តាំងពីឆ្នាំ ២០១៦ មក និង ក្នុងសម្ព័ន្ធមិនធ្លាប់មាន ជាមួយ អារ៉ាប៊ី សាអ៊ូឌីត រុស្ស៊ីក្លាយ ជា តួអង្គចាំបាច់ខានមិនបាន ក្នុងវិស័យផលិតនិងលក់ប្រេងឆៅ។ ដោយលក់បានក្នុងតម្លៃពី ៧០ ទៅ ៨០ ដុល្លារ ក្នុងមួយបារីលដែលចំណុះ ១៥៩ លីត្រ ពួកក្រុមហ៊ុនប្រេងនៅរុស្ស៊ី នាំគ្នាផ្អែមមាត់ត្រេកត្រអាល។ ហើយ គោលជំហររុស្ស៊ី នៅលើទីផ្សារ” មាសខ្មៅ” អាចកាន់តែមាំទាំទៅទៀត ដោយសារ ក្រុងវ៉ាស៊ីនតោន បង្កើន ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ ដែលក៏ជា ប្រទេសមួយសំខាន់ខាងនាំប្រេងចេញ។
គឺជាង ១១ លានបារីល ក្នុងមួយថ្ងៃ អស់ពីរខែចុងក្រោយជាប់ ៖ នេះជាតួលេខដ៏សំបើមនៃ ការ ផលិតប្រេងឆៅនៅរុស្ស៊ី។ តាំងពីសហភាពសូវៀតរលំរលាយទៅ ក្នុងឆ្នាំ ១៩៩១ ក្រុមហ៊ុនប្រេងគ្រាក់ៗនៃ ប្រទេសរុស្ស៊ីសម័យថ្មី មិនដែលស្ទុះបានដល់លទ្ធផលបែបនេះទេ ហើយដោយតម្លៃប្រេងឆៅក្នុងមួយបារីល វាត់ដល់ ៨០ ដុល្លារ ក្នុងត្រីមាសទី ៣ ឆ្នាំនេះ វាពិតជាដំណឹងសែនល្អ សម្រាប់សេដ្ឋកិច្ចរុស្ស៊ី។ ប៉ុន្តែ ក្រៅពី ចំណុចត្រូវចំនៃសេដ្ឋកិច្ចនៅមានវង្វាស់ភូម៏សាស្ត្រ-នយោបាយ គឺថា ៖ ក្នុងឆ្នាំ ២០១៦ ម៉ូស្គូ បានចុះ កិច្ចព្រមព្រៀងមិនធ្លាប់មាន ជាមួយអារ៉ាប៊ី សាអ៊ូឌីត ដើម្បីច្រានឲ្យបានខ្ពស់ តម្លៃប្រេងឆៅ នៅលើទីផ្សារ ពិភពលោក ដែលកាលណោះ បានធ្លាក់ដល់ក្រោម ៤០ ដុល្លារឯណោះ ក្នុងមួយបារីល។
កិច្ចព្រមព្រៀងនេះ បានដំណើរការពេញទំហឹង និងបានបង្ហាញឲ្យឃើញថា បើគ្មានប្រទេសរុស្ស៊ីទេ អារ៉ាប៊ី សាអ៊ូឌីត និង ១១ ប្រទេសទៀតសមាជិកនៃ អង្គការខាងនាំប្រេងចេញ ហៅកាត់ថា OPEP គ្មានសមត្ថភាព គ្រប់គ្រាន់ នឹងជះឥទ្ធិពល ទៅលើតម្លៃប្រេងឡើយ។ ហើយសម្ព័ន្ធនេះ រវាង ក្រុងរីយ៉ាដ និង ក្រុងម៉ូស្គូ នៅ តែបន្តដំណើរការ ៖ តាមទីភ្នាក់ងារពត៏មាន Reuters យក្សពីរនេះខាងផលិតប្រេង កាលពីប៉ុន្មានសប្តាហ៏ មុន បានចុះសម្រុងគ្នា បង្កើនផលិតផលរបស់ខ្លួន ដ្បិត កាលដែលខិតជិតមកដល់ ថ្ងៃដែល សរអា ប្រកាស ទណ្ឌកម្មថែមទៀតប្រឆាំងអ៊ីរ៉ង់ លើកនេះភារកិច្ចដែលចោទ គឺត្រូវបញ្ចៀសកុំឲ្យតម្លៃប្រេង ហក់ខ្លាំងជ្រុល ទៅលើ។ ត្រង់ចំណុចនេះ ម៉ូស្គូ ត្រូវគេចាត់ទុក ជាដៃគូចាំបាច់ខានមិនបាន នៅលើទីផ្សារប្រេង។
ចំណេញទ្វេដង
សម្រាប់រុស្ស៊ី ការវត្តមានឡើងវិញក្នុងតួនាទីជា អាជ្ញាកណ្តាលនៅលើទីផ្សារប្រេង នាំមកតែអត្ថប្រយោជន៍ ប៉ុណ្ណោះ។ ក្រៅពីចំណេញសម្រាប់សេដ្ឋកិច្ចខ្លួន ម៉ូស្គូ ក៏ឃើញមានបង្កើតបានលក្ខណៈអនុគ្រោះ នៅតំបន់ មជ្ឈិមបូព៏ា សម្រាប់មហិច្ឆិតាភូម៏សាស្ត្រ-នយោបាយខ្លួន ដែលមានន័យយុទ្ធសាស្ត្រ តែម្តង។
ដោយក្លាយជា ដៃគូសំខាន់នៅពីមុខ អារ៉ាប៊ី សាអ៊ូឌីត រុស្ស៊ី ប្រែទៅជាមហាអំណាចតែមួយគត់ នៅក្នុង លោក ដែលត្រូវរ៉ូវយ៉ាងល្អ ជាមួយគ្រប់តែតួអង្គធំៗនៅតំបន់ គឺថា ៖ ស៊ីគ្នា ជាមួយ អារ៉ាប៊ី សាអ៊ូឌីត ព្រមទាំងជាមួយ តួកគី និង ថែមទាំង ជាមួយ អ៊ីស្រាអែល ទៅផង។
ហើយបន្ទាប់ពី ទណ្ឌកម្មថ្មី របស់ សរអា ប្រឆាំងអ៊ីរ៉ង់ ចូលជាធរមាន ម៉ូស្គូ នឹងទទួលផល នៅតាមគ្រប់ តារាងទាំងអស់។ ដូច្នេះ រុស្ស៊ី អាចជួយអ៊ីរ៉ង់ ឲ្យបង្ហូរទៅក្រៅ ប្រេងឆៅ របស់ខ្លួន។ ប៉ុន្តែ ក្នុងឋានៈជា ផលិតករប្រេង រុស្ស៊ីនឹងដើរតួគន្លឹះ ដើម្បីរាំងរា កុំឲ្យតម្លៃប្រេងហក់ខ្ពស់ជ្រុល ហេតុដែលញ៉ាំង អារ៉ាប៊ី សាអ៊ូឌីត ជាសម្ព័ន្ធមិត្តរបស់ សរអា ឲ្យដឹងគុណរុស្ស៊ីជាអនេក។
នៅពីលើ តារាងសឹងពោរពេញដោយសុភមង្គលនេះ មានស្រមោលតែមួយគត់ ដែលសណ្ឋិតនៅ គឺថា៖ ការកើនឡើងនៃតម្លៃប្រេងឆៅ លើទីផ្សារពិភពលោក បែរទៅជា បណ្តាលឲ្យឥន្ធនៈលើទីផ្សារផ្ទៃក្នុងប្រទេស រុស្ស៊ី ស្រាប់តែឡើងថ្លៃ ទាល់តែបញ្ឆេះកំហឹងអ្នកស្រុកណា ដែលមានទម្លាប់ទិញសាំង តាមថ្លៃថោកសោះ។
ដើម្បីបង្ខំ ក្រុមហ៊ុនប្រេងគ្រាក់ៗនៅរុស្ស៊ី ឲ្យទប់ដំណើរឡើងថ្លៃនេះ វិមានក្រេមឡាំង បានកំញើញថា នឹង ដំឡើងពន្ធគយ លើប្រេងឆៅ ដែលក្រុមហ៊ុនទាំងនោះនាំចេញទៅក្រៅ។ តាមមើលទៅ ការគម្រាមនេះ បាន នាំមកនូវផ្លែផ្កាមែន ពីព្រោះ មួយសប្តាហ៏ចុងក្រោយ ពួកក្រុមហ៊ុនដែលនាំមុខគេនៅរុស្ស៊ី ខាងផលិត ប្រេងឆៅ សុទ្ធតែនាំគ្នាសន្យាថា បង្កកតម្លៃសាំងក្នុងប្រទេសឲ្យនៅ”នឹង” ដដែល លុះរហូតដល់ត្រីមាសទី ១ ឆ្នាំក្រោយ -ឆ្នាំ ២០១៩៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ