អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រដ្ឋាភិបាល​ហ្វីលីពីន​ចាត់វិធានការ​បង្ការ​ទុក​មុន​បាន​ល្អ ដើម្បី​ប្រឈម​ទប់​នឹង​​ព្យុះសង្ឃរា​ហាហ្គ៊ូពីត (Hagupit)

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​បាន​ទៅ​ដល់​នៅ​យប់​ថ្ងៃ​សៅរ៍ ខ្យល់ព្យុះសង្ឃរា​ហាហ្គ៊ូពីត (Hagupit) បាន​បោកបក់​ឆ្លងកាត់​ប្រទេស​ហ្វីលីពីន​សឹង​តែ​ទំាង​ស្រុង​នៅ​ថ្ងៃ​អាទិត្យ ទី៧ ធ្នូ​នេះ។ ជា​មួយ​នឹង​ភ្លៀង​ធ្លាក់​ខ្លំាងក្លា និង​ខ្យល់​ក្នុង​ល្បឿន​ជាង ២០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហាហ្គ៊ូពីត​បាន​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ទ្រព្យសម្បត្តិ​​យ៉ាង​ដំណំ មក​ដល់​ពេល​នេះ រដ្ឋអំណាច​ក្នុង​ស្រុក​មួយ​ដែល​បាន​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​សង្ឃរា​ហាហ្គ៊ូពីត (Hagupit) បាន​ប្រកាស​ឲ្យ​ដឹង​ថា មាន​មនុស្ស​ស្លាប់ ៤នាក់ តែ​រដ្ឋាភិបាល​នៅ​មិន​ទាន់​បាន​បញ្ជាក់​ពី​ព័ត៌មាន​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ រដ្ឋអំណាច​បាន​ធ្វើ​ការ​ជម្លៀស​ប្រជាជន​ជា​ច្រើន​ពាន់​នាក់​ទៅ​ដាក់​នៅ​ទីកន្លែង​សុវត្ថិភាព។

ខ្យល់ព្យុះសង្ឃរា​ហាហ្គ៊ូពីត (Hagupit) បាន​បោកបក់​ឆ្លងកាត់​ប្រទេស​ហ្វីលីពីន
ខ្យល់ព្យុះសង្ឃរា​ហាហ្គ៊ូពីត (Hagupit) បាន​បោកបក់​ឆ្លងកាត់​ប្រទេស​ហ្វីលីពីន AFP PHOTO/TED ALJIBE
ផ្សាយពាណិជ្ជកម្ម

មួយ​ថ្ងៃ មុន​នឹង​ខ្យល់ព្យុះសង្ឃរា​ហាហ្គ៊ូពីត (Hagupit) បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទឹកដី​ហ្វីលីពីន​នៅ​យប់​ថ្ងៃ​សៅរ៍ ទី៦ ធ្នូ ហាហ្គូពីត​ត្រូវ​បាន​គេ​ចាត់​ចំណាត់ថ្នាក់​ទី៥ មាន​ន័យ​ថា​ជា​ខ្យល់ព្យុះ​ដែល​មាន​ឥទ្ធិពល​ខ្លំាង​ផុតលេខ។ តែ​ចំណាត់ថ្នាក់​នោះ​ត្រូវ​បាន​គេ​ទម្លាក់​មក​នៅ​ទី៣ វិញ ដោយសារ​តែ​ឥទ្ធិពល​របស់​វា​បាន​ចុះ​ខ្សោយ​បន្តិច។ តែ​ហាហ្គូពីត​នៅ​តែ​ជា​ខ្យល់ព្យុះសង្ឃរា​ដែល​មាន​ហានិភ័យ​ខ្ពស់ ព្រោះ​ហាហ្គូពីត​មាន​វិជ្ជមាត្រ​ទំហំ ៦០០គីឡូម៉ែត្រ ដោយ​បាន​នំា​មក​ជាមួយ​នូវ​ភ្លៀង​ធ្លាក់​យ៉ាង​​ខ្លំាងក្លា និង​ខ្យល់​បោកបក់​ក្នុង​ល្បឿន​ជាង ២០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ហាហ្គូពីត​បាន​បំផ្លាញ​បណ្តាញ​ភ្លើង​អគ្គិសនី​នៅ​តាម​ផ្លូវ លំដ្ឋាន​ប្រជាជន ព្រម​ទំាង​បំបាក់​ដើមឈើ ក៏​ដូច​ជា​អូសទាញ​ជាមួយ​វា​នូវ​របស់របរ​នៅ​តាម​ទីធ្លា​សាធារណៈ។ ជាមួយ​នឹង​វិជ្ជមាត្រ​ទំហំ ៦០០គីឡូម៉ែត្រ ហាហ្គូពីត​បាន​បោកបក់​ឆ្លង​កាត់​ខេត្ត​ចំនួន៥៥ ក្នុង​ចំណោម​ខេត្ត​ទំាង ៨៥ ព្រម​ទំាង​បាន​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាជន​ហ្វីលីពីន​ជិត ៥០លាននាក់​ក្នុង​ចំណោម​ប្រជាជន​សរុប​ប្រមាណ​ជា ១០០លាននាក់។ ខណៈ​នេះ ហាហ្គូពីត​កំពុង​បន្ត​ដំណើរ​របស់​វា​ដោយ​ឆ្លង​កាត់​ខេត្ត​មួយ​ចំនួន និង​គ្រោង​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ម៉ានីល​នៅ​ថ្ងៃ​ចន្ទ ទី៨ ធ្នូ រួច​ត្រូវ​ចេញ​ពី​ហ្វីលីពីន​តម្រង់​ទៅ​សមុទ្រចិន​ខាងត្បូង​នៅ​ថ្ងៃ​អង្គារ ឬ​ក៏​ព្រឹក​ថ្ងៃ​ពុធ ទី១០ ធ្នូ។

រដ្ឋាភិបាល​បាន​ចាត់​វិធានការ​បង្ការ​ទុក​មុន​សម្រាប់​ខ្យល់ព្យុះសង្ឃរា​ហាហ្គូពីត

ក្រៅ​ពី​ការ​បំផ្លាញ​ទ្រព្យសម្បត្តិ​យ៉ាង​ដំណំ ខ្យល់ព្យុះសង្ឃរា​ហាហ្គ៊ូពីត​មិន​បាន​បង្ក​គ្រោះថ្នាក់​សម្លាប់​ជីវិត​មនុស្ស​ដូច​ខ្យល់ព្យុះសង្ឃរា​ហាយ៉ាន​កាល​ពី​ឆ្នំា ២០១៣​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ៧ ០០០នាក់ និង​មាន​ជនរងគ្រោះ ៤លាននាក់​ផ្សេង​ទៀត។ នេះ​អាច​ថា មក​ពី​ហាហ្គូពីត​​មាន​ឥទ្ធិពល​ខ្សោយ​ជាង​ហាយ៉ាន។ តែ​យ៉ាង​ណា​ក៏​ដោយ ហេតុផល​ដែល​សំខាន់​នោះ គឺ​មក​ពី​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​បង្ការ​ទុក​ជា​មុន​បាន​ល្អ​ណាស់​សម្រាប់​ព្យុះសង្ឃរា​ហាហ្គូពីត​ពេល​នេះ។ តំាង​ពី​មុន​ការ​មក​ដល់​របស់​ហាហ្គូពីត រដ្ឋអំណាច​ហ្វីលីពីន​បាន​ជម្លៀស​ប្រជាជន​ជិត ១លាននាក់​ចេញ​ពី​តំបន់​ដែល​គេ​ដឹង​មុន យក​ទៅ​ដាក់​ទីកន្លែង​សុវត្ថិភាព។

លោក​ណាវីដាដ មន្រ្តី​របស់​អង្គការ​អន្តរជាតិ​ទទួលបន្ទុក​ជន​បន្លាស់ទី​បាន​អះអាង​ថា​ឆ្នំា​នេះ រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​បាន​ចាត់វិធាន​គ្រប់​បែប​យ៉ាង​ជា​មុន ដើម្បី​បញ្ជៀស​សោកនាដកម្ម​ដូច​ឆ្នំា​ទៅ​មិញ។

« ក្នុងកម្រិត​រដ្ឋអំណាច​តំបន់ គេ​អាច​និយាយ​បាន​ថា គឺ​មាន​ការ​ចាត់​វិធានការ​បាន​ល្អណាស់។ រដ្ឋអំណាច​បាន​ដឹង​ជា​មុន​នូវ​តំបន់ ឬ​ទីកន្លែង​ណា​ដែល​ខ្យល់ព្យុះសង្ឃរា​ហាហ្គូពីត​ត្រូវ​ឆ្លង​កាត់ ក៏​ដូច​ជា​ទីកន្លែង​សុវត្ថិភាព​ដើម្បី​ជម្លៀស​ប្រជាជន​ទៅ​ដាក់​ទីនោះ។ នេះ​ហើយ​ជា​ភាព​ខុស​គ្នា​នឹង​ឆ្នំា ២០១៣។ មួយ​វិញ​ទៀត មន្រ្តី​រដ្ឋអំណាច​ក្នុង​តំបន់​ក៏​បាន​ត្រៀម​ទុក​ជា​មុន​នូវ​ជំនួយ​គ្រប់​បែប​យ៉ាង​ចំពោះ​ជន​រងគ្រោះ។ រដ្ឋអំណាច​បាន​ត្រៀម​ទុក​រួច​ជា​ស្រេច​នូវ​ទីកន្លែង​គ្រប់គ្រាន់​ដើម្បី​ទទួល​ទទួល​ជនរងគ្រោះ។ ជា​ទូទៅ គឺ​នៅ​តាម​សាកលវិទ្យាល័យ កន្លែង​ហាត់កីឡា ឬ​មួយ​ក៏​អាគារ​រដ្ឋាភិបាល​ជា​ដើម »

រៀងរាល់ឆ្នំា ហ្វីលីពីន​រងគ្រោះ​ព្យុះសង្ឃរា​ជា​មធ្យម​ចំនួន ២០ដង

ហ្វីលីពីន​ដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ​ជា ១០០លាននាក់ និង​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នៅ​អាស៊ី​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រទេស​ដែល​ទទួល​រងគ្រោះថ្នាក់​ខ្លំាង​ដោយ​ខ្យល់ព្យុះសង្ឃរា ព្រម​ទំាង​ទឹកជំនន់​សម្លាប់​មនុស្ស​យ៉ាង​ច្រើន។ ជា​រៀងរាល់​ឆ្នំា ហ្វីលីពីន​បាន​រងគ្រោះ​ដោយ​ខ្យល់ពុះសង្ឃរា​ជា​មធ្យម​ចំនួន ២០ដង។ ខ្យល់ព្យុះ ៣ឆ្នំា​ចុង​ក្រោយ​បាន​សម្លាប់​មនុស្ស​ជាង ១០ ០០០នាក់។ ក្នុង​ខែ​ធ្នូ ឆ្នំា ២០១១ ខ្យល់ពុះសង្ឃរា​ឈ្មោះ​វ៉ាស្ហ៊ី​បាន​សម្លាប់​ប្រជាជន​ហ្វីលីពីន ១ ២៦៨នាក់ ក្នុង​ខែ​ធ្នូ ឆ្នំា ២០១២ ខ្យល់ពុះសង្ឃរា​ឈ្មោះ​បុប្ផា​បាន​សម្លាប់​ប្រជាជន​ហ្វីលីពីន​ជាង ១ ៩០០នាក់ ក្នុង​ខែ​វិច្ឆិកា ឆ្នំា ២០១៣ ខ្យល់ពុះសង្ឃរា​ឈ្មោះ​ហាយ៉ាន​បាន​សម្លាប់​ប្រជាជន​ហ្វីលីពីន​ជាង ៧ ៣៥០នាក់។

សម្រាប់​ក្រុម​អ្នកវិទ្យាសាស្រ្ត វ៉ាស្ហ៊ី បូប្ផា និង​ហាយ៉ាន ជា​ខ្យល់ពុះសង្ឃរា​ដែល​បាន​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​នៅ​ក្នុង​លោក​នា​រយៈពេល ៣ឆ្នំា​ចុងក្រោយ​នេះ ព្រម​ទំាង​បាន​ទម្លាក់​កំហុស​លើ​ការ​ផ្លាស់ប្តូរ​អាកាសធាតុ​ក្នុង​លោក ពោល​គឺ​ជា​កំហុស​របស់​មនុស្សលោក​តែ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ