ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT
មជ្ឈិមបូព៌ា

កិច្ចប្រជុំ​អន្តរជាតិ​ក្រុង​ប៉ារីស​ ទាក់ទង​ជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន​ គ្មាន​វត្តមាន​ភាគី​ទាំង២​

media  
កិច្ចប្រជុំ​អន្តរជាតិ​ទាក់ទង​ជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន​នៅទីក្រុងប៉ារីស ថ្ងៃ​៣មិថុនា​ឆ្នាំ២០១៦​ REUTERS/Kamil Zihnioglu/Pool

ថ្ងៃសុក្រ​នេះ រដ្ឋាភិបាល​បារាំង​រៀបចំកិច្ចប្រជុំ​អន្តរជាតិ​ស្តីពីវិបត្តិជម្លោះ​អ៊ីស្រាអែល​-ប៉ាឡេស្ទីន ដោយ​មានវត្តមាន​ប្រទេស​ចូលរួមជាង​៣០។ ដើម្បីចៀសវាង​ការខ្វែងគំនិត​គ្នា​រវាងអ៊ីស្រាអែល​និង​ប៉ាឡេស្ទីន បង្អាក់ដំណើរការ​កិច្ចប្រជុំ កិច្ចប្រជុំ​ថ្ងៃសុក្រនេះ​ គ្មាន​វត្តមាន​ភាគីជម្លោះ​ទាំង២ទេ។ សម្រាប់​បារាំង កិច្ចប្រជុំទ្វេភាគីផ្ទាល់រវាង​​អ៊ីស្រាអែលប៉ាឡេស្ទីន មិនអាចនឹងកើតចេញជាការ​អ្វីបាន​ឡើយ។

កិច្ចប្រជុំ​ស្តីពី​​វិបត្តិជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន​ បើកធ្វើ​នៅ​ក្រុងប៉ារីស​ ថ្ងៃសុក្រ​នេះ ជា​ការផ្តួចផ្តើម​គំនិត​របស់​បារាំង ក្នុងទិសដៅ​គូសបញ្ជាក់ឡើងវិញ នូវ​ជំហរ​អន្តរជាតិ​គាំទ្រ​អោយ​បង្កើត​រដ្ឋ២ឡើង គឺ​រដ្ឋ​អ៊ីស្រាអែល និង​រដ្ឋប៉ាឡេស្ទីន។​ កិច្ចប្រជុំ​មាន​​វត្តមានចូលរួម​ពី​​រដ្ឋមន្ត្រី​​ការបរទេស​និងតំណាង​ប្រទេស​ជាង៣០​ សម្ព័ន្ធអារ៉ាប់ អង្គការ​សហប្រជាជាតិ​ សហភាព​អឺរ៉ុប។ ​

កិច្ចប្រជុំថ្ងៃសុក្រ​នេះ ធ្វើឡើង​ដើម្បីត្រៀម​រៀបចំ​បើកធ្វើ​សន្និសីទ​អន្តរជាតិ​ ក្រុងប៉ារីស ក្នុង​កំឡុង​ខែតុលា-វិច្ឆិកា​ខាងមុខ​នេះ ដើម្បី​រក​ដំណោះស្រាយ​​បញ្ចប់​ជម្លោះ​ដ៏រ៉ាំរ៉ៃ នៅ​តំបន់​ដើមបូព៌ា។

តាំងពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ ក្រសួង​ការបរទេស​អ៊ីស្រាអែល​បានប្រកាស​ជំទាស់​នឹង​ដំណោះស្រាយ​​ជម្លោះ​បែបពហុភាគី។ ក្រុងទែល អាវីវ នៅតែ​ប្រកាន់ជំហរ​គាំទ្រ​ដំណោះស្រាយ​​វិបត្តិតាមបែ​ប​ការចរចា​ទ្វេភាគី រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន។

ប៉ុន្តែ សម្រាប់​រដ្ឋាភិបាល​បារាំង ដំណោះស្រាយ​បែបនេះ​មិនអាច​ជួប​ជោគជ័យ​ឡើយ។ ប្រមុខការ​ទូត​បារាំង លោក​ហ្សង់ម៉ាក អៃរោល ឆ្លើយតប​ទៅ​អ៊ីស្រាអែល​វិញថា ពួកគេ​មិន​បាន​សន្ទនា​គ្នាទេ ប៉ុន្តែ ការ​ដាក់​អាណានិគម​នៅតែ​បន្ត ហិង្សា​នៅតែ​កើនឡើង មនុស្ស​មានការ​អស់សង្ឃឹម​​ ខណៈ​​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម​​ឯណោះវិញ​កាន់តែ​បន្ត​យុទ្ធនាការ​ឃោសនា​​របស់ខ្លួន ហើយ​ក្រុមអាល់កៃដា បន្ត​រីករាលដាល​ក្នុង​គ្រប់​តំបន់។ នេះជា​ស្ថានភាព​ដ៏​​គ្រោះថ្នាក់​បំផុត។

កិច្ចពិភាក្សាថ្ងៃសុក្រនេះ ​មិនបាន​ផ្តោត​លើ​ខ្លឹមសារ​ក្បោះក្បាយ​ស៊ីជម្រៅអ្វីទេ។ បារាំង​គ្រាន់តែចង់​អោយ​បង្កើត​ក្រុមការងារ​ ជុំវិញ​ប្រធានបទ​ជាក់ស្តែងមួយ បែបយ៉ាង​ ការ​ស្វែងរក​​វិធានការ​ដើម្បី​កាត់បន្ថយ​ភាពតានតឹង​​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន ការជំរុញ​ផ្នែក​សេដ្ឋកិច្ច ដើម្បី​បញ្ចប់ភាពតានតឹង​​ ការធានា​នូវ​ស្ថិរភាព​តំបន់​ជាដើម។

សម្រាប់​ប៉ាឡេស្ទីន​ កិច្ចប្រជុំ​ថ្ងៃសុក្រ​នេះ មាន​លក្ខណៈ​ចាំបាច់​ណាស់ ព្រោះ​​២៥ឆ្នាំ​មកហើយ​​ដែល​ប៉ាឡេស្ទីន​ចរចា​ជាមួយ​អ៊ីស្រាអែល ក្រោម​​​អន្តរការីរបស់​​អាមេរិក​តែមួយ​គត់ តែ​មិន​សម្រេច​​បាន​លទ្ធផល​អ្វីឡើយ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ