ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/10 12h00 GMT
កម្ពុជា

តំណាង​សហគមន៍ ដាក់​ញត្តិ ទៅ​កាន់​ទូត​ចិន ស្នើ​សុំ​បញ្ឈប់​ការ​វិនិយោគ​របស់​ចិន លើ​ទំនប់​វារី​អគ្គិសនី នៅ​ខេត្ត​ស្ទឹងត្រែង​ និង​ខេត្ត​រតនគិរី​

media  
អ្នកស្រុក ដែល​រស់ នៅជាប់ដងទន្លេសេសាន ក្នុងខេត្តរតនគិរី។ ©Navin/RFI

តំណាង​សហគមន៍ នៅ​ខេត្ត​រតនគិរី និង​ខេត្ត​ស្ទឹងត្រែង នឹង​យក​ញត្តិ ទៅ​ដាក់នៅ​ស្ថានទូត​ចិន ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ទៅ​កាន់​អ្នក​វិនិយោគ​ចិន ឲ្យ​បញ្ឈប់​ការ​វិនិយោគ លើ​ទំនប់​វារី​អគ្គិសនី នៅ​ទន្លេ​ស្រែពក និង​ទន្លេ​សេសាន។ ការ​សាងសង់​ទំនប់​វារី​អគ្គិសនី នៅ​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី បោះទុន​ដោយ​អ្នក​វិនិយោគ​ចិន បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ធនធាន​ធម្មជាតិ​ផង និង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​សហគមន៍​ផង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​តំណាង​សហគមន៍ លោក មៀច មាន។

ជាការ​ស្វែងរក​អន្តរាគមន៍​ថ្មី​មួយទៀត របស់​ប្រជា​សហគមន៍​តាម​ដង​ទន្លេស្រែពក និង​ទន្លេសេសាន ក្នុង​ខេត្តស្ទឹងត្រែង និង​ខេត្តរតនគិរី។ នោះ​គឺ​តំណាង​ប្រជា​សហគមន៍ នឹង​កាន់​ញត្តិ យកទៅ​ជូន​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា នៅ​ម៉ោង ៨ និង ៣០ នាទី ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី១២ធ្នូ​ស្អែក​នេះ។

ញត្តិ​របស់​សហគមន៍ មាន​សំណើ ៣ ចំណុច ដើម្បី​សុំ​ឲ្យ​ឯកអគ្គរដ្ឋទូត​ចិន អន្តរាគមន៍ ទៅកាន់​ក្រុមហ៊ុន​ចិន ៣ ដែល​បាន​បោះទុន​វិនិយោគ​វា​រី​អគ្គិសនី ៣ កន្លែង នៅ​ទន្លេស្រែពក និង​ទន្លេ​សេសា​ន្ត ក្នុង​ខេត្តស្ទឹងត្រែង និង​ខេត្តរតនគិរី ឲ្យ​ដក​ភាគហ៊ុន ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ឈប់​វិនិយោគ សាងសង់​ទំនប់​វា​រី​អគ្គិសនី​តទៅទៀត។

ការវិនិយោគ​វា​រី​អគ្គិសនី របស់​ក្រុមហ៊ុន​ចិន ដែល​លោក មៀ​ច មាន អ្នកសម្របសម្រួល​បណ្តា​ញ​ការពារ​ទន្លេសេសាន ស្រែ​ពក និង​ទន្លេសេកុង អះអាងថា ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រជា​សហគមន៍ អ្នករស់នៅ​តាម​ដង​ទន្លេ នៅ​ខេត្តស្ទឹងត្រែង និង​ខេត្តរតនគិរី។ តាម​តំណាង​សហគមន៍ ធនធានធម្មជាតិ និង​ត្រី​គ្រប់​ប្រភេទ ក៏ត្រូវ​បំផ្លាញ ហើយ​ប្រជា​សហគមន៍ ក៏ត្រូវ​រុះរើ​លំនៅដ្ឋាន ដោយសារតែ​ការអភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី​ទាំងនោះ។

មិនទាន់មាន​អត្ថាធិប្បាយ​ពី​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា អំពី​គម្រោង​ដាក់​ញត្តិ​របស់​ប្រជា​សហគមន៍ ដើម្បី​ឲ្យ​បញ្ឈប់​គំរោង​វិនិយោគ​របស់​ចិន តាម​ទន្លេ នៅ​ខេត្ត​ភាគ​ឥ​សាន្ត នៅឡើយ​ទេ។

ជាការ​កត់សម្គាល់ នៅពេលនេះ ក្រុមហ៊ុន​ចិន សហការ​ជាមួយ​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា គិត​ម៉េង កំពុងដំណើរការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន្ត​ក្រោម២ ក្នុង​ខេត្តស្ទឹងត្រែង ខណៈដែល​ក្រុមហ៊ុន​ចិន​ពីរ​ទៀត កំពុងតែ​សិក្សា​ពី​ផលប៉ះពាល់​បរិស្ថាន ដើម្បី​ឈានទៅ​សាងសង់​ទំនប់​វា​រី​អគ្គិសនី ២ទៀត នៅ​ទន្លេ​សេ​សាន្ត​ក្រោម ទី៣ និង​នៅ​ទន្លេស្រែពក ក្នុង​ខេត្តស្ទឹងត្រែង និង​នៅ​ខេត្តរតនគិរី៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ