អានតួអត្ថបទ
កម្ពុជា

គណបក្សនយោបាយ​រៀបចំ​សមាជ​ត្រៀម​ប្រកួត​ក្នុង​ការ​បោះឆ្នោត

ចាប់​ពី​ចុងសប្តាហ៍​នេះ​ទៅ គណបក្ស​នយោបាយ​នឹង​រៀបចំ​សមាជ​​ថ្នាក់​ជាតិ​ជា​បន្តបន្ទាប់​គ្នា ដើម្បី​អនុម័ត​​កម្មវិធី​នយោបាយ​សម្រាប់​ការ​ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៨​កក្កដា​ខាង​មុខ​នេះ។ គណបក្ស​ទាំងនោះ​រួម​មាន​គណបក្ស​ប្រជាជកម្ពុជា, គណបក្ស​ហ៊្វុនស៊ីនប៉ិច, គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សង្គ្រោះជាតិ។

លោក​កឹម សុខា គ្រោង​នឹង​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស នៅ​ក្នុង​សមាជបក្ស ចុងខែ​មីនា​នេះ
លោក​កឹម សុខា គ្រោង​នឹង​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស នៅ​ក្នុង​សមាជបក្ស ចុងខែ​មីនា​នេះ ©ម៉េងហួរ/RFI
ផ្សាយពាណិជ្ជកម្ម

គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ធ្វើ​មហាសន្និបាតនៅ​ថ្ងៃ​ទី​១៦ និង​១៧​មីនា​​​ចុង​សប្តាហ៍​នេះ ដើម្បី​​បូកសរុប​ការងារ៥​ឆ្នាំ​កន្លង​មក ​ក្នុងនាម​គណបក្ស​កាន់អំណាច​ដឹកនាំប្រទេស និង​ទិសដៅ​ការងារ​សម្រាប់​៥​ឆ្នាំ​ខាង​មុខ។ នេះ​បើតាម​ការ​អះអាង​របស់លោក​ជាម យៀប​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​ជាម យៀប​បានបញ្ជាក់​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅថ្ងៃ​នេះថា ក្នុង​នាម​ជា​គណបក្ស​កាន់​អំណាច គណបក្ស​របស់​លោក​​នឹង​ពិភាក្សា​អំពី​ការ​ពង្រឹង​​សន្តិសុខ​សម្រាប់​​ការ​បោះឆ្នោត​ខាងមុខ​នេះ​ផងដែរ។ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​មិន​ភ្លេច​បញ្ជាក់​ទេ​ថា «គណបក្ស​ប្រជាជនកម្ពុជានឹង​ប្រកាស​ គាំទ្រ​បេក្ខភាព​លោក​ហ៊ុន​ សែន​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​នីតិកាល​ទី​៥ និង​នីតិកាល​ក្រោយ​ៗទៀត»។

បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២៣មីនា គណបក្ស​ហ៊្វុនស៊ីនប៉ិច​ក៏​នឹង​​រៀបចំ​សមាជវិសាមញ្ញ​របស់​ខ្លួន​ដែរ​ ដើម្បី​កែប្រែ​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃក្នុង ហើយ​ឈានទៅ​បោះឆ្នោត​ជ្រើសតាំង​ព្រះអង្គម្ចាស់ក្សត្រី​ នរោត្តម​ អារុណ​រស្មី​ ជា​ប្រធាន​គណបក្សនេះ ​ដែល​ត្រូវបានបង្កើត​ឡើង​ដោយ​សម្តេច​ឪ​នរោត្តម សីហនុ។ លោក​ញឹក ប៊ុនឆៃ​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ហើយ​ថា ការ​សម្រេច​ជ្រើសតាំង​ព្រះអង្គ​ម្ចាស់​អនុជអារុណ រស្មី​ ជា​ប្រធាន​គណបក្ស​ជា​ស្ត្រី​ដំបូង​គេ​របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច ក៏​ជា​យុទ្ធសាស្ត្រ​របស់គណបក្ស​នេះ​ដែរ។

នៅ​ថ្ងៃទី​៣១​ចុង​ខែ​មីនា​នេះ នឹង​ដល់​វេន​គណបក្ស​សិទ្ធិ​មនុស្ស​ម្តង។ លោក​កឹម​ សុខា​បាន​ថ្លែង​ប្រាប់​អោយដឹងថា គឺ​នៅ​ក្នុង​សមាជ​នោះ​ហើយ​ ដែល​លោក​នឹង​ប្រកាស​លាលែង​ពី​តួនាទី​ជាប្រធាន​គណបក្ស​សិទ្ធិមនុស្ស​​ ដើម្បី​ទៅ​ចូលរួម​ក្នុង​គណបក្ស​សង្គ្រោះជាតិ​ ដែល​នៅ​ទី​នោះ​លោក​នឹង​មាន​តួនាទី​ជា​អនុប្រធាន។ ចំណែក​នៅ​ក្នុងគណបក្ស​សិទ្ធិ​មនុស្ស​ឯណេះ​វិញ គណបក្ស​នេះ​នឹង​ត្រូវ​បោះឆ្នោត​ជ្រើសរើស​បេក្ខភាព​ប្រធាន​ថ្មី​ក្នុង​ចំណោម​ឥស្សរជន​ជា​ច្រើន។ ប៉ុន្តែ​ថា លោក​​សឺន ស៊ូប៊ែរ្តិ៍ ទំនង​ជា​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ប្រធាន​ថ្មី​របស់​គណបក្ស​សិទ្ធិមនុស្ស។

ចុងក្រោយ​នោះ​ គឺ​នៅ​ថ្ងៃ​ទី​៧​មេសា គឺ​ជា​សមាជ​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​កើត​ចេញ​ពី​ការ​រួម​គ្នា​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស។ លោក​កឹម សុខា​​បាន​ប្រាប់​អោយដឹងថា គឺ​នៅថ្ងៃ​ទី​៧​មេសា​នោះ​ហើយ​ដែល​រចនាសម្ព័ន្ធ​ពិតប្រាកដ និង​កម្មវិធី​នយោបាយ​របស់​គណបក្ស​នេះ​នឹង​ត្រូវផ្សព្វផ្សាយ​ជា​ផ្លូវការ។ លោក​សម រង្ស៊ី​ ជា​បេក្ខជន​នាយករដ្ឋមន្ត្រី និង​លោក​កឹម​ សុខា​ជា​បេក្ខជន​ប្រធាន​រដ្ឋសភា​របស់​គណបក្ស​សង្គ្រោះជាតិ​ក៏​ត្រូវគេ​គ្រោង​ប្រកាស​នៅ​ថ្ងៃ​នោះ​ដែរ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​កឹម​ សុខា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ