អានតួអត្ថបទ
ហ្វីលីពីន-អឺរ៉ុប

ហ្វីលីពីន​ប្រកាស​ឈប់​ទទួល​ជំនួយ​ពី​សហភាពអឺរ៉ុប

រដ្ឋាភិបាល​ហ្វីលីពីន​បាន​ឲ្យដឹង​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ខ្លួន​លែង​ទទួល​ជំនួយ​ពី​សហភាព​អឺរ៉ុប​ទៀតហើយ។ មូលហេតុ គឺ​ដោយសារ​តែ​សហភាព​អឺរ៉ុប​តែងតែ​បាន​រិះគន់​យុទ្ធនាការ​កម្ចាត់គ្រឿងញៀន​របស់​លោក​ឌុយទែរតេ ដែល​ហ្វីលីពីន​ចាត់ទុក​ថា​ជា​សកម្មភាព​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន។

លោក​ប្រធានាធិបតី​ហ្វីលីពីន ឌុយទែរតេ (រូបថតឯកសារ)
លោក​ប្រធានាធិបតី​ហ្វីលីពីន ឌុយទែរតេ (រូបថតឯកសារ) REUTERS/Romeo Ranoco
ផ្សាយពាណិជ្ជកម្ម

មន្រ្តី​អ្នក​នាំពាក្យរបស់​លោក​ប្រធានាធិបតី​ឌុយទែរតេ​បាន​ឲ្យដឹង​ថា កាលពីពេល​កន្លងទៅនេះ កញ្ចប់​ថវិកា​ជំនួយ​ខ្លះ​របស់​សហភាព​អឺរ៉ុប ត្រូវ​បាន​ហ្វីលីពីន​បដិសេធ​រួចទៅហើយ ដោយសារ​តែ​ជំនួយ​នេះ​មាន​ភ្ជាប់​មក​ជាមួយ​នូវ​លក្ខខណ្ឌ​​ដែល​ហ្វីលីពីន​មិនអាច​ទទួល​យក​បាន ហើយ​នៅ​ពេលនេះ លោក​ប្រធានាធិបតី​ឌុយទែរតេ​បាន​ចេញសេចក្តីសម្រេច​ជាទូទៅ​ថា​នឹង​ឈប់​ទទួល​នូវ​រាល់​ជំនួយ​ ដែល​អាច​ឲ្យ​សហភាព​អឺរ៉ុប​យក​ធ្វើ​ជា​មធ្យោបាយ​ក្នុងការ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ហ្វីលីពីន។

គួរបញ្ជាក់ថា ក្នុងចំណោម​ប្រទេស​ដែល​ផ្តល់​ជំនួយ​ទៅ​ឲ្យ​ហ្វីលីពីន សហភាព​អឺរ៉ុប​ឈរ​នៅ​លំដាប់ទី៨ ដោយ​បាន​ផ្តល់​ជំនួយ​ដល់​ហ្វីលីពីន​ចំនួន ២១៧លាន​ដុល្លារ កាល​ពីឆ្នាំ២០១៦​កន្លងទៅនេះ។ ក៏ប៉ុន្តែ មកទល់​នឹង​ពេលនេះ គេ​នៅតែ​មិន​ទាន់​អាច​ដឹង​ប្រាកដ​នៅឡើយ​ថា សេចក្តីសម្រេច​ឈប់​ទទួល​ជំនួយ​ពី​សហភាព​អឺរ៉ុប​​នៅពេលនេះ​ អាច​នឹង​ប៉ះពាល់​ក្នុង​ទំហំទឹកប្រាក់​ប៉ុណ្ណា?

យោងតាម​មន្រ្តី​អ្នកនាំពាក្យ​របស់​លោក​ឌុយទែរតេ ការ​សម្រេច​បញ្ឈប់​ទទួល​ជំនួយ​ពី​សហភាព​អឺរ៉ុប​នេះ គឺ​មិន​រាប់បញ្ចូល​នូវ​កញ្ចប់​ថវិកា​ជំនួយ​មនុស្សធម៌នោះទេ។ ក៏ប៉ុន្តែ ឯកអគ្គរដ្ឋ​ទូតសហភាព​អឺរ៉ុប​ប្រចាំ​ទីក្រុង​ម៉ានីល​វិញ បាន​អះអាង​ថា ការសម្រេច​របស់​លោក​ឌុយទែរតេ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទឹកប្រាក់​ជំនួយ​រហូតដល់​ទៅ ២៥០លាន​អឺរ៉ូ (ប្រហែល ២៧៨លាន​ដុល្លារ​អាមេរិក)។

នៅ​ក្នុងពេល​ជាមួយគ្នា រឿងដែល​ធ្វើ​ឲ្យ​កាន់តែ​ច្របូកច្របល់​ថែមទៀត គឺ​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​ហ្វីលីពីន​បាន​លើកឡើង​ថា ការណ៍​ដែល​លោក​ឌុយទែរតេ​ប្រកាស​ឈប់​យក​ជំនួយ​ពី​សហភាព​អឺរ៉ុប​នៅពេលនេះ គឺ​គ្រាន់តែ​ជា​ប្រតិកម្ម​តបទៅនឹង​ការ​រិះគន់​របស់​សហភាព​អឺរ៉ុប​តែ​ប៉ុណ្ណោះ ហើយ​ថា សេចក្តីសម្រេច​នេះ​អាច​នឹង​ត្រូវ​លោក​ឌុយទែរតេ​ដកចេញមកវិញ​នៅថ្ងៃ​ខាងមុខ។

មែនទែនទៅ នេះ​មិនមែន​ជា​លើកទីមួយទេ ដែល​គេឃើញ​លោក​ឌុយទែរតេបង្ហាញ​នូវ​ជំហរ​តឹងរ៉ឹង ឬ​និយាយ​សម្តី​ថ្លោស​ ចំណែក​ឯ​មន្រ្តី​រដ្ឋាភិបាល​របស់​លោក​ចេញមុខ​មក​និយាយ​សម្រុះសម្រួល​បន្ធូរបន្ថយ​ភាព​តានតឹង​ទៅវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ