ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT

គុណ​ប្រយោជន៍​នៃ​ផ្លែ​ប៉ោម

គុណ​ប្រយោជន៍​នៃ​ផ្លែ​ប៉ោម
 
ផ្លែ​ប៉ោម​មាន​គុណ​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព​ AFP/ JEAN-CHRISTOPHE VERHAEGEN

ក្រហម​ បែតង ឬលឿង ផ្លែ​ប៉ោម​គឺ​ជា​ចំណី​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​អង់ទីអ៊ុកស៊ីដង់ និង​សរសែ​។ ទទួល​ទាន​ផ្លែ​ប៉ោម​ ជា​ប្រចាំ​ អាច​ជួយ​ទ្រទ្រង់​សុខភាព​យើង​ផង និង​ជួយ​កាត់​បន្ថយ​គ្រោះ​កើត​​ជំងឺ​សរសែ​ឈាម​បេះដូង ជំងឺ​មហារីក និង​ជំងឺ​ហឺត។ តើ​ផ្លែ​ប៉ោម​ មាន​គុណ​ប្រយោជន៍​យ៉ាង​ណាចំពោះ​សុខភាព ? តើ​ត្រូវ​ជ្រើស​រើស​ផ្លែ​ប៉ោម​ប្រភេទ​ណា ? និង​ទទួល​ទាន​ក្នុង​កំរិត​ណា ទើប​អាច​ទាញ​ផល​ល្អ​មក​បំរើ​សុខភាព​យើង​បាន ?

ប៉ោម មិន​មែន​ជា​ផ្លែ​ឈើ​ដ៏​អស្ចារ្យ និង​មាន​តម្លៃ​ខ្ពស់​ទៀត​ទេ ក្នុង​សង្គម​ខ្មែរ​នាពេល​បច្ចុប្បន្ន​នេះ។ ជា​ផ្លែឈើ​ដ៏​សាមញ្ញ​រហូត​ដល់​លែង​សូវ​មាន​អ្នក​នឹក​នា​ចង់​ទទួល​ទាន​ផង ប៉ុន្តែ​តាម​ការពិត​ទៅនោះ ផ្លែ​ប៉ោម មាន​ផ្ទុក​នូវ​គុណ​ប្រយោជន៍​ដ៏ច្រើនអនេក​សម្រាប់​សុខភាព។

ផ្លែ​ប៉ោម​ សម្បូរ​ទៅ​ដោយ​សារធាតុ​សរសៃ (Fibre) និង​សារធាតុ​អង់ទី​អុកស៊ីដង់ (Anti-oxydants)តែ​ខ្សត់​​ជាតិកាឡូរី​​។ ផ្លែ​ឈើ​នេះ​មាន​សកម្មភាព​កាត់​បន្ថយ​អាការៈ​ឃ្លាន។ ផ្លែ​ប៉ោម មាន​អំណាច​និង​មហិទ្ធិរិទ្ធ​ទប់​ស្កាត់​ការ​ស្រេក​ទឹក ព្រោះ​​៨៥%នៃ​​​ផ្លែ​ប៉ោម​​ ជា​សារធាតុ​ទឹក នេះ​មិន​រាប់​អំពី​សារធាតុ​វីតាមីន​ដ៏​សំបូរ​បែប​ ដែល​មាន​កប់​ជាពិសេស​នៅ​ក្នុង​សំបក​ផ្លែ​ប៉ោម​ផង ព្រមទាំង​សារធាតុ​រ៉ែ​មួយ​ចំនួន​ដូច​ជា ប៉ូតាស្យូម ម៉ាញេស្យូម ឬផូស្វរ ។ល។និង។ល។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ្នក​ឯកទេស​ចំណី​អាហារ​ណែនាំ​ឱ្យ​បរិភោគ​ផ្លែ​ប៉ោម​ទាំង​សម្បក​ ឬជា​​ផ្លែ​ប៉ោម​ចំអិន​។ ផ្លែ​ប៉ោម អាច​ជួយ​បញ្ចុះ​ការ​ស្រូប​ជាតិ​កូឡេស្តេរ៉ូល និង​លីពីត នៅ​ក្នុង​ពោះវៀន និង​បន្ថយ​ការ​ចង់​ទំពារ​ចង់​ញ៉ាំ​នេះ​ញ៉ាំ​នោះ​ឥត​ដាច់មាត់។ មាន​រូប​ល្អ​គួរ​ឱ្យ​ចង់​ញ៉ាំ ងាយ​ទុក​ងាយ​ដាក់ ងាយ​យក​តាមខ្លួន និង​អាច​ទទួល​ទាន​បា​នគ្រប់​ទី​កន្លែង និង​គ្រប់​ពេល ផ្លែ​ប៉ោម​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ផ្លែឈើ​ដែល​អាច​ចូល​រួម​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​​កើត​ជំងឺ​មហារីក គ្រោះ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង និង​ជំងឺ​ហឺត។ ​

 

តើ​អ្នក​វិទ្យាសាស្ត្រ​រក​​ឃើញ​ និងពន្យល់​យ៉ាង​ដូចម្តេច​ខ្លះ​ចំពោះ​ផល​ល្អ​នៃ​ផ្លែ​ប៉ោម ?!

 

គុណ​ប្រយោជន៍​នៃ​ផ្លែ​ប៉ោម​ចំពោះ​សុខភាព​ ៖

 

-       កាត់​បន្ថយ​គ្រោះ​​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង  ៖ អំណាច​ផ្នែក​អង់ទីអុកស៊ីដង់​របស់​ផ្លៃ​ប៉ោម អាច​ចូល​រួម​ចំណែក​កាត់​បន្ថយ​គ្រោះកើត​ជំងឺ​សរសៃ​ឈាម​បេះដូង។ ព្រោះ​ អំណាច​អង់ទីអុកស៊ីដង់​ក្នុង​ផ្លែប៉ោម នេះ​ជួយ​ទៅ​កាត់​បន្ថយ និង​ការពារ​ជាតិ​ខ្លាញ់​លីពីន​ ដែល​មាន​ចរន្ត​ក្នុង​ឈាម​ និង​ជួយ​កាត់​បន្ថយ​អត្រា​ជាតិ​កូឡេស្តេរ៉ូល​ខ្លាញ់​ក្នុង​ឈាម​ផង។ បើ​តាម​ការ​សិក្សា​ថ្មី​ចុង​ក្រោយ​បង្ហាញថា​ បរិភោគ​ផ្លែ​ប៉ោម​ ជា​ផ្លែ​ឈើ​ស្រស់​ អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​សញ្ញា​រោគ​ស្ទះ​សរសៃ​ឈាម​អាទែរ កូរ៉ូណែ (syndrome coronaire aigu) របស់​មនុស្ស​ប្រុស​ជាពិសេស។ សញ្ញា​រោគ​ដែល​មាន​ជា​អាទិ៍ ការ​ចុក​ទ្រូង ឬ​ការ​ស្លោក​សាច់​ដុំ​បេះដូង។ ធាតុ​ដើម​ធម្មជាតិ​នៃ​ផ្លៃ​ប៉ោម មាន​ឥទ្ធិពល​ល្អ​ខ្លាំង​ណាស់​សម្រាប់​បញ្ចុះ​ខ្លាញ់​ក្នុងឈាម ជា​ពិសេស​ខ្លាញ់​កូឡេស្តេរ៉ូល​អាក្រក់។ បើ​តាម​ការ​ពិសោធន៍​លើ​សត្វ​កណ្តុរ សារធាតុ​ដើម​ធម្មជាតិនៃ​ផ្លៃប៉ោម អាច​កម្ចាស់​ជាតិ​កូឡេស្តេរ៉ូល​ ក្នុង​បរិមាណ​ច្រើន ដោយ​បញ្ចេញ​តាម​លាមក។ ហើយ​បើ​ចំពោះ​ការសិក្សា​លើ​មនុស្ស​វិញ បង្ហាញ​ថា ការ​ទទួល​ទាន​ផ្លែប៉ោម​ស្រល់​ដែល​មាន​ផ្ទុក​ពេញ​ទៅ​ដោយ​សារធាតុ​​ និង​រសជាតិ​ដើម​​ធម្មជាតិ​ លាយ​ជា​មួយ​នឹង​បន្លែ​ផ្លែឈើ​មាន​សារធាតុ​សរសៃ​ផ្សេង​ទៀត បានទៅ​បញ្ចុះ​កាឡូស្តេរ៉ូល​អាក្រក់​ យ៉ាង​ពិសេស​តែ​ម្តង។ ទឹក​ផ្លែ​ប៉ោម​ដែល​គាប​ច្របាច់​ចេញ​ពី​ផ្លែ​ស្រស់ៗ​ និងដែល​មាន​​បន្តុំ​សារធាតុ​ដើម​ធម្មជាតិ​ខ្លាំង មាន​ឥទ្ធិពល​គាប់​ប្រសើរ​ខ្លាំង​ណាស់​​លើ​ពពួក​ខ្លាញ់​ និង​ពួក​មេរោគ​បង្ក​ការ​រាល​ ការ​រលាក។

 

-       ជំងឺ​ហឺត ​៖ អ្នក​មាន​ជំងឺ​នេះ គួរ​តែ​បរិភោគ​ផ្លែ​ប៉ោម​ជា​ប្រចាំឬ ?! ញ៉ាំ​ផ្លែ​ប៉ោម​ (២​ផ្លែ​ ឬ​ច្រើន​ជា​ង​នេះ ​ក្នុង​មួយ​សប្តាហ៍​) ​នោះ​មុខ​ងារ​ផ្លូវ​ដង្ហើម​ ​ហេតុ​ទាំង​ឡាយ​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​​ហឺត​ ព្រមទាំង ការ​រលាក​ផ្លូវ​ដង្ហើម​ នឹង​បាន​ទទួល​ឥទ្ធិពល​ការពារ​ពី​សារធាតុ​គ្មាន​ពីរ​នៃ​ផ្លែ​ប៉ោម។ សារធាតុ​ប៉ូលីហ្វេណុល និង​ហ្លាវ៉ូណូអ៊ីត របស់​ផ្លែប៉ោម​​ នឹង​ទៅ​បង្កើន​សមត្ថភាព​ផ្នែក​អង់ទីអុកស៊ីដង់​របស់​សរីរាង្គ​កាយ​យើង ដោយ​ទៅ​បញ្ចុះ​ភាព​រាលដាល​រលាក​របស់​អ្នក​មាន​ផ្ទុក​ជំងឺ​ហឺត។ ប្រសិទ្ធិភាព​នេះ​កំពុង​​ស្ថិត​ក្នុង​ដំណាក់​កាល​សិក្សា​ស្រាវជ្រាវ​បន្ថែម​ ពុំ​ទាន់​អាច​អះអាង​ថា​ពិត​ជាក់​ប្រាកដ​ អំពី​សមត្ថភាព​ផ្លែ​ប៉ោម​ជា​អ្នក​ការពារ​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​លើ​កុមារ​អាយុ​ពី​៥ ទៅ​១០ ចំនួន​ជាង​២៦០០​នាក់ បាន​ផ្តល់​សេចក្តី​សន្និដ្ឋានថា​ ការ​បរិភោគ​ទឹ​ក​ផ្លែប៉ោម​ ផលិត​ឡើងដោយ​កំហាប់​ផ្លែប៉ោម (មិនមែន​ដោយ​គាប​យក​ទឹក​ស្រស់​១០០%​)សោះ​ បាន​ធ្វើ​ឱ្យ​​ក្មេង​ៗទាំង​នោះ​ មិន​សូវ​មាន​​អាការៈ​​​ដក​ដង្ហើម​ចេញ​ចូល​ឮ​ដូច​គេ​ហួច​ (សំឡេង​ដង្ហើម​ដូច​គេ​ហួច ជា​សញ្ញា​រោគ​មួយដែល​នាំ​ឱ្យ​គ្រូ​ពេទ្យ​អាច​កំណត់​ស្វែង​រក​​ជំងឺ​ហឺត)។ ម្យ៉ាង​វិញ​ទៀត បើ​ស្ត្រី​មាន​គ៌ភ​ ពិសារ​ផ្លែ​ប៉ោម ​ក្នុង​​ពេល​ពរ​ពោះ​ ទារក​កើត​មក​នឹង​មាន​គ្រោះ​កើត​ជំងឺ​ហឺត​ តិច​ជាង​កូន​អ្នក​មិន​បរិភោគ​ប៉ោម។

 

-       ជំងឺ​មហារីក ៖ ការ​សិក្សា​ជា​ច្រើន​បានប​ង្ហាញ​ថា​ ការ​បរិភោគ​ផ្លែ​ប៉ោម ជា​ប្រចាំ​ អាច​កាត់​បន្ថយ​គ្រោះ​ជួប​ជំងឺ​មហារីក ជា​ពិសេសជំងឺ​មហារីក​សួត មហារីក​ពោះវៀនទ័ល។ ការ​សិក្សា​ តាម​បែប​ In vitro លើ​ការ​បណ្តុះ​​កោសិកា​ បានបញ្ជាក់​ថា​ ការ​ទទួល​ទាន​ទឹក​ប៉ោម​ ឬ​ប៉ោមមួយ​ផ្លែ ឬ​ច្រើន​ជាង​មួយ​ ក្នុង​មួយ​ថ្ងៃ​ ជា​ប្រចាំ​ ឡេ​ឃើញ​ប្រសិទ្ធភាព​ផ្នែក​ការពារ បញ្ចេញ​ឥទ្ធិពលប្រឆាំង​នឹង​ជំងឺ​មហារីក​​ពោះវៀន​ធំ ពោះវៀនទ័ល មហារីកសុដន់ និង​សួត។ សារធាតុ​ប៉ូលីហ្វេណុល និង​ល្បាយ​ផ្សេង​ទៀត​ក្នុង​ផ្លែ​ប៉ោម និង​ទឹក​ប៉ោម​ ទំនង​ជា​មាន​សមត្ថភាព​អង់ទីអុកស៊ីដង់​ និង​អាច​កាត់​បន្ថយ​ការ​រីក​រាល​ដាន​នៃ​កោសិកា​មហារីក។ ​

 

ផ្លែ​ប៉ោម​មាន​ផ្ទុក​សារធាតុ​អ្វី​ខ្លះ?!

 

ប៉ោម​មាន​ផ្ទុក​សារធាតុ​អង់ទីអុកស៊ីដង់​ជា​ច្រើន​ប្រភេទ ដែល​អ្នកស្រាវជ្រាវ​ទទួល​ស្គាល់​ថាមាន​តួ​​នាទី​ការពារ​ប្រឆាំង​នឹង​ប្រតិកម្ម​របស់​អាដេអិន ការរីក​សាយភាយ​នៃ​កោសិការ​មហារីក មាន​តួនាទី​កាត់​បន្ថយ​អត្រា​ជាតិ​ខ្លាញ់​ក្នុង​ឈាម និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដំណើរ​ការ​ផ្លូវ​ដង្ហើម។ នៅ​ក្នុង​ផ្លែ​ប៉ោម​ គេ​ក៏​សង្កេត​ឃើញ​មាន​សារធាតុ​មេតាបូលិក​ធម្មជាតិ​​របស់​រុក្ខជាតិ​តែ​ម្តង ដូច​ជា គែរសេទីន ប្រូស៊ីយ៉ានីឌីន កាតេឈីន និង​អេពីកាតេឈីន ព្រមទាំង​ល្បាយ​អាស៊ីត​មួយ​ចំនួន​ទៀត​ ជា​ឧទាហរណ៍​អាស៊ីត​ក្លរ៉ូហ្សេនិក។

 

គែរសេទីន ជា​អង់ទីអុកស៊ីដង់​ដ៏​មាន​មហិទ្ធិរិទ្ធិ មាន​អំណាច​ទប់​ទល់​ប្រឆាំង​នឹង​មហារីក​ផង និង​ប្រឆាំង​នឹង​ជំងឺ​សរសៃ​ឈាម​បេះដូង​ផង។ បើ​តាម​អ្នក​ស្រាវជ្រាវ​ គែរសេទីន មាន​ចំណែក​ធំធេង​ណាស់​ក្នុង​ការ​នាំ​ផ្លែ​ប៉ោម​ឱ្យ​មាន​ឥទ្ធិពល​ការពារ​ប្រឆាំង​នឹង​ជំងឺ​មហារីក។  ប្រូស៊ីយ៉ានីឌីន អេពីកាតេឈីន និង​កាតេឈីន ធ្វើ​ការ​រួម​​គ្នា​កាត់​បន្ថយ​ខ្លាញ់​អាក្រក់​ក្នុង​ឈាម​ LDL។ ហើយ ប្រូស៊ីយ៉ានីឌីន ការពារ​មិន​ឱ្យ​មាន​ការ​អភិវឌ្ឍន៍​កោសិកា​មហារីក។

 

ប៉ូលីហ្វេណុល របស់​ផ្លែ​ប៉ោម មាន​គុណ​ប្រយោជន៍​ល្អ​ណាស់​សម្រាប់​កូឡេស្តេរ៉ូល និង​សម្រាប់​កាត់​បន្ថយ​ដំបៅ​ក្នុង​សរសៃ​ឈាម។ ការ​សិក្សា​បាន​បង្ហាញ ថា​ មនុស្ស​ម្នាក់​ដែលទទួល​ទាន​ថ្នាំ​​ ប៉ូលីហ្វេណុល (៦០០ម.ក្រ,)ចម្រាញ់​ចេញ​ពី​ផ្លែ​ប៉ោម ជា​រៀង​រាល់​ថ្ងៃ​ ចំនួ​ន​១២​សប្តាហ៍​ កូឡេស្តេរ៉ូល​អាក្រក់ និង​ខ្លាញ់​ក្នុង​ពោះ​ បាន​ស្រក​ចុះ។​ (ចុះ​ម្តេច​មិន​ពិសារ​ផ្លែ​ប៉ោម​តែ​ម្តង ដែល​មួយ​ផ្លែ​មាន​ផ្ទុក​ សារធាតុ​ប៉ូលីហ្វេណុល​ដល់​ទៅ​ប្រមាណ​២០០ មីល្លីក្រាម ?!)

 

សារធាតុ​សរសៃ នៅ​ក្នុង​ផ្លែ​ប៉ោម​មាន​សារធាតុ​អាស៊ីត​ម្យ៉ាង​ដែល​ហៅ​ ជា​សារធាតុ​សរសៃ​​រលាយ ! សារធាតុ​នេះ​មាន​​លក្ខណៈ​ពិសេស​អាច​បង្កក​​ទៅ​ជា​ជែល gel និង​តំណាង​ឱ្យ​ដល់​ទៅ ពាក់​កណ្តាលនៃ​សារធាតុ​សរសៃ​របស់​ផ្លែ​ប៉ោម និង​​មាន​បណ្ដុំ​ជា​ពិសេស​នៅ​ជាប់​សំបក។ សារធាតុ​សរសៃ​រលាយ​អាំច​មាន​ទំនាក់ទំនង​មួយ​ភាគ​ជាមួយ​នឹង​ស្ករ កូឡេស្តេរ៉ូល ក្នុង​ពោះ​វៀន ដូច្នេះ​វា​អាច​ជួយ​កាត់​បន្ថយសម្រូប​បាន។

 

គួរ​បរិភោគ​ផ្លែ​ប៉ោម​មួយ​ណា និង​យ៉ាង​ដូចម្តេច ?

 

បរិមាណ​នៃ​ធាតុ​សកម្ម​ ព្រមទាំង​បរិមាណ​នៃ​វីតាមីន និង​រ៉ែ​ ក្នុង​ផ្លែ​ប៉ោម ប្រែប្រួល​​ទៅ​តាម​ពូជ​ដើម ឬ​ការ​បេះ ខ្លីពេក​ ឬ​ចាស់​ល្មម​ញ៉ាំ ឬ​របៀប​ដាំ​ដុះ​ដាក់​ជីរ ដាក់​ថ្នាំ​ឱ្យ​ល្អ​ផ្លែ ។ល។ និង​។ល។

 

ជា​សរុប បរិភោគ​ផ្លែ​ប៉ោម​គឺដូច​ជា​មានកូន​សោ​ ចាក់​បើក​ទុយយោឱ្យ​ឈាម​មាន​ចរន្ត​ហូរ​កាត់​សរីរាង្គ​កាយ​បាន​ដោយ​ស្រួល​។ ផ្លែ​ប៉ោម​មាន​ផ្ទុក​សារធាតុ​ប៉ូលីហ្វេណុល​ ដែល​មាន​អំណាច​អង់ទីអុកស៊ីដង់​ដ៏​ខ្លាំង​ក្លា និង​អំណាច​ប្រឆាំង​នឹង​កោសិការ​មហារីក។ អំណាច​អង់ទីអុកស៊ីដង់​របស់​ប៉ោម តែ ១០០​ក្រាម​ ស្មើ​ស្រេច​នឹងគ្រាប់​ថ្នាំ​​វីតាមីនសេ ១៥០០មីល្លីក្រាម ឬ​ស្មើ​នឹង​បរិភោគ​ផ្លែ​ក្រូច ២០​ផ្លែ។ សារធាតុ​ប៉ូលីហ្វេណុល មាន​ច្រើន​បំផុត​នៅ​ជាប់​សំបក។ ផ្លែ​ប៉ោម​មាន​ញាត់​ពេញ​ទៅ​ដោយ​ម៉ូលេគុល​ផ្សេង​ទៀត​ ដូច​ជា​ប្រូស៊ីយ៉ានីឌីន គែរសេទីន អាស៊ីតក្លេរ៉ូហ្សេនិក កាតេឈីន ដែល​អាច​ធ្វើ​ឱ្យ​អត្រា​ជាតិ​ស្ក​រ និង​ខ្លាញ់​ក្នុង​ឈាម​ធ្លាក់​ចុះ​ និង​ការ​ពារ​បាន​គ្រោះ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង។ ​ការសិក្សា​ទើប​បាន​បញ្ជាក់​ទៀត​ថា ការ​ទទួល​ទាន​ផ្លែ​ប៉ោម​ជា​ជារៀង​រាល់​ថ្ងៃ អាចកាត់​បន្ថយ​គ្រោះ​​ដាច់​សរសៃ​ឈាម​ក្នុង​ក្បាល។ ជា​ផ្លែ​ឈើ​តូច​មួយ សម្បូរ​ដោយ​ជាតិ​អាស៊ីត​អឡាហ្សិក និង​ឌែលហ្វីនីឌីន ម៉ូលេគុល​ពីរ​នេះ​ អាច​ទៅ​កំចាត់​ដុំ​ពក​ ដុំ​មហារីក​ ដោយ​ទៅ​បង្អាក់​មិន​ឱ្យ​ប្រព័ន្ធ​ឈាម​​ក្បែរ​គ្នា អាច​ពូន​ផ្តុំ​គ្នា​ជា​ដុំ​​បាន។

 

ដូច្នេះ​សូម​កុំរួញ​រា នឹង​បរិភោគ​ផ្លែ​ឈើ​ប្រភេទ​នេះ​អី។ មួយ​កូន​ផ្លែ ឬ​មួយ​ចំហៀង​ គ្រប់​គ្រាន់​និង​ឆ្លើយតប​បាន​ទៅ​នឹង​ អនុសាសន៍របស់​ កម្មវិធី​​សុខភាព​ចំណី​អាហារ​ ដែល​​ណែ​នាំ​ បណ្តា​ជន​គ្រប់​រូប ឱ្យ​ទទួល​ទាន​បន្លែ​និង​ផ្លែឈើ ៥​មុខ​​ក្នុង​មួយ​ថ្ងៃ (មួយ​មុខ៨០ក្រាម)ហើយ។ ប៉ុន្តែ​ ថ្វី​បើ​​​​ផ្លែប៉ោម មាន​ដាក់​លក់​ពេញ​មួយ​ឆ្នាំ​ពេញ​មួយ​ឆ្នាំ​មែន​តែ​រដូវ​ផ្លែប៉ោម ផ្លែម​ប៉ោម​ដែល​ពេញ​ឆ្ងាញ់ មាន​រសជាតិ គឺ​​​នៅ​រវាង​ខែ​កញ្ញា​តុលា​ ឬ​វិច្ឆិកា (រដូវ​ស្លឹក​ឈើ​ជ្រុះ) នៅ​ប្រទេស​បារាំង។ ជ្រើស​រើស​ការ​បរិភោគ​ផ្លែ​ស្រស់ ទាំង​សំបកបើ​អាច ជា​ជាង​ការ​ទិញ​ទឹក​ផ្លែឈើ ដែល​ជាទូទៅ​ផលិត​ឡើយ​ដោយ​ប្រើ​ល្បាយ​​ទឹក​ជាមួយ​កំហាប់​ផ្លែ​ឈើ​ប៉ុណ្ណោះ។ ទឹក​ផ្លែ​ឈើ ឬ​ទឹក​ប៉ោមកំប៉ុង ឬ​ច្រក​ដប​ មាន​ប្រសិទ្ធិភាព​ផ្នែក​អង់ទីអុកស៊ីដង់​ ត្រឹម​តែ​៣%​ប៉ុណ្ណោះ​បើ​ប្រៀបទៅ​នឹង​ផ្លែ​ឈើ​ស្រស់ ឬ​ទឹក​ផ្លែប៉ោម​គាប​ចេញ​ពី​ផ្លែស្រស់។

 

ប៉ុន្តែ ផ្លែ​ប៉ោម មាន​ផ្ទុក​សារធាតុ Fructose និង​ sorbitol ស្ករពីរ​ប្រភេទ​ដែលអាច​​ធ្វើ​ឱ្យ​មាន​បញ្ហា​ ពោះវៀន​ ដូច​ជា​ហើម​ពោះ​ ទល់​ខ្សល់ រាករូស ចំពោះ​បុគ្គល​ខ្លះ​ដែល​មិន​ធន់​នឹង​សារធាតុ​ស្ករ​ពីរនេះ៕

 

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ