ការចំណាយ​ដ៏ច្រើន​សន្ធឹកសន្ធាប់​​នៅ​ក្នុង​ការ​ផលិតនេះហើយ ដែល​ធ្វើ​ឲ្យ​ F-35 មាន​តម្លៃ​ថ្លៃ​កប់ពពក គឺ​រហូតដល់​ទៅ​ជាង ១០០លាន​ដុល្លារ​ក្នុងមួយគ្រឿង។ ជា​សំណាងល្អ​ដែល F-35 នេះ​មាន​ការ​បញ្ជាទិញច្រើន​ពី​សំណាក់​កងទ័ព​អាមេរិក គឺ​រហូតដល់​ ២ ៤៥០គ្រឿង ដែល​ជួយ​ឲ្យ​តម្លៃផលិត​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៩៥លានដុល្លារ​ក្នុងមួយគ្រឿង ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ វា​នៅតែ​ជា​តម្លៃ​មួយ​ខ្ពស់ បើប្រៀបធៀប​ទៅនឹង​យន្តហោះ Rafale ជាគូប្រជែង​ ដែល​មាន​តម្លៃ​ក្រោម ៧០លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ