ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ អាមេរិកជាអ្នកញុះញង់ឲ្យមានជម្លោះពាណិជ្ជកម្ម ចិន-អាមេរិក
បញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក នៅតែបន្តជាបច្ចុប្បន្នភាពក្ដៅគគុកសម្រាប់ពិភពលោក។ នៅកម្ពុជាវិញ លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានឆ្លៀតឱកាសសរសេរអត្ថបទពន្យល់សំណុំរឿងនេះ ដោយចោទអាមេរិកថា ជាអ្នកញុះញង់ឲ្យមានជម្លោះពាណិជ្ជកម្មជាមួយចិន។ និងថា ការបង្ករឿងរបស់អាមេរិក បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក និងរបៀបរៀបរយពាណិជ្ជកម្មអន្ដរជាតិទៀតផង។
ចុះផ្សាយនៅថ្ងៃ៖
គឺដោយសារតែអាមេរិកបានបង្កជម្លោះពាណិជ្ជកម្មជាមួយចិនជាលក្ខណៈឯកត្តោភាគី ទើបចិនចាត់វិធានការឆ្លើយតបវិញ ដើម្បីការពារកិត្តិយសនិងប្រយោជន៍របស់ចិន។ នេះគឺជាការគូសបញ្ជាក់របស់ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅក្នុងអត្ថបទពន្យល់កម្រាស់៥ទំព័រ ក្រោមចំណងជើងថា «ព្រិលក្រាស់សង្កត់ពីលើស្រល់ តែស្រល់នៅតែឈរត្រង់យ៉ាងរឹងមាំ» ដែលវិទ្យុបារាំងបានទទួលនាថ្ងៃសៅរ៍ ទី១៥ មិថុនានេះ។
ក្រៅតែពីចោទអាមេរិកថាជាអ្នកបង្ករឿង លោក Wang Wentian បានអះអាងពីគោលជំហររបស់ចិន ដែលចង់ដោះស្រាយវិវាទតាមរយៈកិច្ចសន្ទនា។ បើតាមឯកអគ្គរដ្ឋទូតចិនរូបនេះ ចិនបានរៀបចំឲ្យមានកិច្ចចរចាពាណិជ្ជកម្មជាមួយអាមេរិកដល់ទៅ១១លើក។ ក្នុងនោះ កិច្ចចរចាទ្វេភាគីដែលធ្លាប់ទទួលបានការវិវត្តធំមានចំនួន៣លើក ប៉ុន្តែជារៀងរាល់លើក នៅពេលដែលទឹកប៊ិចនៃខ្លឹមសារកុងសង់ស៊ីសមិនទាន់ទាំងស្ងួតផង ភាគីអាមេរិកស្រាប់តែប្រែក្រលាស់ បន្តលើកឡើងពីសំណូមពរដែលមិនសមហេតុផល។
សម្រាប់លោក Wang Wentian ជម្លោះពាណិជ្ជកម្មដែលមានអាមេរិកជាដើមចម មិនត្រឹមតែគំរាមកំហែងដល់គុណប្រយោជន៍ចិននិងអាមេរិកផ្ទាល់ទេ តែវាថែមទាំងបង្កជាការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរចំពោះកំណើនសេដ្ឋកិច្ចពិភពលោក និងរបៀបរៀបរយពាណិជ្ជកម្មអន្ដរជាតិទៀតផង។ បើទោះបីជាយ៉ាងដូច្នេះក៏ដោយ លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាសង្កត់ធ្ងន់ថា ចិននឹងមិនខ្លាចញញើតចំពោះសម្ពាធណាមួយឡើយ ដោយថា បើចង់ចរចា ចិនបើកទ្វារស្វាគន៍ តែបើចង់វាយ ចិននឹងកំដរដល់ទីបញ្ចប់។
នៅក្នុងអត្ថបទពន្យល់នេះដែរ លោក Wang Wentian មិនភ្លេចលើកឡើងទេ ទំនាក់ទំនងចិននិងកម្ពុជា។ ជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលលោកជឿថា នឹងបន្តជឿនលឿនទៅមុខទៀត។ ហើយថា ចិននឹងចាប់ដៃជាមួយកម្ពុជា រួមជាមួយប្រទេសដទៃ ដើម្បីរួមគ្នាថែរក្សាពហុភាគីនិយម និងរបៀបរៀបរយនៃពាណិជ្ជកម្មអន្ដរជាតិ ប្រឈមនឹងសម្ពាធគាបសង្កត់ដោយអំណាចរបស់សហរដ្ឋអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ