អានតួអត្ថបទ
កម្ពុជា

ប៉ូលីស​ចរាចរណ៍​ក្នុង​ទី​ក្រុង​ភ្នំពេញ​ផ្តើម​ផាក​ពិន័យ​ជា​ថ្មី ៣​ខែ​ក្រោយ​ការ​បោះឆ្នោត​

ក្រោយ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី ២៨​កក្កដា ប៉ូលីស​ចរាចរណ៍ ដែល​ធ្លាប់​តែ​ដាក់​ប៉ុស្តិ៍ផាក​ពិន័យ នៅ​តាម​កន្លែងមួយ​ចំនួន​ ក្នុង​ទីក្រុង​ភ្នំពេញ បាន​ផ្អាក​សកម្មភាព​មួយ​រយៈ។ ប៉ុន្តែ នៅ​ក្នុងពេល​ថ្មីៗនេះ ប៉ូលីសបាន​វិល​មក​ផាក​ពិន័យ នៅ​កន្លែងដែល​គេធ្លាប់​ផាក​ដូចដើម​វិញ​ហើយ។ ការ​ផ្តើម​រឹត​បន្តឹង​សណ្តាប់ធ្នាប់​ចរាចរណ៍​ឡើង​វិញ ​ត្រូវ​បាន​គេ​ពន្យល់​ថា ស្ថាន​ការណ៍​នយោបាយ​ហាក់​មាន​ភាព​ប្រសើរ​ឡើង​វិញ​បន្តិច​ម្តងៗ ដែល​អាច​ឲ្យ​គេ​អនុវត្ត​ច្បាប់​ចរាចរណ៍​បាន​ឡើង​វិញ។

អ្នក​បើក​បរយានជំនិះ នៅ​ក្នុងទីក្រុង​ភ្នំពេញ។
អ្នក​បើក​បរយានជំនិះ នៅ​ក្នុងទីក្រុង​ភ្នំពេញ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

បីខែក្រោយការបោះឆ្នោត ប៉ូលីស​ចរាចរណ៍ចាប់​ផ្តើម​ផាក​ពិន័យ​​អ្នក​បើកបរយាន្តជំនិះគ្រប់​ប្រភេទក្នុង​ទីក្រុង​ភ្នំពេញ វិញហើយ។ លោក ចេវ ហាក់ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោករាជធានីភ្នំពេញ​បាន​ប្រាប់​វិទ្យុបារាំងអន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​សុក្រនេះថា ការ​វិលមក​រឹតបន្តឹង​សណ្តាប់ធ្នាប់ចរាចរណ៍ជាថ្មីក្រោយថ្ងៃបោះឆ្នោត​នេះ គឺ​ព្រោះតែស្ថានភាពនយោបាយ​បច្ចុប្បន្ន​មាន​ភាពធូរស្រាលមិនដូចក្នុង​អំឡុង​ពេល​ទើបបោះឆ្នោត​រួចនោះឡើយ។

លោក ចែវ ហាក់ បាន​ឲ្យដឹងទៀតថា មូលហេតុដែល​នាំឲ្យប៉ូលិស​ផ្អាក​ការ​ផាក​ពិន័យ ក្នុង​អំឡុងពេល​កន្លងទៅក៏ព្រោះតែកងកម្លាំងសមត្ថកិច្ចជាប់រវល់ការពារសន្តិសុខ សណ្តាប់ធ្នាប់​ក្នុងទីក្រុង ខណៈដែលគណបក្សប្រឆាំង​ធ្វើ​មហាបាតុកម្ម និងកូដកម្មផ្សេងៗទៀត។ លោក ចែវ ហាក់ បាន​បន្ត​ថា រហូតមក​ដល់​ពេលនេះ ក៏​នៅ​តែមាន​ការ​ពង្រឹង​កងកម្លាំង នៅ​តាម​កន្លែង​ខ្លះៗ ដើម្បីត្រួតពិនិត្យ​ពី​ភាពប្រែប្រួល​គ្រប់​យ៉ាង ដែល​អាចកើតមាន​ផងដែរ។

មន្ត្រីប៉ូលិសចរចារណ៍ដដែល បាន​បន្ថែម​ថាប្រជាជន​ក្នុង​ពេល​បច្ចុប្បន្ន​ បាន​យល់ដឹង​ច្រើន​ពី​ច្បាប់​ចរាចរណ៍ ដូច្នេះទើប​ការ​ផាក​ពិន័យមិនបានធ្វើជាទ្រង់ទ្រាយ​ធំដុំ​ ដូចកាលពីមុន។ ប៉ុន្តែ ប៉ូលីសចរាចរណ៍​ផ្លូវគោក នៅ​តែ​បន្ត​អនុវត្ត​ច្បាប់​នេះ រហូត​ប្រជាជនចេះ​គោរព​ច្បាប់​ ឲ្យ​បាន​គ្រប់ៗគ្នា។

យ៉ាងណាក៏ដោយ ការបន្ធូរបន្ថយផ្នែកសណ្តាប់ធ្នាប់មួយរយៈនេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ខ្លះ​យល់ថា​ជាការកាត់បន្ថយការខឹងសម្បាររបស់មហាជនចំពោះសមត្ថកិច្ចតែប៉ុណ្ណោះ។
មានការរិះគន់ថា ការអនុវត្តច្បាប់គ្រប់ប្រភេទគួរតែធ្វើគ្រប់ពេលវេលាដោយមិនត្រូវ​លើកលែងតាមកាលៈទេសៈឡើយ។

សូមបញ្ជាក់ថា គិតត្រឹម​រយៈពេល ៩ខែ ក្នុង​ឆ្នាំ ២០១៣ នៅទីក្រុងភ្នំពេញ គ្រោះថ្នាក់​ចរណ៍បានកើតឡើង ៥១៥ករណី បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២០៣ នាក់។​ ក្នុង​ពេល​ថ្មីៗ សាលារាជធានី​ភ្នំពេញ ក៏​បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ ហាម​ឃាត់​មិន​ឲ្យ​រថយន្ត​ដឹកជញ្ជូនទំនិញ​ធន់ធ្ងន់​ចរាចរណ៍ ចេញ-ចូល ក្នុង​ទីក្រុង​ភ្នំពេញ ចាប់ពី​ម៉ោង ៥ព្រឹក រហូតដល់​ម៉ោង ៩យប់។ បំរាមនេះចាប់ផ្តើមអនុវត្តពីថ្ងៃទី១វិច្ឆិកានេះ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ