អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ជម្លោះ​​បូរណភាព​​សមុទ្រ​​ចិន៖​ចិន​បរិហារ​តប​អាមេរិក​និង​ជប៉ុន​វិញ​ ថា​ប្រើ​សំដី​ផ្គើន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភាព​តានតឹង​ក្នុង​ជម្លោះ​បូរណភាព​ដែនទឹក​ នៅ​សមុទ្រ​ចិន បាន​ឡើង​ដល់​កំពូល។ នៅថ្ងៃ​អាទិត្យ​នេះ ​ក្រុង​ប៉េកាំង​​បាន​បរិហារ​​​​តបត​នាយករ​ដ្ឋមន្ត្រី​ជប៉ុន និង​ប្រមុខ​ការពារ​ជាតិ​អាមេរិក​ ​ថា​បាន​ប្រើ​ពាក្យសំដី​ផ្គើន​ចិន ក្នុង​រឿង​ជម្លោះ​បូរណភាព​សមុទ្រ​ចិន។ ប្រមុខ​ការពារជាតិ​​អាមេរិក​ ឆាក់ ហាហ្កែល និង​នាយករដ្ឋមន្ត្រី​ជប៉ុន ស្ហ៊ីនសូ អាបេ​ ​​បាន​ចោទ​ថា ​ចិន​​​ធ្វើសកម្មភាព​​​បង្ក​អស្ថិរភាព​ នៅ​សមុទ្រ​ចិន។ ​​លោក​ហាហ្កែល​បន្ថែម​ថា ​អាមេរិក​នឹង​មិន​នៅ​ស្ងៀម​ឡើយ ​​បើ​សណ្តាប់ធ្នាប់​អន្តរជាតិ​រង​ការគំរាម​កំហែង​។

​ឧត្តមសេនីយ៍ចិន​ Wang Guanzhong ​ក្នុង​វេទិកា​សន្តិសុខ​អាស៊ី​ប៉ាស៊ីហ្វិក នៅ​​សិង្ហបុរី​ ថ្ងៃ​១មិថុនា​នេះ។
​ឧត្តមសេនីយ៍ចិន​ Wang Guanzhong ​ក្នុង​វេទិកា​សន្តិសុខ​អាស៊ី​ប៉ាស៊ីហ្វិក នៅ​​សិង្ហបុរី​ ថ្ងៃ​១មិថុនា​នេះ។ REUTERS/Edgar Su
ផ្សាយពាណិជ្ជកម្ម

ចិន​មិនអាច​ទទួលយក​ពាក្យ​​​ចោទ​ប្រកាន់​ ពី​សំណាក់​អាមេរិក​ និង​ជប៉ុន ​ក្នុង​ជម្លោះ​បូរណភាព​ដែនទឹក នៅ​​សមុទ្រ​ចិន​

មាន​វត្តមាន​ក្នុង​វេទិកា​​សន្តិសុខ​អាស៊ី​ប៉ាស៊ីហ្វិក នៅ​សិង្ហ​បុរី ​ឧត្តមសេនីយ៍ចិន​ ​វ៉ាង គ័នចុង Wang Guanzhong ​លើកឡើង​​​ថា ​ចិន​មិនអាច​ទទួល​យក​ការ​ប្រកាស​​របស់​​មេដឹកនាំ​នយោបាយ​​ទាំង២​នេះ​ឡើយ។ គណប្រតិភូ​ចិន​ដែល​មាន​វត្តមាន​ក្នុង​វេទិកា​សន្តិសុខ​អាស៊ី​ប៉ាស៊ីហ្វិក ចាត់ទុក​​ការ​ប្រកាស​បែបនេះ ទៅនឹង​សកម្មភាព​ផ្គើន​ប្រឆាំង​ចិន​។ រដ្ឋមន្ត្រីការពារ​ជាតិ​បារាំង​ បាន​អំពាវនាវ​អោយ​​​ចិន​និង​ជប៉ុន​ចេះ​អត់ធ្មត់​នឹងគ្នា ចៀសវាង​​ធ្វើអោយជម្លោះ​កាន់តែ​ដុនដាប​ខ្លាំង។
 

​ក្នុង​រឿង​ជម្លោះ​ដែនទឹក​ នៅ​សមុទ្រ​ចិន​ខាងត្បូង​នេះ ចិន​មិនអាចបណ្តោយ​​​អោយ​អាមេរិក​ និង​ជប៉ុន ចោទ​ខ្លួន​បាន​ស្រេច​តែ​ក្បាលចិត្ត​ទេ ព្រោះថា ចិន​គិតថា ខ្លួន​ចេះអត់ធ្មត់​ ចេះ​គិត​ដល់​ដំណោះស្រាយ​សន្តិវិធី។ ប្រមុខការពារ​ជាតិ​អាមេរិក ហ៊ាន​​ប្រើ​ពាក្យ​ថា​ ចិន​បង្ក​អស្ថិរភាព​​​​នៅ​សមុទ្រ​ចិន​​​បែបនេះ ចិន​យល់ថា​ វា​មិនមែន​ការ​ប៉ុនប៉ង​​រក​ដំណោះស្រាយ​ទេ តែ​វា​​​ជា​សកម្មភាព​ផ្គើនទៅវិញ​ទេ។  ចិន​ធ្លាប់​ប្រាប់ថា ​ដំណោះស្រាយ​ក្នុង​ជម្លោះបូរណភាព​ដែនទឹក​នេះ គេ​អាចចរចា​​គ្នា​​រវាង​ប្រទេស​និមួយៗ​​​​បាន មិន​ចាំបាច់​ដល់​ថ្នាក់​ធ្វើអោយ​ក្លាយ​ជា​បញ្ហា​អន្តរជាតិ​ទេ។ ​ក្នុង​ពេល​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បំពេញទស្សនកិច្ច​នៅចិន ថ្មីៗ​នេះ​ ប្រធានាធិបតី​​ស៊ី ជីនពីង ទើប​​​បាន​​សន្យា​ថា​ ​ចិន​នឹង​មិន​បង្ក​ភាពវឹកវរ​​ នៅ​សមុទ្រ​ចិនទេ ដូច្នេះ ​ប្រើពាក្យ​​ចោទ​ចិន​ថា​ បង្ក​អស្ថិរភាព​​​ ចិន​មិនអាច​ទប់​ចិត្ត​បានទេ។

គួររំលឹក​ថា ភាព​តានតឹង​បាន​ឡើង​ដល់កំពូល​នៅ​សមុទ្រ​ចិន​ គឺ​ចាប់​ពី​ដើម​ខែ​ឧសភា​មុននេះ​មក ពេល​ចិន​បាន​បោះគ្រឿងចក្រ​ដើម្បី​​ខួង​បូមប្រេង​នៅបាត​សមុទ្រ ក្នុងតំបន់​ប្រជុំកោះ​ប៉ារ៉ាសែល​ ជាប់​ជម្លោះ​ជាមួយ​វៀតណាម។ ដោយសារ​ទង្វើ​​នេះ ប្រជាជន​វៀតណាម​បាន​បះបោរ​ធ្វើបាតុកម្ម​ក្នុង​ស្រុក ប្រឆាំង​ផល​ប្រយោជន៍​ចិន វាយប្រហារ​រោងចក្រ​បរទេស​ជាច្រើន​ ធ្វើ​អោយ​មាន​មនុស្ស​របួស​និង​ស្លាប់ ក្នុង​នោះ​ជនជាតិ​ចិន​ក៏​មាន​ស្លាប់ដែរ។ បន្ទាប់​មក​ចិន ក៏​ជម្លៀស​ប្រជាជន​ចេញ​ពី​វៀតណាម និង​ព្យួរ​ផែនការ​ពាណិជ្ជកម្ម​មួយចំនួន​ជាមួយ​វៀតណាម​ផងដែរ។ ដោយសារ​រឿងនេះ វៀតណាម​ខូចមុខមាត់​សម្រាប់​ការវិនិយោគ​ក្នុង​ស្រុក ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ។

តែ​នៅ​ម្ខាងទៀត​នោះ វៀតណាម​​ចោទ​ចិន​ថា បាន​ចូល​មក​​ឈ្លានពាន​​ធ្វើ​សកម្មភាព​បូមប្រេង ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​​វៀតណាម។​​ វៀតណាម​ហ៊ាន​រហូត​គម្រាម​ប្តឹង​ចិនទៅ​​តុលាការ​អន្តរជាតិ​ទៀតផង។ ​​​តែ​ចិន​ហាក់​មិន​ញញើត​នឹង​ការគម្រាម​នេះទេ ព្រោះថា​ ​សម្រាប់​ចិន សកម្មភាព​ខួង​បូមប្រេង​ នៅបាតសមុទ្រនោះ​ គ្មាន​អ្វី​ខុសច្បាប់​អន្តរជាតិទេ។ ចិន​សំអាង​លើ​ហេតុផល​ប្រវត្តិសាស្ត្រ​​​ថា ដែន​ទឹក​មួយចំណែក​ធំ នៅ​សមុទ្រ​ចិននេះ​ គឺ​​​​ជា​កម្មសិទ្ធិ​​​​ចិន​រាប់រយ​ឆ្នាំ មកហើយ។  ភាពតានតឹង​ចិន-វៀតណាម​​ ​បាន​ផ្ទុះជាថ្មី​បន្ត​មក​ទៀត​ កាលពី​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​នេះ​ ពេល​​ទូក​នេសាទ​វៀតណាម​បាន​លិច​ ដោយសារ​​ប៉ះ​ទង្គិច​​ជាមួយ​ទូកចិន ​នៅ​មិនឆ្ងាយ​ពី​តំបន់​ដែល​ចិន​កំពុង​ខួង​បូមប្រេង។

មាន​ហេតុការណ៍​តានតឹង​ថ្មី​​មួយ​ទៀតដែរ​រវាង​ចិន​និង​ជប៉ុន​​​​ ​គឺថា​​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​ យន្តហោះ​​​ប្រដេញ​ចិន​​​ ២គ្រឿង ​​និង​យន្តហោះ​យោធា​ជប៉ុន​ស្ទើរ​តែ​បាន​បើក​ឆាប​គ្នា។ អាមេរិក​បានចេញមុខ​ការពារ​ជប៉ុន​ភ្លាម ដោយ​​​ព្រមានអោយ​​ចិន​ប្រុងប្រយ័ត្ន​ចំពោះ​​​មហិច្ឆតា​ នៅ​សមុទ្រ​ចិន​ខាងកើត។

គួរ​រំលឹក​ដែរថា ​សមុទ្រ​ចិន​សំបូរ​ធនធាន​ប្រេង និង​ឧស្ម័ន ​ដូច្នេះ ប្រទេសជម្លោះ​និមួយៗ​នៅទីនោះ មានដូច​ជា​​​​ហ្វីលីពីន តៃវ៉ាន់ រឺ​ក៏​ម៉ាឡេស៊ី​នោះ​ ពិត​ជា​ចង់​បានប្រយោជន៍តែ​រៀងខ្លួន​​ដូច្នេះ​ហើយ។ ហើយ​ប្រទេស​មហា​អំណាច​​ធំៗ​ប៉ុណ្ណោះ​ ​ដែល​ហ៊ានក្អេងក្អាង​ដាក់គ្នា​ បែបយ៉ាង​ជប៉ុន​​និង​ចិន​នេះឯង។ ភាពតានតឹង​ឡើង​ដល់​កំពូល​ក៏​ពិតមែន ប្រទេស​និមួយៗ​នៅតែ​ប្រកាន់​ថា ដោះស្រាយ​តាម​សន្តិវិធី ​ដូច្នេះ ​ជម្លោះ​ទឹកដី​​នេះ វា​មិនងាយ​ចប់ទេ។

គ្រប់គ្នាព្រួតគ្នា​រិះគន់ ចំអក​ចិន ក្នុង​ជម្លោះ​បូរណភាព​ដែនទឹក​​ ពិសេស​អាមេរិក​ដែល​ជួយ​ប្រទេស​ដៃគូ​នៅ​អាស៊ី ឈ្លោះ​ជាមួយ​ចិន

ប្រាក​ដណាស់ អាមេរិក​ពង្រឹង​ការគាំទ្រ​ចំពោះប្រទេស​ដៃគូ​ខ្លួន​នៅអាស៊ី បែបយ៉ាង​ជប៉ុន រឺ​ក៏​កូរ៉េខាងត្បូង ​ដើម្បី​ពង្រីក​ឥទ្ធិពលខ្លួន និងទប់​បន្ថយ​ឥទ្ធិពល​​ចិន។ ​ម្យ៉ាងទៀត​ ​ពេលនេះ ក្នុង​សំណុំរឿង​អន្តរជាតិ​ក្តៅគគុក​ផ្សេងៗ​ ​​អាមេរិក​កំពុង​ប្រឈម​​ជាមួយ​មហាអំណាច​រុស្ស៊ី។ ដូច្នេះ ពេលនេះ ​អាមេរិក​​​កំពុង​ភ័យ​​ខ្លាច​ចិន​ខិត​ទៅ​រក​​​រុស្ស៊ី​។ ​យើង​ឃើញ​ថា ចិន​ក៏​មិនខ្លាច​នឹង​ចាប់ដៃ​រុស្ស៊ី ដើម្បី​ព្រមាន​បក​ទៅ​អាមេរិក​ដែរ បែបយ៉ាង កងទ័ព​ចិន​និងរុស្ស៊ី​បាន​ធ្វើ​សមយុទ្ធ​យោធា​ជើងទឹក​​ជាមួយ​គ្នា។

យើង​សង្កេត​ឃើញ​រឿងរ៉ាវ​ភ័យព្រួយ​របស់​អាមេរិក​​នេះច្បាស់ គឺ​នៅពេល​អាមេរិក​ព្រមាន​ចិន ​ក្រោយហេតុការណ៍​ប៉ះទង្គិច​​យន្តហោះ​​ចិន និងជប៉ុន​ កាលពី​១អាទិត្យ​​មុន​នេះឯង។ ​យោងតាម​​​​សារព័ត៌មាន​​​​ ​យន្តហោះប្រដេញចិន​២គ្រឿង បាន​ហោះ​ត្រួតពិនិត្យ​​​សមយុទ្ធ​យោធា​រវាង​ចិន​និងរុស្ស៊ី នៅភាគខាងជើង​សមុទ្រ​ចិន​ខាងកើត គឺ​មិនឆ្ងាយ​​ពី​​ដែនទឹក​ជប៉ុន​ទេ តែ​​យន្តហោះចិន​មិនបាន​ចូល​ក្នុង​ដែន​អាកាស​ជប៉ុនទេ។ ផ្នែកការពារ​ជាតិ​ចិន​ថែមទាំង​ចោទ​ទៅ​ជប៉ុន​វិញ​ផងថា យន្តហោះ​ជប៉ុន​២គ្រឿងបាន​ចូល​មក​​ដែន​អាកាស​ចិន ដោយ​មិនបាន​ប្រាប់​អត្តសញ្ញាណ។ ដូច្នេះ អាច​ថា យន្តហោះ​ជប៉ុន​ទាំង២គ្រឿង​នេះ ជួយអាមេរិក ​ដើម្បី​មក​លួច​តាមដាន​​សមយុទ្ធ​យោធា​រវាង​ចិន​និងរុស្ស៊ី​​ ក៏ថា​បាន​ដែរ។ ​​

ពេល​វិបត្តិ​អ៊ុយក្រែន​កំពុង​​ពុះកញ្ជ្រោល​រាល់ថ្ងៃនេះ មហាអំណាច​ចិន​និងរុស្ស៊ីចាប់ដៃ​គ្នាផ្នែក​យោធា​​ មិនមែន​ជា​​រឿង​ល្អ​សម្រាប់​អាមេរិក​​​ទេ ពិសេស​ចិន​ទើប​តែព្រមានថា មិនបង្ក​ភាពវឹក​វរ​មែន​ តែ​​​នឹង​ប្រតិកម្ម​តបតទៅ​នឹង​ការផ្គើនរបស់​ប្រទេស​ដែល​ជាប់ជម្លោះ។

បើ​យើង​​មើល​ផ្នែក​យោធា​ចិន៣ឆ្នាំ​មកនេះ​​​ទៀតសោត ក្រុង​ប៉េកាំង​បាន​បង្កើន​ថវិកា​ការពារ​ជាតិ​​ជា​បន្តបន្ទាប់។ ឯអាមេរិក​វិញ ​ចង់​កាត់​បន្ថយ​ការចាយវាយ​​ផ្នែក​យោធា ដើម្បី​ដោះស្រាយ​​​វិបត្តិ​ថវិកា។ ដូច្នេះ អាមេរិក​ចង់​មិន​ចង់​ ក៏​ញញើត​នឹង​​ផ្នែក​​​យោធា​ចិន ដែល​កំពុង​តែ​​ចាប់ដៃ​រុស្ស៊ី​​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ