ពិព័រណ៍យន្តហោះប៉ារីស២១០៧៖ យន្តហោះចម្បាំង Rafale ទល់នឹង F-35
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៣៣
ពិព័រណ៍យន្តហោះប៉ារីសឆ្នាំ២០១៧ ដែលជាពិព័រណ៍យន្តហោះអន្តរជាតិដ៏ធំបំផុតមួយ បានចាប់ផ្តើមបើកធ្វើ នៅថ្ងៃចន្ទ ១៩មិថុនា ហើយនៅក្នុងពិព័រណ៍យន្តហោះបែបនេះ មិនថាជានៅទីណានោះទេ អ្វីដែលគេទន្ទឹងរង់ចាំមើលច្រើនជាងគេ គឺការបង្ហាញឫទ្ធនៃយន្តហោះចម្បាំង។ សម្រាប់ពិព័រណ៍ឆ្នាំនេះ ចំណាប់អារម្មណ៍ត្រូវផ្តោតខ្លាំងជាងគេ ទៅលើយន្តហោះ ចម្បាំងធុនទំនើបថ្មីចុងក្រោយគេបង្អស់របស់អាមេរិក គឺ F-35 ក៏ប៉ុន្តែ នៅប៉ារីសនេះ F-35 នឹងត្រូវប្រឈមនឹងគូប្រជែងដ៏សំខាន់មួយ គឺ Rafale ដែលជាម្ចាស់ផ្ទះ។
នៅក្នុងពិព័រណ៍យន្តហោះប៉ារីសឆ្នាំ២០១៧នេះ បើនិយាយពីផ្នែកយន្តហោះចម្បាំង គេសង្កេតឃើញថា យន្តហោះ Sukhoi របស់រុស្ស៊ីត្រូវអវត្តមាន ដោយសារតែមានទណ្ឌកម្មដែលអឺរ៉ុបដាក់លើរុស្ស៊ី ចំណែកយន្តហោះ Eurofighter Typhoon របស់អ៊ែរប៊ូសវិញមានត្រឹមដាក់តាំងបង្ហាញតែនៅលើដីប៉ុណ្ណោះ។ ដូច្នេះ នៅលើអាកាស នៅសល់តែយន្តហោះពីរប៉ុណ្ណោះ ដែលត្រូវប្រជែងគ្នា គឺ F-35 របស់អាមេរិក និង Rafale របស់បារាំង ហើយការប្រៀបធៀបយន្តហោះចម្បាំងទាំងពីរនេះហើយ ដែលជាប្រធានបទនៃការជជែកគ្នាយ៉ាងផុសផុល នៅក្នុងពិព័រណ៍យន្តហោះប៉ារីសនៅពេលនេះ។
បើនិយាយពីសមត្ថភាពខាងចម្បាំង ស្ទើរតែគ្រប់អ្នកជំនាញទាំងអស់សុទ្ធតែយល់ឃើញថា F-35 ថ្វីដ្បិតតែជាយន្តហោះដែលទើបនឹងផលិតថ្មី និងប្រើបច្ចេកវិទ្យាទំនើបចុងក្រោយ ក៏ប៉ុន្តែ ក៏ហាក់ដូចជាមិនមានសមត្ថភាពអស្ចារ្យលើស Rafale ប៉ុន្មាននោះដែរ។ គេធ្វើការកត់សម្គាល់ថា Rafale ជាយន្តហោះដែលមានភាពរហ័សរហួនជាង ហើយមានប្រៀបលើ F-35 នៅក្នុងការប្រដេញគ្នាលើអាកាស ក៏ប៉ុន្តែ F-35 មានប្រៀបលើ Rafale ខាងបច្ចេកវិទ្យាបំបាំងកាយពីរ៉ាដា។
គេច្រើនតែនាំគ្នានិយាយថា រវាង Rafale និង F-35 បើប្រយុទ្ធគ្នាតទល់មួយទល់នឹងមួយនៅលើអាកាស F-35 មានលទ្ធភាពឈ្នះ Rafale តិចតួចណាស់ ក៏ប៉ុន្តែ មុននឹងចូលមកដល់ស្ថានភាពតទល់គ្នាមួយទល់នឹងមួយនេះ F-35 អាចចាប់ជាប់ Rafale ក្នុងរ៉ាដាបានមុន ហើយអាចលបវាយប្រហារដោយមិនឲ្យ Rafale ដឹងខ្លួនទាន់។ បច្ចេកវិទ្យាបំបាំងកាយពីរ៉ាដានេះហើយ ដែលជាចំណុចពិសេសរបស់ F-35 ប្រៀបលើ Rafale។
ក៏ប៉ុន្តែ ការប្រជែងគ្នាពីសមត្ថភាពចម្បាំងគឺជារឿងមួយ ហើយអ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀត នៅក្នុងពិព័រណ៍យន្តហោះ ដែលតាមពិតជាពិព័រណ៍ពាណិជ្ជកម្ម គឺការប្រជែងគ្នាដណ្តើមទីផ្សារ។ នៅក្នុងការប្រជែងដណ្តើមទីផ្សារនេះ មានកត្តាពីរដ៏សំខាន់ ក្រៅពីសមត្ថភាពចម្បាំង គឺទីមួយ តម្លៃ និងទីពីរ បទពិសោធន៍ និងសមត្ថភាពដែលបង្ហាញឲ្យឃើញ ក្នុងប្រតិបត្តិការលើសមរភូមិជាក់ស្តែង។
ត្រង់ចំណុចទាំងពីរនេះ Rafale ជាអ្នកមានប្រៀប ដោយសារតែ Rafale ធ្លាប់ត្រូវបានគេដាក់ពង្រាយឲ្យទៅកាន់សមរភូមិជាច្រើនរួចមកហើយ រួមមានដូចជា នៅអាហ្វហ្កានីស្ថាន អ៊ីរ៉ាក់ លីប៊ី ស៊ីរី និងម៉ាលី។ ហើយនៅក្នុងសមរភូមិអស់ទាំងនេះ Rafale ត្រូវបានគេប្រើនៅក្នុងប្រតិបត្តិការចម្រុះ រួមមានទាំង ការយកការណ៍ និងការវាយប្រហារតាមផ្លូវអាកាស រួមមានទាំងការធ្វើប្រតិបត្តិការចេញពីមូលដ្ឋានទ័ពដែលនៅលើដី និងប្រតិបត្តិការចេញពីនាវាផ្ទុកយន្តហោះ។
ផ្ទុយពីនេះទៅវិញ F-35 គឺជាប្រភេទយន្តហោះដែលទើបនឹងផលិតថ្មី នៅមិនទាន់បានបង្ហាញសមត្ថភាពឲ្យគេឃើញនៅលើសមរភូមិជាក់ស្តែងនៅឡើយ ហើយលើសពីនេះទៅទៀត កាលពីប៉ុន្មានថ្ងៃមុននេះ អាមេរិកបានប្រកាសឲ្យដឹងថា យន្តហោះធុន F-35 ចំនួន ៥៥គ្រឿង ដែលទើបនឹងដាក់ឲ្យដំណើរការក្នុងកងទ័ពអាកាសអាមេរិក កំពុងមានបញ្ហាបច្ចេកទេស ហើយត្រូវផ្អាករាល់ការហោះហើរទាំងអស់។ បញ្ហាបច្ចេកទេសនេះ ដែលកើតឡើងតែប៉ុន្មានថ្ងៃមុនពេលបើកពិព័រណ៍យន្តហោះ ថ្វីដ្បិតតែមិនមែនជាបញ្ហាធំដុំ តែវាជាបញ្ហាចោទមួយដែរ សម្រាប់យន្តហោះដែលទើបនឹងចេញថ្មី ហើយដែលកំពុងតែស្វែងរកទីផ្សារ។
បញ្ហាចោទដ៏ធំមួយទៀតគឺតម្លៃ។ នៅក្នុងពេលបច្ចុប្បន្ននេះ F-35 ត្រូវបានគេស្គាល់ជាទូទៅថាជាយន្តហោះចម្បាំងដែលមានតម្លៃថ្លៃជាងគេបង្អស់នៅលើពិភពលោក។ សូម្បីតែលោកដូណាល់ត្រាំក៏ធ្លាប់បានរិះគន់យ៉ាងខ្លាំងៗផងដែរ រឿងតម្លៃដែលគេត្រូវចំណាយលើការផលិតយន្តហោះនេះ។
គិតមកទល់នឹងពេលបច្ចុប្បន្ននេះ កម្មវិធីផលិតយន្តហោះ F-35 រាប់ចាប់តាំងពីដំណាក់កាលសិក្សា រហូតដល់ការផលិត ត្រូវចំណាយលុយរហូតដល់ទៅ ៤០០ពាន់លានដុល្លារអាមេរិក ដែលជាការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ បើធៀបទៅនឹងកម្មវិធីផលិតយន្តហោះ Rafale ដែលមានត្រឹមតែប្រមាណជា ៦៣ពាន់លានដុល្លារ។
ការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងការផលិតនេះហើយ ដែលធ្វើឲ្យ F-35 មានតម្លៃថ្លៃកប់ពពក គឺរហូតដល់ទៅជាង ១០០លានដុល្លារក្នុងមួយគ្រឿង។ ជាសំណាងល្អដែល F-35 នេះមានការបញ្ជាទិញច្រើនពីសំណាក់កងទ័ពអាមេរិក គឺរហូតដល់ ២ ៤៥០គ្រឿង ដែលជួយឲ្យតម្លៃផលិតធ្លាក់ចុះមកនៅត្រឹម ៩៥លានដុល្លារក្នុងមួយគ្រឿង ក៏ប៉ុន្តែ បើទោះបីជាយ៉ាងនេះក៏ដោយ វានៅតែជាតម្លៃមួយខ្ពស់ បើប្រៀបធៀបទៅនឹងយន្តហោះ Rafale ជាគូប្រជែង ដែលមានតម្លៃក្រោម ៧០លានដុល្លារ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ