អានតួអត្ថបទ
ហ្វីលីពីន

ហ្វីលីពីន​មិនស្វាគមន៍​មន្ត្រីសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ

អ្នក​ទទួល​ខុស​ត្រូវ​​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ លោកស្រី អាញ៉ែស កាឡាម៉ារ Agnes Callamard បាន​អះអាង​ថា​​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ហ្វីលីពីន ដើម្បី​បើក​អង្កេត​​លើ​សំណុំ​រឿង​រដ្ឋាភិបាល​ប្រហារ​ជីវិត​ជន​ជាប់​ពាក់ព័ន្ធ​គ្រឿង​ញៀន ​ដោយ​គ្មាន​ឆ្លង​កាត់​តុលាការ​។ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ម៉ានីល​បានឆ្លើយ​បដិសេធ នៅ​ថ្ងៃ​សៅរ៍​ទី ២០​សីហានេះ មិន​ទទួល​ស្វាគមន៍​ និង​មិន​បាន​អញ្ជើញ​ជនណា​ម្នាក់​ឱ្យ​មក​ជួយ​​ស៊ើប​អង្កេត​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​លោក​​ ឌុយទែរតេ ប្រធានាធិបតី​ហ្វីលីពីន បាន​ព្រមាន​ថា​នឹង​ដក​ប្រទេស​ចេញ​ពី​សមាជិក​អង្គការ​សហប្រជាជាតិផង។

ប្រធានាធិបតី​ហ្វីលីពីន ឌុយទែរតេ
ប្រធានាធិបតី​ហ្វីលីពីន ឌុយទែរតេ REUTERS/Lean Daval Jr
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​ហ្វីលីពីន រ៉ូឌីហ្កោ ឌុយទែរតេ បាន​ដឹកនាំ​យុទ្ធនាការ​បង្ហូរ​ឈាម​ប្រឆាំង​នឹង​ការ​រត់ពន្ធ​​ជួញ​ដូរ​គ្រឿងញៀន ដោយ​បាន​ផ្តល់​សិទ្ធិ​ពេញ​ទី​ដល់​ប៉ូលិស ឬ​កង​រក្សា​សន្តិសុខ បាញ់​សម្លាប់​ ពួក​ជួញ​គ្រឿង​ញៀន។ បើ​តាម​តួលេខ​ប៉ូលិស  គិត​ចាប់​ពី​ខែ​មិថុនា ថ្ងៃ​លោក​ឌុយទែរតេ​ឡើង​កាន់​អំណាច​មក មាន​អ្នកជនសង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ ៦៦៥​នាក់​ត្រូវបាន​បាញ់​សម្លាប់​ដោយ​ប៉ូលិស និង​៨៨៩​នាក់ ដោយ​ក្រុមប្រដាប់អាវុធ។

ក្រោយ​ពី​បាន​ច្រាន​ចោល​ពាក្យ​​រិះគន់​ យ៉ាង​ខ្លាំង របស់​​អ្នក​រាយការណ៍​សិទ្ធិមនុស្ស​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ លោកស្រី អាញ៉ែស ​កាឡាម៉ារ កាលពីថ្ងៃព្រហស្បតិ៍ ដែល​បាន​ចង្អុល​មុខ​អាជ្ញាធរ​ក្រុង​ម៉ានីល ថា​បាន​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា​ និង​ឃាតកម្មមក ទីប្រឹក្សា​ជាន់​ខ្ពស់​​ប្រធានាធិបតី​ហ្វីលីពីន​ម្នាក់ បាន​ពន្យុះ​ប្រសោក​ដាក់​លោកស្រី​មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ថា​ “បើ​គ្រាន់​បើ​អញ្ជើញ​មក​ហ្វីលីពីន និង​បើក​អង្កេត​មួយ​ទៅ”។

ដោយ​គ្មាន​បង្អង់ លោកស្រី កាឡាម៉ារ បាន​ផ្តល់​ចម្លើយ​វិជ្ជមាន​ តាមរ​យៈ​សារ​អ៊ីមែល​ អបអរស្វាគមន៍​​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​ហ្វីលីពីននេះ​ ដោយ​សង្ឃឹម​ថា​​​អាជ្ញាធរ​​ក្រុង​ម៉ានីល ព្រមទាំង​ភាគី​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ជួញ​ដូរ​គ្រឿង​ញៀន​ទាំង​ឡាយ​នឹង​ចូល​រួម​យ៉ាង​ពេញ​ទំហឹង​ ក្នុង​បេសកកម្ម​អង្កេត​របស់​លោកស្រី។ ម្យ៉ាង​វិញ​ទៀត លោកស្រី​​ក៏​បាន​គូស​បញ្ជាក់​ថា​នឹង​ស្នើ​សុំ​ទៅ​កាន់​រដ្ឋាភិបាល ឱ្យ​ធានា​ សេរីភាព​នៃ​ការ​ដើរ​ហើរ​ អង្កេត សន្តិសុខ សុវត្ថិភាព ដល់​លោកស្រី​និង​ក្រុមការងារ។

ប៉ុន្តែ​នៅ​ថ្ងៃ​សៅរ៍​នេះ​ អ្នកនាំពាក្យ​ប្រធានាធិបតីហ្វីលីពីន បានចេញ​មុខ​​បក​ស្រាយ​​ ​ថា លោកស្រី កាឡាម៉ារ​ យល់​ខុស​តែ​ម្នាក់​ឯង ហ្វីលីពីន​មិន​បាន​​អញ្ជើញ​នរណា​ម្នាក់​ទេ និងកាន់​តែគ្មាន​នឹក​ឃើញ​សោះ​អញ្ជើញ​មន្ត្រី​អង្គការ​សប្រជាជាតិ​ឱ្យ​មក​លូក​លាន់​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស។ ហេតុអ្វី​ត្រូវ​មាន​អ្នក​ទី​បី​ចូល​មកជ្រៀតជ្រែកកិច្ចការ​ប្រទេស​មួយ​ដែល​ពលរដ្ឋ​ស្វាគមន៍នយោបាយ​​​ប្តូរ​ផ្លាស់​របស់​ប្រធានាធិបតី ?!

ប្រធានាធិបតី​ លោក ឌុយទែរតេ ដែល​ប្រើ​គ្រប់​មធ្យោបាយដើម្បី​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ បាន​ចាត់​ទុក​ពាក្យ​រិះគន់​របស់​អង្គការ​សហប្រជាជាតិ​ថា​ ល្ងង់ និង​ចង់​វាយ​ក្បាល​ តំណាង​អង្គការ​សហប្រជាជាតិ​ផង​ប្រសិន​បើ​មក។ នៅ​ក្នុង​សន្និសីទ​កាសែត​នា​ថ្ងៃ​អាទិត្យ​នេះ លោកឌុយទែរតេ បាន​ថែម​ទាំង​ព្រមាន​ថា នឹង​ដក​ហ្វីលីពីន​ចេញ​ពី​សមាជិកភាព​អង្គការ​សហប្រជាជាតិ​​តែ​ម្តង​ បើ​គ្មាន​ការ​គោរព​គ្នា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ