អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហ្វីលីពីន​រំលឹកខួប​មួយឆ្នាំ​ក្រោយ​រងគ្រោះ​ដោយសារ​ខ្យល់ព្យុះ​ហៃយ៉ាន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

៨វិច្ចិកា ២០១៣ ៨​វិច្ឆិកា ២០១៤ គឺ​រយៈពេល​មួយ​ឆ្នាំគត់ ដែល​ហ្វីលីពីន​បាន​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដោយ​ខ្យល់ព្យុះ​សង្ឃរា ហៃយ៉ាន់។ នៅថ្ងៃ​នេះ រដ្ឋាភិបាល​ហ្វីលីពីន និង​ជនរងគ្រោះ រួចរស់​ជីវិត​ពី​ខ្យល់ព្យុះ ហៃយ៉ាន់ បាន​ប្រារព្ធខួប​មួយ​ឆ្នាំ រំលឹក​ដល់​មនុស្ស​ជាង ៧ពាន់​នាក់ ដែល​បាន​ស្លាប់​នៅក្នុង​ខ្យល់ព្យុះ​ហៃយ៉ាន់។  

ក្រុមគ្រួសារ​សាច់ញាតិ​រំលឹក​វិញ្ញាណក្ខន្ធដល់​អ្នកស្លាប់​ដោយសារ​ខ្យល់ព្យុះ​ហៃយ៉ាន់ កាលពីថ្ងៃ​ទី ៨​វិច្ឆិកា
ក្រុមគ្រួសារ​សាច់ញាតិ​រំលឹក​វិញ្ញាណក្ខន្ធដល់​អ្នកស្លាប់​ដោយសារ​ខ្យល់ព្យុះ​ហៃយ៉ាន់ កាលពីថ្ងៃ​ទី ៨​វិច្ឆិកា © REUTERS/Erik De Castro
ផ្សាយពាណិជ្ជកម្ម

នៅទីក្រុង​Tacloban ដែល​ជា​ទីក្រុង​កំពង់ផែ រងគ្រោះ​ខ្លាំង​ជាងគេ នៅក្នុង​ពេល​ព្យុះសង្ឃរា​ហៃយ៉ាន់​បោកបក់​កាត់ហ្វីលីពីន កាលពី​ឆ្នាំ ២០១៣ ប្រជាជន​ហ្វីលីពីន​កាន់ផ្កា ទៀន ទៅ​ដុត​នៅកន្លែង​​កប់​សាកសព របស់​ជនរងគ្រោះ​ជាង ​២ពាន់​នាក់ ដែល​បាន​ស្លាប់​ដោយ​ខ្យល់ព្យុះ។ នៅក្នុង​រយៈពេល​មួយឆ្នាំនេះ ប្រជាជន​ហ្វីលីពីនដែល រងគ្រោះ​ខ្លាំង​ដោយ​ខ្យល់ព្យុះ​ហៃយ៉ាន់ ជាពិសេស​ បាន​ទទួល​ជំនួយ​ពី​អន្តរជាតិ​យ៉ាង​សស្រាក់សស្រាំ។ សហរដ្ឋអាមេរិក មុនគេ បាន​បញ្ជូន​ទ័ព និង​ជំនួយ​បឋម​សម្រាប់​ជួយ​ជនរងគ្រោះ​នៅក្រោយ​ថ្ងៃ​ព្យុះ​សង្ឃរា ហៃយ៉ាន់ បក់​ឆ្លងកាត់​ហ្វីលីពីន។ ប្រជាជន​ហ្វីលីពីន​នៅក្នុង​តំបន់​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​បាន​គេចផុត​ពី​គ្រោះ​អត់ឃ្លាន បន្ទាប់ពី​រដ្ឋាភិបាល​ហ្វីលីពីន បាន​ប្រញាប់​ចែកចាយ​ស្រូវពូជ ដើម្បី​ឲ្យ​ប្រជាជន​អាច​ធ្វើ​កសិកម្ម ផលិតស្រូវ។

 
នៅថ្ងៃ​សៅរ៍ នៅថ្ងៃ​ចំ​ប្រារព្ធ​ខួប​មួយ​ឆ្នាំ នៃ​គ្រោះមហន្តរាយ​បង្ក​ដោយ​ខ្យល់ព្យុះ​ហៃយ៉ាន់ ប្រជាជន​ហ្វីលីពីន​រាប់រយនាក់ បាន​ចុះ​ថ្នល់​តវ៉ា​ឲ្យ​រដ្ឋាភិបាល ប្រញាប់​សាងសង់ ផ្ទះសម្បែង និង​ផ្តល់​ការងារ​ធ្វើ ដល់​ពួកគេ​ឡើងវិញ។ នៅក្រោយ​គ្រោះមហន្តរាយ​ធម្មជាតិ ប្រជាជន​ ជាង​៤​លាន​នាក់​ត្រូវ​បាន​ផ្លាស់ទី និង​នៅ​តែ​គ្មាន​ផ្ទះសម្បែង​សម្រាប់​ជ្រក។ តាម​ជនរងគ្រោះ​ជាច្រើន រដ្ឋាភិបាល​ហ្វីលីពីន​បានទទួល​ជំនួយ​អន្តរជាតិ​ជាច្រើនលាន​ដុល្លារ ប៉ុន្តែ ដោយសារ​តែ​អំពើពុករលួយ និង​បក្ស​ពួកនិយម រដ្ឋាភិបាល​មាន​ការយឺតយ៉ាវ​ក្នុង​ការសាងសង់​ផ្ទះសម្បែង សាលារៀន ឬ​មន្ទីរពេទ្យ សម្រាប់ពួកគេ។

ជាក់ស្តែង ប្រជាជនដែល​រស់នៅ​ក្នុង​ទីក្រុង​ Tacloban ដែល​រងគ្រោះ​ខ្លាំងជាងគេ នៅក្នុង​ការវាយបក់​របស់ខ្យល់ព្យុះ ហៃយ៉ាន់ ចោទ​រដ្ឋាភិបាល​ថា មាន​ចេតនា​ពន្យារ​ពេល មិន​ចង់​សាងសង់​ផ្ទះសម្បែង​ឲ្យ​ប្រជាជន​នៅ​ទីក្រុង​ Tacloban ឡើងវិញ ព្រោះ ថា ទីក្រុង​ Tacloban​តាមពិត​ជា​ទីតាំង​សំខាន់​របស់​គូប្រជែង​នយោបាយ​របស់លោក។

ប៉ុន្តែ លោកប្រធានាធិបតី​អាគីណូ វិញ កាលពី​ថ្ងៃ​សុក្រ​បាន​ការពារ​ខ្លួន ដោយ​ថា គម្រោង​សាងសង់​សំណង់​ថ្មី ត្រូវការ​ពេលវេលា​វែង ដោយ​ហេតុផល ទីតាំង​ភូមិសាស្រ្ត។ រដ្ឋាភិបាល​បាន​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ជិត ៤​ពាន់​លាន​ដុល្លារ ដើម្បី​សាងសង់​ឡើងវិញ សំណង់​នៅក្នុង​តំបន់​ដែល​រងគ្រោះ​ដោយ​ខ្យល់ព្យុះ ហៃយ៉ាន់។ នៅក្នុង​គម្រោង​ថវិកា​ជិត ៤​ពាន់​លាន​ដុល្លារ រដ្ឋាភិបាល​ហ្វីលីពីន​គ្រោង​ផងដែរ នឹង​សាងសង់​ទំនប់​កំពស់​​៤​ម៉ែត្រ​នៅ​តាម​បណ្តោយ​ឆ្នេរ​ប្រមាណ ២៧​គីឡូម៉ែត្រ ពោល​គឺ​ដើម្បី​ជៀសវាង​កុំ​ឲ្យ​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ដូច​ឆ្នាំមុនទៀត។ បច្ចុប្បន្ននេះ ដ្ឋាភិបាល​កំពុង​​ចាប់ផ្តើម​គម្រោង សាងសង់​លំនៅឋាន​ប្រមាណ ជាង​២សែន​ខ្នង ប៉ុន្តែ គម្រោង​បោះជំហាន​ទៅមុខ​យឺត ដោយសារ​តែ រដ្ឋាភិបាល​ពិបាក មិន​អាច​រក​ដីថ្មី ​សម្រាប់​ទទួល​ប្រជាជន​ជាង​មួយលាននាក់ ដែល​ត្រូវ​ជម្លៀស​ចេញ​ពី​ទីតាំង​ដែល​គេ​ត្រូវ​សាងសង់​លំនៅឋាន​ថ្មី។

ជារៀងរាល់ឆ្នាំ ហ្វីលីពីន​តែងតែ​ជួប​រងគ្រោះ​ដោយសារ​ខ្យល់ព្យុះ​យ៉ាងតិច​២០​ដង ក្នុង​មួយឆ្នាំ។ អ្នកវិទ្យាសាស្រ្ត​បារម្ភ​ថា បាតុភូតធម្មជាតិ​​នេះ​នឹង​មាន​កាន់​តែ​ច្រើន​ថែមទៀត ដោយសារ​ការប្រែប្រួល​អាកាសធាតុ។ ការប្រែប្រួល​អាកាសធាតុ​ជា​មូលហេតុ​ចំបង​ដែល​ធ្វើ​ឲ្យ​គ្រោះមហន្តរាយ​ធម្មជាតិ ដូចជា​ទឹកជំនន់ គ្រោះរាំងស្ងួត មាន​កាន់តែ​ច្រើន ពី​មួយ​ឆ្នាំ ទៅមួយឆ្នាំ មិន​ថា នៅ​ហ្វីលីពីន នៅ​ចិន ឬ​នៅ​អាហ្វ្រិក។ តាម​ របាយការណ៍​របស់​ក្រុមប្រឹក្សា​ន័វែស ទទួល​បន្ទុកខាង​ជនភៀសខ្លួន កាល​ពី​ឆ្នាំ ២០១៣ គ្រោះមហន្តរាយ​ធម្មជាតិ​បាន​ធ្វើ​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក ២២​លាន​នាក់​ត្រូវ​ផ្លាស់ទី។ ចំនួននេះ​ច្រើន ជាង​បីដង​នៃ​ចំនួន​ប្រជាជន​ដែល​ផ្លាស់ទី ដោយសារ​សង្រ្គាម។

បញ្ហា​បម្លាស់ទី​របស់​ប្រជាជន​ដោយសារ​គ្រោះមហន្តរាយ​ធម្មជាតិ ជា​ប្រធានបទ​ដែល​គ្រប់អង្គការ​ទទួល​បន្ទុក​ជនភៀសខ្លួន ចង់​ឲ្យ​គេ​លើក​យក​ទៅ​ជជែក ជាសំខាន់ នៅក្នុង​កិច្ចប្រជុំ​ស្តីពីអាកាសធាតុ ដែល​ត្រូវ​ធ្វើ​នៅ​ឆ្នាំ ក្រោយ ក្នុង​ប្រទេស​បារាំង។ កាលពី​ពេល​ថ្មីៗនេះ ក្រុមជំនាញ​អន្តររដ្ឋាភិបាល ខាង​ផ្នែក​អាកាសធាតុ វិញ បាន​ទាញ​សញ្ញា​អាសន្ន ដែល​ថា បើសិន​រដ្ឋាភិបាល​នៃ​ប្រទេស​ឧស្សាហកម្ម  មិន​ខិតខំ​ធ្វើការ​ដើម្បី​កាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​ទេ នោះ​កំដៅ​នៃ​ភពផែនដី​នឹង​កើនឡើង ដល់​៤​អង្សារសេ ពីពេលនេះ ដល់​ចុងសតវត្សរ៍ ទី ២១​នេះ។ រដ្ឋាភិបាល​នានា​បាន​សន្យា​ចូលរួម​ធ្វើឲ្យ​កំដៅ​នៃ​ភពផែនដី​មានត្រឹម​តែ​២​អង្សារ ប៉ុន្តែ ការសន្យា​មាន​ត្រឹមតែ​លើ​មាត់ គ្មានក្នុង​ការអនុវត្តន៍ មិនថា នៅ​ប្រទេស​អ្នកមាន ឬ​ប្រទេស​កំពុង​មាន​សេដ្ឋកិច្ច​ទើបលូតលាស់​ថ្មី​ដូចជា​ចិន ដែល​សំបូរ​ខាង​បញ្ចេញ​ឧស្ម័ន​ពុល លើ​ផែនដី៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ