អានតួអត្ថបទ
អារ៉ាប៊ីសាអូឌីត

អារ៉ាប៊ីសាអ៊ូឌីត ធានាថានឹងស្តារសមត្ថភាពផលិតប្រេងឱ្យ​ដល់កម្រិតដើមវិញក្នុងពេលឆាប់ៗ

រដ្ឋមន្ត្រីក្រសួង​ថាម​ពលអារ៉ាប៊ីសាអ៊ូឌីត​ អះអាង​ថា អារ៉ាប៊ីសាអ៊ូឌីត អាច​នឹង​ស្តារសមត្ថភាព​ផលិត​ប្រេង​ឱ្យ​កម្រិត​ដូច​ដើម​វិញ នៅ​ចុង​ខែ​វិច្ឆិកា​ខាងមុខ។ ការ​ធានា​អះអាង​ដូច្នេះ គឺ​បន្ទាប់ពី រោង​ចក្រ​បូមប្រេង​ឆៅដ៏​ធំ​ចំនួន​ពីរ​កន្លែង​របស់អារ៉ាប៊ីសាអ៊ូឌីត ត្រូវ​រង​ការ​វាយ​ប្រហារ​ កាលពី​សប្តាហ៍​មុន​។ ក្រោយ​ការ​វាយ​ប្រហារ​ទៅលើ​រោង​ចក្រ​នេះ, ពិភព​លោក​កំពុង​តែ​ជ្រួល​ច្របល់​ ដ្បិត​ការផលិត​ប្រេង​របស់​អារ៉ាប៊ីសាអ៊ូឌីត ធ្លាក់​ចុះ​ពាក់​កណ្តាល ហើយការ​នាំចេញ​ទៅកាន់​ប្រទេសអ្នក​​ប្រើ​ប្រាស់​លើលោក ធ្លាក់​ចុះ​ចំនួន​ប្រមាណ​៦ភាគរយ។ 

អង្គម្ចាស់ អាដែល អាល់ស៊ីល ប៊ែនសាលម៉ាន់ (Abdel Aziz ben Salman) ជារដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប៊ីសាអ៊ូឌីត។
អង្គម្ចាស់ អាដែល អាល់ស៊ីល ប៊ែនសាលម៉ាន់ (Abdel Aziz ben Salman) ជារដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប៊ីសាអ៊ូឌីត។ REUTERS/Ben Job
ផ្សាយពាណិជ្ជកម្ម

«ពីរបី​ថ្ងៃ​ចុងក្រោយ​នេះ អារ៉ាប៊ីសាអ៊ូឌីត​ បាន​ប្រឹងប្រែងស្តារ​​ផលិតកម្ម​​ប្រេង ដោយ​បាន​​ស្រោច​ស្រង់​មកឡើង​វិញ ​បាន​ចំនួន​ពាក់​កណ្តាល​នៃការ​ខាត​ប​ង់។» នេះជាបន្ទូល​​របស់​ព្រះ​អង្គម្ចាស់ Abdel Aziz ben Salman ដែល​បានថ្លែង​​បញ្ជាក់ នៅក្នុង​សន្និសីទ​សារព័ត៌មាន ពី​កំពង់​ផែ​ដឹកប្រេង ជីដដាហ៍ (Jeddah) នៅ​ភាគ​ខាង​លិច​ប្រទេស។

ព្រះអង្គ​រដ្ឋមន្ត្រី​ក្រសួង​ថាម​ពលអារ៉ាប៊ីសាអ៊ូឌីតរូបនេះ អះអាង​ទៀត​ថា «​បើ​ដំណើរ​ការ​ស្រោច​ស្រង់ការ​ផលិត​ប្រេង​​នេះ ដំណើរការ​​ល្អតទៅទៀត​​ នោះរាជាណាចក្រ​អារ៉ាប៊ីសាអ៊ូឌីត នឹង​អាច​ផលិត​ប្រេង​បាន​ ១១លាន​ធុង​បារិលក្នុង​មួយ​ថ្ងៃ នៅ​ចុង​ខែ​កញ្ញានេះ ហើយ​នៅចុង​ដំណាច់​ខែ​វិច្ឆិកាខាងមុខ​ គឺ​អាច​ផលិត​បាន​ ១២លាន​ធុង​បារិស​ក្នុង​មួយ​ថ្ងៃ​ៗ​ ​ដូច​ដើម​វិញ​»។​

គួរ​រម្លឹកថា ប្រទេសមហាសេដ្ឋីប្រេងមួយនេះ បា​នរង​ការ​វាយ​ប្រហារ​ដោយ​​យន្តហោះ​​ឌ្រូន​ ទៅលើ​រោង​ចក្រ​ប្រេង​ ចំនួន​ពីរ​កន្លែង​ កាល​ពីថ្ងៃទី​១៤កញ្ញា សប្តាហ៍​មុន។ ហេតុការណ៍​នេះ​បង្ក​ក្តីព្រួយ​បារម្ភ​ខ្លាំង​ដល់​ប្រទេស​អ្នកនាំចូល​ប្រេង​​សម្រាប់​ប្រើប្រាស់។ ប្រទេ​សខ្លះ​ បាន​ពិចារណា​យក​ប្រេង​ដែល​ជាស្តុករក្សាទុក​​របស់ខ្លួន​ប្រើ​ប្រាស់បណ្តោះអាសន្ន​​សិន។​​ បារាំង អង់គ្លេស អាល្លឺម៉ង់​ ចិន បាន​ស្នើ​ឱ្យ​មា​ន​យន្ត​ការ​ដោះស្រាយ​រួម​មួយ ដើម្បី​ឆ្លើយ​ត​ប​នឹង​សភាព​ការណ៍។ សហរដ្ឋអាមេរិក​របស់​លោក ដូណាល់ ត្រាំ បាន​ចង្អុរ​មុខ​ប្រទេស​អ៊ីរ៉ង់ ជាគូបដិបក្ខ​ ថា​ជាអ្នក​នៅពីក្រោយ​អំពើ​​វាយ​ប្រហារ​នេះ។

ក៏ប៉ុន្តែ​ ​អ៊ីរ៉ង​ ថា​ក្រុម​ឧទ្ទាម​ហួតទី​ទេ ជាអ្នក​វាយ​ប្រហារ​ជង្រុក​ប្រេងនោះ​​ ហើយ​ក្រុម​ឧទ្ទាម​ហួតទី ក៏​បាន​អះអាង​ដោយ​ខ្លួន​ឯង​ដែរ ថានោះ​​ជាស្នាដៃ​របស់ខ្លួន។​ ទន្ទឹម​នេះ អ៊ីរ៉ង់ ដែល​ជាសម្ព័ន្ធមិត្ត​របស់​ក្រុមឧទ្ទាម​នេះ​ ក៏​ព្រលយ​ពាក្យ​ឌឺ​ដង​ដល់​ អារ៉ាប៊ីសាអ៊ូឌីត​ ដែលជា​​គូសត្រូវ ថា​«ឱ្យ​ចេះ​រៀន​ទាញ​យក​ បទពិសោធ​ពី​ព្រឹត្តិការណ៍​វាយ​ប្រហារ​នេះផង​»។

ពីប្រទេស​បារាំងវិញ លោកប្រធានាធិបតី​វ័យ​ក្មេង អេម៉ាណុយ​អែល​ ម៉ាក្រុង បាន​ហៅ​ទូរសព្ទ​ផ្ទាល់ទៅកាន់​ព្រះរាជា​អារ៉ាប៊ីសាអ៊ូឌីត​ ហើយ​បារាំង​បាន​សន្យា​ថា​នឹង​បញ្ជូន​អ្ន​កជំនាញ​បច្ចេកទេស​​ទៅជួយ​​ចូលរួ​ម​ស៊ើប​អង្គេត ពីហេតុការ​ណ៍​វាយ​ប្រហារ​ដោយ​យន្ត​ហោះ​ឌ្រូន​នោះ។ អាមេរិកវិញ របស់​លោក ដូណាល់ ត្រាំ ក៏​បាន​បញ្ជូន​ប្រមុខ​ការ​ទូត​ ទៅ​ពីកំពង់ផែដឹកប្រេង ជីដ​ដាហ៍  ដើម្បី​រិះរក​វិធីសាស្ត្រ​ដោះស្រាយ​ និង​រក​មធ្យោបាយ​ដើម្បី​វាយ​បក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ