អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

ហ្វីលីពីន​៖ លទ្ធិ​ប្រជាធិបតេយ្យ​ផុយ​ស្រួយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃនេះ​ ហ្សង់-ហ្វ្រង់ស័រ តាន់​សូម​បន្ត​ចាប់​អារម្មណ៍​ទៅ​លើ​ភូមិសាស្ត្រនយោបាយ​នៃ​ភូមិភាគ​អាស៊ី​អាគ្នេយ៍​ត​ទៅ​ទៀត​ ដោយ​សូម​លើក​ឡើង​អំពី​របប​នយោបាយ​នៃ​ប្រទេស​ ហ្វី​លី​ពីន​។ តាំង​ពី​របប​ផ្តាច់ការ​របស់​ម៉ារកូស(Marcos)បាន​ដួល​រលំ​នៅ​ឆ្នាំ​១៩៨៦​ រហូត​មក​ទល់​សព្វ​ថ្ងៃ​ ប្រធានាធិបតី​ហ្វីលីពីន​បន្ត​បន្ទាប់​គ្នា​ បាន​និង​កំពុង​បន្ត​ខ្នះ​ខ្នែង​បោស​សំអាត​កាក​សំណល់​នៃ​របប​ចាស់​ និង​ពង្រឹង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៃ​ប្រទេស​។ ក៏​ប៉ុន្តែ​ លទ្ធិ​ប្រជាធិបតេយ្យ​ហ្វីលីពីន​ នៅ​តែ​មាន​លក្ខណៈ​ផុយ​ស្រួយ​មែន​ទែន​។

រូបភាព​ផែនទី​របស់​ប្រទេស​ហ្វីលីពីន។​
រូបភាព​ផែនទី​របស់​ប្រទេស​ហ្វីលីពីន។​ @Google
ផ្សាយពាណិជ្ជកម្ម

លទ្ធិ​ប្រជាធិបតេយ្យ​ហ្វីលីពីន​ បាន​លេច​ចេញ​ជា​ពន្លក​ឡើង​ នៅ​ខែ​កុម្ភៈ​ឆ្នាំ​១៩៨៦​។ កាល​នោះ​ សហរដ្ឋ​អាមេរិក​ ក្រោម​អាណត្តិ​ប្រធានាធិបតី​របស់រីហ្កាន(​Reagan) បាន​បង្ខំ​ឱ្យ ម៉ារកូសដែល​ជា​អ្នក​កាន់​អំណាច​ផ្តាច់ការ​ដុះ​ស្លែ​នៅហ្វីលីពីន រៀប​ចំ​​បោះ​ឆ្នោត​ដោយ​សេរី​។ ជោគ​ជ័យ​ស្រាប់​តែ​បាន​ទៅ​លោក​ស្រី​កូរី អាគីណូ(Cory Aquino) ភរិយា​មេម៉ាយ​របស់​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​ លោក​បេនីញ៉ូ អាគីណូ(​Benigno​ Aquino)​  លោក បេនីញ៉ូ អាគីណូដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត​ នៅ​ឆ្នាំ​១៩៨៣​។

ក៏​ប៉ុន្តែ​ ម៉ារកូសមិន​ព្រម​ចុះ​ចេញ​ពី​អំណាច​ ជា​ហេតុ​បាន បង្កឱ្យ​មាន​មហា​បាតុកម្ម​ដែល​គេ​ប្រសិទ្ធ​នាម​ឲ្យ​ថា​ បដិវត្តន៍​សីលធម៌​។ នៅ​ទី​បំផុត​ ម៉ារកូស បាន​បង្ខំ​ចិត្ត​និរទេស​ទៅ​ស្រុក​ក្រៅ​ ក្រោយ​ពី​ត្រូវ​បាន​វិហារ​កាតូលិក​ កងទ័ព​ និងសហរដ្ឋ​អាមេរិក​ឈប់​គាំ​ទ្រ​ហើយ​បោះ​បង់​ចោល​។

តាំង​ពី​ពេល​នោះ​មក​ លទ្ធិ​ប្រជាធិបតេយ្យ​បាន​ក្លាយ​ជា​ការ​ពិត​នៅ​ហ្វីលីពីន​ ស្តែង​ចេញ​តាម​រយៈ​ការ​អនុម័ត​រដ្ឋធម្មនុញ្ញ​មួយថ្មី​នៅ​ឆ្នាំ​១៩៨៧​ និង​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ប្រធានាធិបតីបន្ត​បន្ទាប់​គ្នា​តាំងពីពេលនោះមក៖ ​រួមមាន​លោក​ស្រីកូរី អាគីណូ ពី​ឆ្នាំ​១៩៨៦​ដល់​ឆ្នាំ​១៩៩២​ លោក​ហ្វីឌែល រ៉ាមូស(Fidel Ramos) ពី​ឆ្នាំ​១៩៩២​ដល់​ឆ្នាំ​១៩៩៨​ លោកអេស្រ្តាដា(Estrada) ពី​ឆ្នាំ​១៩៩៨​ដល់​ឆ្នាំ​២០០១​ ​លោក​ស្រី​ អារ៉ូយ៉ូ(Aroyo) ពី​ឆ្នាំ​២០០១​ដល់​ឆ្នាំ​២០១០ និង​លោក បេនីញ៉ូ ណូយណូយ អាគីណូ(Benigno Noynoy Aquino) ពី​ឆ្នាំ​២០១០ មក​ទល់​សព្វ​ថ្ងៃ​។ ស្ថាប័ន​នយោបាយ​បច្ចុប្បន្ន​នៃ​ប្រទេស​ហ្វីលី្លពីន មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ប្រព័ន្ធ​នយោបាយ​អាមេរិក៖មាន​ប្រធានាធិបតី អនុ​ប្រធានាធិបតី​ព្រឹទ្ធសភា​និង​សភា​អ្នក​តំណាង។

យ៉ាង​ណា​មិញ​ លទ្ធិ​ប្រជាធិបតេយ្យ​ហ្វីលីពីន​នៅ​តែ​មាន​មូលដ្ឋាន​ផុយ​ស្រួយ​មែន​ទែន​។ មូល​ហេតុ​មាន​ច្រើន​យ៉ាង។ មូល​ហេតុ​ទី​មួយ​ គឺ​បណ្តាល​មក​ពី​អំណាច​មួយ​ភាគ​ធំ​បាន​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​អ្នក​មាន​ជាង​គេ​បង្អស់​មួយ​ក្រុម​និង​របស់​ក្រុម​គ្រួសារ​ពួក​គេ​ ជា​ភាសា​បារាំង​ គេ​ហៅ​ថា​ Oligarchie​។ បាន​ន័យ​ថា​ ត្រកូល​គ្រួសារ​អស់​ទាំង​នេះ​មិន​ធ្លាក់​ខ្លួន​ក្រ ​និង​នៅតែបន្ត​មាន​អំណាច​ធំត​រហូត​មក​ទល់​សព្វ​ថ្ងៃ​ ទោះ​បី​ជាម៉ារកូស​និង​បក្ស​ពួក​របស់​ម៉ារកូស​ ឈប់​គ្រប់​គ្រង​ប្រទេស​ហ្វីលីពីន​ ជាង​ម្ភៃប្លាយ​ឆ្នាំ​កន្លង​មក​ហើយ​ក៏​ដោយ​។

ត្រ​កូល​គ្រួសារ​មហា​សេដ្ឋី​អស់​ទាំង​នេះ​មាន​ឥទ្ធិពល​នៅ​ក្នុង​ព្រឹទ្ធសភា ក្នុង​សភា​អ្នក​តំណាង​និង​នៅ​ក្នុង​សាលា​ក្រុង​ធំៗ។ និយាយ​បែប​ផ្សេង ពួក​គេ​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ថ្នាក់​ដឹក​នាំ​នៃប្រទេស​ បន្ត​គាប​សង្កត់និង​អូស​ទាញ​រដ្ឋា​ភិបាល​ហ្វីលីពីនជា​បន្ត​បន្ទាប់​គ្នា​ ឲ្យ​អនុវត្ត​នយោបាយ​ណា​ ដែល​អាច​ជួយ​បង្កើន​ផល​ប្រយោជន៍​របស់​ពួក​គេ​ត​ទៅ​ទៀត​។ ​

មូល​ហេតុ​ទី​ពីរ​នៃ​លទ្ធិ​ប្រជាធិតេយ្យ​ផុយស្រួយ​នៅ​ហ្វីលីពីន​ គឺ​បណ្តាល​មក​ពី​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​និង​ក្រុម​គ្រួសារ​របស់​ថ្នាក់​ដឹក​នាំ​ជា​បន្ត​បន្ទាប់​ក្រោយ​សករាជ​អំណាច​ផ្តាច់ការ​របស់​ម៉ារកូស នៅ​បន្ត​ចាត់​ទុក​សម្បត្តិ​សាធារណៈ​ខ្លះ​ ថា​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ ជា​ភាសា​បារាំង​ គេ​ហៅ​ថា​ Patrimonialisme។

វត្តមាន​នៃ​បាតុភាព​Oligarchie និង​បាតុភាព​Patrimonialisme នៅ​ក្នុង​ប្រព័ន្ធ​នយោបាយ​ហ្វីលីពីន​ បង្ក​ឱ្យ​មាន​អំពើ​ពុក​រលួយ​ខ្លាំង​ដែល​តែង​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ខឹង​សម្បារ​និងចុះ​ធ្វើ​បាតុកម្ម​តាម​ផ្លូវ។

ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត វត្តមាន​នៃ​បាតុភាព​Oligarchie និង​បាតុភាព​Patrimonialisme​នៅ​ក្នុង​ប្រព័ន្ធ​នយោបាយ​ហ្វីលីពីន ក៏​បង្ក​ឱ្យ​មាន​ភាព​អសកម្ម​នៅ​ក្នុង​រដ្ឋបាល​និង​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ជាតិ​ទៀត​ផង។ ពី​ព្រោះ​វា​ធ្វើ​ឱ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​និង​ថ្នាក់​មូលដ្ឋាន​ទន់​ជ្រាយ​ និង​ជម្រុញ​ឱ្យ​មន្រ្តី​រដ្ឋការ​ដែល​មិន​អព្យាក្រឹត​ទាល់​តែ​សោះ​ អត់​គោរព​ច្បាប់​ ហើយ​មិន​អនុវត្ត​ច្បាប់​ ពេល​ត្រូវ​ប្រឈម​មុខ​នឹង​អ្នក​មាន​ឬ​អ្នក​មាន​អំណាច​ម្តងៗ។

គឺ​បាតុភាព​Oligarchie​ និង​បាតុភាព​Patrimonialisme​នេះ​ហើយ​ ដែល​បាន​បង្ក​ឲ្យ​មាន​អំពើ​ពុក​រលួយ​ និងនៅ​ទី​បំផុត​បាន​បណ្តាល​ឲ្យ​លោក​អេស្រ្តាដាដួល​រលំ​ពី​តំណែង​ប្រធានាធិបតី​ នៅ​ឆ្នាំ​២០០១​។ អេស្រ្តាដាជា​តួ​ឯក​កុន​ម្នាក់​ ដែល​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ នៅ​ឆ្នាំ​១៩៩៨​ ដោយ​សារ​តែ​ល្បី​ឈ្មោះ​ខ្លាំង​។ ក៏​ប៉ុន្តែ​ បន្តិច​ម្តងៗ​ អេស្រ្តាដាដែល​ត្រូវ​រ៉ូវ​គ្នា​ជា​មួយ​ត្រកូលគ្រួ​សារ​អ្នក ​មាន​ស្តុក​ស្តម្ភ​​តាំង​ពី​ជំនាន់​ម៉ារកូសមក​ បាន​ទទួល​ប្រាក់​សំណូក​ពី​ពួក​អ្នក​ទាំងនោះ​ ហើយ​ដើម្បី​សង​គុណពួក​គេ​វិញ​ បាន​ប្រើ​អំណាច​ជួយ​ពួក​គេ​ឲ្យ​រក​ស៊ី​កាន់​តែ​មាន​បាន​។

នៅ​ក្នុង​ចំណោម​ពួក​អ្នក​មាន​ដែល​បាន​ស៊ុម​គ្រ​លំ​ជា​មួយ​រដ្ឋ​អំណាចអេស្រ្តាដា រួម​មាន​ជា​អាទិ៍​ Lucio TAN។​ តាម​រយៈ​អភិក្រមនៃ​ឯកជន​ភាវូប​នីយ​កម្ម​មិន​ស្រប​ច្បាប់​មួយ​ Lucio TAN បាន​ទិញ​ភាគ​ហ៊ុន​នៃ​ធនាគារPhilippine National Bank បាន​រហូត​​ដល់ទៅ​៤៦%​ ហើយ​ដោយ​សារ​តែ​អន្តរាគមន៍​របស់​ប្រធានាធិបតី​អេស្រ្តាដា Lucio TAN បានពង្រឹងយ៉ាង មាំល្អ​ ឥទ្ធិពល​របស់​ខ្លួននៅ​ក្នុង​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ធនាគារ​ទៀត​ផង​។

អ៊ីចឹង​ហើយ​ បាន​ជាបន្តិច​ម្តងៗ​ អ្នក​នយោបាយ​ឆ្វេង​និយម​ដែល​ជា​ចន្ទល់​មួយ​ដ៏​សំខាន់​របស់អេស្រ្តាដា បាន​បែរ​ខ្នង​ដាក់​គាត់​ ឈប់​គាំទ្រ​គាត់​ ជា​ពិសេស​ក្រោយ​ពី​សភា​ហ្វីលីពីន​ បាន​ចាប់​ផ្តើម​តុប​តែងនីតិក្រម​ដើម្បី​ទំលាក់​គាត់​ចេញ​ពី​តំណែង​ប្រធានាធិបតី​។ នៅ​ឆ្នាំ​២០០១​ អេស្រ្តាដាបាន​បង្ខំ​ចិត្ត​លា​លែង​ចេញ​ពី​តំណែង​ និង​ប្រគល់​អំណាច​ទៅ​ឲ្យ​លោក​ស្រី​
អារ៉ូយ៉ូដែល​ជា​អនុ​ប្រធានាធិបតី​ កាន់​កាប់​វិញ​ម្តង​។

ចំណុច​ខ្សោយ​មួយ​ទៀត​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ហ្វីលីពីន​ គឺ​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​មិន ស្វាងពី​សំណាក់​កង​ទ័ព​។ ឧទាហរណ៍​ជាក់​ស្តែង​ នៅ​ក្រោម​អាណត្តិ​ប្រធានាធិបតី​របស់​
កូរី​ អាគីណូ ពី​ឆ្នាំ​១៩៨៦ដល់​ឆ្នាំ​១៩៩២​ មាន​ច្រើន​ណាស់​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ ក្នុង​នោះ​មាន​រដ្ឋ​ប្រហារ​ចំនួន​ពីរ​ដែល​វិះ​តែបាន​ទទួល​ជោគជ័យ​។

ក្រោយមកទៀត ក៏ដូច​គ្នា​អ៊ីចឹង​ដែរ​ ​ លោក​ស្រី​ប្រធានាធិបតីអារ៉ូយ៉ូ ក៏​ត្រូវ​ប្រឈម​មុខ​មិន​ស្វាង​ នឹង​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារដែរ​។ នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០០៦​ អារ៉ូយ៉ូបាន​សម្រេច​ចិត្ត​ប្រកាស​ដាក់​ប្រទេស​ទាំង​មូល​ក្នុង​ភាព​អាសន្ន​ ដើម្បី​ទប់ស្កាត់​កុំឱ្យ​« រដ្ឋ​ប្រហារ​របស់​ពួក​សកម្មជន​ឆ្វេង​និយម​និង​របស់​ពួក​យោធា​ផ្សង​ព្រេង​និយម​» កើត​ឡើង​ទាន់​។ ក៏​ប៉ុន្តែ​ ពួក​អ្នក​ប្រឆាំង​បាន​នាំ​គ្នា​ចោទ​ថា​អារ៉ូយ៉ូ បាន​ធ្វើ​ដូច​នេះ​ ក្នុង​គោល​ដៅ​ពង្រឹង​អំណាច​របស់​លោក​ស្រី​តែ​ប៉ុណ្ណោះ។

ពី​ឆ្នាំ​២០១០​រហូត​ដល់​ឆ្នាំ​២០១៦ ណូយណូយ អាគីណូ កូន​ប្រុស​របស់​លោកស្រី​អតីត​ប្រធានាធិបតី​កូរី អាគីណូ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ហ្វីលីពីន។ ណូយណូយ អាគីណូ ចង់​កំចាត់​អំពើ​ពុក​រលួយ​និង​ចង់​កំចាត់​ភាព​ក្រីក្រ។ ប៉ុន្តែ ប្រធានាធិបតី​រូប​នេះ នៅ​តែ​ជំនះ​អំពើ​ពុក​រលួយ​មិន​បាន។ ជាក់​ស្តែង នៅ​ចុង​ខែ​សីហា​ឆ្នាំ​២០១៣ ប្រជាពលរដ្ឋ​ហ្វីលីពីន​រាប់​ម៉ឺន​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ទូទាំង​ប្រទេស​រួច​ស្រេច​ទៅ​ហើយ។

តាម​ពិត​ទៅ ណូយណូយ អាគីណូ ហាក់​បី​ដូច​ជា​មិន​សូវ​ខុស​ពី​ប្រធានាធិបតី​មុនៗ​ដែរ ​គេច​មិន​ផុត​ពី​បាតុភាព​បក្សពួក​និយម និង​គ្រួសារ​និយម។ មូលហេតុ គឺ​មក​ពី​នៅ​ហ្វីលីពីន អំណាច​នយោបាយ ក៏​ដូច​អំណាច​សេដ្ឋកិច្ច សុទ្ធ​តែ​ឋិត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​គ្រួសារ​អ្នក​មាន​និង​អ្នក​មាន​ឈ្មោះ​ល្បីល្បាញ​មួយ​ក្រុម​ដដែល​ជា​ដដែល ទោះបី​ជា​ប្រទេស​នេះ​បាន​ឆ្លង​ចេញ​ផុត​ពី​សករាជ​អំណាច​ផ្តាច់ការ​របស់ម៉ារកូស តាំង​ពី​ឆ្នាំ​១៩៨៦​ក៏​ដោយ។

នៅឆ្នាំ២០១៦​ ប្រធានាធិបតីថ្មីគឺ រូឌ្រីហ្គូ ឌុយតែរតឺ(Rodrigo Duterte) ។ ប្រធានាធិបតី​​ហ្វីលីពីន​រូប​នេះ​ ​​មិនមែន​ជា​អ្នក​នៅ​ខាង​ក្នុងបណ្តាញ​ខ្សែរយៈនយោបាយ និង​មិនមែន​ចេញ​ពី ក្រុម​អ្នក​មាន​អំណាច​ធំៗ​នៅ​ហ្វីលីពីន​ទេ។ ជ័យជំនះ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើលរបស់ រូឌ្រីហ្គូ ឌុយតែរ តឺ ដែល​ជា​មនុស្ស​មាត់​ឆៅចូលចិត្ត​ប្រើ​ពាក្យ​អសុរស ​ស្តែង​ចេញ​ជាពិសេស​ពី​ការ​នឿយ​ណាយ​​របស់​ប្រជាជន​ហ្វីលីពីន​ដែលមិនចង់​ឃើញ​តែ​មនុស្ស​មក​ពី​ក្រុម​បក្សពួក​និយម​ដដែលៗ​មក​ដឹក​នាំ​ប្រទេស។ លើក​នេះ ​ប្រជាជន​ហ្វីលីពីន​ប្រថុយប្រថាន​បោះឆ្នោត​ឱ្យ​មនុស្ស​ថ្មី​ម្តង។

និយាយពីសេដ្ឋកិច្ចវិញ ២៦%​នៃ​ប្រជាជន​ទាំង​៩០​លាន​នាក់​នៃ​ប្រទេស​ហ្វីលីពីន បន្ត​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ។ តួ​លេខ​នេះ​មិន​បាន​ធ្លាក់​ចុះ​សោះ ទោះ​បី​ជា​រដ្ឋាភិបាល​របស់​ណូយណូយ អាគីណូ​បាន​អនុវត្ត​កម្មវិធី​ផ្តល់​ប្រាក់​ឧបត្ថម្ភ​រហូត​ដល់​ទៅ​៤០​ដុល្លារ​ក្នុង​មួយ​ខែ​ដល់​បណ្តា​ក្រុម​គ្រួសារ​ក្រីក្រ​ក៏​ដោយ។

ប្រជាជន​ហ្វីលីពីន​នៅ​តែ​ក្រ ផ្ទុយ​ទៅ​វិញ​រដ្ឋ​ហ្វីលីពីន​បែរ​ជា​ធូរធារ​គ្រាន់​បើ​ឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ សេដ្ឋកិច្ច​នៃ​ប្រទេស​កើន​បាន​៦,៦% នៅ​ឆ្នាំ​២០១២ រីឯ​រដ្ឋហ្វីលីពីន​វិញ​មាន​ប្រាក់​នៅ​ក្នុង​ដៃរ​រហូត​ដល់​ទៅ​៨​ម៉ឺន​លាន​ដុល្លារ។ មិន​តែ​ប៉ុណ្ណោះ នៅ​ដើម​ឆ្នាំ​២០១៣ ធនាគារ​ពិភពលោក​បាន​វាយ​តម្លៃ​ប្រទេស​ហ្វីលីពីន​ថា ជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​នៅ​អាស៊ី​អាគ្នេយ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ