អានតួអត្ថបទ
ជប៉ុន-ហ្វីលីពីន

ហ្វីលីពីន​ចង់​ឲ្យ​កងទ័ព​ជប៉ុន​ប្តូរ​ពី​ស្វ័យ​ការពារ មក​អាច​អន្តរាគម​ក្នុង​ជម្លោះ​តំបន់

ហ្វីលីពីន​នឹង​គាំទ្រ​គំនិត​រដ្ឋាភិបាល​ជប៉ុន ដែល​ចង់បោះបង់​ចោល​ធម្មនុញ្ញ​សន្តិភាព ដែល​ជប៉ុន​បាន​អនុវត្ត ចាប់តាំង​ពី​ចប់​សង្គ្រាម​លោកលើក​ទីពីរ។ រដ្ឋធម្មនុញ្ញ​ជប៉ុន​ដែល​បាន​ចែង​មិន​ឲ្យ​ជប៉ុន​ប្រើសព្វាវុធ ឬ​អាវុធ​នុយក្លេអ៊ែរ ដើម្បី​យក​ទៅ​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​ដទៃ។ ជំហរ​យ៉ាងដូច្នេះ​របស់​ហ្វីលីពីន​ត្រូវ​បាន​គេ​លឺ​ចេញ​ពីមាត់​របស់​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​ហ្វីលីពីន ក្នុង​បទ​សម្ភាសន៍​មួយ ជាមួយ​កាសែត​The Financial Times ចេញ​ផ្សាយ​នៅថ្ងៃ​ចន្ទនេះ។

លោក​albert del rosario រដ្ឋលេខាធិការ​ក្រសួងការ​បរទេស​ហ្វីលីពីន
លោក​albert del rosario រដ្ឋលេខាធិការ​ក្រសួងការ​បរទេស​ហ្វីលីពីន ©បណ្ណសារ
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ហ្វីលីពីន​សុខចិត្ត​ចេញមុខ​ គំាទ្រ​ ជប៉ុន ដែល​ជា​អតីត​សត្រូវ​របស់ខ្លួន ឲ្យ លុប​ចោល​នូវ​ធម្មនុញ្ញ​សន្តិភាព ដែល​ជប៉ុន​ចាប់អនុវត្ត ចាប់តាំងពី​ជប៉ុន​ចាញ់ ក្នុង​សង្រ្គាម​លោក​លើកទី​ពីរ​មក។ បើតាម រដ្ឋលេខាធិការ​នៃ​ក្រសួង​ការបរទេស​ហ្វីលីពីន ជប៉ុន​គួរ​តែ​ដំឡើង​តួនាទី​កងទ័ព​របស់ខ្លួន ពី​ស្វ័យការពារ មក​អាច​អន្តរាគម ឬ​លូកដៃ​ដោយ​សេរី ក្នុង​ជម្លោះ នៅក្នុង​តំបន់។ ក្នុង​ន័យនេះ គឺ ហ្វីលីពីន​មាន​ចេតនា​ចង់​ឲ្យ​ជប៉ុន​អាច​មាន​សិទ្ធិ​លូកដៃ​ក្នុង​ជម្លោះ នៅសមុទ្រ​ចិន​ភាគខាងត្បូង បើទោះ​ជា​ជប៉ុន​មិន​មែន​ជា​ភាគី​ជម្លោះ​ក៏ដោយ។ សម្រាប់​ហ្វីលីពីន ដែល​កំពុង​មាន​ជម្លោះ​ដណ្តើម​កោះ​ជាមួយ​ចិន នៅសមុទ្រ​ចិន​ភាគខាងត្បូង មាន​តែ​សព្វាវុធ​ជប៉ុន​ទេ ដែល​អាច​ប្រជែង​កម្លាំង ទប់ទល់​ជាមួយ​ចិនបាន។

គួររំលឹក​ឡើងវិញ​បន្តិចថា នៅ​សម័យ​សង្រ្គាម​លោក​លើក​ទីពីរ ជប៉ុន​​ធ្លាប់​ចូល​កាន់កាប់ ហ្វីលីពីន​នៅឆ្នាំ ១៩៤១។ ក្នុង​រយៈពេល​កាន់កាប់​៣ឆ្នាំ ជនសង្ស័យថា ជា​ឧទ្ទាម​ទ័ព​ព្រៃ​ត្រូវ​ទាហាន​ជប៉ុន​សម្លាប់ និង​ធ្វើ​ទារុណកម្ម ចំណែក​ស្រ្តី​ហ្វីលីពីន ​មួយចំនួន​ត្រូវ​ទាហាន​ជប៉ុន​ចាប់យក​ទៅធ្វើ​ជា​ស្រ្តីបម្រើតណ្ហា។ ហើយ​តាម​អ្នកប្រវត្តិសាស្រ្ត​ហ្វីលីពីន ប្រជាជន​ស៊ីវិល​ហ្វីលីពីន​យ៉ាងតិច​មួយលាន​នាក់​បាន​ស្លាប់​នៅក្នុង សម័យ​សង្រ្គាម​លោក​លើក​ទី​ពីរ។

ដោយពិតទៅ ការលើកឡើង​របស់​មន្រ្តី​រដ្ឋាភិបាល​ហ្វីលីពីន​បាន​ធ្វើឡើង នៅតែ​ប៉ុន្មាន​ថ្ងៃ​មុន​ការបោះឆ្នោត​សភា​ជាតិ​ជប៉ុន ដែល​ត្រូវ​ធ្វើ នៅថ្ងៃ​ទី ១៦​ធ្នូខាងមុខ។ ការស្ទង់មតិ​បាន​បង្ហាញ​ថា គឺ​ប្រធាន​បក្ស​ប្រឆាំង លោក​Shinzo Abe ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង នឹង​អាច​ឈ្នះ​ឆ្នោត ឡើង​ធ្វើ​ជា​អនាគត​នាយករដ្ឋមន្រ្តី​ជប៉ុន។ កាលពី​ឆ្នាំ ២០០៧ លោក​ Shinzo Abe ដែល​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​ជប៉ុន បាន​ស្នើ​ឲ្យ​គេ​សើរើ​លើ​ធម្មនុញ្ញ​សន្តិភាព ឡើងវិញ។

សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញ​សន្តិភាព​ត្រូវ​បាន​អាមេរិក តម្រូវ​ឲ្យ​រដ្ឋាភិបាល​បង្កើត និង​ចាប់អនុវត្ត នៅឆ្នាំ ១៩៤៧ គឺ​នៅក្រោយ​ពេល​ដែល​ជប៉ុន​បាន​ចាញ់​សង្រ្គាម​លោក​លើកទីពីរ។ កាលណោះ លោក​Abe ធ្លាប់​បាន​ចាត់ទុក​ធម្មនុញ្ញ​សន្តិភាព​ថា មិនស្រប​នឹង​ស្ថានភាព​នយោបាយ​អន្តរជាតិ​បច្ចុប្បន្ន ព្រោះ​វា​តម្រូវ​ឲ្យ​ជប៉ុន​​ផលិត​អាវុធ ដើម្បី​ធ្វើ​ស្វ័យការពារ​ខ្លួន ប៉ុន្តែ ជប៉ុន​មិន​អាច​យក​អាវុធ​ទៅ​វាយប្រហារ​ប្រទេស​ណាផ្សេង​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ