ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/03 12h00 GMT
មជ្ឈិមបូព៌ា

ប្រទេស​ជិត៧០​នឹង​មក​ចូលរួម​សន្និសីទក្រុងប៉ារីស​ស្តីពី​ជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន

media  
លោក ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក នឹង​ដឹកនាំគណៈប្រតិភូ​មក​ចូលរួម​សន្និសីទ​ក្រុង​ប៉ារីស ស្តីពី​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន នៅថ្ងៃ​អាទិត្យ ទី១៥ មករា ឆ្នាំ២០១៧ REUTERS/Mandel Ngan/Pool

សន្និសីទ​អន្តរជាតិ ស្តីពី​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ដែល​រៀបចំឡើង​ដោយ​បារាំង នឹ​ងត្រូវ​ចាប់​បើក​ធ្វើ នៅថ្ងៃ​អាទិត្យ​ខាងមុខ នៅ​ក្នុងទីក្រុង​ប៉ារីស។ សន្និសីទ​ដែល​រង​ការ​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​អ៊ីស្រាអែល ក៏ប៉ុន្តែ នៅទីបំផុត​ទៅ នឹង​មាន​ការ​ចូល​រួម​ពី​សំណាក់​​ប្រទេស​យ៉ាងច្រើន ​រហូត​ដល់​ទៅ​ជិត ៧០ប្រទេស ក្នុងនោះ​ក៏​មាន​សហរដ្ឋ​អាមេរិក​ផងដែរ ដែល​តំណាង​ដោយ​លោក​ចន ឃែរី។

សន្និសីទ​ក្រុងប៉ារីស នៅថ្ងៃ​អាទិត្យ ទី១៥មករា​ខាងមុខ​នេះ នឹង​មិនមាន​វត្តមាន​​ប្រមុខដឹកនាំ​អ៊ីស្រាអែល និង​ប្រមុខដឹកនាំ​ប៉ាឡេស្ទីន​នោះទេ ក៏ប៉ុន្តែ ក្នុង​ចំណោម​ប្រទេស​ទាំង ៧០ ដែល​បារាំង​បាន​អញ្ជើញ​ឲ្យ​ចូលរួម ស្ទើរតែ​គ្រប់ប្រទេស​ទាំងអស់​បាន​ឆ្លើយតប​ជាវិជ្ជមាន ដោយ​ភាគច្រើន​បញ្ជូន​តំណាង​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​ឲ្យ​មក​ចូលរួម។

​អ៊ីស្រាអែល ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ចម្រុះ​ស្តាំនិយម ធ្លាប់​បាន​បរិហាររិះគន់​ម្តងហើយ​ម្តងទៀត​មក​លើ​បារាំង ទាក់ទង​នឹង​ការ​រៀបចំ​សន្និសីទ​នេះ ដោយ​បាន​លើកឡើង​ថា សន្តិភាព​ រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន មិនត្រូវ​កើតចេញ​ពី​ការ​ចាប់​បង្ខំ​ដោយ​ភាគី​ទី៣​ណាផ្សេងនោះទេ តែ​ត្រូវ​តែ​កើតចេញ​ពី​ដំណើរការ​ចរចា​ដោយ​ផ្ទាល់ រវាង​ប្រទេស​ទាំងពីរ។ ក៏ប៉ុន្តែ ការ​ចរចា​ដោយផ្ទាល់ រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​នេះ បាន​ជាប់គាំង​អស់រយៈពេល​ជាច្រើន​ឆ្នាំមកហើយ ជាពិសេស គឺ​ដោយសារ​តែ​បញ្ហា​ចម្រូងចម្រាស ជុំវិញ​ការ​ពង្រីក​អាណានិគម​អ៊ីស្រាអែល​លើ​ដែនដី​របស់​ប៉ាឡេស្ទីន។
 
សន្និសីទ​ក្រុង​ប៉ារីស​នៅថ្ងៃ​អាទិត្យ​នឹង​ត្រូវ​បើក​ធ្វើ នៅ​ក្នុង​បរិបទ​នៃ​បច្ចុប្បន្នភាព​ដ៏សំខាន់ពីរ គឺ​ការ​បោះឆ្នោត​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ កាល​ពី​ថ្ងៃទី២៣ធ្នូ ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​ការ​សង់លំនៅឋាន​នៅក្នុង​ទឹកដី​ប៉ាឡេស្ទីន និង​ការ​ឡើង​កាន់តំណែង​របស់​លោក​ដូណាល់ត្រាំ ដែលបាន​បង្ហាញ​ជំហរ​គាំទ្រ​យ៉ាង​ប្តូរផ្តាច់​ចំពោះ​អ៊ីស្រាអែល។
 
ទោះជាយ៉ាងណា សន្និសីទ​ក្រុង​ប៉ារីស​នឹង​មាន​វត្តមាន​របស់​សហរដ្ឋ​អាមេរិក ដោយសារ​តែ​រដ្ឋាភិបាល​របស់​លោក​អូបាម៉ា ដែល​នៅសល់​ពេល​តែមួយសប្តាហ៍​ទៀត​ត្រូវ​ផុតអាណត្តិ បាន​បញ្ជូន​លោក​ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស ​ឲ្យ​មកចូលរួម។
 
គួរបញ្ជាក់ថា បារាំង​បាន​ខ្នះខ្នែង​យ៉ាងខ្លាំង ដើម្បី​ព្យាយាម​បញ្ចុះបញ្ចូល​ប្រមុខដឹកនាំ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ឲ្យ​មក​ចូលរួម​ក្នុង​សន្និសីទ​ក្រុង​ប៉ារីស ក៏ប៉ុន្តែ មាន​តែ​លោក​ម៉ះមូត​ អាបាស់​មួយប៉ុណ្ណោះ​ដែល​ទទួល​ការអញ្ជើញ។ លោក​ប្រមុខដឹកនាំ​ប៉ាឡេស្ទីន​គ្រោង​នឹង​ធ្វើ​ដំណើរ​មក​ប៉ារីស ដើម្បី​ជួប​លោក​ហ្វ្រង់ស័រ ហូឡង់ នៅថ្ងៃ​អាទិត្យ ឬ​ថ្ងៃ​ចន្ទ ក៏ប៉ុន្តែ លោក​នឹង​មិនចូលរួម​ក្នុង​សន្និសីទ​ក្រុង​ប៉ារីស​នោះទេ ដោយសារ​តែគ្មាន​វត្តមាន​អ៊ីស្រាអែល៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ