អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រុស្ស៊ី ​ដើរ​តួនាំ​មុខ​ ទីផ្សារ​ប្រេង​ពិភពលោក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំងពីឆ្នាំ ២០១៦ មក និង ក្នុងសម្ព័ន្ធមិនធ្លាប់មាន ជាមួយ អារ៉ាប៊ី សាអ៊ូឌីត រុស្ស៊ីក្លាយ ជា តួអង្គចាំបាច់ខានមិនបាន ក្នុងវិស័យផលិតនិងលក់ប្រេងឆៅ។ ដោយលក់បានក្នុងតម្លៃពី ៧០ ទៅ ៨០ ដុល្លារ ក្នុងមួយបារីលដែលចំណុះ ១៥៩ លីត្រ ពួកក្រុមហ៊ុនប្រេងនៅរុស្ស៊ី នាំគ្នាផ្អែមមាត់ត្រេកត្រអាល។ ហើយ គោលជំហររុស្ស៊ី នៅលើទីផ្សារ” មាសខ្មៅ” អាច​កាន់​តែមាំទាំទៅទៀត ដោយសារ ក្រុងវ៉ាស៊ីនតោន បង្កើន ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ ដែលក៏ជា ប្រទេសមួយសំខាន់ខាងនាំប្រេងចេញ។  

រដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប៊ីសាអ៊ូឌី​តលោក  Khalid al-Falih ចូលរួមក្នុងជំនួបកំពូល Opep នៅទីក្រុង​ Vienne ប្រទេស​អូទ្រីស​​៣០​វិច្ឆិកា​២០១៧​
រដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប៊ីសាអ៊ូឌី​តលោក Khalid al-Falih ចូលរួមក្នុងជំនួបកំពូល Opep នៅទីក្រុង​ Vienne ប្រទេស​អូទ្រីស​​៣០​វិច្ឆិកា​២០១៧​ REUTERS/Heinz-Peter Bader
ផ្សាយពាណិជ្ជកម្ម

គឺ​ជាង ១១ លានបារីល ក្នុងមួយថ្ងៃ អស់ពីរខែចុងក្រោយជាប់ ៖ នេះជាតួលេខដ៏សំបើមនៃ ការ ផលិតប្រេងឆៅនៅរុស្ស៊ី។ តាំងពីសហភាព​សូវៀត​រលំរលាយទៅ ក្នុងឆ្នាំ ១៩៩១ ក្រុមហ៊ុនប្រេងគ្រាក់ៗនៃ ប្រទេស​រុស្ស៊ី​សម័យ​ថ្មី មិនដែលស្ទុះបានដល់លទ្ធផលបែបនេះទេ ហើយដោយតម្លៃ​ប្រេង​ឆៅ​ក្នុង​មួយបារីល វាត់ដល់ ៨០ ដុល្លារ ក្នុងត្រីមាសទី ៣ ឆ្នាំនេះ វាពិតជា​ដំណឹង​សែនល្អ សម្រាប់សេដ្ឋកិច្ចរុស្ស៊ី។ ប៉ុន្តែ ក្រៅពី ចំណុចត្រូវចំនៃ​សេដ្ឋកិច្ច​នៅមានវង្វាស់ភូម៏សាស្ត្រ-នយោបាយ គឺថា ៖ ក្នុងឆ្នាំ ២០១៦ ម៉ូស្គូ បានចុះ កិច្ចព្រមព្រៀងមិនធ្លាប់មាន ជាមួយអារ៉ាប៊ី សាអ៊ូឌីត ដើម្បីច្រាន​ឲ្យ​បាន​ខ្ពស់ តម្លៃប្រេងឆៅ នៅលើទីផ្សារ ពិភពលោក ដែលកាលណោះ បាន​ធ្លាក់​ដល់ក្រោម ៤០ ដុល្លារឯណោះ ក្នុងមួយបារីល។  

កិច្ចព្រមព្រៀងនេះ បានដំណើរការពេញទំហឹង និងបានបង្ហាញឲ្យឃើញថា បើគ្មានប្រទេសរុស្ស៊ីទេ អារ៉ាប៊ី សាអ៊ូ​ឌីត និង ១១ ប្រទេសទៀតសមាជិកនៃ អង្គការខាងនាំប្រេងចេញ ហៅកាត់ថា OPEP គ្មានសមត្ថភាព គ្រប់គ្រាន់ នឹងជះឥទ្ធិពល ទៅលើតម្លៃប្រេងឡើយ។ ហើយសម្ព័ន្ធនេះ រវាង ក្រុងរីយ៉ាដ និង ក្រុងម៉ូស្គូ នៅ តែបន្តដំណើរការ ៖ តាមទីភ្នាក់ងារពត៏មាន Reuters យក្ស​ពីរនេះខាងផលិតប្រេង កាលពីប៉ុន្មានសប្តាហ៏ មុន បានចុះសម្រុងគ្នា បង្កើនផលិតផលរបស់ខ្លួន ដ្បិត កាលដែលខិតជិតមកដល់ ថ្ងៃដែល សរអា ប្រកាស ទណ្ឌកម្មថែមទៀតប្រឆាំងអ៊ីរ៉ង់  លើកនេះភារកិច្ចដែលចោទ គឺ​ត្រូវ​បញ្ចៀស​កុំឲ្យតម្លៃប្រេង ហក់ខ្លាំងជ្រុល ទៅលើ។ ត្រង់ចំណុចនេះ ម៉ូស្គូ ត្រូវ​គេ​ចាត់ទុក ជាដៃគូចាំបាច់ខានមិនបាន នៅលើទីផ្សារប្រេង។  

ចំណេញទ្វេដង

សម្រាប់រុស្ស៊ី ការវត្តមានឡើងវិញក្នុងតួនាទីជា អាជ្ញាកណ្តាលនៅលើទី​ផ្សារ​ប្រេង​ នាំមកតែអត្ថប្រយោជន៍ ប៉ុណ្ណោះ។ ក្រៅពីចំណេញសម្រាប់​សេដ្ឋកិច្ច​ខ្លួន​ ម៉ូស្គូ ក៏ឃើញមានបង្កើតបានលក្ខណៈអនុគ្រោះ នៅតំបន់ មជ្ឈិមបូព៏ា សម្រាប់មហិច្ឆិតាភូម៏សាស្ត្រ-នយោបាយខ្លួន ដែលមានន័យយុទ្ធសាស្ត្រ តែម្តង។  

ដោយក្លាយជា ដៃគូសំខាន់នៅពីមុខ អារ៉ាប៊ី សាអ៊ូឌីត រុស្ស៊ី ប្រែទៅជាមហា​អំណាច​​តែមួយគត់ នៅក្នុង លោក ដែលត្រូវរ៉ូវយ៉ាងល្អ ជាមួយគ្រប់​តែ​តួអង្គ​ធំៗនៅតំបន់ គឺថា ៖ ស៊ីគ្នា ជាមួយ អារ៉ាប៊ី សាអ៊ូឌីត ព្រមទាំងជាមួយ តួកគី និង ថែមទាំង ជាមួយ អ៊ីស្រាអែល ទៅផង។

ហើយបន្ទាប់ពី ទណ្ឌកម្មថ្មី របស់ សរអា ប្រឆាំងអ៊ីរ៉ង់ ចូលជាធរមាន ម៉ូស្គូ នឹង​ទទួលផល នៅតាមគ្រប់ តារាងទាំងអស់។ ដូច្នេះ រុស្ស៊ី អាចជួយអ៊ីរ៉ង់ ឲ្យបង្ហូរទៅក្រៅ ប្រេងឆៅ របស់ខ្លួន។ ប៉ុន្តែ ក្នុងឋានៈជា  ផលិតករប្រេង រុស្ស៊ីនឹងដើរតួគន្លឹះ ដើម្បីរាំងរា កុំឲ្យតម្លៃប្រេងហក់ខ្ពស់ជ្រុល ហេតុដែល​ញ៉ាំង​ អារ៉ាប៊ី សាអ៊ូឌីត ជាសម្ព័ន្ធមិត្តរបស់ សរអា ឲ្យដឹងគុណ​រុស្ស៊ី​ជា​អនេក។​

នៅពីលើ តារាងសឹងពោរពេញដោយសុភមង្គលនេះ មានស្រមោលតែមួយ​គត់​ ដែលសណ្ឋិតនៅ គឺថា៖ ការកើនឡើងនៃតម្លៃប្រេងឆៅ លើទីផ្សារ​ពិភព​លោក ​បែរទៅជា បណ្តាលឲ្យឥន្ធនៈលើទីផ្សារផ្ទៃក្នុងប្រទេស រុស្ស៊ី  ស្រាប់​តែ​​​ឡើងថ្លៃ ទាល់តែបញ្ឆេះកំហឹងអ្នកស្រុកណា ដែលមានទម្លាប់ទិញសាំង តាមថ្លៃថោកសោះ។

ដើម្បីបង្ខំ ក្រុមហ៊ុនប្រេងគ្រាក់ៗនៅរុស្ស៊ី ឲ្យទប់ដំណើរឡើងថ្លៃនេះ វិមាន​ក្រេមឡាំង​ បានកំញើញថា នឹង ដំឡើងពន្ធគយ លើប្រេងឆៅ ដែល​ក្រុមហ៊ុន​ទាំងនោះនាំចេញទៅក្រៅ។ តាមមើលទៅ ការគម្រាមនេះ បាន នាំមកនូវផ្លែផ្កាមែន ពីព្រោះ មួយសប្តាហ៏ចុងក្រោយ ពួកក្រុមហ៊ុន​ដែល​នាំ​មុខ​គេនៅរុស្ស៊ី ខាងផលិត ប្រេងឆៅ សុទ្ធតែនាំគ្នាសន្យាថា បង្កក​តម្លៃសាំង​ក្នុង​ប្រទេសឲ្យនៅ”នឹង” ដដែល លុះរហូតដល់ត្រីមាសទី ១ ឆ្នាំក្រោយ -ឆ្នាំ ២០១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ