អានតួអត្ថបទ
ហ្វីលីពីន-ចិន

ហ្វីលីពីន​ទាមទារ​ឲ្យ​ចិន​គោរព​សេចក្តីសម្រេច​តុលាការ​ក្រុងឡាអេ

ចាប់តាំង​ពី​តុលាការ​អាជ្ញាកណ្តាល​ក្រុងឡាអេ​ចេញសេចក្តីសម្រេច​របស់​ខ្លួន​មក គេ​សង្កេតឃើញ​ថា ហ្វីលីពីន​ដែល​ជា​អ្នកឈ្នះ​ហាក់​ព្យាយាម​បង្ហាញ​នូវ​ជំហរ​ទន់ភ្លន់​​ច្រើន​ចំពោះ​ចិន។ ក៏ប៉ុន្តែ នៅថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋាភិបាល​ក្រុង​ម៉ានីលបាន​ចាប់​ផ្តើម​ដំឡើង​សំឡេង​ឡើងវិញ ដោយ​បាន​ទាមទារ​ឲ្យ​ចិន​គោរព​តាម​សេចក្តីសម្រេច​របស់​តុលាការ ហើយថា​នឹង​លើក​យក​បញ្ហា​នេះ​​នៅ​ក្នុង​ជំនួបកំពូល​អាស៊ី-អឺរ៉ុប ដែល​នៅ​បើក​ធ្វើ​នៅ​ក្នុង​ប្រទេស​ម៉ុងហ្គោលី នៅថ្ងៃ​សុក្រ។

លោក​ Perfecto Yasay រដ្ឋមន្រ្តី​ការបរទេស​ហ្វីលីពីន
លោក​ Perfecto Yasay រដ្ឋមន្រ្តី​ការបរទេស​ហ្វីលីពីន REUTERS/Romeo Ranoco
ផ្សាយពាណិជ្ជកម្ម

នៅក្រោយ​ពេល​ដែល​តុលាការ​អាជ្ញាកណ្តាល​ក្រុងឡាអេ​ចេញសេចក្តីសម្រេច កាល​ពីថ្ងៃ​អង្គារ គេ​សង្កេតឃើញ​មាន​ឥរិយាបថ​ផ្ទុយគ្នា​ស្រឡះ រវាង​ចិន និង​ហ្វីលីពីន។

ចិន​បាន​បញ្ចេញ​ប្រតិកម្ម​ទាំងកំហឹង ដោយ​បាន​បញ្ជាក់ថា ខ្លួន​នឹង​មិនគោរព​តាម​សេចក្តីសម្រេច​របស់​តុលាការ ព្រមទាំង​បាន​ព្រមាន​ដល់​ប្រទេស​ជាប់ជម្លោះ​កុំ​ឲ្យ​ប្រែរុញ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ទៅក្នុង​ភ្នក់ភ្លើង​សង្រ្គាម។

ហ្វីលីពីនវិញ​គ្រាន់តែ​បាន​បង្ហាញ​នូវ​ការពេញចិត្ត​ចំពោះ​សេចក្តីសម្រេច​របស់​តុលាការ ដោយ​មិនប្រកាស​ជោគជ័យលើ​ចិន ហើយ​ក៏​មិនបាន​​ទាមទារ​ឲ្យ​ចិន​គោរព​សេចក្តីសម្រេច​នេះ​ដែរ។ ឥរិយាបថ​នេះ គឺ​ស្រប​ទៅនឹង​​ជំហរ​របស់​លោក​ឌុយទែរតេ ប្រធានាធិបតី​ថ្មី​របស់​ហ្វីលីពីន ដែល​ចាប់តាំង​ពីបាន​ឡើង​កាន់តំណែង​មក បាន​បង្ហាញ​នូវ​ជំហរ​ទន់ភ្លន់​ចំពោះ​ចិន ទាក់ទង​នឹង​សមុទ្រ​ចិន​ខាង​ត្បូង​នេះ។

ក៏ប៉ុន្តែ អ្វីៗ​ហាក់​មាន​ការប្រែប្រួល​ទៅវិញ ដោយ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ ក្រសួង​ការបរទេស​ហ្វីលីពីន​បាន​ចេញផ្សាយ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ទាមទារ​ឲ្យ​ចិន​គោរព​ទាម​សេចក្តីសម្រេច​តុលាការ​ក្រុងឡាអេ ហើយ​ថា ហ្វីលីពីន​នឹង​លើក​យក​បញ្ហា​នេះ​ទៅ​ជជែក នៅ​ក្នុង​ជំនួបកំពូល​អាស៊ី-អឺរ៉ុប ដែល​នឹង​បើក​ធ្វើ​នៅ​ក្នុង​ប្រទេស​ម៉ុងហ្គោលី នៅថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​ខាងមុខនេះ ហើយ​ដែល​ចិន​ក៏​មាន​វត្តមាន​នៅ​ក្នុងនោះ​ផងដែរ។ ក៏ប៉ុន្តែ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ធ្លាប់​បាន​លើកឡើង​តាំងពីថ្ងៃ​ចន្ទ​ថា បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង មិនគួរត្រូវ​យក​ទៅជជែក​នៅ​ក្នុង​ជំនួបកំពូល​អាស៊ី-អឺរ៉ុប​នោះទេ។

គួរបញ្ជាក់ថា តាំងពីដើម​រៀងមក ចិនតែងតែ​​ជំទាស់​ដាច់ខាត​មិន​ឲ្យ​លើកយក​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ ទៅ​ជជែក​នៅ​ក្នុង​កិច្ចប្រជុំ​ពហុភាគី​ណាមួយ​នោះទេ ដោយទាមទារ​ដោះស្រាយ​នៅ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ដាច់ដោយឡែក​ជាមួយ​នឹង​ភាគី​ជម្លោះ​នីមួយៗ។ ដូច្នេះ ការណ៍​ដែល​ហ្វីលីពីន​ព្យាយាម​លើក​យក​បញ្ហានេះ​នៅ​ក្នុង​ជំនួបកំពូល​អាស៊ី-អឺរ៉ុប​ខាងមុខនេះ ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​ចិន​ខឹងសម្បារទៀត​ជា​មិនខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ