ក្រហម បែតង ឬលឿង ផ្លែប៉ោមគឺជាចំណីអាហារដែលសម្បូរទៅដោយសារធាតុអង់ទីអ៊ុកស៊ីដង់ និងសរសែ។ ទទួលទានផ្លែប៉ោម ជាប្រចាំ អាចជួយទ្រទ្រង់សុខភាពយើងផង និងជួយកាត់បន្ថយគ្រោះកើតជំងឺសរសែឈាមបេះដូង ជំងឺមហារីក និងជំងឺហឺត។ តើផ្លែប៉ោម មានគុណប្រយោជន៍យ៉ាងណាចំពោះសុខភាព ? តើត្រូវជ្រើសរើសផ្លែប៉ោមប្រភេទណា ? និងទទួលទានក្នុងកំរិតណា ទើបអាចទាញផលល្អមកបំរើសុខភាពយើងបាន ?
ប៉ោម មិនមែនជាផ្លែឈើដ៏អស្ចារ្យ និងមានតម្លៃខ្ពស់ទៀតទេ ក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ។ ជាផ្លែឈើដ៏សាមញ្ញរហូតដល់លែងសូវមានអ្នកនឹកនាចង់ទទួលទានផង ប៉ុន្តែតាមការពិតទៅនោះ ផ្លែប៉ោម មានផ្ទុកនូវគុណប្រយោជន៍ដ៏ច្រើនអនេកសម្រាប់សុខភាព។
ផ្លែប៉ោម សម្បូរទៅដោយសារធាតុសរសៃ (Fibre) និងសារធាតុអង់ទីអុកស៊ីដង់ (Anti-oxydants)តែខ្សត់ជាតិកាឡូរី។ ផ្លែឈើនេះមានសកម្មភាពកាត់បន្ថយអាការៈឃ្លាន។ ផ្លែប៉ោម មានអំណាចនិងមហិទ្ធិរិទ្ធទប់ស្កាត់ការស្រេកទឹក ព្រោះ៨៥%នៃផ្លែប៉ោម ជាសារធាតុទឹក នេះមិនរាប់អំពីសារធាតុវីតាមីនដ៏សំបូរបែប ដែលមានកប់ជាពិសេសនៅក្នុងសំបកផ្លែប៉ោមផង ព្រមទាំងសារធាតុរ៉ែមួយចំនួនដូចជា ប៉ូតាស្យូម ម៉ាញេស្យូម ឬផូស្វរ ។ល។និង។ល។ ហេតុដូច្នេះហើយបានជាអ្នកឯកទេសចំណីអាហារណែនាំឱ្យបរិភោគផ្លែប៉ោមទាំងសម្បក ឬជាផ្លែប៉ោមចំអិន។ ផ្លែប៉ោម អាចជួយបញ្ចុះការស្រូបជាតិកូឡេស្តេរ៉ូល និងលីពីត នៅក្នុងពោះវៀន និងបន្ថយការចង់ទំពារចង់ញ៉ាំនេះញ៉ាំនោះឥតដាច់មាត់។ មានរូបល្អគួរឱ្យចង់ញ៉ាំ ងាយទុកងាយដាក់ ងាយយកតាមខ្លួន និងអាចទទួលទានបានគ្រប់ទីកន្លែង និងគ្រប់ពេល ផ្លែប៉ោមត្រូវបានគេទទួលស្គាល់ថាជាផ្លែឈើដែលអាចចូលរួមជួយកាត់បន្ថយគ្រោះថ្នាក់កើតជំងឺមហារីក គ្រោះកើតជំងឺសរសៃឈាមបេះដូង និងជំងឺហឺត។
តើអ្នកវិទ្យាសាស្ត្ររកឃើញ និងពន្យល់យ៉ាងដូចម្តេចខ្លះចំពោះផលល្អនៃផ្លែប៉ោម ?!
គុណប្រយោជន៍នៃផ្លែប៉ោមចំពោះសុខភាព ៖
- កាត់បន្ថយគ្រោះកើតជំងឺសរសៃឈាមបេះដូង ៖ អំណាចផ្នែកអង់ទីអុកស៊ីដង់របស់ផ្លៃប៉ោម អាចចូលរួមចំណែកកាត់បន្ថយគ្រោះកើតជំងឺសរសៃឈាមបេះដូង។ ព្រោះ អំណាចអង់ទីអុកស៊ីដង់ក្នុងផ្លែប៉ោម នេះជួយទៅកាត់បន្ថយ និងការពារជាតិខ្លាញ់លីពីន ដែលមានចរន្តក្នុងឈាម និងជួយកាត់បន្ថយអត្រាជាតិកូឡេស្តេរ៉ូលខ្លាញ់ក្នុងឈាមផង។ បើតាមការសិក្សាថ្មីចុងក្រោយបង្ហាញថា បរិភោគផ្លែប៉ោម ជាផ្លែឈើស្រស់ អាចកាត់បន្ថយគ្រោះថ្នាក់ដែលបង្កឡើងដោយសញ្ញារោគស្ទះសរសៃឈាមអាទែរ កូរ៉ូណែ (syndrome coronaire aigu) របស់មនុស្សប្រុសជាពិសេស។ សញ្ញារោគដែលមានជាអាទិ៍ ការចុកទ្រូង ឬការស្លោកសាច់ដុំបេះដូង។ ធាតុដើមធម្មជាតិនៃផ្លៃប៉ោម មានឥទ្ធិពលល្អខ្លាំងណាស់សម្រាប់បញ្ចុះខ្លាញ់ក្នុងឈាម ជាពិសេសខ្លាញ់កូឡេស្តេរ៉ូលអាក្រក់។ បើតាមការពិសោធន៍លើសត្វកណ្តុរ សារធាតុដើមធម្មជាតិនៃផ្លៃប៉ោម អាចកម្ចាស់ជាតិកូឡេស្តេរ៉ូល ក្នុងបរិមាណច្រើន ដោយបញ្ចេញតាមលាមក។ ហើយបើចំពោះការសិក្សាលើមនុស្សវិញ បង្ហាញថា ការទទួលទានផ្លែប៉ោមស្រល់ដែលមានផ្ទុកពេញទៅដោយសារធាតុ និងរសជាតិដើមធម្មជាតិ លាយជាមួយនឹងបន្លែផ្លែឈើមានសារធាតុសរសៃផ្សេងទៀត បានទៅបញ្ចុះកាឡូស្តេរ៉ូលអាក្រក់ យ៉ាងពិសេសតែម្តង។ ទឹកផ្លែប៉ោមដែលគាបច្របាច់ចេញពីផ្លែស្រស់ៗ និងដែលមានបន្តុំសារធាតុដើមធម្មជាតិខ្លាំង មានឥទ្ធិពលគាប់ប្រសើរខ្លាំងណាស់លើពពួកខ្លាញ់ និងពួកមេរោគបង្កការរាល ការរលាក។
- ជំងឺហឺត ៖ អ្នកមានជំងឺនេះ គួរតែបរិភោគផ្លែប៉ោមជាប្រចាំឬ ?! ញ៉ាំផ្លែប៉ោម (២ផ្លែ ឬច្រើនជាងនេះ ក្នុងមួយសប្តាហ៍) នោះមុខងារផ្លូវដង្ហើម ហេតុទាំងឡាយដែលបង្កឡើងដោយជំងឺហឺត ព្រមទាំង ការរលាកផ្លូវដង្ហើម នឹងបានទទួលឥទ្ធិពលការពារពីសារធាតុគ្មានពីរនៃផ្លែប៉ោម។ សារធាតុប៉ូលីហ្វេណុល និងហ្លាវ៉ូណូអ៊ីត របស់ផ្លែប៉ោម នឹងទៅបង្កើនសមត្ថភាពផ្នែកអង់ទីអុកស៊ីដង់របស់សរីរាង្គកាយយើង ដោយទៅបញ្ចុះភាពរាលដាលរលាករបស់អ្នកមានផ្ទុកជំងឺហឺត។ ប្រសិទ្ធិភាពនេះកំពុងស្ថិតក្នុងដំណាក់កាលសិក្សាស្រាវជ្រាវបន្ថែម ពុំទាន់អាចអះអាងថាពិតជាក់ប្រាកដ អំពីសមត្ថភាពផ្លែប៉ោមជាអ្នកការពារបាននៅឡើយទេ។ ប៉ុន្តែការសិក្សាមួយដែលធ្វើឡើងលើកុមារអាយុពី៥ ទៅ១០ ចំនួនជាង២៦០០នាក់ បានផ្តល់សេចក្តីសន្និដ្ឋានថា ការបរិភោគទឹកផ្លែប៉ោម ផលិតឡើងដោយកំហាប់ផ្លែប៉ោម (មិនមែនដោយគាបយកទឹកស្រស់១០០%)សោះ បានធ្វើឱ្យក្មេងៗទាំងនោះ មិនសូវមានអាការៈដកដង្ហើមចេញចូលឮដូចគេហួច (សំឡេងដង្ហើមដូចគេហួច ជាសញ្ញារោគមួយដែលនាំឱ្យគ្រូពេទ្យអាចកំណត់ស្វែងរកជំងឺហឺត)។ ម្យ៉ាងវិញទៀត បើស្ត្រីមានគ៌ភ ពិសារផ្លែប៉ោម ក្នុងពេលពរពោះ ទារកកើតមកនឹងមានគ្រោះកើតជំងឺហឺត តិចជាងកូនអ្នកមិនបរិភោគប៉ោម។
- ជំងឺមហារីក ៖ ការសិក្សាជាច្រើនបានបង្ហាញថា ការបរិភោគផ្លែប៉ោម ជាប្រចាំ អាចកាត់បន្ថយគ្រោះជួបជំងឺមហារីក ជាពិសេសជំងឺមហារីកសួត មហារីកពោះវៀនទ័ល។ ការសិក្សា តាមបែប In vitro លើការបណ្តុះកោសិកា បានបញ្ជាក់ថា ការទទួលទានទឹកប៉ោម ឬប៉ោមមួយផ្លែ ឬច្រើនជាងមួយ ក្នុងមួយថ្ងៃ ជាប្រចាំ ឡេឃើញប្រសិទ្ធភាពផ្នែកការពារ បញ្ចេញឥទ្ធិពលប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ ពោះវៀនទ័ល មហារីកសុដន់ និងសួត។ សារធាតុប៉ូលីហ្វេណុល និងល្បាយផ្សេងទៀតក្នុងផ្លែប៉ោម និងទឹកប៉ោម ទំនងជាមានសមត្ថភាពអង់ទីអុកស៊ីដង់ និងអាចកាត់បន្ថយការរីករាលដាននៃកោសិកាមហារីក។
ផ្លែប៉ោមមានផ្ទុកសារធាតុអ្វីខ្លះ?!
ប៉ោមមានផ្ទុកសារធាតុអង់ទីអុកស៊ីដង់ជាច្រើនប្រភេទ ដែលអ្នកស្រាវជ្រាវទទួលស្គាល់ថាមានតួនាទីការពារប្រឆាំងនឹងប្រតិកម្មរបស់អាដេអិន ការរីកសាយភាយនៃកោសិការមហារីក មានតួនាទីកាត់បន្ថយអត្រាជាតិខ្លាញ់ក្នុងឈាម និងធ្វើឱ្យប្រសើរឡើងដំណើរការផ្លូវដង្ហើម។ នៅក្នុងផ្លែប៉ោម គេក៏សង្កេតឃើញមានសារធាតុមេតាបូលិកធម្មជាតិរបស់រុក្ខជាតិតែម្តង ដូចជា គែរសេទីន ប្រូស៊ីយ៉ានីឌីន កាតេឈីន និងអេពីកាតេឈីន ព្រមទាំងល្បាយអាស៊ីតមួយចំនួនទៀត ជាឧទាហរណ៍អាស៊ីតក្លរ៉ូហ្សេនិក។
គែរសេទីន ជាអង់ទីអុកស៊ីដង់ដ៏មានមហិទ្ធិរិទ្ធិ មានអំណាចទប់ទល់ប្រឆាំងនឹងមហារីកផង និងប្រឆាំងនឹងជំងឺសរសៃឈាមបេះដូងផង។ បើតាមអ្នកស្រាវជ្រាវ គែរសេទីន មានចំណែកធំធេងណាស់ក្នុងការនាំផ្លែប៉ោមឱ្យមានឥទ្ធិពលការពារប្រឆាំងនឹងជំងឺមហារីក។ ប្រូស៊ីយ៉ានីឌីន អេពីកាតេឈីន និងកាតេឈីន ធ្វើការរួមគ្នាកាត់បន្ថយខ្លាញ់អាក្រក់ក្នុងឈាម LDL។ ហើយ ប្រូស៊ីយ៉ានីឌីន ការពារមិនឱ្យមានការអភិវឌ្ឍន៍កោសិកាមហារីក។
ប៉ូលីហ្វេណុល របស់ផ្លែប៉ោម មានគុណប្រយោជន៍ល្អណាស់សម្រាប់កូឡេស្តេរ៉ូល និងសម្រាប់កាត់បន្ថយដំបៅក្នុងសរសៃឈាម។ ការសិក្សាបានបង្ហាញ ថា មនុស្សម្នាក់ដែលទទួលទានថ្នាំ ប៉ូលីហ្វេណុល (៦០០ម.ក្រ,)ចម្រាញ់ចេញពីផ្លែប៉ោម ជារៀងរាល់ថ្ងៃ ចំនួន១២សប្តាហ៍ កូឡេស្តេរ៉ូលអាក្រក់ និងខ្លាញ់ក្នុងពោះ បានស្រកចុះ។ (ចុះម្តេចមិនពិសារផ្លែប៉ោមតែម្តង ដែលមួយផ្លែមានផ្ទុក សារធាតុប៉ូលីហ្វេណុលដល់ទៅប្រមាណ២០០ មីល្លីក្រាម ?!)
សារធាតុសរសៃ នៅក្នុងផ្លែប៉ោមមានសារធាតុអាស៊ីតម្យ៉ាងដែលហៅ ជាសារធាតុសរសៃរលាយ ! សារធាតុនេះមានលក្ខណៈពិសេសអាចបង្កកទៅជាជែល gel និងតំណាងឱ្យដល់ទៅ ពាក់កណ្តាលនៃសារធាតុសរសៃរបស់ផ្លែប៉ោម និងមានបណ្ដុំជាពិសេសនៅជាប់សំបក។ សារធាតុសរសៃរលាយអាំចមានទំនាក់ទំនងមួយភាគជាមួយនឹងស្ករ កូឡេស្តេរ៉ូល ក្នុងពោះវៀន ដូច្នេះវាអាចជួយកាត់បន្ថយសម្រូបបាន។
គួរបរិភោគផ្លែប៉ោមមួយណា និងយ៉ាងដូចម្តេច ?
បរិមាណនៃធាតុសកម្ម ព្រមទាំងបរិមាណនៃវីតាមីន និងរ៉ែ ក្នុងផ្លែប៉ោម ប្រែប្រួលទៅតាមពូជដើម ឬការបេះ ខ្លីពេក ឬចាស់ល្មមញ៉ាំ ឬរបៀបដាំដុះដាក់ជីរ ដាក់ថ្នាំឱ្យល្អផ្លែ ។ល។ និង។ល។
ជាសរុប បរិភោគផ្លែប៉ោមគឺដូចជាមានកូនសោ ចាក់បើកទុយយោឱ្យឈាមមានចរន្តហូរកាត់សរីរាង្គកាយបានដោយស្រួល។ ផ្លែប៉ោមមានផ្ទុកសារធាតុប៉ូលីហ្វេណុល ដែលមានអំណាចអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លា និងអំណាចប្រឆាំងនឹងកោសិការមហារីក។ អំណាចអង់ទីអុកស៊ីដង់របស់ប៉ោម តែ ១០០ក្រាម ស្មើស្រេចនឹងគ្រាប់ថ្នាំវីតាមីនសេ ១៥០០មីល្លីក្រាម ឬស្មើនឹងបរិភោគផ្លែក្រូច ២០ផ្លែ។ សារធាតុប៉ូលីហ្វេណុល មានច្រើនបំផុតនៅជាប់សំបក។ ផ្លែប៉ោមមានញាត់ពេញទៅដោយម៉ូលេគុលផ្សេងទៀត ដូចជាប្រូស៊ីយ៉ានីឌីន គែរសេទីន អាស៊ីតក្លេរ៉ូហ្សេនិក កាតេឈីន ដែលអាចធ្វើឱ្យអត្រាជាតិស្ករ និងខ្លាញ់ក្នុងឈាមធ្លាក់ចុះ និងការពារបានគ្រោះកើតជំងឺសរសៃឈាមបេះដូង។ ការសិក្សាទើបបានបញ្ជាក់ទៀតថា ការទទួលទានផ្លែប៉ោមជាជារៀងរាល់ថ្ងៃ អាចកាត់បន្ថយគ្រោះដាច់សរសៃឈាមក្នុងក្បាល។ ជាផ្លែឈើតូចមួយ សម្បូរដោយជាតិអាស៊ីតអឡាហ្សិក និងឌែលហ្វីនីឌីន ម៉ូលេគុលពីរនេះ អាចទៅកំចាត់ដុំពក ដុំមហារីក ដោយទៅបង្អាក់មិនឱ្យប្រព័ន្ធឈាមក្បែរគ្នា អាចពូនផ្តុំគ្នាជាដុំបាន។
ដូច្នេះសូមកុំរួញរា នឹងបរិភោគផ្លែឈើប្រភេទនេះអី។ មួយកូនផ្លែ ឬមួយចំហៀង គ្រប់គ្រាន់និងឆ្លើយតបបានទៅនឹង អនុសាសន៍របស់ កម្មវិធីសុខភាពចំណីអាហារ ដែលណែនាំ បណ្តាជនគ្រប់រូប ឱ្យទទួលទានបន្លែនិងផ្លែឈើ ៥មុខក្នុងមួយថ្ងៃ (មួយមុខ៨០ក្រាម)ហើយ។ ប៉ុន្តែ ថ្វីបើផ្លែប៉ោម មានដាក់លក់ពេញមួយឆ្នាំពេញមួយឆ្នាំមែនតែរដូវផ្លែប៉ោម ផ្លែមប៉ោមដែលពេញឆ្ងាញ់ មានរសជាតិ គឺនៅរវាងខែកញ្ញាតុលា ឬវិច្ឆិកា (រដូវស្លឹកឈើជ្រុះ) នៅប្រទេសបារាំង។ ជ្រើសរើសការបរិភោគផ្លែស្រស់ ទាំងសំបកបើអាច ជាជាងការទិញទឹកផ្លែឈើ ដែលជាទូទៅផលិតឡើយដោយប្រើល្បាយទឹកជាមួយកំហាប់ផ្លែឈើប៉ុណ្ណោះ។ ទឹកផ្លែឈើ ឬទឹកប៉ោមកំប៉ុង ឬច្រកដប មានប្រសិទ្ធិភាពផ្នែកអង់ទីអុកស៊ីដង់ ត្រឹមតែ៣%ប៉ុណ្ណោះបើប្រៀបទៅនឹងផ្លែឈើស្រស់ ឬទឹកផ្លែប៉ោមគាបចេញពីផ្លែស្រស់។
ប៉ុន្តែ ផ្លែប៉ោម មានផ្ទុកសារធាតុ Fructose និង sorbitol ស្ករពីរប្រភេទដែលអាចធ្វើឱ្យមានបញ្ហា ពោះវៀន ដូចជាហើមពោះ ទល់ខ្សល់ រាករូស ចំពោះបុគ្គលខ្លះដែលមិនធន់នឹងសារធាតុស្ករពីរនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ