អានតួអត្ថបទ
ហ្វីលីពីន​

តុលាការ​កំពូល​ហ្វីលីពីន​អនុញ្ញាត​អោយ​​បញ្ចុះសព​​​​​អតីត​​ប្រធានាធិបតី​​ម៉ាកកូស​ នៅ​​ទី​បញ្ចុះ​​សព​​វីរជនជាតិ​ ​

តុលាការ​កំពូល​ហ្វីលីពីន​បាន​សម្រេច​នៅថ្ងៃ​អង្គារ​នេះថា អាច​អោយ​យកសព​អតីត​ប្រធានាធិបតី​ហ្វ៊ែរឌីណង់ ម៉ាកកូស ​ទៅបញ្ចុះ​នៅ​ទី​កន្លែង​​​បញ្ចុះសព​វីរបុរស​ជាតិ​បាន។ ​ដោយសារ​លោក​ម៉ាកូស​ធ្លាប់​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ផ្សេងៗ ពេល​លោក​នៅរស់​កាន់អំណាច ​ការ​បញ្ចុះ​​សព​របស់​លោកនៅ​ទីកន្លែងវីរបុរស​ជាតិ ​​​បាន​បង្ក​អោយ​មាន​ភាព​ចម្រូងចម្រាស​នៅ​ហ្វីលីពីន។

អតីតប្រធានាធិបតី​ហ្វីលីពីន Ferdinand Marcos ក្នុងឆ្នាំ១៩៨២
អតីតប្រធានាធិបតី​ហ្វីលីពីន Ferdinand Marcos ក្នុងឆ្នាំ១៩៨២ Dino Bartomucci/Wikimedia Commons
ផ្សាយពាណិជ្ជកម្ម

យោងតាម​អ្នកនាំពាក្យ​តុលាការ​កំពូល​ហ្វីលីពីន ​គ្មានច្បាប់​ណាមួយ ហាមឃាត់​ការ​បញ្ចុះ​សព​អតីត​ប្រធានាធិបតី​ម៉ាកកូស នៅ​ទីកន្លែង​បញ្ចុះសព​វីរបុរស​ជាតិ​ទេ។ ទន្ទឹមនេះដែរ ​​​ការ​សម្រេច​របស់​តុលាការ​កំពូល​អោយ​បញ្ចុះសព​លោក​ម៉ាកូសក្នុងនាម​​ជា​វីរបុរស​បែបនេះ​ គឺ​ស្របតាម​បំណង​របស់​ប្រធានាធិបតី​រោឌ្រីហ្គោ ឌុយទែរតេ។ ​

លោក​ ​​​ហ្វ៊ែរឌីណង់​ ម៉ាកូស ឡើងកាន់​អំណាច​​ជាប្រធានាធិបតី ​នៅ​ឆ្នាំ១៩៦៥ រួចហើយ​លោក​ជាប់ឆ្នោត​ម្តងទៀត ក្នុង​ឆ្នាំ១៩៦៩។ ​នៅឆ្នាំ១៩៧២ ​លោក​ម៉ាកកូស​បាន​​​ដាក់ចេញ​​​ច្បាប់សឹក​គ្រប់គ្រង​ហ្វីលីពីន​បែបផ្តាច់ការ។ ចលនា​បដិវត្តន៍​បាន​ផ្ទុះឡើង នៅ​ឆ្នាំ១៩៨៦ ធ្វើអោយ​​​ម៉ាក់កូស​ ភៀសខ្លួន​ជាមួយ​​គ្រួសារ​​​ទៅ​សហរដ្ឋ​អាមេរិក។ ឆ្នាំ១៩៨៩ លោក​បាន​ទទួល​មរណភាព នៅ​ហាវ៉ៃ។ សព​របស់​លោក​ត្រូវបាន​រក្សាទុក​នៅ​គេហដ្ឋាន​គ្រួសារ​របស់​លោក ក្នុង​ខែត្រអ៊ីឡូកូស នរតេ ភាគខាងជើង​ហ្វីលីពីន។

សព្វថ្ងៃ​នេះ ​គ្រួសារ​លោក​ម៉ាកូស​បាន​ត្រលប់​ចូលឆាក​នយោបាយ​ជាតិ​ឡើងវិញ។ ភរិយា​របស់​លោក ​អ៊ីមែលដា ​កំពុង​ធ្វើការ​នៅ​សភាជាតិ ហើយ​កូនប្រុស​របស់​លោក ​ក៏ជា​សមាជិ​កព្រឹទ្ធសភា​មួយរូប​ដែរ។ គួរបញ្ជាក់ដែរ​ថា ​គ្រួសារ​របស់​លោក​ម៉ាកូស​ធ្លាប់បាន​ជួយឧបត្ថម្ភ​លោកឌុយទែរតេ ក្នុង​​​​ការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតីកន្លងមក។ ​លោក​ឌុយទែរតេ​តែង​លើក​សរសើរ​ថា លោក​ម៉ាកូស​ជា​ប្រធានាធិបតី​ដ៏ល្អ​ប្រសើរ​របស់​ហ្វីលីពីន។

កាលពី​ឆ្នាំ២០០៤ ​អង្គការ​Transparency International បាន​ចាត់ទុក​លោក​ម៉ាក់កូស ថា​ជា​មេដឹកនាំ​​​ពុករលួយ​បំផុត។ ​គណៈកម្មការ​​ប្រវត្តិសាស្ត្រ​ជាតិ​ហ្វីលីពីន ​​​​មិនចង់​អោយ​បញ្ចុះសព​លោក​ម៉ាកូស ​នៅ​កន្លែង​វីរបុរស​ជាតិទេ។ យោងតាម​​គណៈកម្មការ​ លោក​ម៉ាកូស​បាន​ភូត​កុហក​​ក្នុង​ប្រវត្តិរូប​លោក ទាក់ទង​ប្រធានបទ​​ថា​លោក​ធ្លាប់​ទទួល​មេដាយ​ច្រើនគ្រឿង​ពី​​​អាមេរិក។ នៅ​​​​មាន​ភាព​ស្រពេចស្រពិល​ច្រើនទៀត​ទាក់ទង​នឹង​​ប្រវត្តិ​សកម្មភាពយោធា​​របស់​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ