អានតួអត្ថបទ
កម្ពុជា

ចោរ​លួច​ព្រះសុវណ្ណ​កោដ្ឋ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ខេត្ត​កណ្តាល​

ប៉ូលិស​ជាតិ​បាន​រៀបចំ​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១០​កុម្ភៈ​នេះ ដើម្បី​ប្រកាស​អំពីការ​បញ្ជូន​ជន​សង្ស័យ​លួច​ព្រះសុវណ្ណ​កោដ្ឋ និង​ស្ត្រី​ម្នាក់ ដែល​ជា​អ្នក​ទទួល​ផល​ចោរកម្ម​ទៅ​តុលាការ​ខេត្ត​កណ្តាល។​ សន្និសីទ​កាសែត ត្រូវ​បាន​ដឹកនាំ​ធ្វើ ដោយ​លោក​ឧត្តមសេនីយឯក ម៉ក់ ជី​តូ ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌​នៃ​ក្រសួង​មហាផ្ទៃ។

ជនសង្ស័យ​លួច​ព្រះសុវណ្ណកោដ្ឋ ដែល​ប៉ូលិស​បាន​ចោទ​ប្រកាន់
ជនសង្ស័យ​លួច​ព្រះសុវណ្ណកោដ្ឋ ដែល​ប៉ូលិស​បាន​ចោទ​ប្រកាន់ @អគ្គស្នងការដ្ឋាន នគរបាលជាតិ
ផ្សាយពាណិជ្ជកម្ម

ជនសង្ស័យ​លួច​ព្រះសុវណ្ណកោដ្ឋ និង​ស្ត្រីម្នាក់ដែល​ត្រូវ​បាន​ចាប់​ខ្លួន ក្រោម​បទ​ចោទប្រកាន់​ទទួល​ផលចោរកម្ម​នោះ​ ត្រូវបាន​បញ្ជូន​ទៅសាលាដំបូង​ខេត្តកណ្តាល​ហើយ នេះ​បើតាម​ការ​បញ្ជាក់របស់​លោក​ម៉ក់ ជីតូ ប្រធាន​នាយកដ្ឋានកណ្តាល​នគរបាល​យុត្តិធម៌ នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ចន្ទទី​១០កុម្ភៈនេះ។

ជនសង្ស័យ​ឈ្មោះ​កែវ រស្មី អាយុ​២៤​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាល​ពី​ថ្ងៃ​រសៀល​ទី​៦​កុម្ភៈ​សប្តាហ៍​មុន នៅ​ក្នុង​ស្រុក​ទ្រាំង​ខេត្ត​តាកែវ បន្ទាប់ពី​ប៉ូលិស​បាន​ដាក់ការសង្ស័យ​ទៅ​រូប​គេ ថា​ពាក់ព័ន្ធ​ទៅនឹង​ការ​លួច​ព្រះសុវណ្ណកោដ្ឋ និង​ព្រះពុទ្ធរូប​ជាច្រើនអង្គ នៅក្នុង​ព្រះសក្យមុនីចេតិយ​លើ​កំពូល​​ភ្នំព្រះរាជទ្រព្យ។ នៅ​ថ្ងៃ​ឃាត់ខ្លួនជនសង្ស័យនោះ ប៉ូលិស​បាន​រក​ឃើញ ព្រះ​សុវណ្ណកោដ្ឋ​​ និង​ព្រះសារីរិកធាតុ​ និង​វត្ថុមាន​តម្លៃជាច្រើន​ទៀត។

ទោះយ៉ាងណាក៏ដោយ ​នៅ​ក្នុង​សន្និសីទកាសែត​នៅព្រឹកថ្ងៃចន្ទនេះ លោកម៉ក់ ជីតូ​បាន​បញ្ជាក់​ថា សមត្ថកិច្ច​នឹង​បន្ត​ស្វែងរក​ចាប់មេខ្លោង​ដែលនៅពីក្រោយ​ចោរកម្ម​នេះ។

ហេតុការណ៍​ចោរកម្ម​លួច​ព្រះសុវណ្ណកោដ្ឋដំកល់ព្រះសារីរិកធាតុ និង​ព្រះពុទ្ធអង្គ​ជាច្រើន​នោះ នៅ​លើ​កំពូល​ភ្នំព្រះរាជទ្រព្យ ត្រូវបាន​បែកធ្លាយ​ខ្ចរខ្ចាយ​នៅថ្ងៃទី​៩​ខែ​ធ្នូ​កន្លងទៅ។ ភ្លាមៗ​នោះ ឆ្មាំ​យាម​ទាំងអស់ត្រូវបាន​ចាប់សួរចម្លើយ រហូត​ដល់​ការ​រក​ឃើញ​ជនសង្ស័យ ជាមួយ​​នឹង​ព្រះសុវណ្ណកោដ្ឋ​កាលពីសប្តាហ៍​មុន។

នៅពេលនេះ ព្រះសុវណ្ណកោដ្ឋ និង​ព្រះបរមសារីរិកធាតុ​ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី គង់ សំអុល ​ដង្ហែ​យក​មក​រក្សា​ទុក​នៅ​ក្នុង​ព្រះបរមរាជវាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ